អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នុយក្លេអ៊ែរ៖កិច្ចចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​រវាង​អ៊ីរ៉ង់ និង​បស្ចិមលោក​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​អ៊ីរ៉ង់ និង​ក្រុមប្រទេស ៥បូក១ បាន​ជួបប្រជុំ​គ្នា​រយៈពេល ១០ថ្ងៃ នៅ​ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក។ គឺ​ជា​កិច្ចប្រជុំ​មួយ​ដែល​បាន​រៀបចំ​ធ្វើ​នៅ​ក្រៅ​ក្របខ័ណ្ឌ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​ដើម្បី​បន្ត​ជជែក​គ្នា​ពី​ភាព​មិនចុះសម្រុង​មួយ​ចំនួន មុន​នឹង​អនុម័ត​ចេញ​នូវ​កិច្ចព្រមព្រៀង​ចុងក្រោយ​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ កិច្ចប្រជុំ​រយៈពេល ១០ថ្ងៃ​ដែល​ពោរពេញ​ដោយ​ការ​តស៊ូមតិ​គ្នា​យ៉ាង​ខ្លំាងក្លា​នោះ បាន​បញ្ចប់​ទៅ​ដោយ​ភាគី​នីមួយៗ​បាន​ទទួល​ស្គាល់​ថា គ្មាន​ការ​រីកចម្រើន​ទៅ​មុខ​គួរ​ឲ្យ​កត់សម្គាល់​ទេ។ តែ​យ៉ាង​ហោច​ណាស់ ភាគី​ពាក់ព័ន្ធ​បាន​ព្រមព្រៀង​គ្នា​ជួបប្រជុំ​ជា​ថ្មី​នៅ​មុន​ពាក់​កណ្តាល​ខែ​តុលា​ខាង​មុខ​នៅ​ក្នុង​ទឹកដី​អឺរ៉ុប ដោយ​មិន​ទាន់​បាន​កំណត់​យក​ប្រទេស​​អឺរ៉ុប​ណា​មួយ​ទេ។ តើ​អ៊ីរ៉ង និង​បស្ចិមលោក​អាច​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​ចុងក្រោយ​ឬ​ទេ?

លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី
លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី REUTERS/Adrees Latif
ផ្សាយពាណិជ្ជកម្ម

វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ហ៊ាន​និយាយ​ថា គ្មាន​ថ្ងៃ​ដែល​អ៊ីរ៉ង់ និង​បស្ចិមលោក​អាច​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដ៏​ស្មុគស្មាញ និង​ចម្រូងចម្រាស​នោះ។ តែ​គេ​ក៏​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា ការ​ដែល​ភាគី​ទំាង​អស់​បាន​នំា​គ្នា​បន្ត​ជួប​ចរចា​រហូត​មក​ដល់​សព្វថ្ងៃ ពិត​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បញ្ជាក់​ពី​ឆន្ទៈ​ចង់​ដោះស្រាយ​សំណុំរឿង​ដ៏​អូសបន្លាយ​នេះ។ នៅ​ក្នុង​កិច្ចប្រជុំ​ចុង​ក្រោយ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ អ៊ីរ៉ង់ និង​ក្រុមប្រទេស ៥បូក១ មាន​ចិន សហរដ្ឋអាមេរិក បារំាង អង់គ្លេស រុស្ស៊ី និង​ប្រទេស​អាល្លឺម៉ង់​បាន​ព្រមព្រៀង​គ្នា​ថា នឹង​រក​ឲ្យ​ឃើញ​នូវ​កិច្ចព្រមព្រៀង​ផ្តាច់ព្រាត់​មួយ​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឲ្យ​បាន​មុន​ថ្ងៃទី២៤ វិច្ឆិកា ឬ​ក៏​យ៉ាង​ហោច​ណាស់​ត្រឹម​ថ្ងៃទី២៤ វិច្ឆិកា​ដែរ។ តែ​សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា តើ​អាច​ទៅ​រួច​ដែរ ឬ​ទេ និង​ថា បើ​សម្រេច​មិន​បាន​ទេ តើ​អាច​នឹង​មាន​ការ​ពន្យា​ពេល​បន្ថែម​ដែរ ឬ​យ៉ាង​ណា?

ថ្ងៃទី២៤ វិច្ឆិកា គឺ​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ពោល​នៅ​កំបំាង​មិន​ដល់ ២ខែ ទៀត​ផង។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្រៅ​ក្របខ័ណ្ឌ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ភាគី​ទំាង​ពីរ​ក៏​បាន​ឆ្លៀត​ជួបប្រជុំ​គ្នា​ដើម្បី​បន្ត​ជជែក​ពី​ភាព​មិន​ចុះសម្រុង​គ្នា​ដែល​នៅ​សេសសល់។ ក្រៅ​ពី​ជំនួប​ជា​លក្ខណៈ​រួម​រវាង​អ៊ីរ៉ង់ និង ៥ភាគីបូក១ ក៏​មាន​ជំនួប​ជា​លក្ខណៈ​ឧភតោភាគី​រវាង​អ៊ីរ៉ង់ និង​ប្រទេស​ពាក់ព័ន្ធ​នីមួយៗ​ដែរ។ កិច្ចប្រជុំ​ជា​លក្ខណៈ​រួម​ត្រូវ​បាន​គេ​ធ្វើ​អស់​រយៈពេល ១០ថ្ងៃ​ពេញ ១០ថ្ងៃ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​និយាយ​ត ថ្លៃ​គ្នា និង​ដែល​មាន​បង្កប់​ដោយ​ការ​ដំឡើង​សរសែ ក ដាក់​គ្នា​ទៀត​ផង។ តែ​គួរ​ឲ្យ​ស្តាយ និង​អាច​ថា មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក៏​ថា​បាន ព្រោះ​ថា​នៅ​ទីបំផុត កិច្ចប្រជុំ​រយៈពេល ១០ថ្ងៃ​នោះ​មិន​បាន​ហុច​លទ្ធផល​អ្វី​ជា​ដុំកំភួន​ទេ និយាយ​ឲ្យ​ស្រួល​យល់ ភាព​មិន​ចុះ​សម្រុង​គ្នា និង​បញ្ហា​នៅ​សេសសល់​នៅ​បន្ត​សេសសល់​ដដែល។

តើ​វា​ជា​កំហុស​របស់​អ្នក​ណា?

រហូត​មក​ដល់​ពេល​នេះ គ្មាន​នរណា​ម្នាក់​ហ៊ាន​ចាត់​ទុក​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ញូយ៉ក​ថា​ទទួល​បរាជ័យ​ទេ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ហ៊ាន​ទម្លាក់​កំហុស​ដាក់​នរណា​ម្នាក់​ដែរ។ តែ​ទន្ទឹម​គ្នា​នេះ គ្រប់​គ្នា​ក៏​បាន​ទទួល​ស្គាល់​ថា គ្មាន​ការ​ចម្រើន​ទៅ​មុខ​ដូច​ដែល​គេ​សង្ឃឹម​ទុក​នោះ​ឡើយ។ អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​អាមរិកំាង​ម្នាក់​បាន​ថ្លែង​សារភាព​ថា គម្លាត ឬ​ភាព​មិន​ចុះសម្រុង​គ្នា​រវាង​អ៊ីរ៉ង់ និង​បស្ចិមលោក​​នៅ​មាន​ទំហំ​ធំ​ណាស់ និង​ថា នៅ​មាន​ចំណុច​ជា​ច្រើន​ដែល​គេ​ពិបាក​នឹង​និយាយ​ស្តាប់​គ្នា​បាន។ ការ​ទទួល​ស្គាល់​ដូច​គ្នា​នេះ​ក៏​មាន​ចេញ​ពី​មាត់​លោក​អនុរដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​អាបាស់ អារ៉ាជី​ដែរ។ លោក​អារ៉ាជី​ដែល​បាន​ថ្លែង​ថា ភាគី​ពាក់ព័ន្ធ​បាន​បង្កើត​ឲ្យ​មាន​បរិយាកាស​មួយ​ដោយ​មាន​ការ​​យល់​គ្នា​ល្អ​ណាស់ តែ​ភាព​មិន​ចុះ​សម្រុង​គ្នា​នៅ​តែ​មាន​ជានិច្ច។ ដោយ​មិន​បាន​លំអិត​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​​ញូយ៉ក លោម​អារ៉ាជី​បាន​គូស​បញ្ជាក់​ពី​លទ្ធភាព​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ផ្តាច់ព្រាត់​មួយ​ស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​មុន​ថ្ងៃទី ២៤ វិច្ឆិកា និង​បន្ថែម​ថា ការ​ពន្យា​ពេល​កិច្ចចរចា​ជា​រឿង​មួយ​ឥតប្រយោជន៍។

ចំណាប់​អារម្មណ៍​ក៏​មាន​ពី​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​ដែរ។ ថ្លែង​នៅ​លើ​វេទិកា​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក​ប្រមុខរដ្ឋ​អ៊ីរ៉ង់​បាន​បញ្ជាក់​ជា​​ថ្មី​ថា អ៊ីរ៉ង់​បាន​ប្តេជ្ញាចិត្ត​បន្ត​កិច្ចចរចា​ប្រកប​ដោយ​ភាព​ស្មោះត្រង់ និង​ចង់​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ដូច​ថ្ងៃ​កំណត់។ តែ​ទន្ទឹម​គ្នា​នេះ លោក​រ៉ូហានី​ក៏​បាន​ឆ្លៀត​ព្រមាន​ប្រឆំាង​ពី​ការ​ទាមទារ​ចង់​បាន​ជ្រុលហួសហេតុ​របស់​បស្ចិមលោក។ ដោយ​មិន​ចង់​ភ្ជាប់​ទៅ​នឹង​សង្រ្គាម​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី​ដែល​ជា​មិត្ត​របស់​អ៊ីរ៉ង់ លោក​រ៉ូហានី​បាន​អះអាង​ថា កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​រវាង​អ៊ីរ៉ង់ និង​បស្ចិមលោក​នឹង​បើក​ផ្លូវ​ឆ្ពោះ​ទៅ​រក​កិច្ចសហប្រតិបត្តិការ​រវាង​ទីក្រុង​តេហេរ៉ង់ និង​បស្ចិមលោក។ ទន្ទឹម​គ្នា​នេះ លោក​រ៉ូហានី​ក៏​បាន​រម្លឹក​ជា​ថ្មី​ពី​ជំហរ​របស់​អ៊ីរ៉ង់​ដែល​ចង់​ឲ្យ​បស្ចិមលោក​លើក​ទ័ណ្ឌកម្ម​ទំាង​ស្រុង​ចេញ​ពី​អ៊ីរ៉ង់ ទ័ណ្ឌកម្ម​ដែល​ត្រូវ​បាន​ដាក់​បន្ថែម​ជា​បន្តបន្តាប់​តំាង​ពី​ឆ្នំា ២០០៦ មក​ម្ល៉េះ។

សូម​ជម្រាប​ជូន​ថា តំាង​ពី​មាន​កិច្ចព្រមព្រៀង​បឋមមួយ​ចុះ​ហត្ថលេខា​ដោយ​អ៊ីរ៉ង់ និង​ក្រុមប្រទេស ៥ភាគីបូក១ ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​កាល​ពី​ខែ​វិច្ចិកា​ឆ្នំា ២០១៣ មក កិច្ចចចារ​បាន​បន្ត​ជួប​ប្រទះ​នឹង​ឧបសគ្គ​តែ​ដដែល។ នៅ​ម្ខាង អ៊ីរ៉ង់​ចង់​ឲ្យ​កិច្ចព្រមព្រៀង​ផ្តាច់ព្រាត់​ជា​ថ្នូរ​នឹង​ការ​លើក​ទ័ណ្ឌកម្ម​ទំាង​អស់ គឺ​ទ័ណ្ឌកម្ម​ដាក់​ដោយ​អង្គការសហប្រជាជាតិ ទ័ណ្ឌកម្ម​ដាក់​ដោយ​អាមរិក និង​ទ័ណ្ឌកម្ម​ដាក់​ដោយ​សហភាពអឺរ៉ុប។ នៅ​ម្ខាង​ទៀត ក្រុមប្រទេស ៥ភាគីបូក១​ចង់​កាត់​បន្ថយ​ជាង​ពាក់​កណ្តាល​នូវ​បំពង់​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម។ ហេតុផល​របស់​លោកខាង​លិច​គឺ​ថា មាន​បំពង់​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម​កាន់​តែ​តិច​រឹត​តែ​ល្អ ព្រោះ​វា​នឹង​អាច​រារំាង​អ៊ីរ៉ង់​មិន​ឲ្យ​ផលិតគ្រាប់បែក​បរិមាណូ។ គួរ​បញ្ជាក់​ថា ធាតុអ៊ុយរ៉ាញ៉ូម​ដែល​ចម្រើន​ក្នុង​កម្រិត​ទាប​អាច​យក​ទៅ​ប្រើ​ក្នុង​វិស័យ​ស៊ីវិល តែ​បើ​ចម្រើន​ក្នុង​កម្រិត​ខ្ពស់​អាច​យក​ទៅ​ប្រើ​ក្នុង​វិស័យ​យោធា។

យ៉ាង​ណា​ក៏​ដោយ ភាគី​ទំាង​អស់​បាន​ព្រមព្រៀង​គ្នា​នឹង​បន្ត​កិច្ចចរចា​ជា​បន្ត​ទៀត​ដោយ​ចាប់​ផ្តើម​ជាថ្មី​​នៅ​ដើម​​ខែ​តុលា​ខាង​មុខ​ក្នុង​ទឹកដី​អឺរ៉ុប អាច​នៅ​ក្នុង​ប្រទេស​ស្វីស ឬ​ប្រទេស​អូទ្រីស។ ឃើញ​ថា ពេល​វេលា​កាន់​តែ​ខើច និង​ដែល​ភាគី​នីមួយៗ​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ផ្តាច់ព្រាត់​មួយ​នៅ​មុន​ថ្ងៃកំណត់​ទី២៤ វិច្ចិកា។ ឆន្ទៈ​មាន​ហើយ តែ​ការ​មិន​ទុកចិត្ត​គ្នា​នៅ​បន្ត​មាន និង​ដែល​គ្រប់​គ្នា​ត្រូវ​ដឹង​ថា ជោគជ័យ ឬ​បរាជ័យ គឺ​ជា​កំហុស​សមូហភាព​ទំាង​អស់​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ