ព្រះមហាក្សត្រថៃអំពាវនាវឲ្យមានឯកភាពផ្ទៃក្នុងដើម្បីស្ថិរភាពប្រទេស
នៅប្រទេសថៃ ព្រះមហាក្សត្រព្រះចៅភូមិបុលបានអំពាវនាវឲ្យប្រជារាស្រ្តធ្វើការរួមគ្នាដើម្បីស្ថិរភាពប្រទេស។ សេចក្តីអំពាវនាវនេះបានធ្វើឡើង ចំថ្ងៃខួបកំណើតរបស់ព្រះអង្គគម្រប់ ៨៦ព្រះវស្សា។ អ្វីជាការកត់សម្គាល់នៅក្នុងពិធីចម្រើនព្រះជន្មព្រះមហាក្សត្រថ្ងៃនេះ គឺការផ្អាកក្បួនបាតុកម្មប្រកបដោយហិង្សារបស់ក្រុមអាវលឿងក្នុងគោលដៅទម្លាក់រដ្ឋាភិបាលរបស់លោកស្រីយីងឡាក់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៣
វាពិតជារឿងមួយកម្រមានណាស់ដែលព្រះមហាក្សត្រថៃ ព្រះចៅភូមិបុលចេញព្រះភក្រ្តអន្តរាគមន៍ជាសាធារណៈនោះ។ តែវាពិតជារឿងមួយមិនចម្លែកទាល់តែសោះនៅពេលណាដែលប្រទេសកំពុងជួបវិបត្តិធ្ងន់ធ្ងរដូចសព្វថ្ងៃនេះ។ ម្យ៉ាងទៀត វាពិតជាឱកាសមួយដ៏ល្អសម្រាប់ព្រះអង្គ ចំថ្ងៃដែលប្រជារាស្រ្តនៅទូទំាងប្រទេសបានចូលរួមប្រារព្ធខួបកំណើតរបស់ព្រះអង្គ។ នៅក្នុងសុន្ទរកថាដែលត្រូវបានគេចាក់ផ្សាយនៅគ្រប់បណ្តាញទូរទស្សន៍ក្នុងស្រុក ព្រះចៅភូមិបុលបានអំពាវនាវឲ្យប្រជារាស្រ្តគ្រប់រូបធ្វើការរួមគ្នាដើម្បីស្ថិរភាពប្រទេស។ « ការដែលប្រទេសថៃបានស្គាល់តែសន្តិភាពយូរអង្វែង ក៏ដោយសារតែទំាងអស់គ្នាបានធ្វើការរួមគ្នាដើម្បីផលប្រយោជន៍ប្រទេស។ ប្រជារាស្រ្តថៃម្នាក់ៗត្រូវតែយល់ដឹងពីរឿងនេះ និងត្រូវទទួលខុសត្រូវនូវតួនាទីរបស់ខ្លួនដើម្បីប្រយោជន៍ជាតិ » នេះជាព្រះរាជបន្ទូលរបស់ព្រះចៅភូមិបុល។
ពិធីចម្រើនព្រះជន្មព្រះចៅភូមិបុលត្រូវបានគេរៀបចំធ្វើយ៉ាងឱឡារិកនៅព្រះរាជដំណាក់របស់ព្រះអង្គក្នុងខេត្តហួហ៊ីន ដោយមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។ អ្វីជាការកត់សម្គាល់ ពិធីចម្រើនព្រះជន្មព្រះមហាក្សត្របានអនុញ្ញាតឲ្យមានការផ្អាកក្បួនបាតុកម្មរបស់ក្រុមអាវលឿងក្នុងគោលដៅទម្លាក់រដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្រ្តីយីងឡាក់។ តែនៅក្រោយពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ ក្បួនបាតុកម្មនឹងបន្តមានដោយចៀសមិនរួច។ គួរជម្រាបជូនថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានផ្ទុះឡើងនូវអំពើហិង្សាយ៉ាងខ្លំាងរវាងកម្លំាងសន្តិសុខ និងក្រុមបាតុករអាវលឿង។ ក្រុមបាតុករអាវលឿងដែលបានវាយសំរុកចូលទីតំាងរបស់ក្រសួងមួយចំនួន ពិសេសវិមានរដ្ឋាភិបាល។
សូមបញ្ជាក់ជូនថា ព្រះចៅភូមិបុលត្រូវបានគេចាត់ទុកជាអង្គស្តេចដែលកំពុងសោករាជ្យយូរជាងគេនៅក្នុងលោក ពោលជាង ៦០ឆ្នំាមកហើយ។ មួយវិញទៀត ព្រះអង្គក៏ត្រូវបានប្រជារាស្រ្តគោរពដូចព្រះអាទិទេពដែរ។ នៅក្នុងអតីតកាល ព្រះអង្គក៏ធ្លាប់បានចេញធ្វើអន្តរាគមន៍បិទបញ្ជប់វិបត្តិដែលបាននិងកំពុងបន្តពុះចែកសង្គមថៃមកដល់សព្វថ្ងៃ។ តែជាមួយនឹងជម្ងឺ និងព្រះរាជសុខភាពមិនទៀងទាត់នាពេលបច្ចុប្បន្ន ព្រះអង្គមិនសូវបង្ហាញព្រះភក្តិជាសាធារណៈប៉ុន្មានទេ។ ជាក់ស្តែងនៅក្នុងវិបត្តិកាលពីឆ្នំា ២០១០ ដែលបានបណ្តាលឲ្យស្លាប់មនុស្ស ៩០នាក់ និងរបួស ១ ៩០០នាក់ ព្រះចៅភូមិបុលបានគង្គនៅស្ងៀមស្ងាត់ មិនមានបន្ទូលអ្វីទំាងអស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ