អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការបោះឆ្នោត​ប៉ាគីស្ថាន៖ គ្រាប់ពូជ​ប្រជាធិបតេយ្យ​នៅលើ​ដី​ពេញដោយ​ឥទ្ធិពល​យោធា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​សៅរ៍​ស្អែក​នេះ ពលរដ្ឋ​ប៉ាគីស្ថាន​ប្រមាណ​ជាង ៨៤លាន​នាក់​ នឹង​ត្រូវ​ចេញ​ទៅ​បោះឆ្នោត ដើម្បី​ជ្រើសរើស​តំណាង​រាស្រ្ត​ សម្រាប់​អាណត្តិថ្មី។ ការបោះឆ្នោត ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្រ្ត នៅ​ក្នុង​ប្រទេស​មួយ ដែល​ស្គាល់​តែ​របបដឹកនាំ​តាមបែប​ផ្តាច់ការ​ដោយ​ពួក​មេដឹកនាំ​យោធា។ តើ​ដំណើរ​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្រ្ត​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​លក្ខខណ្ឌ​បែបណា? តើ​អ្នកណា​ខ្លះ​ជា​តួអង្គសំខាន់ៗ នៅ​ក្នុងការ​បោះឆ្នោត​នេះ? តើ​ការ​បោះឆ្នោត​នេះ​នឹង​អាច​ធ្វើ​ឲ្យ​គ្រាប់ពូជ​ប្រជាធិបតេយ្យ​អាច​ចាក់ឫស​​ រីកលូតលាស់​នៅលើ​ដី ដែល​ពោរពេញ​ទៅដោយ​អំណាច​ទ័ព​នេះ​ដែរ​ឬ​ក៏​យ៉ាងណា?

ប៉ាគីស្ថាន​ត្រូវ​បោះឆ្នោត​ជា​ប្រវត្តិសាស្រ្ត នៅ​​ថ្ងៃ​សៅរ៍ ១១ ឧសភា ២០១៣​នេះ ក្រោយ​ពី​រដ្ឋាភិបាល​ស៊ីវិល​ចាស់​បាន​កាន់អំណាច​ពេញ​មួយ​អាណត្តិ ៥ឆ្នាំ ដោយ​គ្មាន​រដ្ឋប្រហារ
ប៉ាគីស្ថាន​ត្រូវ​បោះឆ្នោត​ជា​ប្រវត្តិសាស្រ្ត នៅ​​ថ្ងៃ​សៅរ៍ ១១ ឧសភា ២០១៣​នេះ ក្រោយ​ពី​រដ្ឋាភិបាល​ស៊ីវិល​ចាស់​បាន​កាន់អំណាច​ពេញ​មួយ​អាណត្តិ ៥ឆ្នាំ ដោយ​គ្មាន​រដ្ឋប្រហារ
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោត​តំណាងរាស្រ្ត​ នៅថ្ងៃ​សៅរ៍​ ១១ ឧសភា ស្អែកនេះ មិនមែន​ជា​ការ​បោះឆ្នោត​លើក​ទីមួយទេ នៅ​ប៉ាគីស្ថាន ក៏ប៉ុន្តែ វាជា​ការបោះឆ្នោត​ជា​ប្រវត្តិសាស្រ្ត​មួយ ពីព្រោះ​វា​ជា​ការ​បោះឆ្នោត​ផ្ទេរ​អំណាច​រវាង​រដ្ឋាភិបាល​ស៊ីវិល ទៅ​រដ្ឋាភិបាលស៊ីវិល ក្រោយ​ពី​សភា​​នីតិកាល​មុន បានកាន់​អំណាច​ពេញ​មួយអាណត្តិ ៥ឆ្នាំ​របស់​ខ្លួន ដោយ​គ្មាន​រដ្ឋប្រហារ​ដណ្តើម​អំណាច ពី​សំណាក់​មេដឹកនាំ​យោធា ដែល​នេះ គឺ​ជា​រឿង​ដែល​មិន​ធ្លាប់មាន នៅ​ប៉ាគីស្ថាន ក្នុងរយៈពេល​ប្រមាណ​ជាជាងកន្លះ​សតវត្សរ៍​កន្លងទៅនេះ។

ចាប់តាំង​ពី​បាន​ផ្តាច់ខ្លួន​ពី​ឥណ្ឌា បង្កើត​ជា​រដ្ឋ​ឯករាជ្យ នៅ​ឆ្នាំ​១៩៤៧ ប៉ាគីស្ថាន ភាគច្រើន ត្រូវ​ដឹកនាំ​ដោយ​​​អំណាច​ផ្តាច់ការ​យោធា។ ការ​រៀបចំ​បង្កើត​ឲ្យ​មាន​របបដឹកនាំ​ស៊ីវិល​​តែងតែ​ត្រូវ​ទទួលបរាជ័យ ដោយសារ​តែ​មេដឹកនាំ​យោធា​​តែងតែ​ធ្វើ​រដ្ឋប្រហារ​ច្បាម​អំណាច​យក​ទៅ​កាន់កាប់​វិញ។ រដ្ឋប្រហារ​លើក​ចុងក្រោយ គឺ​បាន​កើតឡើង ​កាល​ពី​ឆ្នាំ​១៩៩៩ ដែល​មេដឹកនាំ​រដ្ឋប្រហារ​​ពេលនោះ គឺ​លោក​ឧត្តមសេនីយ៍ Pervez Musharraf។

គ្រាប់ពូជ​​ប្រជាធិបតេយ្យ​ត្រូវ​បាន​គេ​ចាប់ផ្តើម​សាបព្រោះជាថ្មីឡើងវិញ នៅ​ប៉ាគីស្ថាន តាមរយៈ​ការ​បោះឆ្នោត នៅឆ្នាំ​២០០៨ ​ដែល​បាន​នាំ​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន (Pakistan People Party) ​មក​កាន់អំណាច ក៏ប៉ុន្តែ មេដឹកនាំបក្ស គឺ​លោកស្រី​ Benazir Bhutto ត្រូវ​បាន​គេ​លបធ្វើ​ឃាត នៅ​ក្នុង​អំឡុង​យុទ្ធនាការឃោសនា​បោះឆ្នោត ហើយ​ស្វាមី​របស់​លោកស្រី គឺ​លោក Ali Zardari បាន​ឡើង​មក​ស្នងតំណែងជា​មេបក្ស និង​​បន្ទាប់​មកទៀត ឡើង​ធ្វើ​ជា​ប្រធានាធិបតី​ប៉ាគីស្ថាន​រហូតមក​ទល់​នឹង​សព្វថ្ងៃនេះ។

នៅ​ក្នុង​ពេល​កាន់អំណាច​រយៈពេល ៥ឆ្នាំ​នេះ គណបក្ស​ប្រជាជន​ប៉ាគីស្ថាន​បាន​ទទួលរង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា​បំផុត ពីរឿង​ពុករលួយ និង​ពី​អសមត្ថភាព​​ ក្នុងការ​ទប់ស្កាត់​អំពើ​ហិង្សា​បង្ហូរឈាម ដែល​ប្រព្រឹត្ត​ទៅលើ​សហគមន៍​ភាគតិច (ជនជាតិ​ភាគតិច និង​ក្រុម​អ្នក​កាន់​សាសនា​ភាគតិច)។ ក៏ប៉ុន្តែ បើទោះជា​យ៉ាងនេះ​ក៏ដោយ គណបក្ស​ប្រជាជន​ប៉ាគីស្ថាន​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​គណបក្ស ដែល​បានជួយ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​បាន​ចាក់ឫស​​ នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ជា​ពិសេស តាមរយៈ​ការ​កម្រិត​អំណាច​ប្រធានាធិបតី និង​ការ​បង្កើន​អំណាច​ដល់​ក្រុមប្រឹក្សា​ខេត្ត។

រដ្ឋ​សភា​ប៉ាគីស្ថានបាន​បញ្ចប់​អាណត្តិ ៥ឆ្នាំ​របស់​ខ្លួន ជា​លើក​ទី១ ដោយ​គ្មាន​រដ្ឋប្រហារ​យោធា ហើយ​នៅពេលនេះ ដល់​ពេល​បោះឆ្នោត ដើម្បី​ផ្ទេរ​អំណាច​ពី​របបដឹកនាំ​ស៊ីវិល​ចាស់ ទៅ​របបដឹកនាំ​ស៊ីវិល​ថ្មី​មួយទៀត។

ការបោះឆ្នោត​នៅ​ប៉ាគីស្ថាន​នៅថ្ងៃ​ស្អែក​​នេះ​ ត្រូវ​ចាត់ចែង​រៀបចំ​ឡើង ​ដោយ​គណៈកម្មការ​រៀបចំ​បោះឆ្នោតប៉ាគីស្ថាន​ ដែល​ជា​ស្ថាប័ន​មួយ​​មាន​កេរ្តិ៍ឈ្មោះល្អ ទទួល​បាន​ការ​ជឿទុកចិត្ត​ពីសំណាក់ប្រជាពលរដ្ឋ​ និង​ពី​គណបក្ស​ធំៗ។

បេក្ខជន​ចំនួន ៥ពាន់នាក់ បាន​ចុះឈ្មោះ​​ប្រកួតប្រជែង ដណ្តើម​យក​អាសនៈ​សរុប ចំនួន ២៧២ នៅ​រដ្ឋសភា ហើយ​ប្រជាពលរដ្ឋ​ ដែល​គ្រប់​អាយុបោះឆ្នោត មាន​ចំនួន​ប្រមាណ​ជា​ ៨៤,៤​លាននាក់ ក្នុងនោះ មានប្រមាណ​ជា ៣១% មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ២៩ឆ្នាំ។

គេ​សង្កេតឃើញ​មាន​គណបក្សនយោបាយ ចំនួន ៣ ដែល​ជាតួអង្គ​សំខាន់ នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​ស្អែកនេះ​។ ទីមួយ ​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន ដែល​​បច្ចុប្បន្ន​ជា​បក្ស​កាន់អំណាច​ ដឹកនាំ​ដោយ​ស្វាមី និង​កូនប្រុស​របស់​លោកស្រី Benazir Bhutto។ ទីពីរ គណបក្ស​សម្ព័ន្ធ​អ៊ីស្លាម​ប៉ាគីស្ថាន (Pakistan Muslim League-N) ដឹកនាំ​ដោយ​លោក Nawaz Sharif អតីត​នាយករដ្ឋមន្រ្តី ដែល​ត្រូវ​បាន​លោក​ Pervez Musharraf ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ កាល​ពី​ឆ្នាំ​១៩៩៩។ ទីបី គណបក្ស​ចលនា​ដើម្បី​យុត្តិធម៌ (Pakistan Tehreek-e-Insaf) ដឹកនាំ​ដោយ​​អតីត​កីឡាករ​ Cricket ដ៏ល្បីល្បាញ​​ម្នាក់ ឈ្មោះ Imran Khan ដែល​កាល​ពី​ប៉ុន្មាន​ថ្ងៃមុននេះ ត្រូវបាន​គេ​នាំទៅសង្រ្គោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​ក្រោយ​ពី​ត្រូវ​រងគ្រោះថ្នាក់​ធ្លាក់​ពីលើ​វេទិកា ក្នុង​មិទ្ទិញ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

ក្រៅពី​គណបក្ស​នយោបាយ​ធំៗ​ទាំងនេះ នៅ​មាន​ស្ថាប័ន​មួយចំនួន​ផ្សេងទៀត ដែល​អាច​មានតួនាទី និង​ឥទ្ធិពល​​ខ្លាំង នៅ​ក្នុង​ឆាក​នយោបាយ​ប៉ាគីស្ថាន នៅ​ក្នុង និង​នៅ​ក្រោយ​ពេល​បោះឆ្នោត គឺ​តុលាការ​កំពូល ដែល​ជា​រឿយៗ តែងតែបាន​ចេញមុខ​​ប្រឆាំង​តទល់​ជាមួយ​នឹង​រដ្ឋាភិបាល និង​មួយទៀត គឺ​មេដឹកនាំ​យោធា។

ថ្វីដ្បិត​តែ នៅ​ក្នុង​រយៈពេល ៥ឆ្នាំ​កន្លងទៅនេះ មេដឹកនាំ​កងទ័ព​បាន​ទុក​ឲ្យ​របបដឹកនាំ​ស៊ីវិល​កាន់អំណាច​រហូតដល់​ចប់​អាណត្តិ ក៏ប៉ុន្តែ កងទ័ព​ប៉ាគីស្ថាន នៅ​តែ​ជា​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​បំផុត នៅ​ក្នុង​ឆាក​នយោបាយ​ប៉ាគីស្ថាន ហើយ​ជា​ស្ថាប័ន ដែល​រដ្ឋាភិបាល​ស៊ីវិល​មិន​អាច​គ្រប់គ្រង​បាន គឺ​ប្រៀប​ដូចជា រដ្ឋ នៅ​ក្នុង​រដ្ឋ។ លើស​ពីនេះ​ទៅទៀត មាន​បញ្ហា​សំខាន់ៗ​មួយចំនួន ដូចជា ​បញ្ហា​សន្តិសុខ និង​នយោបាយ​ការបរទេស ជាដើម គឺ​ស្ថិត​ក្នុង​ដៃ​កងទ័ព​ជា​អ្នក​សម្រេច។

អ្នកវិភាគ​ជាច្រើន​យល់ថា ជោគវាសនា​នៃ​លទ្ធិប្រជាធិបតេយ្យ​ប៉ាគីស្ថាន គឺ​ស្ថិត​នៅ​ត្រង់​ថា តើ​​​នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃ​សៅរ៍​ស្អែកនេះ ជ័យជំនះ​បាន​ទៅលើ​អ្នក​ចេះ​ចាត់ចែង​ សម្របសម្រួល ទំនាក់ទំនង​ជាមួយ​នឹង​កងទ័ព​​ ឬ​ក៏​ជា​អ្នក​ដែល​ចេញមុខ​ធ្វើ​ជា​គូសត្រូវ​របស់​កងទ័ព? ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​ចង់​តាំងខ្លួន​ជា​គូសត្រូវ​របស់​មេដឹកនាំ​កងទ័ព ដូចជា ករណី​លោក​អតីត​នាយករដ្ឋមន្រ្តី Nawaz Sharif ប៉ាគីស្ថាន​អាច​នឹង​ត្រូវ​ជួប​នឹង​រដ្ឋប្រហារ ហើយ​ធ្លាក់​ក្នុង​អំណាច​យោធា​សាជាថ្មីម្តងទៀត។

ចុងក្រោយ បញ្ហា​ដែល​ចោទខ្លាំង នៅ​ក្នុងការ​បោះឆ្នោត​ប៉ាគីស្ថាន នៅថ្ងៃ​សៅរ៍​ស្អែក​នេះ គឺ​ពួក​តាលីបង់។ យើង​ឃើញ​ថា ពេញ​ក្នុង​អំឡុង​យុទ្ធនាការឃោសនា​បោះឆ្នោត ពួកឧទ្ទាម​តាលីបង់​បាន​ធ្វើ​ការវាយប្រហារ​ភេរវកម្ម​ជាច្រើន ដើម្បី​ព្យាយាម​រារាំង​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ​មួយនេះ។ ពួកតាលីបង់​​គំរាម​ផងដែរ​​ថា​នឹង​ធ្វើការ​វាយប្រហារ​​​ធំៗ​ជាច្រើន​ទៀត នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត ហើយ​ការ​គំរាម​បែបនេះ​អាច​នឹង​ជះឥទ្ធិពល​ដល់​លទ្ធផល​បោះឆ្នោត ដោយសារ​តែ​វា​អាច​​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប៉ាគីស្ថាន មាន​ការ​ខ្លាច​រអា​ មិនហ៊ាន​ចេញ​ទៅ​បោះឆ្នោត នៅថ្ងៃ​ស្អែក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ