អានតួអត្ថបទ
អ៊ីរ៉ង់-អាមេរិក

អាមេរិក​ទើប​បាន​ដាក់​ទណ្ឌកម្មថ្មី​ប្រឆំាង​អ៊ីរ៉ង់​ស្តីពី​រឿង​នុយក្លេអ៊ែរ តែ​អ៊ីរ៉ង់ និង​រុស្ស៊ី​បាន​ចាត់​ទុក​ថា ខុសច្បាប់

សហរដ្ឋអាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី២៩ សីហា​ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆំាង​ប្រទេស​អ៊ីរ៉ង់​ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដ៏​ចម្រូងចម្រាស។ ទណ្ឌកម្ម​ថ្មី​នេះ​ត្រូវ​បាន​ទីក្រុង​វ៉ាស៊ីនតោន​សំដៅ​លើ​ក្រុមហ៊ុន និង​បុគ្គល​ដែល​បាន​ជួយ​គំាទ្រ​នៅ​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ ក៏​ដូច​ជា​ការ​គំាទ្រ​ភេរវនិយម។ ជា​ការ​ឆ្លើយ​តប​វិញ លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់​បាន​បញ្ចេញ​ប្រតិកម្ម​ពី​ទីក្រុង​ម៉ូស្គូ​ដែល​លោក​បាន​ទៅ​ទស្សនកិច្ច​ថា ទណ្ឌកម្ម​របស់​បស្ចិមលោក គឺ​ជា​រឿង​ខុសច្បាប់។

លោក​ប្រមុខ​ការទូត​អាមេរិក ចន ឃ៊ែរី
លោក​ប្រមុខ​ការទូត​អាមេរិក ចន ឃ៊ែរី REUTERS/Gary Cameron
ផ្សាយពាណិជ្ជកម្ម

 

គឺ​តាម​រយៈ​សេចក្តីជូន​ដំណឹង​រួម​គ្នា​ពី​សេតវិមាន ក្រសួង​ការបរទេស និង​ក្រសួង​សេដ្ឋកិច្ច​ដែល​អាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆំាង​អ៊ីរ៉ង់​នៅ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​ដ៏​ចម្រូងចម្រាស។ អ្នកនំាពាក្យ​របស់​ក្រុមប្រឹក្សាសន្តិសុខជាតិ​នៃ​សេតវិមាន​បាន​អះអាង​ថា ការ​ដែល​អាមេរិក​បាន​បន្ថែម​ទណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់​ពេល​នេះ គឺ​ក្នុង​គោលដៅ​បន្ត​រក្សា​គំនាប​លើ​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់។ នៅ​ក្នុង​ទណ្ឌកម្ម​បន្ថែម​នោះ ក្រសួង​សេដ្ឋកិច្ច និង​ការបរទេស​អាមេរិក​បាន​ដាក់​សំដៅ​លើ​ក្រុមហ៊ុន និង​បុគ្គល​ណា​ដែល​បាន​ចេញ​មុខ​ជួយ​ជម្រុញ​សកម្មភាព​នុយក្លេអ៊ែរ ឬ​បាន​គំាទ្រ​ភេរវនិយម ឬ​មួយ​ក៏​ជួយ​រដ្ឋាភិបាល​អ៊ីរ៉ង់​ឲ្យ​គេច​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ។

អ្វី​ជា​ការ​កត់សម្គាល់ ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​ប្រឆំាង​អ៊ីរ៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​កិច្ចប្រជុំ ៥ភាគីបូក១ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កំពុង​បន្ត​មាន​ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​ជា​ស្ថាពរ​មួយ។ តែ​រូប​អ្នកនំាពាក្យ​របស់​ក្រុមប្រឹក្សាសន្តិសុខជាតិ​នៃ​សេតវិមាន​បាន​ធានា​ថា ទីក្រុង​វ៉ាស៊ីនតោន​នៅ​តែ​បន្ត​ស្វែង​រក​ដំណោះស្រាយ​ផ្លូវទូត​មួយ​សម្រាប់​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ថា ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​ពេល​នេះ​នឹង​មិន​ប៉ះពាល់​ដល់​កិច្ចប្រជុំ ៥ភាគីបូក១ ដែល​គ្រោង​បើក​ធ្វើ​នា​ថ្ងៃ​ខាង​មុខ​ទេ។ គួរ​រម្លឹក​ជូន​ថា អ៊ីរ៉ង់ និង​ក្រុមប្រទេស ៥បូក១ បាន​ឯកភាព​គ្នា​លើ​កិច្ចព្រមព្រៀង​បឋម​មួយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នំា ២០១៣ និង​គ្រោង​បន្ត​កិច្ចចរចា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ស្ថាពរ​មួយ​នា​ពេល​ខាង​មុខ។

តែ​យ៉ាង​ណា​ក៏​ដោយ អ៊ីរ៉ង់ និង​រុស្ស៊ី​បាន​ឆ្លៀត​វាយប្រហារ​បស្ចិមលោក​រួម​គ្នា​ដែល​បាន​ចាត់​ទុក​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​អាមេរិក និង​អឺរ៉ុប​ថា ជា​រឿង​ខុសច្បាប់។ ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​លោក​ប្រមុខ​ការទូត​រុស្ស៊ី​ក្នុង​ទីក្រុង​ម៉ូស្គូ លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះ​បាន​ថ្លែង​ថា ទណ្ឌកម្ម​របស់​បស្ចិមលោក​បាន​ត្រឹមតែ​សម្លាប់​ប្រជាជន​ស៊ីវិល​ស្លូតត្រង់​ប៉ុណ្ណោះ ពោល​​មិន​អាច​ហាម​ឃាត់​សិទ្ធិ​របស់​អ៊ីរ៉ង់​ក្នុង​ការ​បំពាក់​នុយក្លេអ៊ែរ​ស៊ីវិល​បាន​ឡើយ។ សូម​ជម្រាប​ជូន​ថា សហគមន៍​អន្តរជាតិ​នៅ​តែ​សង្ស័យ​ថា​អ៊ីរ៉ង់​កំពុង​ពួន​សម្ងំ​ផលិត​គ្រាប់បែប​បរមាណូ តែ​អ៊ីរ៉ង់​បាន​បដិសេធ​ដោយ​អះអាង​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​មាន​គោលដៅ​ស៊ីវិល​សុទ្ធសាធ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ