អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​អ៊ុយក្រែន៖ ប្រទេស​លោក​ខាង​លិច​កំពុង​រង់ចាំ​សង្រ្គប់​រុស្ស៊ី នៅក្នុង​ជំនួប​កំពូល​G២០ នៅ​អូស្ត្រាលី

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ចប្រជុំ​កំពូល​G២០ ត្រូវ​បើកធ្វើ​ នៅថ្ងៃ​សៅរ៍ ទី ១៥ វិច្ឆិកា ក្នុង​ទីក្រុង​ Brisbane របស់ប្រទេស​អូស្ត្រាលី។ ក្រៅតែ​ពី​បញ្ហា​សេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត និង​ការប្រែប្រួល​អាកាសធាតុ ជម្លោះ​ទឹកដី​នៅភាគខាងកើត​អ៊ុយក្រែន នឹង​ក្លាយជា​​ប្រធានបទ​សំខាន់​ដែល​ប្រមុខ​ដឹកនាំ​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​លើកយក​ទៅ​ជជែក​នៅក្នុង​ជំនួប​កំពូល។ ប្រទេស​លោក​ខាងលិច​កំពុង​ដាក់​សម្ពាធ​លើ​ប្រទេស​​រុស្ស៊ី បន្ទាប់ពី​មាន​ការបញ្ជាក់​របស់​អង្គការ​អូតង់​អំពី​ក្បួន​ដឹកទ័ព​រុស្ស៊ី​ចូល​ទៅក្នុង​ទឹកដី​ភាគខាងកើត​អ៊ុយក្រែន នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ។ នៅថ្ងៃ​នេះ នៅក្នុង​ទីក្រុង​នាយករដ្ឋមន្រ្តី​អង់គ្លេស​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​បន្ថែម​ ប្រសិន​បើ​រុស្ស៊ី​មិន​ព្រម​ចូលរួម​ដោះស្រាយ​ជម្លោះ នៅ​ភាគខាងកើត​អ៊ុយក្រែន។  

សន្តិសុខ​ត្រូវ​បាន​ពង្រឹង​នៅ​កន្លែង​ដែលជំនួបកំពូល​G២០​ត្រូវ​បើក​ធ្វើ ចាប់ពីថ្ងៃ​សៅរ៍ ដល់​ថ្ងៃ​អាទិត្យ ទី ១៦​វិច្ឆិកា
សន្តិសុខ​ត្រូវ​បាន​ពង្រឹង​នៅ​កន្លែង​ដែលជំនួបកំពូល​G២០​ត្រូវ​បើក​ធ្វើ ចាប់ពីថ្ងៃ​សៅរ៍ ដល់​ថ្ងៃ​អាទិត្យ ទី ១៦​វិច្ឆិកា ©REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូល​ ប្រទេសមហាអំណាច​​ឧស្សាហកម្ម ទាំង​២០ ឬ​ហៅកាត់​ថា G20​នឹង​បើក​ទ្វារ​នៅថ្ងៃ​សៅរ៍​ស្អែកនៅក្នុង​ប្រទេស​អូស្រ្តាលី។ មេដឹកនាំ​ប្រទេស​លោកខាងលិច​​កំពុង​រង់ចាំ​យក​ជំនួប​G ២០​ដើម្បីទាមទារ​ចម្លើយ​ពី​រុស្ស៊ី បន្ទាប់ពី​អង្គការ​អូតង់​បាន​បញ្ជាក់​​ថា ពិតជា​មាន​ការដឹកជញ្ជូន​ទ័ព និង​សព្វាវុធ​រុស្ស៊ី​ចូលទៅក្នុង​ទឹកដី​អ៊ុយក្រែន ។ រុស្ស៊ី​ដែលបាន​ចេញមុខ​គាំទ្រ​ផ្នែក​នយោបាយ​របស់​ក្រុមឧទ្ទាម​បំបែក​ទឹកដី​អ៊ុយក្រែន បាន​បដិសេធ​​ទាត់ចោល​ការអះអាង​របស់​អូតង់។

 

នាយករដ្ឋមន្រ្តី​អង់គ្លេស និង​អូស្ត្រាលី​បានរង់ចាំង​ការបកស្រាយ​របស់​រុស្ស៊ី ពីរឿង​ការបញ្ជូន​ទ័ព​រុស្ស៊ី​ចូល​ទៅក្នុង​ទឹកដី​​អ៊ុយក្រែន
នាយករដ្ឋមន្រ្តី​អង់គ្លេស និង​អូស្ត្រាលី​បានរង់ចាំង​ការបកស្រាយ​របស់​រុស្ស៊ី ពីរឿង​ការបញ្ជូន​ទ័ព​រុស្ស៊ី​ចូល​ទៅក្នុង​ទឹកដី​​អ៊ុយក្រែន ©REUTERS/David Gray

តាំងពី​មុន​ចាកចេញ​ទៅ​អូស្ត្រាលីម្ល៉េះ នាយក​រដ្ឋមន្រ្តី​អង់គ្លេស ដាវីដ កាម៉ារ៉ូន​ផ្ទាល់​ បាន​ព្រមាន​រួចហើយថា នឹង​​ដាក់​ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​រុស្ស៊ី បើសិន​ជា​រុស្ស៊ីនៅ​តែចូលរួម​ធ្វើ​ឲ្យ​ជម្លោះ​ទឹកដី​អ៊ុយក្រែន​កាន់តែ​ធ្លាក់ធ្ងន់ធ្ងរ។ សម្រាប់​អង់គ្លេស រុស្ស៊ី​ដែល​ជា​មហាអំណាច គួរ​ឈប់​រំលោភ​ឈ្លានពាន​​ទៅលើ​ប្រទេស​តូចតាច​ជាងខ្លួន ដូចជា​អ៊ុយក្រែន​ទៀតទៅ។ សេតវិមាន​វិញ បាន​បញ្ជាក់​កាល​ពីថ្ងៃ​ពុធ ​ថា នឹង​ពិភាក្សា​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​បង្កើន​ការដាក់​ទណ្ឌកម្ម​បន្ថែម ប្រឆាំង​នឹង​រុស្ស៊ី។

​តាម​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​វិញ ដែល​កំពុង​ធ្វើ​​ទស្សនកិច្ចនៅក្នុង​ប្រទេស​នូវែលហ្សេឡង់ មុន​នឹងចាកចេញ​បន្ត​​ទៅ​អូស្ត្រាលី នៅ​ល្ងាច​ថ្ងៃ​សុក្រនេះ សហភាព​អឺរ៉ុប នឹង​ជជែក​បញ្ហា​អ៊ុយក្រែន នៅថ្ងៃ​ចន្ទ​ខាងមុខ។ លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​ពន្លយ​ឲ្យ​ដឹង​ពី​គម្រោង​ដាក់​បញ្ចូល​មេដឹកនាំ​ក្រុម​ឧទ្ទាម​និយម​រុស្ស៊ី​ចូលទៅក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម​ ប៉ុន្តែ បាន​​សង្កត់ធ្ងន់​​ថា រហូតមកដល់​ពេលនេះ​គេ​នៅមិនទាន់​គិតគូរ​ពីការ​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ ​បន្ថែម​ទៅលើ​រុស្ស៊ី​នៅឡើយទេ។
 
​​អ៊ុយក្រែន​​ខ្លាច​​រុស្ស៊ី​ធ្វើ​សង្រ្គាម​ចូល​ក្នុង​ទឹកដី​អ៊ុយក្រែន
អ្នកជំនាញជាច្រើន​បាន​វាយតម្លៃ​ថា សង្រ្គាម​ធំមួយនៅ​ក្នុង​ទឹកដី​អ៊ុយក្រែន​នឹង​មិនផ្ទុះ​នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះទេ។ ឲ្យ​ប្រាកដច្បាស់ សង្រ្គាម​នៅ​អ៊ុយក្រែន​​នឹង​មិនអាច​ផ្ទុះឡើង​នៅក្នុង​រដូវ​ធ្លាក់​ទឹកកក​នោះទេ ប៉ុន្តែ ដោយសារ​តែ​ការផ្គត់ផ្គង់​ ផ្តល់ជំនួយ​យោធារបស់​រុស្ស៊ី ក្រុមឧទ្ទាម​មាន​កម្លាំង​ប្រយុទ្ធ​តទល់​នឹង​ទ័ព​អ៊ុយក្រែន ក្នុង​សង្រ្គាម​រយៈពេល​វែង។

តាមអ្នកជំនាញ ជាការណ៍ពិត រុស្ស៊ី​បាន​បញ្ជូន​ទ័ព និងដឹក​​សព្វាវុធឆ្លង​ចូល​ក្នុង​ទឹកដី​អ៊ុយក្រែនមែន ប៉ុន្តែ ចំនួន​​យាន​យន្ត​រុស្ស៊ី​ដែល​មាន​សណ្តោង​ត្រឹម​កាំភ្លើង​ធំ​ មិនមានច្រើន ហើយ​មិនសូវ​មាន​រថក្រោះ​ទំនើបៗ ដែល​នឹង​អាច​ឲ្យ​រុស្ស៊ីធ្វើការវាយប្រហារ​ទៅលើ​ប្រទេស​អ៊ុយក្រែនបាន​ទេ។ អ្នកជំនាញ​វាយតម្លៃ​ថា រុស្ស៊ី​ទំនង​មាន​យុទ្ធសាស្រ្ត​ពង្រឹង​កម្លាំង​របស់​ក្រុម​ឧទ្ទាម ដើម្បី​ទប់ទល់​នឹង​ទ័ព​រដ្ឋាភិបាល​អ៊ុយក្រែន តែប៉ុណ្ណោះ។ រុស្ស៊ី​ចង់​ជួយ​ពួក​ឧទ្ទាម​ដើម្បី​វាយយក​មកវិញ ទីតាំង​សំខាន់​ ដូចជា​ព្រលាន​យន្តហោះដូណេតស៍ ដែល​ពួកឧទ្ទាម​បាន​បាត់បង់​ទៅក្នុង​ដៃ​របស់​ទ័ព​រដ្ឋាភិបាល​អ៊ុយក្រែន។ ម្យ៉ាងទៀត រុស្ស៊ី​ចង់​ជួយ​ពួកឧទ្ទាម​ប្រយុទ្ធទប់ទល់​នឹង​ទ័ព​អ៊ុយក្រែន ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​តំបន់​ដែល​សំបូរ​រ៉ែធនធាន​ធម្មជាតិ​ដែលស្ថិតនៅភាកខាងកើត​អ៊ុយក្រែន ធ្លាក់ទៅក្នុង​ដៃ​របស់ទ័ព​រដ្ឋាភិបាល​អ៊ុយក្រែន។
 
វិបត្តិ​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យមាន​ភាព​តានតឹង​រវាង​​ប្រទេស​លោកខាងលិច និង​រុស្ស៊ី។ សង្រ្គាម​ត្រជាក់ថ្មី​មួយ​ទៀត កំពុង​លេចមុខ​បណ្តើរៗ។ ចាប់តាំង​ពី​មានភាពតានតឹង​ជាមួយ​រុស្ស៊ី អង្គការ​អូតង់​​បាន​ទាញ​សញ្ញា​អាសន្ន​ជាច្រើន​លើក ពី​វត្តមាន​របស់​យន្តហោះ​ចម្បាំង និង​នាវាមុជទឹក​របស់រុស្ស៊ី ដែល​បើក​ឆ្វែល នៅក្នុងដែនអាកាស​ និង​ដែន​ទឹក​របស់​ប្រទេស​សមាជិក​អង្គការ​អូតង់ ជាពិសេស​ប្រទេស​អតីត​សមាជិក​របស់​សហភាព​សូវៀត។

នៅសប្តាហ៍នេះទៀត សូម្បី​អាមេរិក​ក៏​បាន​កត់សំគាល់​ឃើញ​វត្តមាន​យន្តហោះ​ទម្លាក់ គ្រាប់បែក​​​របស់​រុស្ស៊ី ហោះ​ក្បែរដែនអាកាស​របស់​កាណាដា ដែល​ជាប់ព្រំដែន​ជាមួយ​អាមេរិក។ នាយក​រដ្ឋមន្រ្តី​អូស្ត្រាលី​នៅថ្ងៃនេះ ក៏​បាន​អះអាងថា កងទ័ព​អូស្ត្រាលី​បាន​រកឃើញ​នាវាចម្បាំង​របស់​រុស្ស៊ី​បើក​ក្នុង​ដែន​ទឹក អន្តរជាតិ ដែល​ស្ថិតនៅ​មិន​ឆ្ងាយប៉ុន្មាន​ពី​ដែនទឹក​ភាគ​ខាងជើង​​​អូស្ត្រាលី។ សម្រាប់​​នាយករដ្ឋមន្រ្តី​អូស្ត្រាលី មិន​ថា យន្តហោះ​រុស្ស៊ី​បើក​ក្រវែល​ដែន​អាកាស​អឺរ៉ុប ជប៉ុន ឬនាវា​ចម្បាំង​រុស្ស៊ី​បើក​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ក្បែរ​អូស្រ្តាលី រុស្ស៊ី នៅពេល​នេះ បាន​បង្ហាញ​ភាព​ជឿជាក់​​របស់ខ្លួនខាងវិស័យ​យោធា​ជាងមុន។ តាមអ្នកជំនាញ រុស្ស៊ី​បាន​ដាក់​ខ្លួន​ជា​សត្វខ្លាឃ្មុំ​ដែល​ចង់​ធ្វើ​អ្វីមួយ ដោយ​មិនចាំបាច់​សួរ សុំ​ការអនុញ្ញាតិ​ពី​អ្នកណានោះទេ។

នៅថ្ងៃនេះដែរ រុស្ស៊ី​មិន​ខ្លាច​នឹង​ព្រមាន​បារំាងពី​រឿង​​កប៉ាល់ដឹក​យន្តហោះ មីស្ត្រាល់ ដែល​បារាំង​ត្រូវលក់​ឲ្យ​រុស្ស៊ី។ ទីក្រុង​ម៉ូស្គូ​បាន​ព្រមាន​រួចហើយថា បើ​បារាំង​មិន​ប្រគល់​នាវា​ចម្បាំង​Mistrale ទៅ​ឲ្យ​រុស្ស៊ី នៅក្នុង​រយៈ​ពេល​ពីរសប្តាហ៍​ខាងមុខនេះទេ រុស្ស៊ី​នឹង​ប្តឹង​ទារ​សំណង​ជម្ងឺចិត្ត ពី​បារំាង។ នាវា​ Mistrale ជា​នាវា​ទំនើប ដែល​អា​ចដើរតួ​ជាច្រើនយ៉ាង នៅក្នុង​ប្រតិបត្តិការ​យោធា។ ដោយសារ​តែ​វិបត្តិ​អ៊ុយក្រែន បារាំង​ត្រូវ​ទទួល​គំនាប​ពី​ប្រទេស​អឺរ៉ុប និង​អាមេរិក ដែល​ហាម​បារាំង​មិន​ឲ្យ​ប្រគល់​លក់​នាវា​Mistrale ​ទៅ​ឲ្យរុស្ស៊ី ដែល​គេខ្លាច​ថា រុស្ស៊ី​នឹង​យក​ទៅប្រើ​វាយប្រហារ​ប្រទេស​អឺរ៉ុប​នៅ​សមុទ្រ​បាល់ទិក។ ប៉ុន្តែ បើ​បារាំង មិន​ព្រម​ប្រគល់​លក់​នាវា​ចម្បាំង​ទៅ​ឲ្យ​រុស្ស៊ីទេ នោះ បារាំង​នឹង​ប្រឈម​នឹង​ការទិតៀន​ក្នុង​នាម​ជាប្រទេស​ដែល​មិន​គោរព​កិច្ចសន្យា​ និង​អាច​ប្រឈម​នឹង​ការបង់ប្រាក់​ពិន័យ ដែល​បារាំង​ពិបាក​នឹង​រក​មក​សង ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ស្រុក៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ