អានតួអត្ថបទ
ថៃ-ថង់ប្លាស្ទិក-សំរាម-បរិស្ថាន

ថៃ ៖ ហាង​ទំនិញ​ ឈប់​ឱ្យ​ថង់​ប្លាស្ទិក​ ដើម្បី​ចូលរួម​ចំណែ​ក​គិតគូរ​ដល់​បរិស្ថាន

ចាប់តាំងពី​ថ្ងៃទី​១មករា​ ដើមឆ្នាំ​២០២០នេះមក​ ហាង​ទំនិញ​ទាំងឡាយ​នៅក្នុង​ប្រទេស​ថៃ មិន​ផ្តល់​ថង់​ប្លាស្ទិក​ ឱ្យ​អតិថិជន​ ដោយ​ឥតគិតថ្លៃ ដូច​ពីមុន​ទៀតទេ។ នេះគឺ​តាម​ជា​បម្រាម​របស់​ក្រសួង​បរិស្ថាន និង​ដែល​ជាការ​ជំរុញ​ទាមទារ​របស់​អ្នក​ស្រឡាញ់​បរិស្ថាន ​នៅក្នុង​ប្រទេស​ថៃ។ មិនតែប៉ុណ្ណោះ ចាប់​ពីដើម​ឆ្នាំនេះទៅ ផលិតផល​សម្អាងកាយ ដែល​មាន​បង្កប់​មីក្រូ​ប្លាស្ទិក ក៏​ត្រូវ​ហាម​ឃាត់​ដែរ។ នេះបើតាម​ក្រសួង​សុខាភិបាល​ថៃ។ រដ្ឋាភិបាលថៃ ថែមទាំង​ប្តេជ្ញាចិត្តខ្លាំងថា​ ​នឹងត្រូវ​​ហាម​ឃាត់ឈប់ប្រើថង់ប្លាស្ទិក​​តែម្តង នៅឆ្នាំ​២០២២។

ហាងទំនិញថៃ ចេញវិធានការ​ជួយ​ការពារបរិស្ថាន មិន​ផ្តល់​ថង់​ឱ្យ​អតិថិជន​ដោយ​ឥតគិតថ្លៃនោះទេ។ Say no to platic bag.
ហាងទំនិញថៃ ចេញវិធានការ​ជួយ​ការពារបរិស្ថាន មិន​ផ្តល់​ថង់​ឱ្យ​អតិថិជន​ដោយ​ឥតគិតថ្លៃនោះទេ។ Say no to platic bag. Reuters
ផ្សាយពាណិជ្ជកម្ម

តាំងពីថ្ងៃទី១មករាមក ប្រជាពលរដ្ឋ​ថៃ ដែល​ចូល​ទៅ​ទិញ​ទំនិញ ​នៅ​ហាង​ពាណិជ្ជកម្ម​នានា គឺ​បាន​យក​ថង់​ផ្ទាល់ខ្លួន​ពីផ្ទះ។ អ្នក​ខ្លះ  យ​កញ្ច្រែង​ យក​បង្វិច​ស្ពាយ​ ឬ​រទេះ​រុញ​ផ្ទាល់ខ្លួន ដើម្បី​ដាក់​ទំនិញ​ដែលខ្លួនត្រូវការ។ មនុស្ស​មួយ​ចំនួន​​ធ្វើ​រឿងនេះដោយ​ស្នាម​ញញឹមទៀតផង​។ នេះជាការ​ចូលរួម​ផ្ទាល់​ខ្លួន​ពី​ពលរដ្ឋ​ម្នាក់ៗ ទន្ទឹម​នឹងហាងទំនិញ​ធំៗ ដូច​ជា 7 Eleven ​និងសមាគម​អ្នក​ចែក​ចាយ​ទំនិញ បាន​បំផុស​ស្មារតី​និង​ប្តេជ្ញាចិត្ត​ ថា​មិន​ចែក​ថង់ប្លាស្ទិកឱ្យ​​ហ្វ្រី​ៗ (ដោយ​ឥតថ្លៃ​) ​ដល់អតិថិជន​​​​ ដូច​ពី​មុន​ឡើយ​​។

ស្មារតី​គិតគូរ​ពីបរិស្ថាន​នេះ ផ្ទុះ​ខ្លាំងតាំង​​ខែ​តុលា​២០១៩មក​ បន្ទាប់ពី​​សត្វ​តោសមុទ្រមួយក្បាល ងា​ប់ ហើយ​ក្នុង​ពោះ​វា​ ឃើញ​សុទ្ធតែ​សំរាម។ រឿង​អាស្រូវ​នេះ​ ត្រូវ​បណ្តាញទំនាក់ទំនង​​សង្គមនាំគ្នា​ផ្អើល​ ហើយ​ទាមទារ​ឱ្យ​មហាជន​យកចិត្តទុកដាក់​ចំពោះ​បរិស្ថាន ពិសេស​គឺ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​។

តាម​របាយការណ៍, ជនជាតិថៃម្នាក់ ក្នុង​មួយ​ថ្ងៃ គឺប្រើ​ថង់​ប្លាស្ទិក យ៉ាង​តិច​ ៨ ថង់​, រាប់ចាប់តាំងពី​ថង់​ដាក់​កាហ្វេ, ​កែវ​កាហ្វេធ្វើ​ពីប្លាស្ទិក រហូត​ដល់​ថង់​ខ្ជាប់​ចំណីអាហារទៀត​ ដែល​បាស្ទិក​ទាំង​នេះ គឺ​បង្ក​ជាសំរាម​រាប់​លាន​តោន​ ​នៅ​ស្រុក​ថៃ​។ ថៃជាប្រទេសធំ​មួយដែល​បញ្ចេញ​កាកសំណល់​និង​ប្លាស្ទិកច្រើនសន្ធឹក ​​នៅ​អាស៊ីអាគ្នេយ៍។ ​តំបន់​នេះ​ គឺប្រភព​ធំ​ទី​៦ ដែល​​បំពុល​ទឹក​សមុទ្រ ដោយសារតែ​​កាកសំណល់ និង​សំរាម​ប្លាស្ទិក។​

អង្គការ​ការពារបរិស្ថានជាច្រើន​ ​បា​នសាទរ​ចំពោះ​ស្មារតី​ភ្ញាក់រលឹក​របស់ពលរដ្ឋថៃ​ដែល​ផ្តើម​យក​ចិត្តទុកពីបរិស្ថាន​ តែ​តំណាង​អង្គការ​ Greenpeace នៅក្រុង​បាងកក យល់ថា «ត្រឹមតែ​ហាម​ឃាត់​មិន​ឱ្យប្រើថង់​​ប្លាស្ទិក នៅមិនទាន់​គ្រប់គ្រាន់ទេ​ ក្នុងការ​បញ្ចប់​វិបត្តិ​ប្លាស្ទិក​ក្នុង​ប្រទេស​មួយ​នេះ តែការសំខាន់​ត្រូវ​បញ្ឈប់​តែម្តង​ វប្បធម៌ទម្លាប់​នៃការ​ចោល​សំរាម​ ពាសវាលពាសកាល ទើបជាដំណោះស្រាយ​យូរអង្វែង​»។

នៅ​តាម​កញ្ចក់ទូរទស្សន៍ថៃ​ ជាបណ្តើរៗ​ ការ​ផ្សាយ​ពាណិជ្ជកម្ម​ណា​ដែល​មាន​បង្ហាញពី​ថង់​ប្លាស្ទិក ក៏​ត្រូវ​កាត់បន្ថយ​ ឬ​ត្រូវ«​ហាម​ប្រាម​​» ដូចការ​ហាមផ្សាយ​បារី ស្រា ដែរ​។​ ទន្ទឹមនេះ​ រដ្ឋាភិបាលថៃ ថែមទាំង​ប្តេជ្ញាចិត្តខ្លាំ​ង​ថានឹង​ផ្តើម​ហាមឃាត់​ការ​ប្រើការ​ប្រើប្រាស់​ថង់ប្លាស្ទិកចាប់ពីពេលនេះ ហើយ​​នឹងត្រូវ​​ហាម​ឃាត់ឈប់ប្រើថង់ប្លាស្ទិក​តែម្តង នៅឆ្នាំ​២០២២។ ដូច្នេះ ពេល​នេះ ថង់​ដាក់​អ៊ីវ៉ាន់​ដែល​ធ្វើ​ពី ក្រដាស និងពីក្រណាត់ (កំណាត់) កំពុងតែ​ពេញនិយម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ