អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សង្គ្រាម​រវាង​រុស្ស៊ី​និង​អាជ្ញាធរ​កីឡា​ពិភពលោក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទោះបី​ដោយ​នៅ​រង់ចាំ​ការអារកាត់​របស់​គណៈកម្មាធិការ​អូឡាពិកCIO តើប្រទេស ​រុស្ស៊ី​ក្នុង​ឋានៈ​ជា​មហាអំណាច​កីឡាមួយដែរ​ អាចចូលរួម​ប្រកួតឬ​ទេ ក្នុងល្បែង​កីឡា​អូឡាំពិក នៅ​ប្រទេស​ប្រេស៊ីល​ក្នុងខែសីហា​ខាងមុខ​ ក៏​ថ្ងៃ២០កក្កដា​ម្សិលម៉្ងៃ​ គណៈ​កម្មាធិការ​ អូឡាំពិក​ជាតិ​របស់រុស្ស៊ី​​បានសម្រេច​ផ្សំទៅហើយ​សមាសភាពនៃ ក្រុម​អ្នកកីឡា​ជម្រើស​រុស្ស៊ី​សម្រាប់​ទៅចូលរួម​ក្នុងល្បែងកីឡា​អូឡាំពិក​ ថ្ងៃមុខ។ ចំណែក​ការវិនិច្ឆ័យ​អំពី​វាសនា​ពួកអ្នកកីឡា​រុស្ស៊ី​ ត្រូវ​គណៈកម្មាធិការ​CIO គ្រោងប្រកាស​នៅថ្ងៃ​អាទិត្យ ២៤​កក្កដា។​

ប្រធាន​ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ CIO លោក​Thomas Bach
ប្រធាន​ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ CIO លោក​Thomas Bach FABRICE COFFRINI / AFP
ផ្សាយពាណិជ្ជកម្ម

 

ជាលទ្ធផល​នៃ​សម័យប្រជុំ​ថ្ងៃ២០កក្កដា​កន្លងទៅ​ ថ្នាក់ដឹកនាំ​នៃ​គណៈ​កម្មាធិការ​ អូឡាំពិក​ជាតិ​រុស្ស៊ី COR បានប្រកាសថា​សមាសភាព​ក្រុមអ្នកកីឡា​ជម្រើស​របស់​ប្រទេស​រុស្ស៊ី ​ផ្សំឡើង​​ពីអត្តពលិក ៣៨៧នាក់​សម្រាប់​ប្រកួត​​យកមេដាយ នៅតាមកីឡា​ចំនួន៣០​ប្រភេទ​ ហើយ​ដោយបូកទាំង​គ្រូបង្វឹក គ្រូពេទ្យ​និងបុគ្គលិក​ឯទៀត​ គឺមានគ្នា​ដល់​៧០០នាក់។ អត្តពលិក​រុស្ស៊ី​ទាំងនោះ​ត្រូវបាន​ស្រាល់ជ្រើស​​ពីពួកអ្នក​កីឡា​នៅតាម​៤៦ខេត្ត ពីក្នុង​ចំណោម ខេត្តទាំង​​៨៥ ដែល​បច្ចុប្បន្ន​ចំណុះ​សហព័ន្ធ​រុស្ស៊ី។​ 

ប្រធានគណៈ​កម្មាធិការ​អូឡាំពិក​រុស្ស៊ី លោក​ Alexandre Joukov បានថ្លែង​ក្នុង​ឱកាស​នោះ ទៅកាន់​ពួកអ្នកកាសែត​ថា៖ 

-គណៈ​កម្មាធិការ​អូឡាំពិកជាតិ​រុស្ស៊ី COR ​ជាសមាជិក​ពេញសិទ្ធិ​នៃចលនា​អូឡាំពិក​អន្តរជាតិ​ ម៉្លោះហើយ​បានជា​ក្រុមអ្នកកីឡា​រុស្ស៊ី​​នឹងប្រកួត ​គឺតែនៅ​ក្រោម​ទង់ជាតិ​​ត្រីពណ៏​រុស្ស៊ី​ ហើយ​មតិ​ដែលថា​ ក្រុមអ្នក​កីឡារុស្ស៊ី​នឹងប្រកួត​នៅក្រោម​ទង់របស់​ គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ CIO​ គឺជា​ការ “ភាន់ច្រឡំ​ខ្លាំង”តែម្តង។​

-ការទាមទារ​ឲ្យ​ពួក​អត្តពលិក​រុស្ស៊ី​ហ្វឹកហាត់តែនៅ​បរទេស​គឺ​ជាការរើសអើង​សុទ្ធសាធ។​ ដ្បិត​កន្លះឆ្នាំ​ចុងក្រោយ​ ស្របនឹង​ការទូន្មា​ន​របស់ WADA​ គេតែងរង​ការធ្វើតេស្ត៏​តើគេ​បាន​ប្រើថ្នាំ​លើក​កម្លាំងឬ​ទេ គឺនៅក្រោម​ការត្រួតពិនិត្យ​ របស់ទីភ្នាក់ងារ​អង់គ្លេស​ប្រឆាំងការ​ប្រើថ្នាំ​លើក​កម្លាំង ហៅថា BADA ( British Anti-Doping Agency ) ​និងនៅតាម​មន្ទីរពិសោធ​បរទេស​ ខាង​ប្រឆាំង​ការប្រើថ្នាំ​លើកកម្លាំង​អ្នក​កីឡា។

-រុស្ស៊ី​តែងបាន​និយាយហើយ​និយាយទៀត​ថា ខ្លួនប្រឆាំង​នឹងការ​ធ្វើពហិការ​ណា​ក៏ដោយ​ ដោយ​មិនអាស្រ័យ​តើមកពី​មូលហេតុនយោបាយ​ ឬ​ក៏​មូលហេតុណា​ផ្សេងឡើយ។​

-ទោះនរណា​ក៏ដោយ មិនត្រូវ​លូកដៃ​ដាក់គំនាប​លើអាជ្ញាធរ​កីឡានេះ​ឬនោះ​ឡើយ​ បែបយ៉ាង សំណើ​ពីទីភ្នាក់ងារ​អាមេរិកាំង​ប្រឆាំងនឹង​ការប្រើថ្នាំ​លើកកម្លាំង​អ្នកកីឡា​ហៅថា USADA​ ស្នើ​ឲ្យគណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ​ CIO ឆូតឈ្មោះ​ប្រទេរស​រុស្ស៊ី​ចេញពី​ការប្រកួត ក្នុង​ល្បែង​អូឡាំពិក​នៅប្រទេស​ប្រេស៊ីល​ថ្ងៃមុខ។ សំណើនេះ​ត្រូវបាន​ដាក់ចេញ​គឺតាំងពី​មុន​ ទីភ្នាក់ងារ​ពិភពលោក​ប្រឆាំងការប្រើ​ថ្នាំលើក​កម្លាំង​អ្នក​កីឡាWADA​ ( World Anti-Doping Agency ) ចេញ​សេចក្តីសន្និដ្ឋាន​ចោទរុស្ស៊ី​​ថាក្នុង​ល្បែងអូឡាំពិក​ឆ្នាំ២០១៤​ នៅក្រុងSochi​ រុស្ស៊ី​បានអនុវត្តកម្មវិធី​ថ្នាក់រដ្ឋ​តែម្តង​ ឲ្យប្រើថ្នាំ​លើកកម្លាំង​អ្នកកីឡា​ខ្លួន​។

ការចោទ​ប្រកាន់​ ដែល​រុស្ស៊ីច្រានចោលដាច់​អហង្ការ​ ដ្បិត​លោកប្រធាន WADA  Richard McLaren ជា​អ្នក​ច្បាប់ជាតិ​កាណាដា​ ក្នុងរបាយការណ៍ខ្លួន​ ឥតបាន​លើកយក​ភស្តុតាង​មក​បង្ហាញ​ឯណា ហើយ​ជឿតាម​សំដី​ពោលអាង​របស់វេជ្ជបណ្ឌិត​រុស្ស៊ី​ឈ្មោះ Grigori Rodtchenkov ដែល​ធ្លាប់​ធ្វើ​ជា​អ្នកដឹកនាំ​មន្ទីរពិសោធ​រុស្ស៊ី​ប្រឆាំងការ​ប្រើថ្នាំ​លើកកម្លាំង​អ្នកកីឡា​ ហើយក្រោយ​ពី​កីឡា​អូឡាំពិក​នៅក្រុង​ Sochi ចប់ទៅ​ បានភៀសខ្លួន​ទៅរស់នៅ​និងធ្វើការ​នៅស.រ.អា.​ទៅ។​
 
ប្រធានគណៈ​កម្មាធិការ​អូឡាំពិក​រុស្ស៊ី លោក​Alexandre Joukov ក្នុងបទអន្តរាគមន៍ខ្លួន សង្កត់​ធ្ងន់ថា ៖

-ចលនាអូឡាំពិក​អន្តរជាតិ​ជាចលនា​ដែលបង្រួបបង្រួម​ប្រទេស​ក្នុងលោក ហើយ​ការប្រើ​ ចលនា​នេះ​ជាអាវុធ គឺជា​រឿងអតីតកាល​ដែលហួស​សម័យ​ទៅហើយ។​
 
គណៈកម្មាធិការ​អូឡាពិក​ជាតិ​រុស្ស៊ី ​COR ថ្ងៃ២០កក្កដានោះ ក៏បានប្រកាស​ឲ្យដឹង​ជាមុន​​អំពី ទំហំ​ប្រាក់រង្វាន់​ដែលរដ្ឋ​រុស្ស៊ី​នឹងប្រគល់​ទៅ​អ្នកកីឡា​ខ្លួនណា​​​ដែលចេះ​ដណ្តើមបាន​មេដាយ ក្នុង​ល្បែងកីឡា​អូឡាំពិក​រដូវក្តៅ​តាមលេខរៀង​ជាលើកទី​៣១ ដែលនឹង​ប្រព្រឹត្តទៅ​នៅក្រុង​ Rio de Janeiro  ប្រទេស​ប្រេស៊ីល​ ពីថ្ងៃទី​៥ដល់២១សីហា​ខាងមុខ។

រង្វាន់នោះ មានដូចតទៅ ៖
ចំពោះ​មេដាយ​មាស គឺ​៤លាន​រូប្ល ឬជិត​៦៣០០០ដុល្លារ ចំពោះ​មេដាយប្រាក់​ គឺ ២លាន ៧សែនរូប្ល ឬ​ជាង ៤២០០០ដុល្លារ , ចំពោះមេដាយ​សំរឹទ្ធគឺ ១លាន៧សែនរូប្ល ឬ​ ជិត​២៧០០០ដុល្លារ។
 
គួរនិយាយ​ថា រុស្ស៊ី​ខ្លួនឯង​​​ធ្លាប់បានធ្វើជាម្ចាស់ផ្ទះ​ទទួលឲ្យ​ប្រព្រឹត្តទៅ​ កីឡាអូឡាំពិក​ពីរលើក​ទៅហើយ ​គឺ ៖
-លើកទី១​ ក្នុងឆ្នាំ១៩៨០​ ជាកីឡាអូឡាំពិក​រដូវក្តៅ​ដែលបាន​ប្រព្រឹត្តទៅ​នៅរដ្ឋធានី​ម៉ូស្គូ​តែម្តង ដែលទោះបី​កាលណោះ​ បណ្តាប្រទេស​បស្ចិមលោក​ពួតដៃគ្នា​មិន​មកចូលរួមក្តី​ ជាសញ្ញា​ ប្រឆាំង​នឹង​អន្តរាគមន៍​កងទ័ពសូវៀត​នៅអាហ្វហ្កានីស្ថាន​ ឆ្នាំ១៩៧៩​ ក៏មានដល់​ទៅ ៨០​ ប្រទេស​ឯណោះ​បានបញ្ជូន​អត្តពលិកខ្លួន​សរុបទៅ​គឺ ៥.២១៧នាក់​ឲ្យ​មក​ប្រកួត។

ជាការ​កត់សម្គាល់ លុះ​៤ឆ្នាំក្រោយមក ​ក្នុងល្បែងកីឡាអូឡាំពិក​ឆ្នាំ១៩៨៤ នៅក្រុង Los Angeles ​ដែលមានស.រ.អា.​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល ​​ក្រុមប្រទេសប្លុកខាងកើត​នាំមុខ​ដោយ​ សហភាព​សូវៀត​​បានធ្វើពហិការ​វិញម្តង​ មិនទៅ​ចូលរួម​ឡើយ។ សូម្បីមាន​ពហិការ​នេះក្តី​ ក៏​កាលណោះ​ ​មានដល់ទៅ១៤០​ប្រទេស​បាន​ចូលរួម​ជាមួយនឹង​អត្តពលិកគេ​​ចំនួន ៦.៧៩៧នាក់។​

-លើកទី២​ គឺកីឡា​អូឡាំពិករដូវ​ត្រជាក់ នៅក្រុង​រុស្ស៊ីSochi ក្នុងខែ​កុម្ភៈ ​ឆ្នាំ២០១៤ ចូលរួម​ដោយ​៨៨ប្រទេស គឺច្រើន​មិនធ្លាប់មាន​ដូចទេ​ក្នុងប្រវត្តិកីឡា​រដូវត្រជាក់​ និងអ្នកកីឡា​ដល់ទៅ ២.៨០០​នាក់ ​ដែលជំនាញ​ខាងកីឡា​លើទឹកកក។​
 
តាមមើលទៅ រុស្ស៊ី​អាច​សង្ឃឹម​តិចណាស់ ថា​ខ្លួន​អាចចូលរួមប្រកួត ក្នុងល្បែង​កីឡាអូឡាំពិក​ នៅប្រទេស​ប្រេស៊ីល​នៅខែសីហា​ខាងមុខ​ពីព្រោះ​តុលាការអាជ្ញាកណ្តាល​ខាងកីឡា​ ហៅ​កាត់​ថា CAS នៅក្រុង ​Lausanne ប្រទេស​ស្វ៊ីស​ ថ្ងៃ២១កក្កដា​ម្សិលមិញ​បានចេញ​សាលក្រមដែល​ច្រានចោល ការតវ៉ា​របស់​អត្តពលិក​រុស្ស៊ី​៦៨នាក់ ហើយបិទផ្លូវ​គេ​មិនឲ្យទៅ​ចូលប្រកួត​ក្នុង​ល្បែងអូឡាំពិក​នោះឡើយ​ ដោយ​សំអាង លើការ​ហាមប្រាម​បែបនេះ​ចេញទៅហើយ​ដោយ​សហព័ន្ធអត្តពលកម្ម​អន្តជាតិ ​IAAF ទោះបីរុស្ស៊ី​ មានពេល​៣០ថ្ងៃ​សម្រាប់​ប្តឹងតវ៉ា​ទល់នឹង​សាលក្រម​នេះក្តី។​
 
ម្យ៉ាងទៀត ​​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​CIO ក្នុងសេចក្តីសម្រេច​ដែលគ្រោង​ចេញ​នៅថ្ងៃ​២៤កក្កដា​ខាងមុខ ទាក់ទង​នឹងវាសនា​ ក្រុមអ្នកកីឡា​ជម្រើសរបស់​ប្រទេសរុស្ស៊ី​ទាំងមូល​ ច្បាស់ជា​នឹងយោងទៅលើ​សាលក្រម​ចេញថ្ងៃ២១​​កក្កដា ដោយ​​តុលាការ​អាជ្ញាកណ្តាល​​ខាងកីឡាហៅកាត់​ថា CAS នៅក្រុង Lausanne៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ