នៅរុស្ស៊ី បក្សប្រឆាំងបរិហារបក្សកាន់អំណាច ដោយលាយលក្ខអក្សរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣៩
ថ្ងៃ៣០សីហាកន្លងទៅ បក្សប្រឆាំង ឈ្មោះ “បក្សសេរីភាពប្រជាជន“ ដែលត្រូវបានគ.ជ.ប. អនុញ្ញាតឲ្យចូលប្រឡូកដែរ ក្នុងការបោះឆ្នោតសភាឌូម៉ា ក្នុងខែកញ្ញានេះ បានបង្ហាញ របាយការណ៍ជាលាយលក្ខអក្សរកម្រាស់ ៦៦ទំព័រ បរិហារអាក្រាតអំពើពុករលួយ ក្នុងជួរបក្សកាន់អំណាច ឈ្មោះ “ប្រទេសរុស្ស៊ីរួមធ្លុងមួយ“។ ពិធីនេះដែលបង្កឲ្យពួកអ្នកកាសែត បស្ចិមលោក ច្រាស់ច្រាល់ចង់ដឹងសាច់រឿង បានប្រព្រឹត្តទៅក្រោមបាវចនាថា បក្ស “ប្រទេស រុស្ស៊ីរួមធ្លុងមួយ“ បើកទ្វារឲ្យពួកឧក្រិដ្ឋជនចូលកាន់អំណាច។
ពិធីបង្ហាញរបាយការណ៍នេះ ដែលបានប្រព្រឹត្តទៅ ថ្ងៃអង្គារទី៣០សីហា នៅឯទីស្នាក់ការ“មូលនិធិខាងប្រយុទ្ធទល់នឹងអំពើពុករលួយ“ នៅពីមុខពួកអ្នកកាសែតបស្ចិមលោក ចូលចិត្ត សរសេរអាក្រក់អំពីប្រទេសរុស្ស៊ី អំពីរបបគ្រប់គ្រងនៅរុស្ស៊ី គឺធ្វើដោយអនុប្រធាននៃបក្សសេរីភាពប្រជាជន ហៅថា PARNAS ជាបក្សប្រឆាំងស្ថិតនៅក្រៅប្រព័ន្ធអំណាច គឺលោក Ilya Yashin ដែលជាយុទ្ធមិត្តដ៏ជំនិតរបស់មេបក្សប្រឆាំងម្នាក់ទៀតឈ្មោះ Boris Niemtsov ត្រូវបានគេលួចបាញ់សម្លាប់ កាលពីខែកុម្ភៈឆ្នាំទៅមិញ នៅក្បែរវិមានក្រេមឡាំងតែម្តង
របាយការណ៍កម្រាស់៦៦ទំព័រ ចងក្រងជាសៀវភៅបោះផ្សាយដល់ទៅ ២០.០០០ក្បាល មានឈ្មោះថា៖ បក្សកាន់អំណាចជាគណបក្សប្រទេសរុស្ស៊ីឧក្រិដ្ឋ។
របាយការណ៍នេះ ដែលដៅទៅលើសមាជិកណានៃបក្សកាន់អំណាច ប្រទេសរុស្ស៊ីរួមធ្លុងមួយ ធ្លាប់ជាប់ឈ្មោះក្នុងសំណុំរឿងព្រហ្មទណ្ឌដែលពាក់ព័ន្ធនិងមជ្ឈដ្ឋានឧក្រិដ្ឋជន ចែកជា ៥ចំពូកក្រោមចំណងជើង ដូចតទៅគឺថា៖ “អង្គការឧក្រិដ្ឋ”, “ពួកពុករលួយ”, “ពួកស៊ីសំណូក”, “ពួកឆបោក” និង“ពួកឃាតករ”។
លោក Yashin ក្នុងរបាយការណ៍នោះ ចោទគណបក្សប្រទេសរុស្ស៊ីរួមធ្លុងមួយ ថាជាអាណាព្យាបាល និងអ្នកគាំទ្រដល់មន្ត្រីរដ្ឋការខ្ពស់ៗ-សមាជិកខ្លួន បែបយ៉ាង អតីតអភិបាល
ខេត្តកូមី លោក Vyacheslav Gaizer ដែលពេលឆែកឆេរនៅគេហដ្ឋានគាត់ មានរកឃើញ លុយ ជាក្រដាសប្រាក់ស្រស់ៗ ចំនួន១.០០០.០០០ដុល្លារ ជាប់ចោទក្នុងការបង្កើតឡើង ជាក្រុមចោរប្លន់ មានគ្នា៥នាក់ ជាសមាជិកបក្សកាន់អំណាច បានធ្វើការក្នុងសាលាក្រុង គូតសេវ ហើយដែលមេគេម្នាក់ឈ្មោះ Serguei Tsapok ថែមទាំងបានវត្តមាន ក្នុងពិធីទទួលសច្ចាប្រណិធានរបស់លោកឌ្មីទ្រី មេដវេដេវ ពេលគាត់ឡើងកាន់តំណែង ជាប្រធានាធិបតីរុស្ស៊ី ក្នុងឆ្នាំ២០០៨។
ករណីមួយទៀត គឺរូបអតីតអភិបាលខេត្តសាខាលីន លោក Alexandre Khoroshavin ដែលត្រូវបានចាប់ខ្លួនចំពោះការទទួលសំណូកក្នុងទំហំ៥.៦០០.០០០ដុល្លារ។
ពីក្នុងចំណោមអ្នកតំណាងរាស្ត្រ សមាជិកបក្សកាន់អំណាច របាយការណ៍នោះលើកយក មកនិយាយឈ្មោះ៖
-អនុប្រធានទី១នៃគណៈកម្មាធិការសភាឌូម៉ា ខាងទីផ្សារហិរញ្ញវត្ថុ លោកVladislav Reznik ដែលត្រូវអាជ្ញាធរអេស្ប៉ាញប្រកាសឲ្យប៉ូលីសអន្តរជាតិស្វែងរកចាប់ តាមបទលាងលុយ និង មានចំណងជាមួយក្រុមឧក្រិដ្ឋជន។
-អនុប្រធានទី១នៃគណៈកម្មាធិការសភាឌូម៉ា ខាងទ្រង់ទ្រាយរដ្ឋសហព័ន្ធ លោកAdam Delikhanov ដែលត្រូវបានប្រទេសអេមៀរ៉ាតអារ៉ាប់រួម ប្រកាសឲ្យប៉ូលីសអន្តរជាតិស្វែងរក ចាប់ខ្លួនដែរ តាមបទឃាតកម្មក្នុងឆ្នាំ២០០៩ មេបញ្ជាការកងវរសេនាតូចពួកឧទ្ទាមឆេឆេន ឈ្មោះSulim Yamadaiev។
ក្នុងចំណោមសមាជិករដ្ឋាភិបាល មានលោកអតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Anatoly Serdiukov, លោកស្រីអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម Elena Skrynnik ព្រមទាំងអភិបាលក្រុងមួយចំនួនដែលសុទ្ធតែពាក់ព័ន្ធនឹងអំពើពុករលួយ។
លើទំព័រចុងក្រោយនៃរបាយការណ៍ ថែមទាំងមានរំលឹកប្រសាសន៍លោកនាយករដ្ឋមន្ត្រីរុស្ស៊ី មេដវេដេវ ជាប្រធានគណបក្សប្រទេសរុស្ស៊ីរួមធ្លុងមួយ ដែលថា៖ គួរឲ្យអាណិតអ្នកស្រុក ម្ចាស់ឆ្នោត ដែលខំបោះឆ្នោតឲ្យពួកអ្នកនយោបាយចោលម្សៀតគ្មានដឹងខ្យល់អ្វីសោះ។
ជាការកត់សម្គាល់ ថ្នាក់ដឹកនាំគណបក្សប្រឆាំង PARNAS នាំគ្នាថ្លែងថា របាយការណ៍នេះ មិនមែនជារបាយការណ៍របស់បក្សទាំងមូលឡើយ តែជារបស់បុគ្គល Ilya Yashin ដែល គ្រាន់តែជាអនុប្រធានម្នាក់របស់បក្សប៉ុណ្ណោះ។
មានទៅហើយប្រតិកម្មដំបូង ពីខាងតំណាងម្នាក់របស់បក្សកាន់អំណាច។ លោកអនុប្រធាន គណៈកម្មាធិការប្រតិបត្តិ បក្សប្រទេសរុស្ស៊ីរួមធ្លុងមួយ Constantin Mazurevski ថ្លែងថា៖
នេះមិនមែនជារបាយការណ៍ទេ វាគ្រាន់តែជាការចងក្រងហេតុការណ៍ដែលសង្គមរុស្ស៊ីធ្លាប់ ដឹងឮយូរមកហើយ។
គាត់រំលឹកថា បក្សប្រទេសរុស្ស៊ីរួមធ្លុងមួយតែងប្រកាន់គោលជំហរមធ្យ័តណាស់ ក្នុងបញ្ហាប្រយុទ្ធទល់នឹងអំពើពុករលួយ ដោយបក្សនេះជាបក្សតែមួយគត់ ដែលទាមទារ ពីសមាជិកខ្លួនតឹងរ៉ឹងជាងទាមទារដោយច្បាប់ប្រទេសទៅផង ដ្បិតក្នុងករណីមាន កសាងឡើងជាសំណុំរឿងព្រហ្មទណ្ឌទល់នឹងសមាជិកខ្លួន សមាជិកនោះឯងនឹងត្រូវឆូតឈ្មោះ ចេញភ្លាមពីជួរគណបក្ស។ មិនតែប៉ុណ្ណោះ នរណាដែលធ្លាប់បានត្រូវតុលាការកាត់ទោស គឺ មិនអាចឈរឈ្មោះជាបេក្ខជនរបស់បក្សឡើយ។
បក្សកាន់អំណាចប្រទេសរុស្ស៊ីរួមធ្លុងមួយ ដែលបានប្រសូតមកក្នុងឆ្នាំ២០០១ មុនដំបូង ដឹកនាំដោយលោកប្រធានាធិបតីពូទីន ហើយតាំងពីឆ្នាំ២០១១មក មានរូប លោកនាយករដ្ឋមន្ត្រីមេដវេដេវ ជាប្រធាន។ បក្សនេះមានអាសនៈភាគច្រើនជានិច្ចប្រចាំក្នុង សភាឌូម៉ា ក្នុងបីនីតិកាលចុងក្រោយ គឺថាពីក្នុងចំណោមអាសនៈទាំង៤៥០ បក្សនេះមានដល់ទៅ ៣០៦អាសនៈក្នុងនីតិកាលទី៤ ឆ្នាំ២០០៣, ឡើងដល់៣១៥អាសនៈ ក្នុងនីតិកាលទី៥ ឆ្នាំ២០០៧ ហើយទោះបីចុះមកនៅ២៣៨ អាសនៈ ក្នុងនីតិកាលទី៦បច្ចុប្បន្ន ក៏នៅតែលើសពី ពាក់កណ្តាលដដែល។ បក្សកាន់អំណាចនេះ មានសមាជិកជាង២លាន១ម៉ឺននាក់។ គោលជំហរបក្ស គឺគាំទ្រពេញទីបន្ទាត់នយោបាយរបស់ប្រធានាធិបតីនិងរដ្ឋាភិបាល។
ចំណែកបក្សប្រឆាំងឈ្មោះ បក្សសេរីភាពប្រជាជន ហៅកាត់ថា PARNAS បានចាប់កំណើត ក្នុងឆ្នាំ១៩៩០ ហើយត្រូវបានចុះឈ្មោះក្នុងបញ្ជីក្រសួងយុត្តិធម៌ មួយឆ្នាំក្រោយមក គឺក្នុងឆ្នាំ ១៩៩១។ បក្សនេះដឹកនាំដោយលោក Mikhail Kasyanov ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីរុស្ស៊ីពីឆ្នាំ ២០០០ ដល់ឆ្នាំ២០០៤ ពេលដែលគាត់ត្រូវបានលោកប្រធានាធិបតីពូទីន ដកពីមុខតំណែង ទៅ។ តាំងពីពេលនោះមក លោក Kasyanov ដែលបស្ចិមលោកនិយមដល់ខួរឆ្អឹង ក្លាយជា សត្រូវទិតៀនគ្មានប្រណី នយោបាយលោកពូទីនរហូតដល់គាត់ហ៊ានថ្លែងថា ក្រោយពីគាត់ ឡើងកាន់អំណាចនៅរុស្ស៊ី គាត់នឹងបង្វែរទឹកដីគ្រីមេឲ្យទៅអ៊ុយក្រែនភ្លាម។
បក្សគាត់មានសមាជិកតែជាង៤ម៉ឺន៦ពាន់នាក់។ ពីក្នុងចំណោមអាសនៈទាំង៤៥០ នៃសភាឌូម៉ា បក្សនេះធ្លាប់មាន១៤ អាសនៈ ក្នុងសភាឌូម៉ានីតិកាលទី១ ឆ្នាំ១៩៩៣ ហើយចុះមកនៅត្រឹម១អាសនៈ ក្នុងនីតិកាលទី៣ ឆ្នាំ១៩៩៩ រួចតាំងពីពេលនោះមក សូម្បីតែ១អាសនៈក៏គ្មានទេ។ មកពីគ្មានអាសនៈក្នុងសភាឌូម៉ា បានជាបក្សនេះមានងារជា បក្សនៅក្រៅប្រព័ន្ធអំណាច។ ទោះយ៉ាងណាក្តី ក៏បក្សនេះនៅតែជ្រោងលើកឡើងបាវចនាខ្លួន ដែលថា "ដើម្បីប្រទេសរុស្ស៊ី គ្មានអំពើពុករលួយ”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ