អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រទេស​ម៉ាលី​ចូលខ្លួន​បំភ្លឺ​ក្រុមប្រទេស​ផ្តល់​ជំនួយ​ជុំវិញ​ការប្រើ​ជំនួយ​បរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​មួយ​ឆ្នំា​មុន ពោល​នៅ​ថ្ងៃទី១៥ ឧសភា ឆ្នំា ២០១៣ សហគមន៍​អន្តរជាតិ​បាន​រួមប្រជុំ​គ្នា​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​ដើម្បី​ស្វែង​រក​ជំនួយ​ជួយ​កសាង​ប្រទេស​ម៉ាលី​ឡើង​វិញ។ កិច្ចប្រជុំ​កាលណោះ សហគមន៍​អន្តរជាតិ​ប្រមែប្រមូល​បាន​ជំនួយ​ជាង ៣ ០០០លានអឺរ៉ូ​សម្រាប់​ប្រទេស​ម៉ាលី​ដែល​ទើប​ងើប​ផុត​ពី​សង្រ្គាម​រំដោះ​តំបន់​ប៉ែកខាងជើង​ចេញ​ពី​កណ្តាប់ដៃ​ក្រុមអ៊ីស្លាម​និយមជ្រុល។ នៅ​ថ្ងៃ​នេះ និង​មួយ​ឆ្នំា​ក្រោយ​មក ក្រុមប្រទេស​ផ្តល់ជំនួយ​បាន​ត្រឡប់​មក​ជួប​ប្រជុំ​គ្នា​ជាថ្មី​ដែល​លើក​នេះ មិន​មែន​នៅ​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​ទេ តែ​នៅ​ក្នុង​ទីក្រុង​បាម៉ាកូ ប្រទេស​ម៉ាលី​តែ​ម្តង។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ​លើក​នេះ គឺ​ដើម្បី​ធ្វើ​ការ​បូក​លទ្ធផល​នៃ​ការ​ប្រើប្រាស់​ជំនួយ​របស់​រដ្ឋាភិបាល​ម៉ាលី​ក្នុង​រយៈពេល ១ឆ្នំា​កន្លង​ទៅ។ អ្វី​ជា​ការ​កត់សម្គាល់ កិច្ចប្រជុំ​លើក​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​មាន​ផ្ទុះ​រឿងអាស្រូវ​ជុំវិញ​ការ​ទិញ​យន្តហោះ​មួយ​គ្រឿង​សម្រាប់​លោក​ប្រធានាធិបតី​ម៉ាលី អ៊ីប្រាហ៊ីម ប៊ូបាការ កេតា។

លោក​នាយករដ្ឋមន្រ្តី​ម៉ាលី​មូសសា ម៉ារ៉ា
លោក​នាយករដ្ឋមន្រ្តី​ម៉ាលី​មូសសា ម៉ារ៉ា AFP PHOTO / HABIBOU KOUYATE
ផ្សាយពាណិជ្ជកម្ម

វា​ជា​រឿង​មួយ​ធម្មតា​ទេ ដែល​ក្រុមប្រទេស​ផ្តល់​ជំនួយ​ចង់​ដឹង​ពី​ការ​ប្រើប្រាស់​ជំនួយ​របស់​ខ្លួន។ អ្វី​ក្រុមប្រទេស​ផ្តល់​ជំនួយ​ចង់​ពិនិត្យមើល​ឲ្យ​បាន​ជាក់ស្តែង​នឹង​ភ្នែក​នោះ​គឺ​ថា តើ​ប្រទេស​ដែល​ខ្លួន​បាន​ជួយ​នោះ​ពិត​ជា​បាន​ប្រើប្រាស់​ជំនួយ​ចំ​ទិសដៅ​ក្នុង​ផលប្រយោជន៍​ប្រទេស និង​ប្រជាជន​របស់​ខ្លួន​ដែរ ឬ​ទេ។ សូម​ជម្រាប​ជូន​ថា ជំនួប​របស់​ក្រុមប្រទេស​ផ្តល់​ជំនួយ​ឲ្យ​ម៉ាលី​ដែល​បាន​រៀបចំ​ពេល​នេះ គឺ​ជា​លើក​ទី៣ និង​ដែល​គ្រប់​គ្នា​បាន​ចាត់​ទុក​ថា មាន​សារៈសំខាន់​ខ្លំាង។ សារៈសំខាន់​ខ្លំាង​នៅ​ត្រង់​ថា រដ្ឋាភិបាល​ម៉ាលី​ដឹកនំា​ដោយ​លោក​នាយករដ្ឋមន្រ្តី​មូសសា ម៉ារ៉ា និង​ដែល​មាន​រដ្ឋមន្រ្តី ៨រូប​អម​ជាមួយ​ផង​នោះ ត្រូវ​ឆ្លើយ​នឹង​សំណួរ​ម្តង​មួយៗ​របស់​ក្រុមប្រទេស​ផ្តល់​ជំនួយ។ សំណួរ​ដែល​ទាក់ទង​ពិសេស​នឹង​ការ​ប្រើប្រាស់​ជំនួយ​បរទេស​នា​រយៈពេល ១ឆ្នំា​កន្លង​ទៅ។

ពី​ការ​អនុវត្តន៍​នយោបាយ​បង្រួបបង្រួមជាតិ​រហូត​ដល់​គម្រោង​កំណែទម្រង់​វិស័យ​អប់រំ ដោយ​ឆ្លង​កាត់​វិស័យ​សេដ្ឋកិច្ច​ផង​ផង​នោះ រដ្ឋាភិបាល​របស់​លោក​មូសសា ម៉ារ៉ា​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​បង្ហាញ​កម្មវិធី​នយោបាយ​ដែល​លោក​កំពុង​អនុវត្តន៍ និង​លទ្ធផលជាក់ស្តែង​ដែល​ទទួល​បាន​ក្នុង​រយៈពេល ១ឆ្នំា​កន្លង​ទៅ។ សម្រាប់​ក្រុមប្រទេស​ផ្តល់ជំនួយ កិច្ចប្រជុំ​ពេល​នេះ​មិនមែន​ជា​ទង្វើ​ឆ្កឹះកកាយ​អ្វី​ទេ តែ​វា​ជា​កតាព្វកិច្ច​មួយ​ដើម្បី​ធានា​ថា តើ​ពាក្យ​សន្យា​ដែល​រដ្ឋាភិបាល​ទីក្រុង​បាម៉ាកូ​បាន​សន្យា​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ទទួល​បាន​ជំនួយ​កាល​ណោះ ពិត​ជា​បាន​គោរព​ត្រឹមត្រូវ ឬ​ទេ ពិសេស​ការ​រៀបចំ​ឲ្យ​មាន​អភិបាលកិច្ចល្អ និង​ការ​ប្រយុទ្ធប្រឆំាង​នឹង​អំពើ​ពុករលួយ។

សូម​ជម្រាប​ជូន​ថា ទឹកប្រាក់​ជំនួយ​ចំនួន ៣ ៣០០លានអឺរ៉ូ​ដែល​ប្រទេស​ផ្តល់​ជំនួយ​បាន​សន្យា​ផ្តល់​ឲ្យ​ម៉ាលី​កាល​ពី​ខែ​ឧសភា ឆ្នំា ២០១៣ កន្លង​ទៅ មាន​ប្រាក់ជំនួយ​ឥតសំណង និង​ប្រាក់កម្ចី​មាន​អត្រា​ការប្រាក់​ទាប។ រហូត​មក​ដល់​ពេល​នេះ មាន​ប្រាក់ជំនួយ​ជាង​ចំនួន ២ភាគ៣​នៃ​ចំនួន​ទឹកប្រាក់​សន្យា​ជួយ​ទំាង ៣ ៣០០លានអឺរ៉ូ​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​រដ្ឋាភិបាល​ម៉ាលី​ហើយ។ ជាទូទៅ ក្រុម​ប្រទេស​ផ្តល់​ជំនួយ​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​ការងារ​ប្រកប​ដោយ​តម្លាភាព​របស់​រដ្ឋាភិបាល​ម៉ាលី រួម​មាន ការ​ប្រឹងប្រែង​ក្នុង​ការ​ប្រយុទ្ធប្រឆំាង​នឹង​អំពើ​ពុករលួយ បង្កើន​បរិយាកាស​ធូរស្រាល​នៅ​ក្នុង​សង្គមទូទៅ និង​វិធានការ​ចំា​បាច់​មួយ​ចំនួន​ក្នុង​ការ​នំា​ជនភៀសខ្លួន ព្រម​ទំាង​អ្នក​ផ្លាស់ប្តូរ​លំនៅដ្ឋាន​ឲ្យ​វិល​មក​កាន់​ផ្ទះសម្បែង​វិញ។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​ទីក្រុង​បាម៉ាកូ​ក៏​បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដោយ​ផ្តោត​លើ​ការ​បង្កើត​ប៉ូលអភិវឌ្ឍន៍​វិស័យ​កសិកម្ម ព្រម​ទំាង​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ដែល​ខូចខាត​ដោយសារ​សង្រ្គាម ពិសេស​សាលារៀន។

ក៏​ប៉ុន្តែ និង​អ្វី​បាន​កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​បាម៉ាកូ​ឈឺ​ក្បាល ទើសទាល់​ចិត្ត​ខ្លំាង​នៅ​ចំពោះ​មុខ​ក្រុមប្រទេស​ផ្តល់​ជំនួយ​ពេល​នេះ គឺ​យន្តហោះ​ប្រធានាធិបតី​មួយ​គ្រឿង​ដែល​រដ្ឋាភិបាល​បាន​ទិញ​ឲ្យ​លោក​ប្រធានាធិបតី​អ៊ីប្រាហ៊ីម ប៊ូបាការ កេតា​ក្នុង​តម្លៃ ៣០លានអឺរ៉ូ។ វា​ពិត​ជា​មិន​ចម្លែក​ទេ​ដែល​ប្រធានាធិបតី​នៅ​ក្នុង​ប្រទេស​មួយ​ត្រូវ​តែ​មាន​យន្តហោះ​មួយ​គ្រឿង​សម្រាប់​ធ្វើ​ដំណើរការ​ផ្លូវការ​នោះ។ តែ​អ្វី​ដែល​ចម្លែក​បន្តិច​សម្រាប់​ប្រទេស​ម៉ាលី​នៅ​ត្រង់​ថា ទី១ លោក​អតីត​ប្រធានាធិបតី​អាម៉ាឌូ ទូម៉ានី ទូរ៉េ​ធ្លាប់​បាន​ទិញ​យន្តហោះ​មួយ​គ្រឿង​រួច​ហើយ ចុះ​វា​ចំា​បាច់​អី​ទៅ​ទិញ​ថែម​មួយ​គ្រឿង​ទៀត​នោះ និង​ទី២ តើ​វា​ចំា​បាច់​ខ្លំាង​ឬ​ដែល​រដ្ឋាភិបាល​ត្រូវ​ចំណាយ​លុយ​យ៉ាង​ច្រើន​សម្បើម​ដើម្បី​ទិញ​យន្តហោះ​គ្រឿង​សម្រាប់​ប្រធានាធិបតី​នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កំពុង​មាន​តម្រូវការ​ចំណាយ​អាទិភាព​ផ្សេង​ទៀត​នោះ។

កន្លង​មក លោកស្រី​គ្រីស្ទីន ឡាហ្កាដ នាយិកា​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​សុំ​ការ​ពន្យល់​បំភ្លឺ​ពី​រដ្ឋាភិបាល​ក្រុង​បាម៉ាកូ​ចំពោះ​ការ​ទិញ​យន្តហោះ​នោះ។ លោក​នាយករដ្ឋមន្រ្តី​ម៉ាលី​មូសសា ម៉ារ៉ា​បាន​ពន្យល់​ថា មក​ពី​យន្តហោះ​ចាស់​មិន​ទាន់​សម័យ ហើយ​តម្លៃ​នៃ​ការ​ជួសជុល​យន្តហោះ​ចាស់​ត្រូវ​ចំណាយ​ច្រើន​ជាង​ការ​ជួល​យន្តហោះ​ថ្មី​ទៅ​ទៀត។ តែ​បញ្ហា​នៅ​ត្រង់​ថា ការ​អះអាង​របស់​លោក​ម៉ារ៉ា​មិន​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋានជាតិ និង​អន្តរជាតិ​ទទួល​យក​បាន​ឡើយ ពិសេស​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ដែល​បាន​ចំណាយ​លុយ​យ៉ាង​ច្រើន​សម្បើម​ដើម្បី​ជួយ​កសាង​ប្រទេស​ម៉ាលី គឺ​មិនមែន​ដើម្បី​ទិញ​យន្តហោះ​បន្ថែម​សម្រាប់​បម្រើ​លោក​ប្រធានាធិបតី​នោះ​ទេ។

សូម​ជម្រាប​ជូន​ថា គឺ​ទើប​តែ​នៅ​ប៉ុន្មាន​ខែ​ក្រោយ​ការ​ជាប់​ឆ្នោត​ប្រធានាធិបតី​របស់​លោក​អ៊ីប្រាហ៊ីម ប៊ូបាការ កេតា (Ibrahim Boubacar Keïta) ទេ ដែល​ស្ថានការណ៍​ទូទៅ​នៅ​ម៉ាលី​បាន និង​កំពុង​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​ជា​បណ្តើរៗ​នៅ​ពេល​នេះ។ មាន​អាយុ ៦៨ឆ្នំា លោក​អ៊ីប្រាហ៊ីម ប៊ូបាការ កេតា គឺ​ជា​ឥស្សរជន​ម្នាក់​ដែល​មាន​ភាព​ចាស់ទុំច្រើន​ខាង​នយោបាយ និង​ដែល​ប្រជាជន​ម៉ាលី​ទូទៅ​ចាត់​ទុក​លោក ជា​មនុស្ស​ដែល​ស្គាល់​ស្ថានការណ៍​ប្រទេស​ច្បាស់លាស់ និង​យល់ដឹង​អំពី​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ ព្រម​ទំាង​ទុក្ខ​ធុរៈ​របស់​ប្រជាជន។ សក្ខីកម្ម​ជាក់ស្តែង​មិន​អាច​ប្រកែក​បាន គឺ​ស្ថានការណ៍​ល្អ​ប្រសើរ​របស់​ម៉ាលី​ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​បង្កើន​ជំនឿ​ទុកចិត្ត​នា​ពេល​សព្វថ្ងៃ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​នៅ​មាន​បញ្ហា​ចម្បង​មួយ​ដែល​លោក​អ៊ីប្រាហ៊ីម​ត្រូវ​ព្យាយាម​សម្រេច​ឲ្យ​បាន ពិសេស​គឺ​ការ​បន្ត​និយាយ​ផ្សះផ្សា​ប្រជាជន​ម៉ាលី​ដែល​បាន និង​កំពុង​បន្ត​ហែកហួរ​គ្នា រហូត​ដល់​គំរាម​ពុះ​ប្រទេស​ជា​ពីរ​បំណែក ខាង​ជើង និង​ខាង​ត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ