អានតួអត្ថបទ
អ៊ីរ៉ង់-AIEA

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ​បន្ត​ដោះស្រាយ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

ចាប់​ពី​ថ្ងៃ​ចន្ទ ទី៣ មិថុនា​នេះ​ត​ទៅ និង​មាន​រយៈពេល​ពេញ​មួយ​សប្តាហ៍ គណៈប្រតិភូ​នៃ​៣៥ប្រទេស​ជា​សមាជិក​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ ហៅ​កាត់​ថា AIEA ផ្តើម​សម័យប្រជុំ​របស់​ខ្លួន​នៅ​ទីស្នាក់ការកណ្តាល​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។ សម័យប្រជុំ​ដោយ​ផ្តោតសំខាន់​លើ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដ៏​ចម្រូងចម្រាស និង​ដែល​កំពុង​បន្ត​ជាប់​គំាង គ្មាន​ច្រក​ចេញ។

សម័យ​ប្រជុំ​របស់​គណៈប្រតិភូ AIEA  ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស
សម័យ​ប្រជុំ​របស់​គណៈប្រតិភូ AIEA ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស AFP/Samuel Kubani
ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្តង​ទៀត សំណុំរឿង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​នៅ​តែ​ជា​ប្រធានបទ​ក្តៅ​ដែល​ទីភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ AIEA ត្រូវ​លើក​យក​ទៅ​ជជែក​ដោយ​ចៀស​រួច។ នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ​របស់​ខ្លួន​ចេញ​ផ្សាយ​កាល​ថ្ងៃទី២២ ឧសភា AIEA បាន​ប្រាប់​ឲ្យ​ដឹង​ថា ទីក្រុង​តេហេរ៉ង់​បាន​បង្កើន​សកម្មភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​មជ្ឈមណ្ឌល Natanz តាម​រយៈ​ការ​តម្លើង​បន្ថែម​នូវ​បរិក្ខារ​ទំនើបៗ​សម្រាប់​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម។ តែ​បើ​យោង​តាម​ប្រភព​ការទូត​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សាភិបាល​របស់ AIEA នឹង​គ្មាន​គម្រោង​ចេញ​សេចក្តីសម្រេចចិត្ត​ណា​មួយ​ដើម្បី​ផ្តន្ទាទោស​អ៊ីរ៉ង់​ឡើយ។

យោង​តាម​ទីក្រុង​តេហេរ៉ង់ បរិក្ខារ​ទំនើបៗ​ទំាង​នោះ​នៅ​មិន​ទាន់​អាច​ដំណើរការ​ទេ និង​ទុក​សម្រាប់​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​កម្រិត​ខ្សោយ​ក្នុង​គោលដៅ​ស៊ីវិល ពោល​មិន​មែន​ក្នុង​គោលដៅ​យោធា​ទេ។ តែ​អំណះអំណង​នេះ​នៅ​មិន​ទាន់​អាច​ជំនះ​ក្តីបារម្ភ​របស់​ក្រុមប្រទេស​លោក​ខាង​លិច និង​ប្រទេស​អ៊ីស្រាអែល​ឡើយ។ ពួក​គេ​នៅ​បន្ត​ចោទ​រដ្ឋាភិបាល​អ៊ីរ៉ង់​​ថា មាន​បំណង​ចង់​បំពាក់​អាវុធបរមាណូ ដោយ​យក​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​មក​បំាង​មុខ។ អ្វី​ជា​ការ​កត់សម្គាល់ សម័យប្រជុំ​របស់ AIEA ពេល​នេះ​បាន​រៀបចំ​ឡើង ចំ​ពេល​ដែល​អ៊ីរ៉ង់​កំពុង​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។

គួរ​ជម្រាប​ជូន​ថា អស់​រយៈពេល​ជា​ច្រើន​ឆ្នំា​មក​ហើយ​ដែល​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ក្លាយ​ជា​ប្រធានបទ​ក្តៅគគុក​នៃ​កិច្ចចរចា​រវាង​ក្រុមប្រទេស​​ពាក់ព័ន្ធ។ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ទទួល​ទ័ណ្ឌកម្ម​ជា​ច្រើន​ពី​សំណាក់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ពិសេស​ទ័ណ្ឌកម្ម​ហិរញ្ញវត្ថុ ប្រេងកាត​ពី​សំណាក់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។

ម្យ៉ាង​ទៀត ជំនួប​ទ្វេភាគី​រវាង AIEA និង​ភាគី​អ៊ីរ៉ង់​ក៏​ធ្លាប់​បាន​រៀបចំ​ច្រើន​រាប់​មិន​អស់ តែ​ទទួល​បាន​បរាជ័យ​ជានិច្ច ជាក់ស្តែង​ជំនួប​កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា​នា​ពេល​ថ្មីៗ​កន្លង​មក។ ដូច្នេះ​ឃើញ​ថា នៅ​ក្នុង​សម័យប្រជុំ​របស់ AIEA នៅ​ពេល​នេះ​ទៀត គេ​ក៏​មិន​បាន​រង់ចំា​លទ្ធផល​អ្វី ជា​ដុំកំភួន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ