អានតួអត្ថបទ
វៀតណាម

ប៉ូលិស​វាយ​បំបែក​ហ្វូង​បាតុករ​ដែល​ប្រឆំាង​នឹង​ការ​រឹបអូស​ដីធ្លី

នៅ​ថ្ងៃ​អង្គារ ទី២៤ មេសា​នេះ កម្លំាង​ប៉ូលិស​ក្នុង​ទីក្រុង​ហាណូយ​បាន​ចេញ​ប្រតិបត្តិការ​វាយ​បំបែក​ហ្វូង​បាតុករ​រាប់រយ​នាក់ ដោយ​ប្រើ​កំាភ្លើង​បាញ់រះ​ទៅ​លើ​មេឃ។ ហ្វូង​បាតុករ​ទំាង​នោះ​សុទ្ធសឹង​ជា​ប្រជាកសិករ​ដែល​បាន​នំា​គ្នា​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​ការ​រឹបអូស​ដីធ្លី​របស់​ពួក​គេ​ពី​សំណាក់​រដ្ឋាភិបាល។ គួរ​បញ្ជាក់​ជូន​ថា សំណុំរឿង​ដីធ្លី​នៅ​ក្បែរ​ទីក្រុង​ហាណូយ​ក្នុង​ទំហំ​ជាង ៧២ហិចតា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រជាកសិករ​ប្រមាណ​ជា ១៦៦គ្រួសារ និង​ដែល​ជម្លោះ​នេះ​បាន​អូសបន្លាយ​ជា​ច្រើន​ឆ្នំា​មក​ហើយ។

ប៉ូលិស​វាយ​បំបែក​ហ្វូង​បាតុករ​ដែល​ប្រឆំាង​នឹង​ការ​រឹបអូស​ដីធ្លី
ប៉ូលិស​វាយ​បំបែក​ហ្វូង​បាតុករ​ដែល​ប្រឆំាង​នឹង​ការ​រឹបអូស​ដីធ្លី ©REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​បាន​ប្រើ​កំាភ្លើង​បាញ់រះ​ទៅ​លើ​មេឃ កងកម្លំាង​ប៉ូលិស និង​ទាហាន​រាប់រយ​នាក់​ដែល​បំពាក់​ទៅ​ដោយ​អាវុធ​គ្រប់​ដៃ ក៏​បាន​ប្រើ​គ្រាប់បែក​ផ្សែង​បាញ់​បង្ហូរ​ទឹកភ្នែក​ទៅ​លើ​ហ្វូង​បាតុករ​ប្រមាណ​ជា ៧០០នាក់។ ក្រុម​បាតុករ​ជា​ប្រជាកសិករ​ទំាង​នោះ​បាន​ក្រាញ​ននៀល​មិន​ព្រម​ចាក​ចេញ​ពី​ដីស្រែ​របស់​ខ្លួន​ដើម្បី​ប្រគល់​ដី​ទៅ​ឲ្យ​រដ្ឋអំណាច​ក្នុង​ការ​កសាង​ទីក្រុង​ថ្មី​ទេ។ សាក្សី​ម្នាក់​ដែល​ជា​សកម្មជន​ប្រឆំាង​នឹង​អំពើ​ពុករលួយ​បាន​ឲ្យ​ដឹង​ថា ក្រុម​បាតុករ​បាន​គប់​ដុំថ្ម​ទៅ​លើ​កម្លំាង​ប៉ូលិស និង​ទាហាន និង​មាន​បាតុករ​ពី ៧ ទៅ ១០នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ យោង​តាម​សាក្សី​មួយ​ចំនួន​ទៀត​ឲ្យ​ដឹង​ថា ក្រុម​ប្រជាកសិករ​បាន​ប្រមូលផ្តុំ​គ្នា​តំាង​តែ​ពី​យប់​ថ្ងៃ​ច័ន្ទ​មក​ម្ល៉េះ។ ចំណែក​ផ្លូវ​នំា​ទៅ​កាន់​តំបន់​មាន​ជម្លោះ​ក៏​ត្រូវ​បាន​រដ្ឋអំណាច​បិទខ្ទប់​ដែរ។

« ពួក​គេ​បាន​ប្លន់​យក​ដីធ្លី​របស់​យើង » នេះ​ជា​សម្រែក​របស់​ស្រ្តី​បាតុករ​ម្នាក់​អាយុ ៥១ឆ្នំា​ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ។ « ខ្ញុំ​មិន​ដែល​មាន​កំហឹង​ដូច​ពេល​នេះ​ទេ។ ខ្ញុំ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រជាកសិករ តែ​ពេល​នេះ ខ្ញុំ​មាន​ការ​ចុកចាប់​ខ្លំាង​ណាស់ ដោយ​ឃើញ​ព្រឹត្តិការណ៍​របៀប​នេះ » នេះ​ជា​ការ​អះអាង​របស់​ស្រ្តី​ម្នាក់​អាយុ ៨០ឆ្នំា។

គួរ​បញ្ជាក់​ជូន​ថា ក្នុង​នាម​ជា​ប្រទេស​កុម្មុយនិស្ត​មួយ​ដែល​ដីស្រែ​ចម្ការ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ជម្លោះ​ដីធ្លី​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​កើត​មាន​ឡើង​ញឹកញាប់​ណាស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ។ ដោយ​ឡែក ទាក់ទង​នឹង​ដីធ្លី​កំពុង​មាន​ជម្លោះ​បច្ចុប្បន្ន​ក្នុង​ទំហំ​ជាង ៧០ហិចតា​ ពាក់ព័ន្ធ​នឹង​ប្រជាកសិករ​ប្រមាណ​ជា ១៦៦គ្រួសារ​ត្រូវ​បាន​រដ្ឋាភិបាល​អះអាង​ថា បាន​ប្រគល់​លុយ​ត្រឹមត្រូវ ជា​ថ្នូរ​នឹង​ការ​រឹបអូស​ដីស្រែ​ចម្ការ​របស់​ពួក​គេ។

សូម​រម្លឹក​ជូន​ថា ទីក្រុង​ថ្មី​ស្ថិត​ប៉ែក​ខាង​ត្បូង​ទីក្រុង​ហាណូយ​មាន​ឈ្មោះ « EcoPark » ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ Viet Hung Co.Ltd សាងសង់​ក្នុង​ផ្ទៃដី​ទំហំ ៥០០ហិចតា និង​មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ជា ២៥០លាន​ដុល្លារ។ គឺ​តំាង​ពី​ឆ្នំា ២០០៤​មក​ម្ល៉េះ​ដែល​ក្រុមហ៊ុន Viet Hung បាន​ព្យាយាម​ពន្លឿន​ការ​សាងសង់ តែ​ត្រូវ​បាន​ព្យួរចោល​មួយ​រយៈ ក្រោយ​ពី​មាន​ក្បួន​បាតុកម្ម​​តវ៉ា​ពី​សំណាក់​ប្រជាកសិករ​ក្នុង​ឆ្នំា ២០០៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ