អានតួអត្ថបទ
តួកគី-អ៊ីស្រាអែល

សភា​​តួកគី​​ផ្តល់​ភ្លើ់ងខៀវ​អោយ​​តួកគី​​ភ្ជាប់​ទំនាក់ទំនង​​ប្រក្រតី​​ឡើងវិញ​​ជាមួយ​​អ៊ីស្រាអែល​​

ថ្ងៃសុក្រ​ម្សិលមិញ ​សភា​តួកគី​បាន​ផ្តល់សច្ចាប័ន​ អនុញ្ញាត​អោ​យតួកគី​ភ្ជាប់ទំនាក់ទំនង​ប្រក្រតី​ឡើងវិញ ជាមួយ​អ៊ីស្រាអែល ស្របតាម​កិច្ចព្រមព្រៀង​​​ផ្សះផ្សា​គ្នា សម្រេច​បាន​កាលពី​​​ខែមិថុនា។ ​ការបើក​ភ្លើងខៀវ​​របស់​សភា​តួកគី បិទបញ្ចប់​ទាំងស្រុង​នូវ​​វិបត្តិ​​ការទូត​រយៈពេល​៦ឆ្នាំ​​រវាង​​ប្រទេស​​​ទាំង២។ 

សភា​តួកគី​
សភា​តួកគី​ Pete Suza/Wikimedia.org
ផ្សាយពាណិជ្ជកម្ម

សភា​តួកគី​បាន​សម្រេច​អោយ​តួកគី​ភ្ជាប់ទំនាក់ទំនង​ប្រក្រតី​ឡើងវិញ ជាមួយ​អ៊ីស្រាអែល ដើម្បី​បិទបញ្ចប់​វិបត្តិ​​ការទូត​៦ឆ្នាំ រវាង​ប្រទេស​ទាំង២។ ការភ្ជាប់ទំនាក់ទំនង​ប្រក្រតី​រវាង​តួកគី​និង​អ៊ីស្រាអែល ធ្វើឡើង​ស្របតាម​កិច្ចព្រមព្រៀង​ផ្សះផ្សា កាលពីខែ​មិថុនា។

កិច្ចព្រមព្រៀង​ផ្សះផ្សា​នេះ តំរូវអោយ​អ៊ីស្រាអែល​ចេញ​ប្រាក់​២០លានដុល្លារ សងជំងឺ​ចិត្ត​គ្រួសារ​ជនរងគ្រោះតួកគី​ ដែល​បានស្លាប់​លើ​កប៉ាល់មនុស្សធម៌​​​តួកគី ឈ្មោះថា ​Mavi-Marmara។​ កប៉ាល់នេះ​​​រងការ​វាយប្រហារ​ដោយ​កងកុម្ម៉ង់ដូ​អ៊ីស្រាអែល កាលពី​ចុងខែ​ឧសភា ​​ឆ្នាំ២០១០។​

​ដោយសារ​ការវាយប្រហារ​នេះហើយ​ ទើប​ផ្ទុះឡើង​​​វិបត្តិការទូត​​តួកគី-អ៊ីស្រាអែល​ ធ្វើអោយ​ប្រទេស​ទាំង២បែរខ្នង​ដាក់គ្នា ​៦ឆ្នាំ​មកនេះ។ ​ដំណាច់ខែ​ឧសភា ​ឆ្នាំ២០១០ ​កប៉ាល់​អង្គការ​មនុស្សធម៌​តួកគី Mavi-Marmara ​​បាន​​ដឹកជំនួយ​មនុស្សធម៌​ទៅអោយ​​ប្រជាជន​ប៉ាឡេស្ទីន​នៅ​ហ្កាហ្សា។ កប៉ាល់នេះ​​បាន​ព្យាយាម​ចូលទៅ​កន្លែង​​ដែល​​អ៊ីស្រាអែល​​បិទខ្ទប់ ធ្វើអោយ​អ៊ីស្រាអែល​ខឹង​សម្បារ និង​បើក​ប្រតិបត្តិការ​​វាយប្រហារ​កប៉ាល់។ ការវាយប្រហារ​បានសម្លាប់​​ជនជាតិ​តួកគី​១០នាក់ក្នុង​កប៉ាល់​នោះ។ ​

កិច្ចព្រមព្រៀង​ផ្សះគ្នា​សម្រេច​បាន​ខែមិថុនា​ ​អនុញ្ញាត​អោយតួកគិ​បាន​ដឹក​ជំនួយ​មនុស្សធម៌​ទៅជួយ​ប្រជាជន​ប៉ាឡេស្ទីន​នៅតំបន់​​ហ្កាហ្សា ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រុមហាម៉ាស ជា​មិត្ត​របស់​រដ្ឋាភិបាលតួកគី។​ តួកគីសម្រេច​ឈប់បន្ត​ប្តឹងផ្តល់​អតីត​មេទាហាន​អ៊ីស្រាអែល​៤រូប ដែល​​តួកគិ​កាត់ទោស​កំបាំងមុខ តាំង​ពី​ឆ្នាំ​២០១២ដែរ។

ការ​ដាក់​កិច្ចព្រមព្រៀង​ផ្សះផ្សា ​​ទៅសភា​តួកគី​កន្លងមក មាន​ការ​យឺតយ៉ាវ ដោយសារ​តែ​​រដ្ឋប្រហារ​មិនបាន​សម្រេច​ ថ្ងៃ​១៥កក្កដា នៅតួកគិ។ រដ្ឋប្រហារ​នេះ​ បាន​ធ្វើអោយដំណើរការ​ស្ថាប័ន​រដ្ឋតួកគី​​​រអាក់រអួល។ ​រដ្ឋមន្ត្រី​ការបរទេស​តួកគី​ធ្លាប់ប្រាប់ថា ​ក្រោយ​​សភាព្រមអោយ​តួកគី​ភ្ជាប៉ទំនាក់ទំនង​​​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល​ ​បន្តទៅនោះ ​ក៏​នឹង​មាន​ការ​ផ្តោះប្តូរ​មន្ត្រី​ស្ថានទូត​​​​ភ្លាមៗ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ