អានតួអត្ថបទ
កម្ពុជា

នគរបាល​ជាតិ​១៥៧​នាក់​ត្រៀម​ការពារ​ក្បួន​ដង្ហែរ​ព្រះបរមសព​

អគ្គស្នង​ការ​ដ្ឋាន​​នគ​របាល​​ជាតិ​ ​​បាន​​ត្រៀម​​កម្លាំង​​នគរបាល​​ចំនួន​​១៥៧​​នាក់​ដើម្បី​​ពង្រាយ​​ការ​ពារ​​ក្បួន​​ដង្ហែរ​​ព្រះ​បរមសព​​ព្រះ​រតនៈ​កោដ្ឋ​នៅ​​នៅ​​ថ្ងៃ​ទី​​១​​កុម្ភៈ។​ នៅ​​​ដើម​​ខែ​​កុម្ភៈ​​នោះ​ ក្រសួង​​ស្ថាប័ន​​រដ្ឋ​ សាលារៀន​ ផ្សារ​​ និង​ក្រុមហ៊ុន​​ឯកជន​​មួយ​​ចំនួន​​ដែល​​ស្ថិត​​នៅ​តាម​​មហាវិថី​​ដែល​ក្បួន​​ដង្ហែ​​ព្រះ​បរម​សព​ឆ្លង​កាត់​​នឹង​​ត្រូវ​បាន​​ស្នើ​​អោយ​​បិទ​​ទ្វារ។

ព្រះ​បរមសព​សម្តេច​ឪ​នរោត្តម សីហនុ​នឹង​​ត្រូវ​​យក​ទៅ​តម្កល់​នៅ​ទី​លាន​ព្រះមេរុ​
ព្រះ​បរមសព​សម្តេច​ឪ​នរោត្តម សីហនុ​នឹង​​ត្រូវ​​យក​ទៅ​តម្កល់​នៅ​ទី​លាន​ព្រះមេរុ​ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​​ជាតិ​បាន​ផ្តើម​ហ្វឹកហាត់​កង​កម្លាំង​នគរបាល​ចំនួន​១៥៧​នាក់ដើម្បី​ពង្រាយ​ការពារ​ក្បួន​ដង្ហែរ​ព្រះ​បរមសព​ព្រះ​រតនកោដ្ឋ។ នេះ​បើតាម​ការ​ផ្សាយ​អោយដឹង​ពី​គេហទំព័រ​​នគរបាល​ជាតិ។

យោង​តាម​គេហទំព័រ​នគរបាល​ជាតិ​ដដែល លោក ឧត្តមសេនីយទោ ជុំ សាវុឌ្ឍ អនុ​ប្រធាន​សេនាធិការដ្ឋាន​នគរបាល​ជាតិ​បាន​ពន្យល់​បែប​បច្ចេកទេស​សន្តិសុខ​ថា កង​កម្លាំង​ទាំង​១៥៧​នាក់​នោះ​នឹង​ត្រូវ​ចែក​ចេញ​ជា​ពីរ​ក្រុម គឺ​ក្រុម​ទី​១ ជា​ផ្នែក​ការពារ​ក្បួន​ដង្ហែរ និង​ក្រុម​ទី​២​គឺ​ការពារ​ពេល​​បិទ​ក្បួន​ដង្ហែរ។

ព្រះ​បរមសព​សម្តេច​ឪ​នរោត្តម សីហនុ​ត្រូវ​គ្រោង​ដង្ហែរ​ចេញ​ពី​ព្រះ​បរមរាជវាំង​នៅ​ថ្ងៃ​ទី១​កុម្ភៈ ដើម្បី​យក​ទៅ​តម្កល់​នៅ​ទី​លាន​ព្រះមេរុ​រយៈ​ពេល​៣​ថ្ងៃ។ ហើយ​ពិធី​ថ្វាយ​ព្រះភ្លើង​នឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៤​កុម្ភៈ។

នៅ​ដើម​ខែ​កុម្ភៈ​នោះ នឹង​មាន​ការ​ឈប់​សំរាក​រយៈ​ពេល​២​ថ្ងៃ​ដែរ។ សាលារៀន ផ្សារ និង​ក្រុមហ៊ុន​ឯកជន​ដែល​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ដែល​ក្បួន​ដង្ហែរ​ព្រះ​បរមសព​ព្រះ​រតនកោដ្ឋ​​ត្រូវ​ឆ្លងកាត់​ត្រូវ​បាន​បញ្ជា​អោយ​បិទ​នៅ​ព្រឹក​ ថ្ងៃ​ទី​១​កុម្ភៈ។ ចំណែក​ឯ​មន្ត្រីរាជការ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​វិញ ក៏​ត្រូវ​អនុញ្ញាត​អោយ​ឈប់សំរាក​រយៈ​ពេល​២​ថ្ងៃ​ដែរ គឺ​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​៤​ ខែ​កុម្ភៈ​នោះ។ ថ្ងៃ​ទី​៤​កុម្ភៈ​ដែល​ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ថ្វាយ​ព្រះ​បរម​សព។

គួរ​បញ្ជាក់​ផងដែរថា នៅ​ថ្ងៃ​ថ្វាយ​ព្រះភ្លើ​ង​នោះ​រដ្ឋាភិបាលនឹង​បញ្ចេញ​ក្រដាស​ប្រាក់​១០០០​រៀល​ថ្មី​សម្រាប់​ការ​ប្រើប្រាស់ និង​ការ​រក្សា​ជា​វត្ថុ​អនុស្សាវរីយ៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាមួយ​នឹង​សម្តេច​ឪ​នរោត្តម​សីហនុ។ លើស​ពី​ក្រដាស​ប្រាក់​ថ្មី​១០០០​រៀល​នេះ ចំរៀង​រម្លឹក​អំពី​ស្នា​ព្រះហស្ថ​អតីត​ព្រះ​មហា​វីរក្សត្រ​ ដែល​ទើប​ត្រូវ​បាន​និពន្ធ​ថ្មី ​ក៏​ត្រូវបាន​បណ្តាញ​ទូរទស្សន៍​ផ្សព្វផ្សាយ​ជា​បណ្តើរ​ៗ​ហើយ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ