អានតួអត្ថបទ
កម្ពុជា

រដ្ឋា​ភិបាល បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ប្រារព្ធ​ទិវាសិទ្ធិ​មនុស្ស​អន្តរ​ជាតិក្រោម​ប្រធាន​បទ​ផ្សេងៗ​គ្នា​ក្នុង​រាជធានី​ ភ្នំពេញ​

សាលា​រាជធានី​ភ្នំពេញ គណបក្សប្រឆាំង និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល នឹង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ទីតាំង៤កន្លែង​ផ្សេងគ្នា ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ១០ធ្នូ​ខាងមុខនេះ។ ទីតាំង​ទាំង៤កន្លែង​នោះ សម្រាប់​សង្គម​ស៊ីវិលធំៗ ជិត ២០០ ស្ថាប័ន នឹង​ប្រារព្ធ​ទិវា​នេះ​នៅ​បរិវេណ​វត្តភ្នំ ហើយ​សម្រាប់​រដ្ឋាភិបាល​ធ្វើ​វេទិការ​អបអរ​ពិធី​នេះ នៅ​កោះ​ពេជ្រ ខណៈដែល​សាលា​រាជធានី​ភ្នំពេញ​ធ្វើ​នៅ​ស្តា​ត​អូឡាំពិក និង​គណបក្សប្រឆាំង​រៀបចំ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

ទិដ្ឋភាពមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ ២៣ តុលា ២០១៣កន្លងមករបស់គណបក្សសង្រ្គោះជាតិ
ទិដ្ឋភាពមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ ២៣ តុលា ២០១៣កន្លងមករបស់គណបក្សសង្រ្គោះជាតិ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បើ​មិនមាន​ការប្រែប្រួល ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ ឆ្នាំ២០១៣នេះ ដែល​គេ​នឹង​ប្រារព្ធ​ធ្វើឡើង នឹងមាន​ភាពរស់រវើក និង​អ​ធឹ​ក​អធម​ជាង​បណ្តា​ឆ្នាំ​កន្លងទៅ នៅក្នុង​ទីក្រុង​ភ្នំពេញ។

លោក សួន ប៊ុន​ស័ក្តិ​ប្រធាន​ក្រុម​លេខាធិការ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពា​រ​សិទ្ធិ​កម្ពុជា  ដែល​បាន​ចូលរួម​ប្រជុំ ជាមួយ​អាជ្ញាធរ​ក្រុង បាន​បញ្ជាក់ថា  បន្ទាប់ពី​កិច្ចប្រជុំ​ដ៏​តានតឹង​រយៈពេល ម៉ោង កាលពី​រសៀល​ថ្ងៃទី៥ធ្នូ​ម្សិលមិញ​រួចមក សាលា​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឲ្យ​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិលធំៗជិត ២០០ ស្ថាប័ន ប្រារព្ធ​ពិធី​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ១០ធ្នូ នៅ​បរិវេណ​វត្តភ្នំ។ លោក​បន្តថា នៅ​ពិធី​ជួបជុំ​នោះអាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល ដើរ​ហែរ​ក្បួន​សិទ្ធិមនុស្ស ដូច​រៀងរាល់ឆ្នាំ​ឡើយ។ បើតាម​លោក ប៊ុន​ស័ក្តិ សម្រាប់​សង្គម​ស៊ីវិល​ដែល​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ឆ្នាំនេះ គឺ​ក្រោម​ប្រធានបទ យើងទាំងអស់គ្នា​ធ្វើការ​ដើម្បី​លើកកម្ពស់ និង​ការពារ​យុត្តិធម៌។
 
ចំណែក លោក ហូរ វ៉ាន់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ បាន​ថ្លែងថា សាលា​រាជធានី​ភ្នំពេញ​បានអនុញ្ញាត​ផ្តល់​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រៀបចំ​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ។ លោក​ថ្លែងថា នឹងមាន​មនុស្ស​ចូលរួម​ប្រមាណ១៥០០០នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​គោលដៅ​ទាមទារ​ឲ្យ​មានការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​នៅ​កម្ពុជា។ ហើយ​បន្ទាប់មក​នឹងមាន​ការ​ហែរ​ក្បួន​ដោយមាន​ការកំណត់​ចំនួន​មនុស្ស ដើរ​ឆ្ពោះទៅ​រដ្ឋសភា​ដើម្បី​ដាក់​ញ្ញត្តិ។

ដោយឡែក​នៅ​ឆ្នាំនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​នឹង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ១០ធ្នូ ជា​លើកដំបូង ក្នុង​អាណត្តិ​របស់លោក ប៉ា សុជាតិ​វង្ស។
 
លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សា​សារាជ​ភ្នំពេញ​បាន​ថ្លែងថា សាលា​រាជធានី​ភ្នំពេញ​ដោយមាន​ការចូល​រួមសហកា​រ​ជាមួយ​អង្គការ-សមាគម​ន៏​ជាង៤០ នឹង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​ប្រធានបទការពង្រឹង​សិទ្ធិ​លំនៅដ្ឋាន ជា​ចម្បង" ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង៥០០នាក់។ លោក​បន្តថា សម្រាប់​ទិវា​នេះ រដ្ឋាភិបាល​ក៏បាន​រៀបចំ​ធ្វើ​ផងដែរ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ