អានតួអត្ថបទ
កម្ពុជា

មហា​សន្និ​បាត​ ក្លឹប​ឆ្នេរ​សមុទ្រ​ ដែល​ស្អាត​បំផុត​ លើសកល​លោក​ កិច្ច​ប្រជុំរដ្ឋ​មន្ត្រី​ទេសចរណ៍ ​CLMV​ និង​កិច្ច​ប្រជុំក្រុម​ការងារទេសចរ​ណ៍ ​មហា​អនុតំបន់​មេគង្គ GMS បើក​ធ្វើនៅ​ភ្នំបូក​គោ ខេត្ត​កំពត​

មហាសន្និបាត លើក​ទី៩ ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍ កម្ពុជា ឡាវ ភូមា និង​វៀតណាម CLMV និង​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍ មហា​អនុតំបន់​មេគង្គ GMS បាន​បើក​ធ្វើ​រួមគ្នា ក្រោម​អធិបតីភាព​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក រដ្ឋមន្ត្រី​ទេសចរណ៍ CLMV និង​គណៈប្រតិភូ​ជាតិ-អន្តរជាតិ ជាច្រើន​ទៀត។

ឆ្នេរ​សមុទ្រ​កំពង់​សោម​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ
ឆ្នេរ​សមុទ្រ​កំពង់​សោម​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

 កិច្ចប្រជុំ​ទាំងបី នៅលើ​ភ្នំ​បូក ខេត្តកំពត នា​ថ្ងៃទី៦ធ្នូ​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ចាត់ទុកថា នឹង​រួមចំណែក​បន្ត​ពង្រឹង​បន្ថែមទៀត ដល់​សាមគ្គីភាព និង​ការ​ប្តេជ្ញា​ចិត្ត​បំពេញការងារ​រួមគ្នា ក្នុងចំណោម​ប្រទេស​នានា ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​រួម នៃ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍។

ឆ្នេរសមុទ្រ​របស់​កម្ពុ​ជា ប្រវែង ៤៤០ គីឡូម៉ែត្រ គ្របដណ្តប់​លើ​ខេត្ត​តំបន់ឆ្នេរ ទាំង៤ នៅ​ខេត្តកោះកុង ព្រះសីហនុ កំពត និង​ខេត្ត​កែប ត្រូវបាន​បញ្ចូល​ជា​សមាជិក​ពេញសិទ្ធិ​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅ​ប្រទេស សេ​ណេ​ហ្គា​ល់។ តាំងពី​ពេលនោះ​មក ឆ្នេរសមុទ្រ​កម្ពុជា ត្រូវបាន​ប្រសិទ្ធ​នាម​ថា ជាតា​រា​រះ​នា​ទិសនិរតី។

ដើម្បី​អបអរសាទរ​នៃ​ការចូល​ជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​ពិភពលោក​នេះ កម្ពុជា​បានសំរេច​ឲ្យ​មានការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ លើកដំបូង កាលពី​ចុងឆ្នាំ២០១។ នៅ​ឆ្នាំ២០១៣  ពិធីបុណ្យ​សមុទ្រ ត្រូវ​ប្រារព្ធ​ធ្វើឡើង នៅ​ខេត្ត​កែប នៅ​ថ្ងៃទី៧ និង​ថ្ងៃទី៨ធ្នូ​នេះ។
នៅ​ឆ្នាំ២០១២ អ្នកទេសចរ​អន្តរជាតិ បាន​ចូលមក​ទស្សនា​តំបន់ឆ្នេរ​កម្ពុជា មាន​ជាង ២៨ម៉ឺន​នាក់  និង​ទេសចរ​ក្នុងស្រុក មាន​ជាង ១លាន ៨សែន​នាក់។ សំរាប់​រយៈពេល ១០ខែ ចាប់ពី​ខែមករា ក្នុង​ឆ្នាំ២០១៣នេះ ចំនួន​អ្នកទេសចរ​អន្តរជាតិ មក​ទស្សនា​តំបន់ឆ្នេរ​កម្ពុជា មាន​ចំនួន​ជិត ៤២ ម៉ឺន​នាក់។

ការចូល​ជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក ត្រូវបាន​ប្រមុខ​រដ្ឋា​ភិបាល លើកឡើងថា ជា​របត់​ថ្មី នៃ​ការប្រែប្រួល​មុខមាត់ ជា​បន្តបន្ទាប់​របស់​តំបន់​សមុទ្រ​កម្ពុជា ទាំង​ទិដ្ឋភាព​សង្គម-សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និង​បរិស្ថាន ដែលជា​កត្តា​កំណត់​លើ​ការទទួលស្គាល់​ជា​អន្តរជាតិ នូវ​ឆ្នេរសមុទ្រ​កម្ពុជា។

តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ក៏ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល ប្រកាស​ជាថ្មី​ថា បាន និង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់ និង​ជា​ប៉ូល​សេដ្ឋកិច្ច ទី២ ក្នុងការ​ទាក់ទាញ​វិនិយោគ សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ បន្ទាប់ពី​រាជធានី​ភ្នំពេញ។

រហូតមកដល់​ពេលនេះ ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក មាន​ឆ្នេរ​ជា​សមា​ជិក​​ចំនួន ៣៧ ឆ្នេរ នៅក្នុង ២៦ ប្រទេស នៅ​គ្រប់​ទ្វីប​លើ​ពិភពលោក។  សំរាប់​កិច្ចប្រជុំ​មហា​សន្និបាត​លើក​ទី៩ ពេលនេះ មានការ​ចូលរួម​ពី​គណៈប្រតិភូ​ឆ្នេរ ចំនួន ២៩ មកពី ១៨ ប្រទេស។ មហាសន្និបាត នៅលើ​ភ្នំ​បូកគោ ពេលនេះ ក៏​នឹងត្រូវ​ប្រកាស​បញ្ចូល​ឆ្នេរ​សមាជិក​ថ្មី គឺ​ឆ្នេរ Sakarun របស់​ប្រទេស​ក្រូ​អាស៊ី និង​ការពិនិត្យ​លើ​បេក្ខភាព​ឆ្នេរ​ថ្មី​ចំនួន ៣ទៀត ក្នុង​នោះ មាន​ឆ្នេរ Matsushima និង​ឆ្នេរ Toyama របស់​ប្រទេស​ជប៉ុន ឆ្នេរសមុទ្រ Nekour Al Hoceima របស់​ប្រទេស Morrocco ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ