អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តម្លៃ​ម្ចាស់​ឆ្នោត​ដែល​អ្នក​ន​យោ​បាយ​គួរ​មើល​ឲ្យ​ច្បាស់!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទោះ​បី​ជា​វិ​បត្តិ​ន​យោ​បាយ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​តែ​មិន​ទាន់​អាច​ដោះ​ស្រាយ​ចេញ​ ក៏​ប៉ុន្តែ គណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​ភ្លេច​អ្នក​បោះ​ឆ្នោត​របស់​ខ្លួន​ទេ។ ការ​ចុះ​ទៅ​ដល់​មូល​ដ្ឋាន​ដើម្បី​ស្តាប់​មតិ​និង​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​ម្ចាស់​ឆ្នោត​គឺ​ជា​របៀប​វារៈ​ជួរ​មុខ​របស់​គណ​បក្ស​កាន់អំ​ណាច​ក៏​ដូច​ជា​គណ​បក្ស​ប្រ​ឆាំង។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​អ្នក​ន​យោ​បាយ​បាន​ផ្តើម​យល់​អំពី​តម្លៃ​របស់​ប្រ​ជា​ពល​រដ្ឋ​កាន់​តែ​ខ្លាំង​ជាង​មុន។ ប៉ុន្តែ តើ​អ្វី​ទៅជា​តម្លៃ​ពិត​ប្រា​កដ​របស់​ម្ចាស់​ឆ្នោត​ក្នុង​ក្រ​សែ​ភ្នែក​អ្នក​ន​យោ​បាយ​?

ប្រជាជន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​ក្នុង​ទីក្រុង​ភ្នំពេញ(រូបភាពឯកសារ)
ប្រជាជន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​ក្នុង​ទីក្រុង​ភ្នំពេញ(រូបភាពឯកសារ) REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

ជា​ទូ​ទៅ រដូវ​បោះ​ឆ្នោត​គឺ​ជា​ពេល​វេ​លា​ដែល​អ្នក​ន​យោ​បាយ​នាំ​គ្នា​សកម្ម​ក្នុង​ការ​ចុះ​ជួប​ប្រ​ជាពល​រដ្ឋ​ម្ចាស់​ឆ្នោត។ អំ​ឡុង​ពេល​ប៉ុន្មាន​ខែ​មុន​ពេល​បោះ​ឆ្នោត និង​ជា​ពិសេស​ក្នុង​ពេល​យុទ្ធ​នាការ​ឃោស​នា​បោះ​ឆ្នោត​តែ​ម្តង​ដែល​អ្នក​ន​យោ​បាយ​តែង​យក​ចិត្ត​អ្នក​បោះ​ឆ្នោត​ខ្លាំង​ជាង​គេ។ ប៉ុន្តែ ក្រោយ​ពេល​បោះ​ឆ្នោត សកម្ម​ភាព​ក៏​ស្ងប់​ស្ងាត់​ទៅ​វិញ​ជា​ធម្មតា។ ពាក្យ​សន្យា​ក៏​ច្រើន​តែ​ក្លាយ​ជា​ចម្រៀង​ឥត​ន័យ។ នេះ​ជា​ព្រឹត្តិ​ការណ៍​ដ​ដែល​ៗ​ដែល​តែង​កើត​ឡើង​នៅ​ក្នុង​ឆាកនយោ​បាយ​កម្ពុជា​។

 
ប៉ុន្តែ សម្រាប់​ការ​បោះ​ឆ្នោត​អា​ណត្តិ​ទី​៥​នេះ ស្ថាន​ការណ៍​បាន​ផ្លាស់​ប្តូរ។ យុទ្ធ​សាស្ត្រ​ន​យោបាយ​ក៏​ផ្លាស់​ប្តូរ​ផ្លាស់​ប្តូរ​ទៅ​តាម​នោះ​ដែរ។ ទាំង​គណ​បក្ស​កាន់​អំ​ណាច ទាំង​គណ​បក្ស​ប្រ​ឆាំង​ហាក់​ដូច​ជា​ខិត​ខំ​ប្រឹង​ប្រែង​ជា​ខ្លាំង​ក្នុង​ការ​ចុះ​កៀក​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​ម្ចាស់​ឆ្នោត​តាំង​ពី​ដើម​អា​ណត្តិ។ គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​បដិ​សេធ​មិន​ទទួល​ស្គាល់​លទ្ធ​ផល​ឆ្នោត តែង​ចុះ​ជាប់​រហូត​ជា​មួយ​អ្នក​បោះ​ឆ្នោត​របស់​ខ្លួន​នៅ​គ្រប់​ទិស​ទី​ដើម្បី​ស្តាប់​សំណូម​ពរ​របស់​ពួក​គេ​ផង និង​ដើម្បី​រាយ​ការណ៍​អំពី​សភាព​ការណ៍​វិ​វឌ្ឍន៍​និង​អំពី​គោល​ជំហរ​របស់​ខ្លួន​ជូន​ដល់​ម្ចាស់​ឆ្នោត​ផង។

ងាក​ទៅ​មើល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​វិញ គណ​បក្ស​នេះ​ក៏​បាន​ម្នី​ម្នា​រៀប​ចំ​ដំ​ណើរ​ឆ្ពោះ​ទៅ​កាន់​មូល​ដ្ឋាន​ដោយ​មិន​បង្អន់​យូរ​ឡើយ។ តាំង​ពី​ដើម​អា​ណត្តិ វេ​ទិ​កាសាធារ​ណៈ និង​គណៈ​កម្ម​ការ​ចម្រុះ​ចុះ​មូល​ដ្ឋាន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស្តាប់​សំ​ណូម​ពរ​និង​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រ​ជា​ពល​រដ្ឋ​ម្ចាស់​ឆ្នោត។ មិន​ឲ្យ​ប្រ​ញាប់​ម្តេច​នឹង​កើត​បើ​គណ​បក្ស​នេះ​របូត​អស់ ២២​កៅ​អី​ពី​ក្នុង​រដ្ឋ​សភា​ទៅ​ឲ្យ​គណ​បក្ស​ប្រ​ឆាំង​ទៅ​ហើយ​នោះ។ ស្ថាន​ភាព​នេះ​ស​បញ្ជាក់​ថា តម្លៃ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ក្នុង​ក្រ​សែ​ភ្នែក​អ្នក​ន​យោ​បាយ​កាន់​តែ​ឡើង​ខ្ពស់​ជាង​មុន។ ពាក្យ​សន្យា​អម​ដោយ​អំ​ណោយ​បន្តិច​បន្តួច​ដូច​កាល​ពី​មុន​ពិត​ជា​មិន​គ្រប់​គ្រាន់​ឡើយ​ក្នុង​ការ​ទាក់​ទាញ​សន្លឹក​ឆ្នោត​។

ពិត​ណាស់ ការ​ស្រូត​រូត​រះ​ចុះ​ដោះ​ស្រាយ​បញ្ហា​ជូន​ពល​រដ្ឋ​ម្ចាស់​ឆ្នោត​ជា​រឿង​ត្រឹម​ត្រូវ ប៉ុន្តែ វត្ត​មាន​នៅ​ឯ​មូល​ដ្ឋាន​របស់​មន្ត្រី​ថ្នាក់​លើ​មិន​មែន​ជា​រឿង​ថ្មី​ទេ។ ដូ​ច្នេះ អ្វី​ដែល​សំ​ខាន់​នោះ​គឺ​របៀប​ធ្វើ​ការ​ដែល​ត្រូវ​ផ្លាស់​ប្តូរ​ថ្មី។ កន្លង​ទៅ គណ​បក្ស​កាន់​អំ​ណាច​ក៏​ធ្លាប់​បាន​បង្កើត​ក្រុមការ​ងារ​ចុះ​ពង្រឹង​មូល​ដ្ឋាន​នេះ​រួច​ទៅ​ហើយ។ ប៉ុន្តែ ក្រុម​ការ​ងារ​ទាំង​នោះ​គ្មាន​ប្រ​សិទ្ធ​ភាព​ពី​ព្រោះ​តែ​ពួក​គេ​មិនបាន​ស្វែងយល់​និង​ដោះ​ស្រាយ​បញ្ហា​ជូន​ពល​រដ្ឋ​ឲ្យ​ពិត​ប្រាក​ដទេ។

ផ្ទុយ​ទៅ​វិញ ក្រុម​ការ​ងារ​ទាំងនោះ​ច្រើនតែ​ផ្តោតលើ​ការ​សំណេះ​សំណាល​និង​ចែក​អំណោយ​តែ​ប៉ុណ្ណោះ។ នៅក្នុង​ពិធី​សំណេះ​សំណាល​ទៀត​សោត ពួកគេ​ចូល​ចិត្ត​និយាយ​ឲ្យ​ម្ចាស់ឆ្នោត​ស្តាប់ តែ​មិន​ចូលចិត្ត​ស្តាប់​ម្ចាស់ឆ្នោត​និយាយ​ទេ។ ម្យ៉ាង​ទៀត អ្នក​ដែល​ចូលរួម​ក្នុង​ពិធី​សំណេះ​សំណាល​ត្រូវបាន​មេភូមិ​ឬ​មេឃុំ​កេណ្ឌ​ឲ្យ​មក​អង្គុយ​ស្តាប់​លោកធំ​និយាយ។ ពួកគេ​ខិតខំ​ប្រមូល​មនុស្ស​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​ឲ្យ​គណៈអធិបតី​សប្បាយចិត្ត។ នៅពេល​ឃើញ​មនុស្ស​ច្រើន​មក​ចូលរួម មន្ត្រី​ថ្នាក់លើ​ទៅ​ពី​ភ្នំពេញ​ក៏​រីកមុខ​ហើយក៏​យល់ច្រឡំ​ថា​ពួកគេ​សុទ្ធតែជា​អ្នកបោះឆ្នោត​ឲ្យ​ខ្លួន។ តាមពិត អ្នក​ខ្លះមក​ដោយ​ខ្លាច​អំ​ណាច​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ខ្លះទៀត​មក​ដើម្បី​ទទួល​អំណោយ​តែប៉ុណ្ណោះ។

បន្ទាប់ពី​ចែក​អំណោយ​និង​ហៅ​ទូរទស្សន៍​ទៅ​ថត​ដើម្បី​ទុក​បង្អួត​នា​យក​រដ្ឋ​មន្ត្រី​ហើយ​នោះ ពួកគេ​ក៏​វិល​មក​ភ្នំ​ពេញ​វិញ​ហើយ​បូក​លេខ​ចំនួន​អ្នក​ចូល​រួម​ដើម្បី​រាយ​ការណ៍​ជូន​ថ្នាក់​លើ​ដោយ​មិនបាន​ស្វែងយល់​និង​ដោះស្រាយ​បញ្ហា​រាប់រយ​ជំពូក​ដែល​ម្ចាស់ឆ្នោត​កំពុង​ជួបប្រទះ​នោះឡើយ។ របៀប​ធ្វើ​ការដែល​គ្មាន​ប្រសិទ្ធភាព​ទាំងនេះហើយ​ដែល​គួរ​ត្រូវបាន​ផ្លាស់ប្តូរ។ អំណឹះតទៅ មន្ត្រី​ពង្រឹង​មូលដ្ឋាន គួរ​ប្តូរ​ទម្លាប់​ពី​និយាយ​ឲ្យ​រាស្ត្រ​ស្តាប់ ទៅជា​ស្តាប់​មតិ​រាស្ត្រ​វិញ​ម្តង។ ប្តូរ​ពី​ទម្លាប់​ស្តាប់​របាយការណ៍​របស់​មេភូមិ​និង​មេឃុំ​ទៅជា​ស្តាប់​របាយការណ៍​ផ្ទាល់​ពី​ម្ចាស់ឆ្នោត​និង​ប្តូរ​ពី​ទម្លាប់​ធ្វើ​ការ​ដើម្បី​ផ្គាប់​ចិត្ត​តែ​ថ្នាក់​លើ​ទៅ​ជា​ទម្លាប់​ផ្គាប់​ចិត្ត​ពល​រដ្ឋ​ម្ចាស់​ឆ្នោត​វិញ។

សរុប​មក​វិញ ការ​ផ្តល់​តម្លៃ​ដល់​រាស្ត្រ​ម្ចាស់ឆ្នោត​ឲ្យ​បាន​ខ្លាំង​គឺជា​ទស្សនៈវិស័យ​ត្រឹមត្រូវ​នៅក្នុង​បរិបទ​ប្រជា​ធិប​តេយ្យ​ដែល​ហាក់​ដូច​ជា​កំពុង​រីកលូតលាស់​ចេញពី​មហាជន​ខ្លាំង​ជាង​ថ្នាក់ដឹកនាំ។ ប៉ុន្តែ ប្រសិទ្ធភាព​ការ​ងារ​នៅតែ​ជា​ចំណោទ​ដ៏​ធំ​មួយ​ត្រូវ​គិតគូរ។ សូម​កុំ​ភ្លេច​ថា អំ​ណឹះ ត​ទៅ អ្នក​ដែល​បម្រើ​ពល​រដ្ឋ​ល្អ​ជាងគេ​គឺជា​អ្នកទទួល​ជោគ​ជួយ​ក្នុង​អាជីព​នយោ​បាយ។ នេះ​ជា​តម្លៃ​របស់​ម្ចាស់ឆ្នោត​ដែល​អ្នក​នយោបាយ​មិនអាច​មើល​រំ​លង​បាន​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ