អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-អាមេរិក

កាសែតអាមេរិក៖លោកអូបាម៉ា​បាន​សម្រេច​ពន្យារ​បេសកកម្ម​ទាហាន​ប្រយុទ្ធ​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន​រយៈពេល ១ឆ្នំា

យោង​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​អាមេរិក New York Times នៅ​ថ្ងៃ​សុក្រ ទី២១ វិច្ឆិកា​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​បាន​សម្រេច​ពន្យារ​បេសកកម្ម​ទាហាន​ប្រយុទ្ធ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​រយៈពេល ១ឆ្នំា​បន្ថែម​ទៀត។ បើ​តាម​កាសែត New York Times ដដែល ការ​សម្រេច​របស់​លោក​អូបាម៉ា​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ចុះ​ហត្ថលេខា​លើ​ក្រិត្យ​មួយ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ។

លោក​ប្រធានាធិបតី​ថ្មី​អាហ្វហ្កានីស្ថាន Ashraf Ghani និង​លោក​ប្រមុខ​ការទូត​អាមេរិក ចន ឃ៊ែរី
លោក​ប្រធានាធិបតី​ថ្មី​អាហ្វហ្កានីស្ថាន Ashraf Ghani និង​លោក​ប្រមុខ​ការទូត​អាមេរិក ចន ឃ៊ែរី REUTERS/Massoud Hossaini/Pool
ផ្សាយពាណិជ្ជកម្ម

 

តាម​ការ​គ្រោង​ទុក​មក​ដល់​ពេល​នេះ បេសកកម្ម​របស់​ទាហាន​ប្រយុទ្ធ​អាមេរិក​ទំាង​អស់​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​នឹង​ត្រូវ​បិទបញ្ចប់​នៅ​ដំណាច់​ឆ្នំា ២០១៤ នេះ ហើយ​ចាប់​ពី​ថ្ងៃទី១ ខែ​មករា ឆ្នំា ២០១៥ ទៅ ទាហាន​អាមេរិក​ទំាង ៩ ៨០០នាក់ បូក​ជាមួយ​ទាហាន​អាល្លឺម៉ង់ ៣ ០០០នាក់ និង​ទាហាន​អ៊ីតាលី ព្រម​ទំាង​ទាហាន​របស់​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​ដែល​បន្ត​ស្ថិត​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ត្រូវ​មាន​បេសកកម្ម​តែ​មួយ​គត់ គឺ​ជួយ​គំាទ្រ និង​ជួយ​ហ្វឹកហ្វឺន​កម្លំាង​ទាហាន​អាហ្វហ្កានីស្ថាន។ តែ​បើ​យោង​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​អាមេរិក New York Times នៅ​ថ្ងៃ​សុក្រ ទី២១ វិច្ឆិកា​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ទើប​បាន​ចុះ​ហត្ថលេខា​លើ​ក្រិត្យ​មួយ​ដោយ​អនុញ្ញាត​ឲ្យ​ទាហាន​អាមេរិកំាង​ដែល​បន្ត​ស្ថិត​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន​អាច​ប្រយុទ្ធ​ទល់​នឹង​ពួក​ឧទ្ទាម​តាលីបង់​ដោយ​ផ្ទាល់​ក្នុង​ករណី​ដែល​ពួក​តាលីបង់​គំរាមកំហែង​លើ​ទាហានអាមេរិក ទាហាន​អន្តរជាតិ ឬ​មួយ​ក៏​លើ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។

ទន្ទឹម​គ្នា​នឹង​ការ​បន្ត​ចេញ​មុខ​ប្រយុទ្ធ​ផ្ទាល់​នឹង​ខ្មំាងសត្រូវ លោក​អូបាម៉ា​ក៏​បាន​អនុញ្ញាត​ឲ្យ​ទាហាន​អាមេរិកំាង​អាច​ប្រើ​យន្តហោះចម្បំាង យន្តហោះ​ទម្លាក់​គ្រាប់បែក ឬ​មួយ​ក៏​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​ដ្រូន​ដែរ ពោល​គឺ​បន្ត​បេសកកម្ម​ដូច​ដែល​ពួក​គេ​ធ្លាប់​បាន​ធ្វើ​កន្លង​មក។ តែ​អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​គូសបញ្ជាក់​ថា ទាហាន​អាមេរិក​ប្រហែល​ជា​មិន​ធ្វើ​ការ​ដើរ​ល្បាត​ជា​អចិន្ត្រៃយ៍​ស្វែង​រក​ពួក​ឧទ្ទាម​តាលីបង់​ដូច​ដែល​ពួក​គេ​ធ្លាប់​បាន​ធ្វើ​កន្លង​មក​ទេ។ យ៉ាង​ណា​ក៏​ដោយ ការ​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​របស់​លោក​អូបាម៉ា​ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​មក​ពី​មាន​ការ​គំរាម​កាន់​តែ​ខ្លំាង​ឡើងៗ​ពី​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។ ការ​គំរាម​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​លោក​អូបាម៉ា​បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លំាង​ពី​ការ​ដែល​លោក​បាន​សម្រេច​ដក​ទ័ព​អាមេរិក​ចេញ​ពី​អ៊ីរ៉ាក់ មុន​នឹង​កម្លំាង​ទ័ព​អ៊ីរ៉ាក់​រឹងដៃ រឹងជើង​អាច​ការពារ​ខ្លួន​ដោយ​ខ្លួន​ឯង​បាន។

លោក​ប្រធានាធិបតី​ថ្មី​អាហ្វហ្វានីស្ថាន Ashraf Ghani ហាក់​ដូច​មិន​បាន​ជំទាស់​នឹង​ការ​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​របស់​លោក​អូបាម៉ា​ទេ ពោល​គឺ​មិន​ដូច​លោក​អតីត​ប្រធានាធិបតី Hamid Karzaï ដែល​មិន​ចង់​បន្ត​ទុក​វត្តមាន​កម្លំាង​បរទេស​ក្នុង​ទឹកដី​ខ្លួន។ សព្វថ្ងៃ​នេះ អាមេរិក​មាន​កម្លំាង​ទាហាន​របស់​ខ្លួន​ចំនួន ២៧ ០០០នាក់​ដែល​កំពុង​បំពេញ​បេសកកម្ម​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ