នៅរុស្ស៊ី ក្រេមឡាំង ដោយបើកផ្លូវឲ្យបក្សប្រឆាំងចូលប្រឡូកកាន់តែច្រើន គឺកាន់តែឈ្នះឆ្នោត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៨
ជាលទ្ធផលនៃការបោះឆ្នោតសភា ថ្ងៃអាទិត្យ១៨កញ្ញាកន្លងទៅ បក្សកាន់អំណាចនៅរុស្ស៊ី ដណ្តើមបានជ័យជំនះដ៏ត្រចះត្រចង់មិនធ្លាប់មាន ដោយទទួលបានអាសនៈភាគច្រើន លើសលុប ដល់ជាង២/៣នៃចំនួនអាសនៈក្នុងសភាឌូម៉ានីតិកាលទី៧ ពោលគឺ៣៤៣លើ៤៥០អាសនៈ ដែលជាភាគច្រើនធម្មនុញ្ញតែម្តង អាចកែប្រែឬបញ្ចូលវិសោធនកម្មទៅក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ គេកត់សម្គាល់ថា អត្រាអ្នកបោះឆ្នោតលើកនេះ មានកម្រិតទាបមែនទែន។
ថ្វីត្បិតតែអន្តរជាតិទទួលស្គាល់ថាវាបានប្រព្រឹត្តទៅក្នុងតម្លាភាពខ្ពស់ជាងមុនក្តី ក៏គេទិតៀនមូស្គូថាបានរឹតត្បិតសិទ្ធិនយោបាយរបស់បក្សប្រឆាំងនិងប្រព័ន្ធផ្សព្វផ្សាយ។ ចំណែក ស.រ.អា. និងសហភាពអឺរ៉ុបមិនទទួលស្គាល់ទេ លទ្ធផលនៃការបោះឆ្នោតនេះ ដែល បានប្រព្រឹត្តទៅ នៅទឹកដីគ្រីមេ។ មកពីការបោះឆ្នោតសភារុស្ស៊ីនេះបានប្រព្រឹត្តទៅ នៅគ្រីមេ ដែលអ៊ុយក្រែនបន្តចាត់ទុកជាទឹកដីខ្លួន។ រដ្ឋសភាអ៊ុយក្រែនផ្ទាល់បានថ្លែងរហូតដល់ មិនទទួលស្គាល់មិនគ្រាន់តែលទ្ធផលបោះឆ្នោតទេ តែគឺសភាឌូម៉ារុស្ស៊ីផ្ទាល់។
ជាបឋម បើ៥ឆ្នាំមុន មានគណបក្សតែ៦បានចូលប្រឡូកនោះ លើកនេះគឺមានគណបក្ស ដល់ទៅ១៤ ដែលភាគច្រើនក្នុងយុទ្ធនាការបោះឆ្នោតសុទ្ធតែនាំគ្នាទិតៀន នយោបាយបក្សកាន់អំណាច។ ប៉ុន្តែ សម្រេចសម្រួចទៅ សម្លេងគាំទ្របក្សតូចតាចដែលខំ ទិទៀនវិមានក្រេមឡាំងបានបែកខ្ញែក ធ្លាក់រហូតដល់ពី២,២៨% ទៅ ០,១៤% ពោលគឺក្រោមបន្ទាត់៥% ដែលមិនអាចឲ្យគេមានអាសនៈប្រចាំក្នុងសភាឡើយ។
ចេះទទួលបានអាសនៈប្រចាំក្នុងសភាឌូម៉ា នីតិកាលទី៧ គឺតែគណបក្ស៤ដែលធ្លាប់មានអាសនៈក្នុងសភាឌូម៉ានីតិកាលទី៦ទៅហើយ ពីឆ្នាំ២០១១ ដល់២០១៦នេះ។ រួចពីក្នុងនោះ បក្សកាន់អំណាច ឈ្មោះប្រទេសរុស្ស៊ីរួមធ្លុងមួយ ជាលទ្ធផលនៃការរាប់សន្លឹកឆ្នោតតាមប្រព័ន្ធសមាមាត្រ គឺបានសម្លេងគាំទ្រដល់ ៥៤,១៧% ឬ បានអាសនៈដល់១៤០។ ហើយតាមប្រព័ន្ធឯកតនាម ឈ្នះឆ្នោតនៅតាម២០៣មណ្ឌលឯណោះ ពីក្នុងចំណោម២២៥មណ្ឌល លុះទាល់តែបានអាសនៈសរុបទៅ៣៤៣ឯណោះ ពីក្នុងចំណោម៤៥០អាសនៈក្នុងសភា ឬលើសពី២/៣ នៃអាសនៈក្នុងសភា ហៅថាភាគច្រើនធម្មនុញ្ញ ដែលដោយម្ចាស់ការណ៍ខ្លួនឯង សូម្បីមានការជំទាស់ពឺខាងក្រុមតំណាងរាស្ត្រ គណបក្ស៣ទៀត ដែលសរុបទៅមានតែ១០៧សម្លេង គឺអាចអនុម័តវិសោធនកម្ម និងបញ្ចូលវិសោធនកម្ម ទៅក្នុងរដ្ឋធម្មនុញ្ញតែម្តង ទាំងក្នុងករណីចាំបាច់ អាចជំនះលើវេតូពីខាងប្រធានាធិបតីទៅផង។
ក្នុងនីតិកាលលើកមុន បក្សនេះបានមានអាសនៈភាគច្រើនតែ២៣៨អាសនៈ គឺគ្រាន់តែលើសពី៥០%ប៉ុណ្ណោះ។ ក្នុងសភានីតិកាលថ្មីនេះ ៤២អាសនៈធ្លាក់ទៅលើបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី ដែលផ្សំឡើង ពី៣៥អាសនៈ តាមប្រព័ន្ធសមាមាត្រ ស្របនឹងសម្លេងគាំទ្រខ្លួន ១៣,៣៧% និង៧អាសនៈ ឈ្នះតាមប្រព័ន្ធឯកតនាម ធ្វើឲ្យបក្សនេះជាប់លេខ២ ដូចក្នុងនីតិកាលមុនអញ្ចឹង ប៉ុន្តែបាន អាសនៈជាង២ដងតិចជាង ដ្បិតលើកមុនដែលគេមានដល់ទៅ៩២អាសនៈ។
ជាប់លេខ៣ គឺបក្សសេរី-ប្រជាធិបតេយ្យរុស្ស៊ី ជាបក្សជាតិនិយម ហៅកាត់ថា LDPR បាន ៣៩អាសនៈ ផ្សំឡើងពី៣៤តាមប្រព័ន្ធសមាមាត្រ ស្របនឹងសម្លេងគាំទ្រខ្លួន ១៣,១៨% និង ៥អាសនៈ ឈ្នះតាមប្រព័ន្ធឯកតនាម។ ក្នុងនីតិកាលលើកមុន បក្សនេះបានមាន៥៦អាសនៈ ហើយជាប់លេខ៤។
រីឯបក្សប្រទេសរុស្ស៊ីយុត្តិធម៏ ដែលចាត់ទុកខ្លួនឯងជាបក្សសង្គមនិយមបែបថ្មី ក្នុងនីតិកាលថ្មី បែរទៅជាប់លេខ៤ទៅវិញ ដោយបានតែ២៣អាសនៈ ផ្សំឡើងពី១៦អាសនៈតាមប្រព័ន្ធ សមាមាត្រ ស្របនឹងសម្លេងគាំទ្រខ្លួន៦,២១% និង៧អាសនៈ ឈ្នះតាមប្រព័ន្ធឯកតនាម។ក្នុងនីតិកាលលើកមុន បក្សនេះបានមាន៦៤អាសនៈ ហើយជាប់លេខ៣។ អាសនៈ៣ទៀត គឺដណ្តើមបានដោយបេក្ខជនបក្សតូចតាច ឈរឈ្មោះតាមប្រព័ន្ធឯកតនាម។
លោកប្រធានាធិបតីពូទីនបានបញ្ចេញយោបល់អំពីជ័យជំនះបក្សកាន់អំណាចថា ទោះបី ប្រជាពលរដ្ឋរុស្ស៊ីរស់នៅក្នុងស្ថានភាពស្មុគស្មាញ ក្រោមទណ្ឌកម្មបស្ចិមលោកក្តី ក៏ក្នុងចំនួន ភាគច្រើនលើសលុប គេនាំគ្នាជ្រើសយក “ស្ថិរភាព” ក្នុងប្រទេស ហើយផ្តល់ការជឿទុកចិត្ត ដល់បក្សនយោបាយនាំមុខគេក្នុងប្រទេស ក្រោមឈ្មោះថាប្រទេសរុស្ស៊ីរួមធ្លុងមួយ ក្នុងន័យ ថា លុះណាតែមានស្ថិរភាពក្នុងប្រទេស ទើបការអភិវឌ្ឍន៍ប្រទេសជាតិ អាចប្រព្រឹត្តទៅកើត។
អំពីអត្រាអ្នកទៅបោះឆ្នោតលើកនេះ មានកម្រិតតែ៤៧,៧៨% គឺតិចជាងលើកមុន ដែល មានដល់ទៅ ៦០,១០%។ អ្នកនាំពាក្យវិមានក្រេមឡាំងថ្លែងថា ទោះយ៉ាងណាក្តី វានៅតែ ខ្ពស់ជាងទ្រនិចលេខមធ្យមនៅអឺរ៉ុប។
ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBC ផ្ចាញ់ផ្ចាលដោយលើកជាឧទាហរណ៍ថា ក្នុងការបោះឆ្នោតសភានៅព័រទុយហ្កាល់ ឆ្នាំ២០១១ អត្រានេះ គឺ៥៨%។ ក្នុងការបោះឆ្នោតសភា នៅអាល្លឺម៉ង់ ឆ្នាំ២០១៣ អត្រានេះគឺដល់ទៅ៧១,៥០%, នៅអង់គ្លេសឆ្នាំ២០១៥ អត្រាបែបនេះ គឺ៦៦,១០%, ហើយក្នុងការបោះឆ្នោតសភាឆ្នាំ២០១២ នៅប្រទេសបារាំង ជុំទី១ គឺ៥៧,២២% រួចជុំទី២ គឺ៥៥,៤០%។
អង្គការដើម្បីសន្តិសុខនិងសហប្រតិបត្តិការនៅទ្វីបអឺរ៉ុបOSCE ដែលមានទឹកមាត់ប្រៃខាង សន្និដ្ឋានអំពីដំណើរបោះឆ្នោតនៅតាមប្រទេសជាសមាជិកខ្លួន បានទទួលស្គាល់ថា ការបោះឆ្នោតសភាលើកនេះនៅរុស្ស៊ី បានប្រព្រឹត្តទៅដោយមានតម្លាភាព ក្នុងកម្រិតខ្ពស់ជាង លើកមុន ប៉ុន្តែកត់សម្គាល់ថា វាបានប្រព្រឹត្តទៅទាំងហែហមដោយភាពមិនប្រក្រតីច្រើនឥត គណនា ហើយពលរដ្ឋម្ចាស់ឆ្នោតគ្មានជម្រើសនយោបាយទូលំទូលាយពិតប្រាកដឡើយ។
ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថា ក្រុងវ៉ាស៊ីនតោន មិនទទួលស្គាល់ឡើយ លទ្ធផលនៃការបោះឆ្នោតរើសសភាឌូម៉ារុស្ស៊ីដែលបានប្រព្រឹត្តទៅនៅគ្រីមេ ពីព្រោះការបោះឆ្នោតនៅលើដែនដីនេះគឺខុសច្បាប់ ទាំងសង្កត់ធ្ងន់ថា ទណ្ឌកម្មប្រឆាំងរុស្ស៊ី នឹងពុំត្រូវក្រុងវ៉ាស៊ីនតោនលុបទៅវិញឡើយ ដរាបណាដែលម៉ូស្គូមិនបង្វែរទឹកដីគ្រីមេ ឲ្យទៅស្ថិតនៅក្រោមអំណាចអ៊ុយក្រែនវិញទេ។
លោកស្រី Federica Mogerini ប្រមុខការទូតសហភាពអឺរ៉ុបថ្លែងថា សហភាពអឺរ៉ុបពុំទទួល ស្គាល់ឡើយ ការបោះឆ្នោតសភារុស្ស៊ីនៅគ្រីមេ ពីព្រោះការគាំទ្រដល់បូរណភាពដែនដីនិង អធិបតេយ្យរដ្ឋអ៊ុយក្រែន ពីខាងសហភាពអឺរ៉ុប បន្តស្ថិតនៅឥតប្រែប្រួលសោះឡើយ។
រដ្ឋសភាអ៊ុយក្រែន ដោយសម្លេង២៦៤ លើ៤៥០ បានអនុម័តសេចក្តីសម្រេច មិនទទួលស្គាល់ មិនគ្រាន់តែលទ្ធផលនៃការបោះឆ្នោតរុស្ស៊ីនៅគ្រីមេប៉ុណ្ណោះទេ តែ មិនទទួលស្គាល់ទាំងសភាឌូម៉ារុស្ស៊ីតែម្តង ហើយអំពាវនាវសហគមន៍អន្តរជាតិ កុំឲ្យទទួលស្គាល់ដែរ។
កាសែតបស្ចិមលោកបញ្ចេញមតិជាឯកច្ឆ័ន្ទថា ជ័យជំនះដណ្តើមបានដោយ បក្សកាន់អំណាចក្នុងការបោះឆ្នោតសភាឌូម៉ាកន្លងទៅ ជាភ្លើងខៀវសម្រាប់លោកប្រធានាធិបតីពូទីន ឈរឈ្មោះជាថ្មី ក្នុងការបោះឆ្នោតប្រធានាធិបតីនៅរុស្ស៊ី ឆ្នាំ២០១៨៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ