អានតួអត្ថបទ
កម្ពុជា

មេ​គុក​ព្រៃ​ស បែរ​ជា​មិន​ឲ្យ​គណបក្ស​យុវជន​ជួប​ទណ្ឌិត​បក្ស​សង្គ្រោះ​ជាតិ ១៥​នាក់​វិញ​!​

សមាជិក​របស់​គណបក្ស​យុវជន​កម្ពុជា មិន​ត្រូវ​បាន​ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគារ ​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ១៥​នាក់ ដែល​កំពុង​ជាប់​ឃុំ នៅ​ពន្ធនាគារ​ព្រៃ​ស​នោះ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី ២៥​កុម្ភៈ​នេះ។ ការ​មិន​អនុញ្ញាត​នេះ ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ប្រធានគណបក្ស​យុវជន​កម្ពុជា ហួស​ចិត្ត​ជា​ខ្លាំង ដោយសារ​កាល​ពី​ថ្ងៃ​ទី ២៤​កុម្ភៈ អគ្គនាយក​ដ្ឋាន​ពន្ធនាគារ ទើប​តែ​ផ្ញើរ​លិខិត​អនុញ្ញាតសំណើរ​សុំ​ជួប​នេះ។ ខាង​ពន្ធនាគារ ថា​ការ​បដិសេធ​នេះ ព្រោះ​មាន​បញ្ហា​បច្ចេកទេស តែ​ខាង​គណបក្ស​យុវជន ថា​ក្រសួង​មហាផ្ទៃ ធ្វើ​ការ «​សេញ៉េ នឹង​ដៃ លុប​នឹង​ជើង»។

សមាជិក​គណបក្ស​យុវជន​កម្ពុជា ដែល​គ្រោង​ទៅជួបទណ្ឌិត ១៥នាក់របស់គណបក្សសង្គ្រោះជាតិ។
សមាជិក​គណបក្ស​យុវជន​កម្ពុជា ដែល​គ្រោង​ទៅជួបទណ្ឌិត ១៥នាក់របស់គណបក្សសង្គ្រោះជាតិ។ @Facebook Pich Sros
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពីទទួល​បាន​ភ្លើង​ខៀវ​អនុញ្ញាត​ភ្លាម ប្រធាន និង​សមាជិក​​​គណបក្ស​យុវជន​កម្ពុជា បាន​នាំ​គ្នា​ទៅពន្ធនាគារ​ព្រៃ​ស នៅ​ម៉ោង​ប្រមាណ ៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី ២៥​កុម្ភៈ ដើម្បី​ជួប​ជាមួយ​នឹង​សកម្មជន​​ ១៥​នាក់​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ទី​នោះ​​។ ប៉ុន្តែ​ការ​ទៅ​ជួប​នេះ ត្រូវ​បាន​បរាជ័យ​វិញ ដោយ​សារ​ខាង​មេ​ពន្ធនាគារ មិន​អនុញ្ញាត ហើយ​ប្រាប់​ថា​ថ្នាក់​លើ​ បាន​ដូរ​ផែនការ​ភ្លាម​ៗ​។ នេះ​បើ​តាម​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​បាន​ប្រាប់​វិទ្យុ​បារាំង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

យ៉ាង​ណា​ក៏​ដោយ លោក​ពេជ្រ ស្រស់ បាន​បញ្ជាក់​ថា លោក​នៅ​តែ​រក្សា​ជំហរ​ចូល​ជួប​ដដែល ប៉ុន្តែ​ត្រូវ​មើល​លើ​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​សិន ថា​តើ​ពិត​ជា​អនុញ្ញាត​មែន​ទែន​ ឬ​អត់។ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​រូប​នេះ អះអាង​ថា មូល​ហេតុ​ដែល​លោក​ចង់​ជួប​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នោះ គឺ​ក្នុង​នាម​ជា​អ្នក​នយោបាយ​ដូច​គ្នា ហើយ​លោក​ចង់​ដឹង​ពី​បទ​ពិសោធន៍​នៃ​អ្នក​នយោបាយ ដែល​​ជាប់​គុក ព្រោះ​​ខ្លាច​ថា​បើ​ថ្ងៃ​ណា​មួយ​លោក​ជាប់​គុក​ដែរ ក៏​នឹង​អាច​មាន​គេ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​លោក​។

លោក​ពេជ្រ ស្រស់​ បាន​មាន​ប្រសាសន៍​ថា៖ «ដោយ​សារ​តែ​ខ្ញុំ​បាន​លើក​ជំហរ​ថា ជា​អ្នក​នយោបាយ​ដូច​គ្នា មិន​ថា​អ្នក​នៅ​បក្ស​ផ្សេង​គ្នា​ទេ ប៉ុន្តែ​ខ្ញុំ​មាន​សណ្តាន​ចិត្ត​មួយ​ចង់​សួរ​សុខទុក្ខ​។ ថ្ងៃ​ណា​មួយ ខ្ញុំ​ជាប់​គុក វា​អាច ណា៎ យើង​មើល​មិន​ឃើញ ដោយសារ​តុលាការ​មិន​អាព្យាក្រិត​ដូច្នេះ​។ ចឹង! ខ្ញុំ​អាច​ជាប់​គុក​ ចឹង​មន្ត្រី​ជីវិត​អ្នក​នយោបាយ​ផ្សេង​គ្នា​ គេ​អាច​ទៅ​ជួប​លើក​ទឹក​ចិត្ត ឬ​រក​ដំណោះស្រាយ​អ្វី​មួយ ………»

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ បាន​ស្វាគមន៍​ចំពោះ​ការ​ស្នើ​សុំ​សួរ​សុខ​ទុក្ខ​របស់​ខាង​គណបក្ស​យុវជន​កម្ពុជា​នេះ ព្រោះ​ថា​សុទ្ធ​តែ​ជា​អ្នក​នយោបាយ​ដូច​គ្នា។ ហើយ​លោក​បាន​បញ្ជាក់​ថា ប្រសិន​បើ​មាន​ជំនួយ​យក​ទៅ​ជួយ​ឧបត្ថម្ភ​បន្ថែម​ទៀត គឺ​កាន់​តែ​ប្រសើរ ដោយ​សារ​តែ​ពេលនេះ សកម្មជន​ទាំង​នោះ កំពុង​តែ​ខ្វះខាត និង​ត្រូវ​ការ​ការ​ជួយ​ជា​ចាំ​បាច់​។

ប៉ុន្តែ​បើ​តាម​លោក​នុត សា​វ៉ា​ណា អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ឲ្យ​ដឹង​ថា ការ​មិន​អនុញ្ញាត​នេះ ដោយ​សារ​តែ​មាន​បញ្ហា​បែប​បទ​រដ្ឋបាល​បន្តិច​បន្តួច ហើយ​ខាង​នាយកដ្ឋាន​ នឹង​ពិនិត្យ​សារ​ឡើង​វិញ រួច​ទើប​សម្រេច​ជា​ក្រោយ។

សូម​បញ្ជាក់​ថា សកម្មជន​គណបក្ស​សង្គ្រោះជាតិ ទាំង ១៥​នាក់​នោះ រួម​មាន​ទាំង​លោក​មាជ សុវណ្ណារ៉ា ប្រធាន​ផ្នែក​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះជាតិ លោក​ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី និង​សកម្មជន​ផ្សេង​ទៀត។ អ្នក​ទាំង​នោះ បាន​ជាប់​ឃុំ ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់ ពី​បទ​ក្លែង​ឯកសារ​សាធារណៈ និង​បទ​ចោទ​ថា​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្បែរ​ទី​លាន​ប្រជាធិបតេយ្យ​ កាល​ពី​ឆ្នាំ ២០១៤​កន្លង​ទៅ​ជា​ដើម​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ