បារំាង-រវ៉ាន់ដា៖ទំនាក់ទំនងដែលកំពុងបន្តបំពុលដោយសំណុំរឿងប្រល័យពូជសាសន៍កាលពី ២០ឆ្នំាមុន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤៧
កាលពីថ្ងៃទី៧ មេសា ឆ្នំា ២០១៤ ដើមសប្តាហ៍នេះ ប្រទេសរវ៉ាន់ដាបានរៀបចំពិធីប្រារព្ធខួបគម្រប់ ២០ឆ្នំានៃព្រឹត្តិការណ៍ប្រល័យពូជសាសន៍កាលពីថ្ងៃទី៧ មេសា ឆ្នំា ១៩៩៤។ ក្នុងរយៈពេលប្រមាណជា ៣ខែប៉ុណ្ណោះ អំពើប្រល័យពូជសាសន៍បានបណ្តាលឲ្យមានមនុស្សស្លាប់ជិត ១លាននាក់។ តែ២០ឆ្នំាក្រោយព្រឹត្តិការណ៍នោះមក ទំនាក់ទំនងរវាងបារំាង និងរវ៉ាន់ដាបាន និងកំពុងបន្តបំពុលដោយរឿងរ៉ាវអតីតកាលមួយនេះ។ តើនេះ មកពីមូលហេតុអ្វីទៅ និងថា តើបារំាងមានជំពាក់វាក់វិនអ្វីខ្លះនៅក្នុងព្រឹត្តិការណ៍នោះ?
រឿងរ៉ាវបានកន្លងផុតទៅ ២០ឆ្នំាហើយ តែសង្រ្គាមពាក្យសម្តីបាន និងកំពុងបន្តមានយ៉ាងផុសផុលរវាងប្រទេសបារំាង និងប្រទេសរវ៉ាន់ដា។ អ្វីៗបានចាប់ផ្តើមពីការប្រកាសរបស់លោកប្រធានាធិបតីរវ៉ាន់ដាប៉ូល កាហ្គាមេកាលពីថ្ងៃទី៥ មេសាកន្លងទៅ ពោល ២ថ្ងៃ មុនការរៀបចំពិធីប្រារព្ធខួបគម្រប់ ២០ឆ្នំានៃអំពើប្រល័យពូជសាសន៍នៅរវ៉ាន់ដាកាលពីថ្ងែទី៧ មេសា ឆ្នំា ១៩៩៤។ អំពើប្រល័យពូជសាសន៍ដែលកាលណោះ បានបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណជា ៨០០ ០០០នាក់ដែលភាគច្រើនជាជាតិពិន្ធុទូតស៊ី និងជាតិពិន្ធុហ៊ូទូមិនជ្រុលនិយម។ នៅក្នុងសេចក្តីប្រកាសនោះ មនុស្សខ្លំាងទីក្រុងគីហ្គាលីបានចង្អុលចំមុខប្រទេសបែលហ្ស៊ិកដែលជាអតីតអាណាព្យាបាលរបស់ខ្លួន និងបារំាងថា ជាអ្នកដែលបានដើរតួនាទីស្នូលនៅក្នុងអំពើប្រល័យពូជសាសន៍កាលពី ២០ឆ្នំានោះ។
ធ្ងន់ធ្ងរជាងនេះ លោកប្រមុខរដ្ឋរវ៉ាន់ដាប៉ូល ហ្គាកាមេថែមទំាងបានចោទទីក្រុងប៉ារីសដោយត្រង់ៗថា ជាអ្នកដែលមានដៃប្រឡាក់ឈាមដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍សម្លាប់រង្គាលនោះ។ គឺជាការចោទប្រកាន់មួយដែលបានធ្វើឲ្យទីក្រុងប៉ារីសក្តៅស្លឹកត្រចៀកងំ រួចក៏បានបញ្ឈប់បញ្ជូនជាបន្ទាន់នូវតំណាងរបស់ខ្លួនឲ្យទៅចូលរួមនៅក្នុងពិធីប្រារព្ធខួបគម្រប់ ២០ឆ្នំានៅក្នុងទីក្រុងគីហ្គាលីកាលពីថ្ងៃទី៧ មេសាកន្លងមក។ សម្រាប់បារំាង ការចោទប្រកាន់របស់លោកប្រធានាធិបតីរវ៉ាន់ដា គឺជាទង្វើមួយដែលខ្លួនមិនអាចទទួលយកបានទេ ព្រោះវាជាការចោទប្រកាន់មួយដែលគ្មានភស្តុតាងច្បាស់លាស់។
តាមពិតទៅ ការចោទប្រកាន់របស់ប្រទេសរវាន់ដាមកលើបារំាងជុំវិញរឿងរ៉ាវប្រល័យពូជសាសន៍នេះ មិនមែនជារឿងថ្មីទេ ហើយវាក៏មិនមែនជាលើកទី១ ដែរ។ គេពិតជានៅចំាបានមិនភ្លេចកាលពី ១០ឆ្នំាមុន ពោលចំថ្ងៃដែលរវ៉ាន់ដាប្រារព្ធខួបគម្រប់ ១០ឆ្នំានៃព្រឹត្តិការណ៍ដដែលនេះ ទីក្រុងគីហ្គាលីក៏ធ្លាប់បានចង្អុលមុខបារំាងម្តងហើយ និងដែលកាលណោះ បានជម្រុញឲ្យគណៈប្រតិភូបារំាងដែលកំពុងចូលរួមនៅក្នុងពីធីនោះងើបដើរចេញតែម្តង។ នៅពេលនោះ ទីក្រុងប៉ារីសក៏ធ្លាប់បានច្រានចោលការចោទប្រកាន់របស់ទីក្រុងគីហ្គាលីដែរ។
សំណួរដែលកំពុងបន្តចោទនៅពេលនេះគឺថា បើបារំាងមិនមានជាប់ជំពាក់វាក់វិននឹងព្រឹត្តិការណ៍ប្រល័យពូជសាសន៍នៅក្នុងប្រទេសរវ៉ាន់ដាកាលពី ២០ឆ្នំាមុនទេ ចុះហេតុអ្វីបានជាលោកប្រធានាធិបតីរវ៉ាន់ដាប៉ូល កាហ្គាមេចេះតែបន្តចោទបារំាងមិនឈប់ មិនឈររបៀបនេះ?
មុននឹងឆ្លើយសំណួរនេះ គេគួរតែបកក្រោយមើលប្រវត្តិរបស់ប្រទេសរវ៉ាន់ដា ពិសេសស្ថានការណ៍នយោបាយនៅមុនផ្ទុះព្រឹត្តិការណ៍សម្លាប់រង្គាលក្នុងខែមេសា ឆ្នំា ១៩៩៤។ មានសហគមន៍ជាតិពិន្ធុ ៣ខុសគ្នានៅរវ៉ាន់ដា គឺហ៊ូទូ ទូតស៊ី និងត្វា។ នៅមុនផ្ទុះអំពើប្រល័យពូជសាសន៍ អំណាចស្ថិតក្នុងដៃជាតិពិន្ធុហ៊ូទូដឹកនំាដោយលោកប្រធានាធិបតី យូវេណាល់ ហាយ៉ារីម៉ាណា។ តែរដ្ឋាភិបាលរបស់លោកហាយ៉ារីម៉ាណាបានប្រឈមមុខនឹងការបះបោររបស់ក្រុមឧទ្ទាមជាតិពិន្ធុទូតស៊ីដឹកនំាដោយលោកប៉ូល កាហ្គាមេដែលជាប្រធានាធិបតីសព្វថ្ងៃ។ កាលណោះ រដ្ឋាភិបាលបារំាងរបស់លោកប្រធានាធិបតីហ្វ្រង់ស័រ មីតេរ៉ង់ក៏បានបញ្ជូនកម្លំាងទ័ពបារំាងឲ្យទៅជួយរបបរបស់លោក ហាយ៉ារីម៉ាណាប្រឆំាងនឹងពួកឧទ្ទាមទូតស៊ីរបស់លោកប៉ូល កាហ្គាមេ។ ក្នុងឆ្នំា ១៩៩៣ កិច្ចព្រមព្រៀងមួយក៏បានរកឃើញរវាងរដ្ឋាភិបាលរបស់លោកហាយ៉ារីម៉ាណា និងក្រុមឧទ្ទាមទូតស៊ីដឹកនំាដោយលោកប៉ូល កាហ្គាមេ។ ជាកិច្ចព្រមព្រៀងដែលធានានូវការវិលត្រឡប់វិញរបស់ជនភាសខ្លួនទូតស៊ី និងការបែងចែកអំណាចរវាងហ៊ូតូ និងទូតស៊ី។ នៅពេលនោះ បារំាងក៏បានដកទ័ពចេញ រួចប្រគល់តួនាទីតាមដានការអនុវត្តន៍កិច្ចព្រមព្រៀងឲ្យកងមួកខៀវរបស់អង្គការសហប្រជាជាតិ។
តែអ្វីៗបានក្រឡាប់ចាក់តែមួយប៉ប្រិកភ្នែក បន្ទាប់ពីលោកប្រធានាធិបតីហាយ៉ារីម៉ាណាបានបាត់បង់ជីវិតនៅក្នុងអំពើភេរវកម្មវាយប្រហារលើយន្តហោះរបស់លោក។ គឺពេលនោះហើយដែលពួកហ៊ូទូបានផ្តើមធ្វើការសងសឹកសម្លាប់ពួកទូតស៊ីដោយមិនរើសមុខចាប់ពីថ្ងៃទី៧ មេសា ដល់ខែកក្កដា ឆ្នំា ១៩៩៤។ នៅពេលនោះ និងដើម្បីបញ្ឈប់សោកនាដកម្មនោះ បារំាងក៏បានបញ្ជូនកម្លំាងទ័ពជាថ្មីទៅកាន់រវ៉ាន់ដាក្នុងខែមិថុនា ឆ្នំា ១៩៩៤ ដោយមានការយល់ព្រមពីអង្គការសហប្រជាជាតិ។ ចុះហេតុអ្វីបានជាទង្វើសម្លាប់រង្គាលបែរជាបន្តរហូតដល់ខែកក្កដាទើបចប់ និងថា តើទាហានបារំាងបានធ្វើអ្វីខ្លះនៅពេលនោះ?
សម្រាប់ទីក្រុងគីហ្គាលីគឺច្បាស់ណាស់ ទាហានបារំាងពិតជាបានជួយគំាទ្ររបបហ៊ូទូដើម្បីប្រឆំាងនឹងពួកទូតស៊ី។ ទន្ទឹមគ្នានេះ ទាហានបារំាងថែមទំាងបានបង្កើតតំបន់មនុស្សធម៌មួយនៅក្បែរព្រំដែនប្រទេសកុងហ្គោដើម្បីជួយយកអាសារពួកឃាតករហ៊ូទូ និងងាយស្រួលក្នុងការរំដោះពួកនេះទៅកាន់ប្រទេសទី៣។ ទំាងនេះ សុទ្ធសឹងជាការចោទប្រកាន់ដែលបារំាងបានបដិសេធតំាងពីដើមទីមក។ សម្រាប់ទីក្រុងប៉ារីស ជំនួយរបស់បារំាងហាក់ដូចជាបានយឺតពេលបន្តិចហើយ ព្រោះនៅពេលទាហានបារំាងទៅដល់ក្នុងខែមិថុនា ឆ្នំា ១៩៩៤ អំពើប្រល័យពូជសាសន៍បានកើតមាន ៩០% ទៅហើយ។ តែក្នុងពេលជាមួយគ្នានេះ បារំាងក៏បានទទួលស្គាល់ពីកំហុសឆ្គងមួយចំនួនដែលខ្លួនគិតថា ជាកំហុសឆ្គងយុទ្ធសាស្រ្ត។ តើកំហុសឆ្គងយុទ្ធសាស្រ្តនោះមានអ្វីខ្លះ?។ ប្រហែលជាគ្មានថ្ងៃដែលគេដឹងការពិតបានឡើយ។
យ៉ាងណាក៏ដោយ តំាងពីក្រោយព្រឹត្តិការណ៍ប្រល័យពូជសាសន៍នៅរវ៉ាន់ដាមក ទំនាក់ទំនងរវាងគីហ្គាលី និងប៉ារីសស្គាល់តែភាពរកំារកូស ម្ង៉ៃកាត់ ម្ង៉ៃកោរ។ គឺទើបតែក្រោយទស្សនកិច្ចរបស់លោកអតីតប្រធានាធិបតីបារំាងនីកូឡា សាកូហ្ស៊ីនៅរវ៉ាន់ដាក្នុងខែកុម្ភៈ ឆ្នំា ២០១០ ទេ ដែលបារំាង និងរវ៉ាន់ដាបានស្គាល់ភាពល្អូតល្អឺនខ្លះ។ តែភាពល្អូកល្អឺននេះបែរជាល្អក់កករជាថ្មីនៅក្នុងជំនាន់លោកប្រធានាធិបតីបារំាងហ្រ្វង់ស័រ ហូឡង់សព្វថ្ងៃ។ ដូច្នេះ មានតែការលាតត្រដាន និងការហ៊ានទទួលស្គាល់ការពិតទេ ទើបបារំាង និងរវ៉ាន់ដាអាចមានទំនាក់ទំនងប្រក្រតីរវាងគ្នាឡើងវិញ ព្រោះថា ការពិតមិនមែនសម្រាប់បារំាង ឬមួយក៏រវ៉ាន់ដាទេ តែសម្រាប់អ្នកដែលបានបាត់បង់ជីវិតទំាងជិត ១លាននាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ