អានតួអត្ថបទ
ម៉ាឡេស៊ី

អង្គការ​សិទ្ធិមនុស្ស​ទាមទារ​កុំឲ្យ​ម៉ាឡេស៊ី​បណ្តេញ​ជនជាតិ​អ៊ុយហ្គួ​ឲ្យ​ទៅ​ចិន​វិញ

អង្គការសិទ្ធិមនុស្ស​ម៉ាឡេស៊ី បាន​ទាមទារ​ដោយទទូច នៅថ្ងៃ​អាទិត្យ កុំ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​បញ្ជូន​ទៅចិន នូវ​ជនជាតិ​អ៊ុយហ្គួ​ចំនួន ១៥៥នាក់ ដែល​អាជ្ញាធរ​ទើប​នឹង​រកឃើញ​ថា កំពុង​ស្នាក់នៅ​ដោយ​ខុសច្បាប់ ក្នុង​ប្រទេស​ម៉ាឡេស៊ី។ អង្គការ​សិទ្ធិមនុស្ស​បាន​បង្ហាញ​នូវ​ក្តីបារម្ភ​​ ជនជាតិ​អ៊ុយហ្គួ​ទាំងនេះ​អាច​នឹង​ត្រូវ​ទទួល​រង​នូវការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​ចិន។

ជនជាតិ​អ៊ុយហ្គួ​ដែល​នាំគ្នា​រត់ភៀសខ្លួន​ចេញ​ពី​តំបន់​ស៊ីងជាំង​ប្រទេស​ចិន ទៅ​ស្វែងរក​សិទ្ធិជ្រក​កោន​នៅ​បរទេស (រូបថតឯកសារ)
ជនជាតិ​អ៊ុយហ្គួ​ដែល​នាំគ្នា​រត់ភៀសខ្លួន​ចេញ​ពី​តំបន់​ស៊ីងជាំង​ប្រទេស​ចិន ទៅ​ស្វែងរក​សិទ្ធិជ្រក​កោន​នៅ​បរទេស (រូបថតឯកសារ) Reuters
ផ្សាយពាណិជ្ជកម្ម

យោងតាម​បណ្តាញ​សារព័ត៌មាន​ក្នុងស្រុក ដែល​ចុះផ្សាយ កាល​ពីថ្ងៃ​សុក្រ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ឆែកឆេរ​រកឃើញ​ជនជាតិ​អ៊ុយហ្គួ​ចំនួន ១៥៥នាក់ ក្នុងនោះ មាន ៧៦នាក់ ជាកុមារ កំពុងរស់នៅ​ដោយ​លួចលាក់ នៅ​ក្នុង​ផ្ទះល្វែង​ចំនួន ២ នៅ​ក្នុង​ទីក្រុង​គួឡាឡាំពួរ។

រហូតមកទល់​នឹង​ពេលនេះ រដ្ឋាភិបាល​ម៉ាឡេស៊ី​នៅមិនទាន់​បាន​ប្រកាស​ឲ្យដឹង​នៅឡើយទេ​ថា តើ​គេ​នឹង​ចាត់វិធានការ​បែបណា​ចំពោះ​ជនជាតិ​អ៊ុយហ្គួ​ទាំងនេះ។ ក៏ប៉ុន្តែ កាលពី​ឆ្នាំ​២០១១​ និង​ឆ្នាំ​២០១២ នៅ​ក្នុងករណី​ស្រដៀងគ្នា​នេះ រដ្ឋាភិបាល​ម៉ាឡេស៊ី ដែល​កំពុងតែ​ព្យាយាម​ស្វះស្វែង​ពង្រឹងទំនាក់ទំនង​ខាង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​ចិន ​ធ្លាប់​បាន​ចាប់បញ្ជូន​ជនជាតិ​អ៊ុយហ្គួ​ឲ្យ​ត្រឡប់​ទៅប្រទេស​ចិន​វិញ​ពីរលើក​រួចមកហើយ ដែល​កាលណោះ​​បាន​បណ្តាល​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង ពី​សំណាក់​អង្គការ​សិទ្ធិមនុស្ស ក៏ដូចជា ទីភ្នាក់ងារ​អ.ស.ប​ទទួលបន្ទុក​ជនភៀសខ្លួន។

នៅថ្ងៃ​អាទិត្យ អង្គការ​សិទ្ធិមនុស្ស​ម៉ាឡេស៊ី​បាន​ធ្វើការ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ម៉ាឡេស៊ី កុំ​ឲ្យ​បណ្តេញ​ជនជាតិ​អ៊ុយហ្គួ​ទាំងនេះ​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិនវិញ​ដូចកាល​ពីមុនទៀត ដោយ​សម្តែង​នូវ​ក្តីបារម្ភ​​អំពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ដែល​ពួកគេ​ត្រូវ​ប្រឈមមុខ នៅ​ក្នុង​ប្រទេស​ចិន។

គួរបញ្ជាក់ថា ម៉ាឡេស៊ី​មិនមែន​ជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ជនភៀសខ្លួន​របស់​អ.ស.ប​នោះទេ ក៏ប៉ុន្តែ អង្គការ​សិទ្ធិមនុស្ស​បាន​ក្រើន​រំឭក​ដល់​រដ្ឋាភិបាល​ក្រុង​គួឡាឡាំពួរ​ថា ម៉ាឡេស៊ី​នៅតែ​ជាប់កាតព្វកិច្ច​ត្រូវ​គោរព​តាម​គោលការណ៍​ជាមូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ ដែល​ហាមឃាត់​មិន​ឲ្យ​មាន​ការ​ចាប់បញ្ជូន​ជនភៀសខ្លួន​ឲ្យ​ទៅកាន់​ទីកន្លែង ដែល​ពួកគេ​អាច​នឹង​ត្រូវ​ទទួលរង​នូវការ​ធ្វើ​ទុក្ខបុកម្នេញ។

នៅ​ចិន ជនជាតិ​អ៊ុយហ្គួ គឺ​ជា​ជន​ជាតិ​ភាគតិច​កាន់​សាសនា​អ៊ីស្លាម ហើយ​ច្រើន​រស់នៅ​ប្រមូលផ្តុំ​គ្នា នៅ​ក្នុង​តំបន់​ស៊ីងជាំង ដែលតែងតែ​កើតមាន​អំពើ​ហិង្សា​ជារឿយៗ ហើយ​នៅ​ក្នុង​អំពើ​ហិង្សា​នេះ អាជ្ញាធរ​ក្រុង​ប៉េកាំង​ច្រើន​តែ​ចោទប្រកាន់​ពួក​អ៊ុយហ្គួ​ថា​ជា​ “ភេរវជន”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ