អានតួអត្ថបទ
អូស្ត្រាលី-រុស្ស៊ី

​​មេដឹកនាំ​លោក​ខាង​លិច​ធ្វើ​ទុក្ខ​បុកម្នេញ​ប្រធានាធិបតី​រុស្ស៊ី ពី​រឿង​អ៊ុយក្រែន

នៅថ្ងៃ​បិទ​បញ្ចប់ជំនួប​កំពូល​G ២០ កាលពីថ្ងៃ​អាទិត្យ ទី ១៦​វិច្ឆិកា ក្រុមមេដឹកនាំ ប្រទេស​លោក​ខាង​លិច​បាន​ឆ្លៀត​ចេញ​សេចក្តី​ថ្លែងការណ៍​ដាក់​សម្ពាធ​ទៅលើ​រុស្ស៊ី ពី​រឿង​វិបត្តិ​អ៊ុយក្រែន។ ប្រទេស​លោក​ខាងលិច​នាំមុខ​ដោយ​អាមេរិក និង​អង់គ្លេស​បាន​ព្រមាន​​ប្រធានាធិបតី​រុស្ស៊ីឲ្យ​​ប្តូរ​ជំហរ ឈប់​ឈ្លានពាន​អ៊ុយក្រែន បើសិនជា​​មិន​ចង់​នៅ​ឯកោ ឬ​ទទួល​ទណ្ឌកម្ម​សេដ្ឋកិច្ច​​​តទៅទៀត។ 

លោក​ពូទីន នៅក្នុង​សន្និសីទកាសែត​រយៈពេលខ្លីនៅក្នុង​ជំនួប​កំពូល G ២០ កាលពីថ្ងៃ​អាទិត្យទី ១៦​វិច្ឆិកា
លោក​ពូទីន នៅក្នុង​សន្និសីទកាសែត​រយៈពេលខ្លីនៅក្នុង​ជំនួប​កំពូល G ២០ កាលពីថ្ងៃ​អាទិត្យទី ១៦​វិច្ឆិកា © REUTERS/Mikhail Klimentyev/RIA Novosti/Kremlin
ផ្សាយពាណិជ្ជកម្ម

ដោយសារ​តែ​វិបត្តិ​នៅ​អ៊ុយក្រែន លោកប្រធានាធិបតី​រុស្ស៊ីបាន​ទទួលរង​​ការរិះគន់ខ្លាំង ជាង​ពេល​ណាៗ​ទាំង​អស់។ នៅក្នុង​អំឡុង​ជំនួប​កំពូល​ពីរថ្ងៃ ក្នុង​ទីក្រុង​Brisbane ប្រទេស​អូស្ត្រាលី គឺ​សឹង​នៅរាល់​ជំនួបទ្វេភាគី​​ជាមួយ​មេដឹកនាំ​លោកខាងលិច លោក​ប្រធានាធិបតី​ពូទីន​​បាន​ទទួល​លឺ​ពាក្យសំដី​ មិន​សូវ​ស្វាគមប៉ុន្មាន ។ បទពិសោធន៍ល្វីងជូរចត់​ចុងក្រោយ គឺ​នៅក្នុង​ជំនួប​ទ្វេភាគីកាលពី​យប់​ថ្ងៃសៅរ៍ នៅពេលដែល​​នាយករដ្ឋមន្រ្តី​កាណាដាបាន​និយាយ​ទៅកាន់​លោកពូទីនថា គាត់ត្រូវ​តែ​ចាប់ដៃ​ជាមួយ​លោកពូទីន ប៉ុន្តែគាត់​មាន​ពាក្យ​ដ៏ខ្លី​សម្រាប់​និយាយ​ទៅលោក​ពូទីន នោះ គឺ​លោកប្រធានាធិបតី​ពូទីន​ត្រូវ​ដកទ័ព​រុស្ស៊ី​ចេញពី​ទឹកដី​អ៊ុយក្រែន។ នេះបើតាម​អ្នកនាំពាក្យ​របស់​នាយករដ្ឋមន្រ្តី​កាណាដា។

 
តាម​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​បាន​ឆ្លើយតប​ថា វា​មិនអាច​ទេ ព្រោះ​រុស្ស៊ី គ្មានទ័ព​នៅក្នុង​ទឹកដី អ៊ុយក្រែន។ សម្រាប់​ប្រទេស​លោកខាងលិច រុស្ស៊ី នៅតែ​ឆ្លើយ​បដិសេធ បើទោះបី​ជាអង្គការ​អូតង់ និង​រដ្ឋាភិបាល​អ៊ុយក្រែន​មាន​ភស្តុតាង​បញ្ជាក់ថា ទ័ព​ និង​សព្វាវុធ​រុស្ស៊ី​ត្រូវ​បាន​ដឹកចូល​ទៅក្នុង​តំបន់​ភាគខាងកើត​អ៊ុយក្រែន។

​នៅក្នុង​ជំនួប G២០ វិបត្តិ​អ៊ុយក្រែន បាន​លុបបាំងជិត​បញ្ហា​ដទៃទៀត ជាពិសេស​សេដ្ឋកិច្ច​ដែល​តាមពិត​​ជា​គោលដៅ​នៃ​ជំនួបកំពូល។ នៅ​ប្រទេស​អូស្ត្រាលី ដោយសារ​ទំនាក់ទំនង​ដ៏​សោះកក្រោះ​រវាង​មេដឹកនាំ​ប្រទេស​លោកខាងលិច ជាមួយ​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​ធ្វើ​ឲ្យ​ឃើញ​ពន្លក​នៃ​​សង្រ្គាម​ត្រជាក់​រវាង​រុស្ស៊ី និង​ប្រទេស​លោកខាងលិច។​

នៅក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោកនាយករដ្ឋមន្រ្តី​អង់គ្លេស​នៅ​មិន​ឈប់ព្រមាន​​ដាក់​ទណ្ឌកម្ម​ប្រឆាំងរុស្ស៊ី ប្រសិន​បើ​រុស្ស៊ី​ព្រម​គោរព​តាម​កិច្ចព្រមព្រៀងនៅទីក្រុង​Minks ដែល​ចែង​ពី​បទឈប់បាញ់​នៅ​ភាគខាងកើត​អ៊ុយក្រែន។ លោកប្រធានាធិបតី​អាមេរិក​វិញ បាន​អះអាងថា លោក​ស្វាគម​ការវិលត្រលប់​របស់​រុស្ស៊ី មក​ក្នុង​សហគមន៍​អន្តរជាតិ​វិញ ប៉ុន្តែ រុស្ស៊ី​ត្រូវ​តែ​គោរព​គោលការណ៍មួយចំនួន។ តាម​គោលការណ៍ រុស្ស៊ី​មិន​ត្រូវ​រំលោភ​ឈ្លានពាន​ប្រទេស​ដទៃ ឬផ្តល់ថវិកា​ និង​ការគាំទ្រ​ដើម្បី​អូសទាញ​ឲ្យ​ក្រុមមួយ​​ធ្វើ​សង្រ្គាម​ទាមទារ​បំបែកទឹកដី​របស់​ប្រទេស​មួយទេ។ ​

នៅ​មុន​ដំណើរ​ចាកចេញ​របស់​ប្រធានាធិបតី​រុស្ស៊ី ចេញ​ពី​ជំនួប​កំពូល អាមេរិក អូស្ត្រាលី និង​ជប៉ុន​វិញ នៅ​​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមមួយ ​ប្រឆាំង​នឹង​អន្តរាគមន៍​របស់​រុស្ស៊ី​​​​វិបត្តិ​ផ្ទៃក្នុង​អ៊ុយក្រែន។ សេចក្តី​ថ្លែងការណ៍​របស់​ប្រទេស​សម្ព័ន្ធ​មិត្ត​ទាំងបី បាន​​ទាមទារ​ផងដែរ រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដែល​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ផ្ទុះធ្លាក់​យន្តហោះ​ម៉ាឡេស៊ី MH១៧​នៅ​ភាគខាងកើត​អ៊ុយក្រែន៕


 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ