អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អេស្តូនី យកឈ្នះទាល់តែបានលើ រុស្ស៊ី ដោយមិនខ្វល់នឹងប្រតិកម្មពីខាងម៉ូស្គូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពីថ្ងៃទី១ មករា​ ឆ្នាំថ្មី ២០២០នេះ  ពួកអ្នកកាសែតនៃ ទីភ្នាក់ងាររុស្ស៊ី Sputnik ដែល ដំណើរការនៅអេស្តូនី ក្រោមឈ្មោះថា Sputnik-Estonie ដែលស្ថិតនៅក្រុង Tallinn រដ្ឋធានីអេស្តូនី បាន បង្ខំចិត្តផ្តាច់ កុងត្រាការងារ ជាមួយ ការិយាល័យចំណាត់ការ នៃ ទីភ្នាក់ងារព័ត៌មានអន្តរជាតិ MIA Russia Today ដែលស្ថិតនៅក្រុងម៉ូស្គូ។ រឿងនេះគឺដោយមកពី អាជ្ញាធរអេស្តូនីគំរាមចងក្រងជា សំណុំរឿងព្រហ្មទណ្ឌ ទល់នឹងអ្នកកាសែតទាំងនោះ ដែលមានគ្នា ៣៣ នាក់ ដែលសុទ្ធតែជា ពលរដ្ឋអេស្តូនី  ប៉ុន្ដែដែល ធ្វើការបម្រើ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី។ អាជ្ញាធរអេស្តូនី ចោទថាជា ឧបករណ៍វិមានក្រេមឡាំង ផ្សាយព័ត៌មាន​ក្លែង បន្លំ Fake News។ ការចោទប្រកាន់នេះ ត្រូវក្រុងម៉ូស្គូ បដិសេធច្រានចោលដាច់អហង្ការ ទាំងអះអាង​ថា Sputnik-Estonie ផ្សាយពត៌មាន តែអំពីព្រឹត្តិការណ៍ណា ដែលមានមែនពិត។ ទោះយ៉ាងណាក្តី ក៏តទៅ ថ្ងៃមុខ Site របស់ Sputnik-Estonie នៅតែបន្តដំណើរការដដែល។ មុនដល់ព្រឹត្តិការណ៍នេះ អស់ប៉ុន្មាន សប្តាហ៍ជាប់ ក្រុង Tallinn និង Moscou បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយឆ្លងគ្នា ដោយ ភាគីរុស្ស៊ី សុំឲ្យអង្គការអន្តរជាតិនានា មានជាអាទិ៍ OSCE ដែលទទួលបន្ទុកខាង សេរីភាពសារពត៏មាន ជួយអន្តរាគម  ប៉ុន្តែ ភាគីអេស្តូនី នៅតែប្តេជ្ញាប្រកាន់គោលជំហរខ្លួន ក្នុងឋានៈជារដ្ឋឯករាជ ម្ចាស់ការណ៍ខ្លួនឯង។

Sputnik-Estonie
Sputnik-Estonie Sputnik
ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍ចេញដោយទីភ្នាក់ងារ Sputnik-Estonie កត់សម្គាល់ថា ទោះបី ការគំរាមពី ខាង អាជ្ញាធរអេស្តូនី ហាក់បីមិនទំនងទាល់តែសោះ ក៏បទពិសោធន៍ បង្ហាញឲ្យឃើញថា ការតាមដាន ធ្វើ ទុក្ខបុកម្នេញពួកអ្នកកាសែត នៅ អឺរ៉ុប គឺជា រឿងដែលមានជ្រងោងមែន។ ម៉្លោះហើយ បានជាយើងយល់ថា មិនអាចដាក់ជីវិតមនុស្សយើង ក្នុងភាពប្រថុយប្រថាន ឡើយ។ សកម្មភាពរបបអេស្តូនី ទល់នឹងប្រជាពលរដ្ឋ ប្រទេសខ្លួន តាមយោបល់យើង គឺជា ការតាមប្រមាញ់ពួកអ្នកាសែតដោយបើកមុខតែម្តង គឺជា អំពើស្រេច តែក្បាលចិត្តរំលោភលើច្បាប់ គឺជាការសំដងឲ្យឃើញទង្វើផ្តាច់ការ និង ជាការបំពានយ៉ាងកម្រោលបំផុត លើ គោលការណ៍ សេរីភាពវោហារ ដែលមិនធ្លាប់មានទេ ក្នុង សហភាពអឺរ៉ុប ។ “ ពិរុទ្ធកម្ម” តែមួយគត់ របស់ ពួកអ្នកកាសែត គឺ ធ្វើការឲ្យប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី។ 

 Sputnik-Estonie គូសបញ្ជាក់ថា ខ្លួននឹងចាត់រាល់វិធានការចាំបាច់ ដើម្បី ឲ្យពួកអ្នកកាសែតអេស្តូនី អាច នៅធ្វើការ ដោយមិនព្រួយបារម្ភនឹង ការតាមដានតាមផ្លូវព្រហ្មទណ្ឌ ពីខាង ស្ថាប័នកម្លាំងនៅអេស្តូនី។ ក្នុង ដំណាក់ឥឡូវ ទីចាត់ការណ៍និពន្ធ Sputnik-Estonie ផ្អាកការងារខ្លួនសិន ប៉ុន្តែ តទៅថ្ងៃមុខ Site របស់ Sputnik-Estonie នៅបន្តដំណើរការដដែល។

ទីភ្នាក់ងារ Sputnik-Estonie សូមអំពាវនាវ ទៅកាន់គ្រប់តែ អង្គការអន្តរជាតិ និង អឺរ៉ុប ជាពិសេស ទៅកាន់ អសប , សហភាពអឺរ៉ុប , អង្គការដើម្បីសន្តិសុខ និង សហប្រតិបត្តិការ នៅអឺរ៉ុប OSCE  ទៅកាន់ សភាអឺរ៉ុប និង អង្គការ” ពួកអ្នកកាសែតគ្មានព្រំដែន” និងសូមសំដែងអំណរគុណ ទៅកាន់ សហគមន៍អ្នកកាសែត បណ្តាឥស្សរជនសង្គម ពួកអ្នកនយោបាយ និង អង្គការអន្តរជារតិនានា ដែលគាំទ្រដល់ ក្រុមអ្នកកាសែត អេស្តូនីនោះ។ ការគាំទ្រផ្លូវចិត្ត គឺសំខាន់ក្រៃលែង ទាំងឥឡូវ ទាំងក្នុងអនាគត។

ការគំរាមលើពួកអ្នកកាសែតនៃទីភ្នាក់ងារ Sputnik-Estonie ដែលជាមូលហេតុនៃរឿងរ៉ាវ។

បុគ្គលិក៣៣នាក់ ជាតិអេស្តូនី ដែលធ្វើការឲ្យ Sputnik-Estonie បានទទួលពី Departement police និង ស្ថាប័នការពារព្រំដែនប្រទេសនេះ គឺលិខិតដែលគំរាមត្រង់ៗ កសាងសំណុំរឿងព្រហ្មទណ្ឌទល់នឹងពួកគេ បើពួកគេ រហូតដល់ថ្ងៃ ១ មករា ឆ្នាំ ២០២០ មិនផ្តាច់កុងត្រាការងារទេ ជាមួយ ទីភ្នាក់ងារពត៏មានអន្តរជាតិ MIA Russia Today។

ក្រុង Tallinn សំអាងលើទឡ្ហីករណ៍ខ្លួន ដែលថា អេស្តូនី ជាសមាជិក សហភាពអឺរ៉ុប ហើយដោយមកពី សហភាពអឺរ៉ុប ដាក់ទណ្ឌកម្មទល់នឹង រូបវន្តបុគ្គល និង នីតិបុគ្គលខ្លះនៅរុស្ស៊ី ក្នុងនោះមានទាំង រូប អគ្គ នាយករបស់ ទីភ្នាក់ងារព័ត៌មានអន្តរជាតិ MIA Russia Todayទៅផង គឺ លោក Dmitri Kissilev  ដែល ការងារគាត់ ជះឥទ្ធិពលជាក់លាក់ ទៅលើ ការងារ Sputnik-Estonie បានជា អេស្តូនី ត្រូវគោរព ខានមិន បាន តាម ទណ្ឌកម្ម សហភាពអឺរ៉ុប។  

អ្នកនាំពាក្យផ្លូវការនៃក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ចាត់ទុកជា “ សញ្ញាអាសន្ន”  ការដែលក្រុង Tallinn មិនទទួលយកអនុសាសន៍របស់ តំណាងអង្គការ OSCE ខាងបញ្ហាសេរីភាពប្រព័ន្ធ ផ្សព្វផ្សាយ លោក Harlem Desir ទាក់ទងនឹង ទីភ្នាក់ងារពត៏មាន Sputnik-Estonia ។ លោក Harlem Desir ដែលជា តំណាង អង្គការ OSCE ទទួលបន្ទុកបញ្ហាសេរីភាពប្រព័ន្ធផ្សព្វផ្សាយ បានអំពាវនាវ ក្រុង Tallinn ឲ្យទប់ខ្លួន កុំអនុវត្តវិធានការរឹតត្បិតអ្វីណាឡើយ ដែលអាចជះឥទ្ធិពល ទៅលើ សេរីភាព ខាង ផ្សាយព័ត៌មាន។ ក្រុង Bruxelles ពីចំណែកខ្លួន បានសន្យា វែកញែកឲ្យឃើញសខ្មៅ អំពីរឿងដែលកើត ឡើង ប៉ុន្តែកត់សម្គាល់ថា បញ្ហាបំពេញតាមទណ្ឌកម្ម សហភាពអឺរ៉ុប គឺជា សមត្ថកិច្ចរបស់ប្រទេសនីមួយៗ ជាសមាជិក សហភាពអឺរ៉ុប។

តបនឹងសំណួរ Mass-media ស្តីអំពីស្ថានការណ៍ជុំវិញ Sputnik-Estonia 

លោកស្រី Maria Zakharova មានប្រសាសន៍ ៖ ភាគីអេស្តូនី ជាថ្មីម្តងទៀត ប្រកែកមិនព្រមឲ្យទីភ្នាក់ងារព័ត៌មានរុស្ស៊ីនេះ ដំណើរការនៅអេស្តូនី - ដំណើរ ការគឺស្របនឹងក្បួនខ្នាត និង ស្តង់ដារដែលអ្នកកាសែតទទួលស្គាល់ជាទូទៅ ប្រកែកមិនទទួលស្គាល់សិទ្ធិ ទីភ្នាក់ងារពត៏មានរុស្ស៊ីនេះ ជា ប្រព័ន្ធផ្សព្វផ្សាយ។

-បើក្រុង Tallinn មានក្នុងដៃខ្លួន តឹកតាងដែលថា សកម្មភាព Sputnik-Estonia  មិនស្របនឹងគោលដៅ ដែលមានប្រកាស នោះ គឺត្រូវលើកយកតឹកតាងបែបនេះ មកបង្ហាញជាសាធារណៈ។  ហើយបើ ស្រាប់តែ គ្មានតឹកតាងយ៉ាងនេះទេ នោះគប្បីសុំការអភ័យទោសទៅ។

-សកម្មភាពអេស្តូនី  គឺជាទង្វើបង្កហេតុដែលមានគ្រោងទុកដោយចេតនា សម្រាប់ប្រឆាំងនឹង Media  រុស្ស៊ី  សម្រាប់ធ្វើឲ្យរង្គោះរង្គើដល់ ការធានាតាមផ្លូវច្បាប់អន្តរជាតិ ចំពោះសកម្មភាពអ្នកកាសែត ក្នុងគោលដៅ ធ្វើឲ្យ រលុបទៅ លក្ខន្តិកៈជា Mass-media ហើយប្រែ លក្ខន្តិកៈនេះ ទៅជា ទីដៅនៃគំនាបនយោបាយ -ស្ត្រី អ្នកការទូតរុស្ស៊ី គូសបញ្ជាក់។

ចំណែក នាយករដ្ឋមន្ត្រីអេស្តូនី លោក Juri Ratas  ថ្លែងថា គាត់មិនដឹងឡើយអំពី រឿងរ៉ាវដែលកើតឡើង ជាមួយ ប្រព័ន្ធផ្សព្វផ្សាយ Sputnik-Estonia ក្នុងប្រទេសគាត់។

ក្នុងសម្ភាសន៍ ទៅកាសែតក្នុងស្រុក តបនឹងសំណួរ​ តើគាត់គិតយ៉ាងណាដែរ អំពីស្ថានការណ៍ជុំវិញ ទីភ្នាក់ងារ ព័ត៌មានរុស្ស៊ីនេះ ប្រមុខរដ្ឋាភិបាលអេស្តូនី ស្រាប់តែលាន់មាត់ដូចតទៅ ៖

-តើរឿងរ៉ាវស្អី? ខ្ញុំគិតថា រឿងនេះ មានបន្លឺឡើងជាច្រើនដងទៅហើយ។ យើងឥតសហការឯណា ជាមួយ ទីភ្នាក់ងារព័ត៌មាន រុស្ស៊ី Sputnik - គឺយ៉ាងនេះ ដែលលោក Juri Ratas ឆ្លើយតបនឹងសំនួរលំអិត ស្តីអំពី ការ បង្កកគណនីយ របស់ Sputnik នៅតាមធនាគារអេស្តូនី និង ការផ្តាច់កុងត្រាជួលអគារ ធ្វើជា ទីស្នាក់ការ របស់ Sputnik និងការគាបសង្កត់ពីខាងអាជ្ញាធរអេស្តូនីលើ បុគ្គលិក Sputnik ។

តបនឹងសំណួរ ៖ តើអេស្តូនី ខ្លាចទីភ្នាក់ងារ Sputnik ឬ?

លោក Juri Ratas ឆ្លើយដូចតទៅ ៖ គ្មានអ្វីគួរឲ្យខ្លាចទេ។ អេស្តូនីជារដ្ឋប្រជាធិបតេយ្យ ម្ចាស់ការណ៍ខ្លួនឯង។ អេស្តូនី ជា ប្រទេសស្នេហា សន្តិភាព ដែលមាន បណ្តាសម្ព័ន្ធមិត្តដ៏អស្ចារ្យ ។ យើងគ្មានអ្វីដែលគួរឲ្យខ្លាចឡើយ។ យើងត្រូវសម្លឹង មើល ទៅអនាគត ហើយឈរការពារដោយទុកចិត្ត បណ្តាជនអេស្តូនី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ