អានតួអត្ថបទ
ស្វ៊ីស-អង្គការ​សុខភាព​ពិភពលោក

អ្នក​ជំនាញ​២០០នាក់​ប្រជុំគ្នា​នៅ​អង្គការ​សុខភាព​ពិភពលោក​ស្វែងរក​ថ្នាំ​ព្យាបាល​មេរោគ​អេបូឡា

អ្នក​ជំនាញ​ផ្នែក​ឱសថ​បាន​ជួប​ប្រជុំ​គ្នា​បន្ទាន់​ រយៈ​ពេល​ពីរ​ថ្ងៃ​ នៅ​ទី​ស្នាក់ការ​អង្គការ​សុខភាព​ពិភពលោក ក្នុង​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស ដើម្បី​ស្វែងរក​ថ្នាំ​ព្យាបាល​ជំងឺ​អេបូឡា ដែល​កំពុង​តែ​យាយី​អាយុ​ជីវិត​ប្រជាជន​នៅ​តំបន់​ភាគ​និរិតី​​ទ្វីប​អាហ្វ្រិក។ សេចក្តី​សង្ឃឹម​ថា​អាច​មាន​ថ្នាំ​កំចាត់​មេរោគ​អេបូឡា កំពុង​តែ​រះ​សន្សឹមៗ​ហើយ ថ្វី​ត្បិត​តែ​គេត្រូវ​ត្រូវ​ឆ្លងកាត់​នូវ​ដំណាក់កាល​ ពិសោធន៍​ សំខាន់ៗ​ផ្សេង​ទៀត​ក៏​ដោយ។

អ្នក​ជំនាញ​ធ្វើ​ការ​ពិសោធន៍​សេរ៉ូម​ព្យាបាល​ជំងឺ​អេបូឡា នៅខែតុលា​ ឆ្នំា២០០៧ ក្នុង​ប្រទេស​កុងហ្គោ
អ្នក​ជំនាញ​ធ្វើ​ការ​ពិសោធន៍​សេរ៉ូម​ព្យាបាល​ជំងឺ​អេបូឡា នៅខែតុលា​ ឆ្នំា២០០៧ ក្នុង​ប្រទេស​កុងហ្គោ AFP PHOTO/WHO/CHRISTOPHER BLACK/HO
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី​៤​ កញ្ញា នៅទី​ស្នាក់ការ​អង្គការ​សុខភាព​ពិភពលោក ក្នុង​ទីក្រុង​ហ្សឺណែវ មាន​ការ​ប្រជុំ​ជា​បន្ទាន់​ ដោយ​មាន​ការ​ចូលរួម​ពី​បណ្តា​អ្នក​ជំនាញ​ផ្នែក​ឱសថ​ ចំនួន​២០០​នាក់។ អ្នក​ជំនាញ​ទាំង​នេះ នឹង​​ជួ​បប្រជុំ​គ្នា​រយៈ​ពេល​ពីរ​ថ្ងៃ ដើម្បី​ពិភាក្សា​ ស្វែងរក​ថ្នាំ​ដែល​អាច​ព្យាបាល​អ្នក​ជំងឺ​អេបូឡា ឲ្យ​ជា​សះស្បើយ។ សូម​បញ្ជាក់​ថា ជំងឺ​អេបូឡា​បាន​ឆក់​យក​ជីវិត​ប្រជាជន​អាហ្វ្រិក​ ចំនួន​ជិត​២ពាន់​នាក់​ហើយ ហើយ​អ្នក​ដែល​កំពុង​​ផ្ទុក​មេរោគ​នេះ​មាន​ចំនួន​ ៣៥០០​នាក់​ផ្សេង​ទៀត។

 
រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ ដែល​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​កំចាត់​មេរោគ​អេបូឡា​ ដែល​គេ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នោះ​ទេ។ ប៉ុន្តែ មាន​ថ្នាំ​ជា​ច្រើន​ប្រភេទ​ ដែល​កំពុង​តែ​ត្រូវ​បាន​គេ​ធ្វើ​ការ​ពិសោធន៍។ អ្នក​ជំនាញ​ផ្នែក​ឱសថ នឹង​សម្រេច​ ថា​តើ​ថ្នាំ​ណាមួយ​ ដែល​អាច​ដាក់​ឲ្យ​ធ្វើ​ការ​ប្រើប្រាស់​សាកល្បង​នៅ​អាហ្រ្វិក។ អង្គការ​សុខភាព​ពិភពលោក បាន​កំណត់​ថ្នាំ​ព្យាបាល​ចំនូន៨​ប្រភេទ និង​វ៉ាក់សាំង ២​ប្រភេទ​ទៀត​ ក្នុង​ការ​បង្ការ​មិន​ឲ្យ​ឆ្លង​មេរោគ​អេបូឡា។ ថ្នាំ​ទាំង​នោះ នឹង​ត្រូវ​ឆ្លងកាត់​ការ​ពិសោធន៍​យ៉ាង​ម៉ត់ចត់​បំផុត​ មុន​នឹង​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ប្រើប្រាស់។

តាម​ពិត​ទៅ ជា​ច្រើន​សប្តាហ៍​កន្លង​មក​ហើយ ដែល​អង្គការ​សុខភាព​​ពិភពលោក បាន​ទទួល​សម្នើ​ជាច្រើន​ពី​បណ្តា សហគ្រាស​ផលិត​ឱសថ​ធំៗ​ ប៉ុន្តែ​គេ​ត្រូវ​រងចាំ​ឲ្យ​មាន ការ​សិក្សា​ស្រាវជ្រាវ​ឲ្យបាន​ច្បាស់​លាស់ អំពី​ផលវិបាក​របស់​ថ្នាំ​ទាំង​នោះ​ ទៅ​លើ​សុខភាព​របស់​អ្នក​ជំងឺ ហើយ​និង អំពី​ប្រសិទ្ធិភាព​របស់​ថ្នាំ​ទាំង​នោះ​ ក្នុង​ការ​ព្យាបាល​មេរោគ​អេបូឡា​ ថា​វា​​មាន​ដល់​កម្រឹត​ណា។ មាន​ន័យ​ថា ថ្នាំ​ទាំង​នោះ​ ត្រូវតែ​ឆ្លងកាត់​ការ​ធ្វើ​ពិសោធន៍​ជាមួយ​សត្វ​ស្វា​ជា​មុន​សិន។ អង្គការ​សុខភាព​ពិភពលោក កំពុង​តែ​ពន្លឿន​និតិវិធី​ទាំង​អស់​នេះ។

ទោះ​បី​ជា​យ៉ាងណា ក្នុង​ពេល​នេះ ថ្នាំ​ដែល​គេ​ផលិត​បាន​ នៅ​មាន​ចំនូន​តិចតួច​ណាស់​ ​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​បាន​ទេ។ ថ្នាំ​គ្រាប់​ទាំង​នោះ មិនមែន​ផលិត​មួយ​ថ្ងៃ​បាន​ទេ គឺ​គេ​ត្រូវការ​ពេល​វេលា​យូរ​ ដើម្បី​បណ្តុះ​សារធាតុ​​ថ្នាំ នៅ​ក្នុង​បន្ទប់​ពិសោធន៍។ ​មួយវិញទៀត អង្គការ​សុខភាព​ពិភពលោក ត្រូវ​តែ​កំណត់​ឲ្យបាន​ច្បាល់លាស់ នូវ​របៀប​វារៈនៃ​ការ​ចែកចាយ​ថ្នាំ​ទាំងនោះ នៅ​ពេល​ដែល​ផលិត​បាន​ហើយ ដោយ​គោរព​នូវ​គោលការណ៍​ស្មើភាព និង​មនុស្សធម៌។ ពោល​គឺ​កំណត់​ថា​ត្រូវ​ដាក់​ឲ្យ​ប្រើបា្រស់​នៅ​តំបន់​ណា ប្រទេស​ណា ចំនួន​ប៉ុន្មាន ហើយ​វិជ្ជបញ្ជារ​ត្រូវតែ​គោរព​ឲ្យបាន​តឹងរឹង ជៀសវាង​ការ​ចែកចាយ​ដោយ​ខ្ជះខ្ជាយ ហើយ​ទី​បំផុត​ថ្នាំ​ដែល​មាន​តិចតួច មិន​បាន​ធ្លាក់​ដល់​ដៃ​អ្នក​ជំងឺ​ ដែល​កំពុងតែ​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ