អានតួអត្ថបទ
កម្ពុជា

ចូល​​ឆ្នាំ​​សកល ​ទេស​​ចរ​​សម្រុក​​ទៅ​​តំបន់​​ឆ្នេរ​​និង​​តំបន់​​អង្គរ​​ខេត្ត​​សៀ​ម​​រាប​

ចំនួន​សណ្ឋា​គារ និង​ផ្ទះ​សំណាក់ នៅ​ក្នុង​តំបន់​ឆ្នេរ និង​អង្គរ ត្រូវ​បាន​ភ្ញៀវ​កក់​ស្ទើរ​តែ​ទាំងអស់​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​សកល ដែល​នឹង​ត្រូវ​ឆ្លង​ចូល​នៅ​ក្នុង​យប់​ថ្ងៃ​ទី ៣១​ធ្នូ ​ឆ្នាំ ២០១៣​នេះ។ នៅ​ក្នុង​ទីក្រុង​ភ្នំ​ពេញ ក៏​មាន​ការ​រៀប​ចំ​តាំង​ភ្លើង​ពណ៌ និង​បាញ់​កាំ​ជ្រួច​ដើម្បី​អប​អរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ផង​ដែរ​។

ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ​វត្ត​ ដ៏ល្បី​ល្បាញ​របស់​កម្ពុជា​។
ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ​វត្ត​ ដ៏ល្បី​ល្បាញ​របស់​កម្ពុជា​។ រូបភាពឯកសារ
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​សកល ប្រ​ជា​ជន​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​តែង​តែ​ទៅ​កំ​សាន្ត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ និង​ខេត្ត​សៀម​រាប ហើយ​ប្រជា​ជន​ដែល​នៅ​តាម​បណ្តា​ខេត្ត​នានា តែង​នាំ​គ្នា​មក​កំ​សាន្ត​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ។

លោក ហូរ វណ្ឌី សហ​ប្រធាន​ក្រុម​ការ​ងារ​ទេស​ចរណ៍​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី ២៣​ខែ​ធ្នូ ឆ្នាំ ២០១៣ រហូត​ដល់​ថ្ងៃ ទី​៣​ខែ​មករា ឆ្នាំ ២០១៤ ចំនួន​បន្ទប់ នៅ​ក្នុង​ផ្ទះ​សំណាក់ និង​សណ្ឋា​គារ នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ និង​ខេត្តសៀម​រាប​ត្រូវ​បាន​កក់​ស្នើរ​តែ​អស់​ទៅ​ហើយ។ លោក​ឲ្យ​ដឹង​ទៀត​ថា ជា​ទូ​ទៅ នៅ​ក្នុង​ឱកាស​បុណ្យ​ឈប់​សំរាក​ធំ​ៗ ភ្ញៀវ​ទេស​ចរ​ជាតិ​បាន​នាំ​គ្នា​ទៅ​លេង​នៅ​តំបន់​ប៉ូល​ទេស​ចរណ៍សំ​ខាន់​ៗ​ទាំង​បួន​របស់​កម្ពុជា​ គឺ​តំបន់​ឆ្នេរ តំបន់​អង្គរ តំបន់​ឦសាន និង​ទីក្រុង​ភ្នំ​ពេញ។

ប៉ុន្តែ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​សកល​ឆ្នាំ​នេះ ប្រជា​ជន​ខ្មែរ ច្រើន​ទៅ​លេង​នៅ​តំបន់ឆ្នេរ និង​តំបន់​អង្គរ ហើយ​ប្រជា​ជន​មួយ​ចំនួន​ក៏​នឹង​ប្រាព្ធ​ពិ​ធី​បុណ្យ​ឆ្លង​ឆ្នាំ​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ។ ដោយ​ឡែក​តំបន់​ឦសាន មិន​សូវ​សំបូរ​អ្នក​ទៅ​កំសាន្ត​ទេ ដោយ​សារ​តែ​នៅ​រដូវ​នេះ តំបន់​ឦសាន មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំង ហើយ​ផ្លូវ​ធ្វើ​ដំណើរ​ក៏​មិន​សូវ​ល្អ ដូច្នេះ​ហើយ ទើប​ពួក​គេ ប្តូរ​គោល​ដៅ​ទៅ​តំបន់​ឆ្នេរ និង​អង្គរ​ជំនួស​វិញ។ ក៏​មាន​អ្នក​ខ្លះ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រ​ទេស​ផង​ដែរ។

ទន្ទឹមនឹង​ការធ្វើដំណើរ​កំសាន្ត​ទៅតាម​តំបន់​នានា​ក្នុងប្រទេស​កម្ពុជា លោក ហូរ វណ្ឌី បាន​បន្ថែមថា សណ្ឋាគារ និង​ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ​បានរៀបចំ​កម្មវិធី សម្រាប់​អបអរ​សាទ​រ​បុណ្យចូលឆ្នាំ​សកល ដោយ​មានការ​ជប់លៀង និង​ដុត​កាំជ្រួច​ជាច្រើន។ ហើយ​ក៏មាន​ក្រុមហ៊ុន​លក់​ផលិតផល​មួយចំនួន បានដាក់​តាំង បង្ហាញ​ផលិតផល​របស់ខ្លួន​នៅតាម​ដងផ្លូវ​ ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អតិថិជន​របស់ខ្លួន​ផងដែរ។

ក្រសួងទេសចរណ៍​រំពឹងថា នៅក្នុង​ឆ្នាំ ២០១៣នេះ ចំនួន​ភ្ញៀវទេសចរ​ជាតិ​អាច​នឹង​កើនឡើង​ពី ១៥% ទៅ ២០% នៅ​ខណៈដែល​ឆ្នាំ ២០១២ មាន​ចំនួន​ភ្ញៀវទេសចរ​ជាតិ​ពី ៧ ទៅ ៨លាននាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ