អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រធានាធិបតីថ្មី​នៅ​ប៊ុលហ្ការី​ និង​​ម៉ុលដាវី ​សុទ្ធតែ​ប្រាថ្នា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ហាក់បី​ក្រោម​ចំហាយ​នៃ​លទ្ធផល​បោះឆ្នោត​នៅ​ស.រ.អាជាទី​ដែល​លោក​ដូណាល់ ត្រាំ ជា​បេក្ខជន​ហ៊ាន​ចេញមុខ​ប្រឆាំង​នឹង​ប្រព័ន្ធ​អំណាច​ដុះស្លែ នៅក្រុង​វ៉ាស៊ីនតោន ស្រាប់តែ​ឈ្នះឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជុំទី២ ថ្ងៃ១៣​វិច្ឆិកា​កន្លងទៅ ទាំង​នៅ​ប៊ុលហ្ការី ទាំងនៅ​ម៉ុលដាវី​ដែល​ថ្នាក់ដឹកនាំ សុទ្ធតែ​ស្ថិតជាប់​ក្នុង​ខ្សែញាក់​របស់​បស្ចិមលោក​ឲ្យ​ប្រឆាំង​រុស្ស៊ី ប៉ុន្តែ​ប្រជាជន​ប្រទេស​ទាំងពីរ​បាន​ធ្វើជម្រើស​ខ្លួន​ទាំងផ្ទុយនឹង​ខ្សែញាក់​នោះសោះ ហើយ​នាំគ្នា​បោះឆ្នោតគាំទ្រ​បេក្ខជន​ដែលមាន​ទំនោរថ្មី​ចង់ស្តារ​ឡើងវិញ​ទំនាក់ទំនង​ជាមួយ​ក្រុង​ម៉ូស្គូ។

ប្រធានាធិបតី​ប៊ុលហ្ការី​ជាប់ឆ្នោត​ថ្មី លោក​ Roumen Radev
ប្រធានាធិបតី​ប៊ុលហ្ការី​ជាប់ឆ្នោត​ថ្មី លោក​ Roumen Radev Reuters/Stoyan Nenov
ផ្សាយពាណិជ្ជកម្ម

 

វិមាន​ក្រេមឡាំង​សោមនស្សនឹង​សេចក្តី​ថ្លែងការណ៍​ធ្វើដោយ​អ្នក​ដែលបាន​ទទួល​ជ័យជំនះ ក្នុង​ការ​បោះឆ្នោត​នៅតាម​ប្រទេស​ទាំងពីរ​ដែលបាន​ថ្លែងអំពី​ភាព​ត្រៀមខ្លួន​សហការ​ជាមួយ​រុស្ស៊ី​ពង្រីក​ទំនាក់ទំនង​ជាមួយ​ម៉ូស្គូ។ ប៉ុន្តែ​ដោយ​ហេតុថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅតាម​ប្រទេស​ខាងលិច ក៏​ដូចជា​នៅ​រុស្ស៊ី នាំគ្នា​ប្រើ​ពាក្យថា​ឈ្នះឆ្នោត គឺ​អ្នក​ដែល”រុស្ស៊ីនិយម” បានជា​អ្នក​នាំពាក្យ​ផ្លូវការ​របស់​ប្រធានាធិបតី​រុស្ស៊ី លោក ឌ្មីទ្រី ពេស្កូវ​អំពាវនាវ​ពួក​អ្នកកាសែត​សូម​កុំ​ប្រើអី ពាក្យ​ដែលថា​ប្រធានាធិបតី​ថ្មី​នៅ​ប៊ុលហ្ការី និង​ម៉ុលដាវី​ជា​អ្នក​ប្រកាន់​យក​បន្ទាត់​“អែប​មកខាង​ម៉ូស្គូ” ឬ“រុស្ស៊ីនិយម” ស្អីណា។

ជា​ការ​រំលឹក នៅ​ប៊ុលហ្ការី ឈ្នះឆ្នោត​បាន​សម្លេង​គាំទ្រ​ដល់ទៅ​៥៩.៣៥% ​គឺ​បេក្ខជន​ខាង​បក្សសង្គមនិយម បក្សប្រឆាំង លោក ឧត្តមសេនីយ Roumen Radev ជា​អតីត​មេបញ្ជការ​ទ័ព​អាកាស ដែល​ហ៊ាន​ថ្លែង​ប្រឆាំង​នឹង​ប្រព័ន្ធ​អំណាច​សព្វថ្ងៃ​នៅ​ប៊ុលហ្ការី ដើម្បី​ការ​កែឲ្យ​ល្អ​ឡើង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី និង​ថែមទាំង​ដើម្បី​ការ​លុបទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ទៅផង រហូត​ដល់​ថ្លែងថា ទឹកដី​គ្រីមេ​តាមផ្លូវ​ច្បាប់ De jure ជា​របស់​អ៊ុយក្រែន ប៉ុន្តែ តាម​ដំណើរការណ៍​ជាក់ស្ដែងDe facto គឺជា​របស់​រុស្ស៊ី។

រីឯ​បេក្ខភាព​លោកស្រី Tsetska Tsatcheva ជា​ប្រធាន​រដ្ឋសភា និងដែល​បាន​តំណាង​ឲ្យ​គណបក្ស​កាន់អំណាច​ស្តាំ-កណ្តាលនិយមក្រោម​ឈ្មោះថាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍន៍​ប៊ុលហ្ការី​តាម​ផ្លូវអឺរ៉ុប ហៅកាត់ថា GERB ដែល​សន្យា​រក្សាទុក​ទិសដៅ​អឺរ៉ុប និង​បក្ស​សម្ព័ន្ធអូតង់ របស់​ប៊ុលហ្ការី ដូច​លោក​ប្រធានាធិបតី RossenPlevnelievដែល​ត្រូវផុត​អាណត្តិ បាន​សម្លេង​គាំទ្រ​៣៦,១៧ %។ដូច្នេះ​គម្លាត​សម្លេង​ដែល​បេក្ខភាព​ខាង​បក្ស​កាន់​អំណាច ចាញ់​បេក្ខជន​ខាង​បក្ស​ប្រឆាំង​គឺ​ដល់ទៅ​ជាង​២៣%​ឯណោះ។

តាម​ការ​ពន្យល់​បំភ្លឺ​នៃ​ទស្សន​វិទូ និង​អ្នក​សង្គមសាស្ត្រ​ប៊ុលហ្ការី លោក Andrei Raichev ៖
-បរាជ័យ​នេះ​គឺស​ឲ្យឃើញ​ពី​ការ​ខកចិត្ត​របស់​ប្រជាជន​ប៊ុលហ្ការី នឹង​ស្ថានភាព​សេដ្ឋកិច្ច វន្ត​លើ​ប៊ុលហ្ការី​ដោយ​គម្រោង​សេរីនិយម​ពី​ខាង​សហភាព​អឺរ៉ុប ដែល​ប៊ុលហ្ការី​ក្លាយជា​សមាជិក​ក្នុង​ឆ្នាំ២០០៧ នាំឲ្យ​គេធ្លាក់​ខ្លួន​កាន់តែ​ក្រទៅៗ។ ប្រជាជន​ប៊ុលហ្ការី​ក៏​ខកចិត្ត​នឹង​អំពើ​ពុករលួយ​ដែល​ស៊ីរូង​ប្រទេស​នេះ។

-ជ័យជំនះ​លោក​ឧត្តមសេនីយ Roumen Radev រំលេច​ឲ្យឃើញ​ថា ប្រជាជន​មិនជឿ​ឡើយ​តាម​រលក​ឃោសនា​បំភ័យ​ដោយ​លោក​ប្រធានាធិបតី RossenPlevnelievដែល​ជិត​ផុត​អាណត្តិ​ទៅហើយ ដែល​តែង​ប្រកាស​ប្រទេស​រុស្ស៊ី​ថាជា​កម្លាំង​សែន​អកុសល​ដែល​ត្រៀម​វាយ​ប្រហារ​លើ​អឺរ៉ុប ហើយ​កាន់កាប់​អឺរ៉ុប​ខាងកើត​ទាំងមូលចំណែក​ឈ្មោះ​លោកពូទីនគឺជា​អ្នក​ដើរតួ​ចម្បង ខាង​បំបែក​បំបាក់​ទ្វីប​អឺរ៉ុប ហើយ​ដាក់​ប៊ុលហ្ការី​ជា​ប្រទស​ចំណុះ​ដែលត្រូវ​អាស្រ័យ​ទាំងស្រុង​នឹង​ក្រុង​ម៉ូស្គូ។

តាម​មតិ​ទស្សនវិទូ អ្នក​សង្គមសាស្ត្រ​ប៊ុលហ្ការី លោក Andrei Raichev ៖ការ​ឃោសនា​បែបនេះ គឺ​វា​ផ្ទុយ​ស្រឡះនឹង​មនោ​សញ្ចេតនា​ជា​ប្រពៃណី​របស់​ប្រជាជន​ប៊ុលហ្ការី ដែល​តែង​ចាត់ទុក​ប្រជាជន​រុស្ស៊ី​ជា​បងប្អូន​ជា​ភាតរ​ប្រជាជន។ គាត់​រំលឹក​ថា ១៣០ឆ្នាំមុន ក្នុង​សង្គ្រាម​ទល់នឹង​ចក្រភព​អូតូម៉ាន់ គឺ​តួកគី​សព្វថ្ងៃ មាន​ពលរដ្ឋ​រុស្ស៊ី​ដល់ទៅ​២សែននាក់​បាន​ពលី​ជីវិត ដើម្បី​រក្សាទុក​ដដែល​ប្រជាជាតិ​ប៊ុលហ្ការី ហើយ​ហេតុការណ៍​នេះ​នៅ​ប៊ុលហ្ការី ទាំងស្រី ទាំងប្រុស គេ​ចងចាំ​ជាប់​ជានិច្ច​តាំងពី​ក្មេងមក។

គឺ​នៅខែ​មករា​ឆ្នាំក្រោយ ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​ពិធី​ទទួល​សច្ចា​ប្រណិធាន​ឡើង​កាន់​តំណែង​នៃ​លោក​ប្រធានាធិបតី​ថ្មី​នៅ​ប៊ុលហ្ការី សម្រាប់​អាណត្តិ​៥ឆ្នាំ​ទៅមុខ។

ចំណែក​នៅ​ម៉ុលដាវី ឈ្នះឆ្នោត​ដោយ​សម្លេង​គាំទ្រ៥៣,១២% គឺ លោក Igor Dodon​ខាង​បក្ស​សង្គមនិយម ជា​បក្សប្រឆាំង​ដែរ គោលជំហរ​គាត់ គឺ​តាំង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​រុស្ស៊ី ភ្ជាប់ខ្លួនMoldavie មកនឹង​លំហ​ពាណិជ្ជកម្ម​សេរី​របស់​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី (មាន​៥ប្រទេស​ជា​សមាជិក គឺRussia,Belarus,Kazakhstan,​kirghizistan,Armenia)។

គួរ​និយាយ​ថា បាន​ភ្ជាប់ខ្លួន​មកនឹង​លំហពាណិជ្ចកម្ម​នេះ​ទៅហើយ គឺ​Vietnam។ Moldavie មាន​ប្រយោជន៍​នឹង​នាំ​កសិផលខ្លួន​មកកាន់​រុស្ស៊ី​ដូច​សម័យ​មុន​អញ្ចឹង ។

ក្នុង​សម្ភាសន៍​មក​ទូរទស្សន៍​រុស្ស៊ី យប់ថ្ងៃ​១៤​វិច្ឆិកា គាត់​ថែមទាំង​ថ្លែង​ទទួលស្គាល់​ថា Crimea​ពិតជា​ដែនដី​សហព័ន្ធ​រុស្ស៊ី។

ចំណែក​គូប្រជែង​គាត់ លោកស្រី​Maia Sandu ដែលជា​បេក្ខភាព​រួម​តែមួយ​របស់​ពួក​គណបក្ស​​ស្តាំ​ដែលមាន​ទំនោរ​ទៅខាង​សហភាព​អឺរ៉ុប និង​អូតង់ បាន​សម្លេង​គាំទ្រតែ​៤៧,៧១% ប៉ុន្តែ​គាត់​មិន​ប្រញាប់ប្រញាល់​ទទួលស្គាល់​បរាជ័យ​ខ្លួន​ទេ ហើយ​ថែមទាំង​អំពាវនាវ​បក្សពួក​ខ្លួន​ឲ្យចុះ​ថ្នល់​តវ៉ា​ទៅផង។ ថ្ងៃបន្ទាប់​មក មាន​យុវជន​ប៉ុន្មាន​រយនាក់​បាន​ចុះថ្នល់​ធ្វើ​បាតុកម្ម​មែន ប៉ុន្តែ ក្នុង​បទយកការណ៍​អំពី​បាតុកម្ម​នោះ អ្នកឆ្លើយឆ្លង​នៃ​កាណាល់​ទូរទស្សន៏​រុស្ស៊ី យោង​ទៅលើ​សំដី​និស្សិត​ម្នាក់ បង្ហើប​ឲ្យ​ដឹងថា គេ​មក​ចូលរួម​តវ៉ា​នេះ ដោយ​គេ​បាន​ទទួល​ម្នាក់ៗ​២០ដុល្លារ។ ហើយ​នៅថ្ងៃក្រោយៗ​មក បរិយាកាស​ក្នុង​រដ្ឋធានី​ម៉ុលដាវី លែង​កក្រើក​រញ្ជួយ​ទៀត​ឡើយ។

លោក Igor Dodon គូស​បញ្ជាក់​ថា ប្រទេស​ទី១​ដែល​គាត់នឹង​ធ្វើ​ទស្សនកិច្ច​ក្រោយពី​ទទួល​សច្ចា​ប្រណិធាន​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​នៅ​ម៉ុលដាវី គឺ​សហព័ន្ធ​រុស្ស៊ី​តែម្តង។

ជា​ការ​កត់​សម្គាល់ ដោយ​មកពី​មាន​ការតវ៉ា​ពីខាង​បេក្ខជន​ចាញ់ឆ្នោត បានជា​ទៅទល់​ចុង​សប្តាហ៍នេះ គ.ជ.ប.ត្រូវ​បញ្ជាក់ពី​លទ្ធផល​បោះឆ្នោត​នោះ ហើយ​បញ្ជូនវា​ទៅកាន់​តុលាការ​ធម្មនុញ្ញ។ ចំណែក​តុលាការ​ធម្មនុញ្ញ​មានពេល​១០ថ្ងៃ ដើម្បី​ទទួលស្គាល់​ការ​បោះឆ្នោត​នោះ ថា​ស្របនឹង​ច្បាប់គោល​របស់​ប្រទេស គឺ​ស្របនឹង​រដ្ឋធម្មនុញ្ញ​ប្រទេស។ លុះ​នីតិ​វិធី​នេះ​ចប់សព្វគ្រប់​ទៅ ទើប​អាជ្ញាធរ​នឹង​កំណត់ថ្ងៃ​ទទួល​ពាក្យ​សម្បថ​របស់​ប្រធានាធិបតី​ថ្មី សម្រាប់​អាណត្តិ​៤ឆ្នាំ​ទៅមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ