អានតួអត្ថបទ
កម្ពុជា

ព្រះបរមសព​សម្តេចព្រះ​នរោត្តម សីហនុ នឹងត្រូវ​ថ្វាយ​ព្រះភ្លើង​បូជា​នៅថ្ងៃទី៤​កុម្ភៈ​ឆ្នាំ​២០១៣

​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ព្រះ​បរមសព របស់​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នឹង​ត្រូវ​ថ្វាយ​ព្រះ​ភ្លើង​បូជា នៅ​វាល​ព្រះមេរុ ខាងជើង​ជាប់​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។ ក៏ប៉ុន្តែ​ព្រះ​បរមសព​របស់​ព្រះករុណា ត្រូវ​ដង្ហែ​ចេញពី​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​១​កុម្ភៈ ហើយ​តម្កល់​នៅលើ​ព្រះមេរុ រយៈពេល ៣ ថ្ងៃ មុន​នឹង​ថ្វាយ​ព្រះ​ភ្លើង​។ រដ្ឋាភិបាល ក៏​កំពុងតែ​គិតគូរ ពី​ការកំណត់​ថ្ងៃ​កាន់ទុក្ខ​ជា​លើក​ទី​២ ថ្វាយ​ដល់​ព្រះ​បរមសព សម្តេចព្រះ នរោត្តម សីហនុ ក្នុងពេល​ថ្វាយ​ព្រះ​ភ្លើង បូជា នៅ​ដើមខែ​កុម្ភៈ​នោះ​។​

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន នៅចំពោះ​មុខ​ព្រះបរមសព​របស់​សម្តេច​ឪ នរោត្តម សីហនុ នៅ​ទីក្រុងប៉េកាំង ថ្ងៃទី១៧ តុលា ២០១២
លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន នៅចំពោះ​មុខ​ព្រះបរមសព​របស់​សម្តេច​ឪ នរោត្តម សីហនុ នៅ​ទីក្រុងប៉េកាំង ថ្ងៃទី១៧ តុលា ២០១២ REUTERS/Xinhua/Li Xueren
ផ្សាយពាណិជ្ជកម្ម

​នៅ​ថ្ងៃ​ចន្ទ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ខានស្អែក​នេះ នឹង​មាន​ព្រះរាជ​ពិធី ថ្វាយព្រះបរ​ម​បច្ឆាម​រណនា​ម ថ្វាយ​ព្រះ​បរមសព សម្តេចព្រះ នរោត្តម សីហនុ គឺ "​ព្រះ​បរម​រតន​កោដ្ឋ​"​។ ចំណែក​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង បូជា ដល់​ព្រះ​បរម​រតន​កោដ្ឋ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បន្ថែមថា "​រឿងនេះ ដល់​ពេល​នោះ ( ដង្ហែ​ព្រះ​បរម​សព សម្តេច​ព្រះមហាវីរក្សត្រ ) ក៏​សូម​ការយោគយល់​ដែរ​។ ព្រះ​បរមសព ពិតមែន​តែ​ថ្វាយ​ព្រះ​ភ្លើង នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ក៏ប៉ុន្តែ​ព្រះ​បរម​សព នឹង​ត្រូវ​ចាកចេញ​ពី​ព្រះរាជវាំង នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ហើយ​ដង្ហែ ពេលនោះ នឹង​មាន​ការបិទផ្លូវ​មួយចំនួន​ថែមទៀត ដើម្បី​រៀបចំ​ឲ្យមាន​ការ​ដង្ហែ ហើយ​មាន​ការផ្សាយ​បន្ត​ផ្ទាល់ សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង ហើយ​នឹង​មាន​ការចាត់​តាំង​រៀបចំ រាជរដ្ឋាភិបាល​កំពុង​ពិនិត្យ ពិភាក្សា​ថា​តើ​នឹង​ត្រូវ​រៀបចំ​ពិធី​កាន់ទុក្ខ​សា​ជាថ្មី​ម្តង​ទៀត​រយៈពេល​ប៉ុន្មាន​ថ្ងៃ ព្រោះ​ព្រះ​បរម​សព ចេញ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ហើយ​យក​ទៅ​តម្កល់​នៅ​ព្រះ​វាល​ព្រះមេរុ រយៈពេល ៣ ថ្ងៃ ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ ទើប​ថ្វាយ​ព្រះ​ភ្លើង​។ អ៊ីចឹង​ពិធី​នោះ គឺជា​ពិធី​ដ៏​ធំ​”។

​បន្ទាប់ពី​មាន​ប្រសាសន៍​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ រួច​ភ្លាម នៅ​ព្រឹក​ថ្ងៃទី​២៦​វិច្ឆិកា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អមដំណើរ​ដោយ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល បាន​ចុះទៅពិនិត្យ​ការស្ថាបនា សាងសង់​ព្រះមេរុ ចាប់ពី​តាំងពី​ថ្ងៃ​ទី​៣០​តុលា ដើម្បី​រៀ​ចំ​ព្រះរាជ​ពិធី ថ្វាយ​ព្រះ​ភ្លើង​ថ្វាយ​សម្តេច​ព្រះមហាវីរក្សត្រ នៅ​វាល​ព្រះមេរុ ខាងជើង ជាប់​ព្រះបរមរាជវាំង​។​

​ក្នុង​ពិធី​នៅ​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​បញ្ជាក់​ជា​ថ្មី ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាល ក្នុង​ការលុបចោល​នូវ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក នៅ​មុខ​ព្រះបរមរាជវាំង ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ឆ្នាំ​នេះ ដែល​ត្រូវ​ធ្វើឡើង ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១២​។ ក៏​ប៉ុន្តែ​រយៈពេល ៣ ថ្ងៃនេះ នៅតែ​កំណត់​ជា​ថ្ងៃ​ឈប់សម្រាក នៅក្នុង​បុណ្យជាតិ​ដដែល​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​នៅពេល​ដែល​ព្រះ​បរម​សព កំពុងតែ​តម្កល់​ដើម្បី​ស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការ​កាន់ទុក្ខ វា​មិន​ជា​ការគួរសម​ទេ ដែល​យើង​នាំគ្នា មនុស្ស​រាប់លាន​នាក់ មក​ហ៊ោកញ្ជ្រៀវ នៅឯ​ទីក្រុង​ភ្នំពេញ មុខ​ព្រះបរមរាជវាំង មុន​កន្លែង​តម្កល់​ព្រះ​បរមសព​នោះ​។ អ៊ីចឹង​ទេ បានជា​រាជរដ្ឋាភិបាល សុំឲ្យ​មាន​ការផ្អាក​ការចាត់តាំង​ពិធី​បុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ​នេះ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ អាច​នឹង​អុំទូក នៅ​កន្លែង​នេះ ឬ​នៅ​កន្លែង​នោះ ហើយ​ធ្វើ​នៅ​តាម​ទី​អារាម នៃ​ពិធី​បុណ្យ​អក​អំបុក សំពះ​ព្រះ​ខែ ជាដើម​។ ធ្វើ​តាម​ផ្ទះ តាម​ស្អី ជា​ការធម្មតា ហើយ​នៅ​ថ្ងៃ​សំរាក​នេះ ប្រជាពលរដ្ឋ​មួយចំនួន អាច​នឹង​ទៅ​សំរាក ទៅលេង​នៅ​តំបន់​នេះ តំបន់​នោះ​"​។​

​ជា​ការកត់សម្គាល់ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស ស្ទឹងមានជ័យ នៅ​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែង​កែតម្រូវ ហើយ​គូសបញ្ជាក់​លើ​សារ​នយោបាយ​របស់​លោក ដែលថា លោក​នឹង​មិន​ដោះស្រាយ​ទេ​ នៅពេលដែល​មាន​ករណី​នយោបាយ​ចូល​ឡូ​កឡំ លើ​បញ្ហា​ដីធ្លី ដោយ​ក្នុង​នោះ មាន​ទាំង​បក្សនយោបាយ មាន​ទាំង​អង្គការក្រៅរដ្ឋាភិបាល​។​

​តាម​លោក​នាយ​រកដ្ឋមន្ត្រី គណបក្សនយោបាយ តំណាងរាស្ត្រ ឬ​ក៏​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​មាន​ចេតនា​ពិតប្រាកដ ចង់​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ គឺ​រដ្ឋាភិបាល​នៅ​តែ​​ស្វាគមន៍​ការចូលរួម​នោះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ