អានតួអត្ថបទ
ចិន-រុស្ស៊ី

ចិន​ចុះ​កិច្ចសន្យា​ទិញ​ឧស្ម័ន​ពី​រុស្ស៊ី​ក្នុង​តម្លៃ​រាប់រយ​ពាន់​លាន​ដុល្លារ

រុស្ស៊ី និង​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញលក់​ឧស្ម័ន ក្នុង​តម្លៃ​រាប់រយពាន់លាន​ដុល្លារ កាល​ពីថ្ងៃពុធ។ កិច្ចសន្យា​នេះ​ត្រូវ​បាន​ចុះ នៅ​​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី ​វ៉្លាឌីមៀរ ពូទីន នៅ​ក្នុង​ប្រទេស​ចិន។ ការចុះកិច្ចសន្យា​លក់​ឧស្ម័ន​ទៅ​ឲ្យ​ចិន​​នេះ គឺ​ជា​គោលដៅ​ដ៏​ចម្បងមួយ ដែល​លោក​ពូទីន​ចង់​សម្រេច​ឲ្យបាន នៅ​ក្នុង​ពេល​ដែល​រុស្ស៊ី​កំពុង​មាន​ភាពតានតឹង​ជាមួយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ជុំវិញ​វិបត្តិ​នៅ​អ៊ុយក្រែន។

លោក​ប្រធានាធិបតី​វ៉ា្លឌីមៀរ ពូទីន និង​ស៊ី ជីនពីង នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ទិញលក់​ឧស្ម័ន ថ្ងៃ​ពុធ ២១ឧសភា ២០១៤
លោក​ប្រធានាធិបតី​វ៉ា្លឌីមៀរ ពូទីន និង​ស៊ី ជីនពីង នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ទិញលក់​ឧស្ម័ន ថ្ងៃ​ពុធ ២១ឧសភា ២០១៤ REUTERS/Alexei Druzhinin
ផ្សាយពាណិជ្ជកម្ម

កិច្ចសន្យា​ទិញលក់​ឧស្ម័ន ត្រូវ​បាន​ចុះ រវាង​ក្រុមហ៊ុន​ Gazprom ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី និង​ក្រុមហ៊ុន China National Petroleum Corp ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​របស់​ចិន។ ពិធី​ចុះហត្ថលេខា​ត្រូវ​បាន​ធ្វើឡើង នៅ​ទីក្រុង​សៀងហៃ ក្រោម​អធិបតីភាព​របស់​លោក​វ៉ា្លឌីមៀរ ពូទីន និង​លោក​ស៊ី ជីនពីង។ រុស្ស៊ី និង​ចិន មិនបាន​បង្ហាញ​ឲ្យដឹង អំពី​ទំហំទឹកប្រាក់​នៃ​កិច្ចសន្យា​នេះ​ទេ ក៏ប៉ុន្តែ គេ​បាន​ប៉ាន់​ប្រមាណ​ថា វា​មាន​តម្លៃ​​សរុប​រហូតដល់​ទៅ​ប្រមាណ​ជា ៤០០ពាន់លាន​ដុល្លារ។

តាមរយៈកិច្ចសន្យា​នេះ រុស្ស៊ី​នឹង​ត្រូវ​ផ្គត់ផ្គង់​ឧស្ម័ន​​ទៅ​ឲ្យ​ចិន ប្រមាណ​ជា ៣៨ពាន់លាន​ម៉ែត្រ​គុប​ក្នុងមួយឆ្នាំៗ សម្រាប់​រយៈពេល ៣០ឆ្នាំ។ ក៏ប៉ុន្តែ ទាល់តែ​ដល់​ឆ្នាំ​២០១៨ ទើប​ការ​ផ្គត់ផ្គង់​ឧស្ម័ន​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​ធ្វើ តាមរយៈ​បំពង់​បង្ហូរ​ឧស្ម័ន ចេញ​ពី​រុស្ស៊ី កាត់​តាម​តំបន់​ស៊ីបេរី ទៅដល់​ប្រទេស​ចិន។

គួរបញ្ជាក់ថា កិច្ចសន្យា​ទិញលក់​ឧស្ម័ន​នេះ ត្រូវ​បាន​ចិន និង​រុស្ស៊ី ចរចា​គ្នា អស់រយៈពេល​ប្រមាណ​ជា ១០ឆ្នាំ​មក​ហើយ។​ ចំណុច​ចម្រូងចម្រាស​ចុងក្រោយ​បំផុត គឺ​ទាក់ទង​នឹង​តម្លៃ។ គិត​មក​ទល់​នឹង​ពេល​ដែល​លោក​ពូទីន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច ទៅកាន់​ប្រទេស​ចិន កិច្ចសន្យា​ទិញលក់​ឧស្ម័ន​នេះ​ក៏​នៅមិនទាន់​ត្រូវ​បាន​ភាគី​ទាំងពីរ​ចរចា​ត្រូវរ៉ូវគ្នា​នៅឡើយដែរ ខណៈពេល​ដែល​លោក​ពូទីន​រំពឹង​ចង់​ចុះ​កិច្ចសន្យា​នេះ​ឲ្យបាន មុនពេល​លោក​បញ្ចប់​ដំណើរទស្សនកិច្ច​នៅ​ចិន។

​អ្នក​ជំនាញ​ខាង​ការចរចា​ពាណិជ្ជកម្ម​អន្តរជាតិ​ខ្លះ​គិត​ថា ចិន​ទំនង​ជា​កិកកុកខ្លាំង​រឿង​តម្លៃ ដោយសារ​តែ​ចិន​ដឹង​ថា រុស្ស៊ី​កំពុង​មាន​ភាព​តានតឹង​ជាមួយ​​ប្រទេស​នៅ​អឺរ៉ុប ដោយសារ​តែ​វិបត្តិ​អ៊ុយក្រែន ហើយ​កំពុង​ស្វះស្វែង​រក​អតិថិជន​ថ្មី សម្រាប់​លក់​ឧស្ម័ន។ ដូច្នេះ រុស្ស៊ី​ទំនង​ជា​សុខចិត្ត​បញ្ចុះ​តម្លៃ​ទៅតាម​ការទាមទារ​របស់​ចិន ទើប​កិច្ចសន្យា​នេះ​ត្រូវ​បាន​ចុះ នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​របស់​លោក​ពូទីន ដូច​អ្វី​ដែល​លោក​ប្រាថ្នា​ចង់​បាន។

គួររំឭកឡើងវិញ​ផងដែរ​ថា រុស្ស៊ី​ធ្លាប់​បាន​ព្រមាន​សហភាព​អឺរ៉ុប​ថា ចាប់ពីដើមខែ​មិថុនា​ខាងមុខនេះ​ទៅ ប្រសិន​បើ​អ៊ុយក្រែន​មិន​ព្រម​សងលុយ​ថ្លៃ​ឧស្ម័ន​ដែល​ជំពាក់​ទេនោះ រុស្ស៊ី​ ​នឹង​ផ្តាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​ឲ្យ​អ៊ុយក្រែន ហើយ​ការ​ផ្គត់ផ្គង់​ប្រេង​ទៅ​កាន់​ប្រទេស​នៅ​អឺរ៉ុប​ដោយឆ្លងកាត់​ប្រទេស​អ៊ុយក្រែន ក៏​អាច​នឹង​ត្រូវ​កាត់ផ្តាច់​ផងដែរ។

កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ លោក​ឌីមីទ្រី មេដវេដេវ នាយករដ្ឋមន្រ្តី​រុស្ស៊ី​ ធ្លាប់​បាន​និយាយផ្គើន​ សហភាព​អឺរ៉ុប ដែល​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ជុំវិញ​វិបត្តិ​នៅ​អ៊ុយក្រែន​ថា រុស្ស៊ី​នឹង​បង្វែរ​ឧស្ម័ន ដែល​ធ្លាប់​តែ​លក់​ទៅ​ឲ្យ​អឺរ៉ុប យក​ទៅ​លក់​ឲ្យ​ចិនវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ