អានតួអត្ថបទ
កម្ពុជា

ចំ​ណូល​ពី​ពល​រដ្ឋ​នឹង​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ហិរញ្ញ​ប្បទាន​បរទេស​សម្រាប់​កម្ពុជា

ព្រឹក​មិញ គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា​បាន​ប្រជុំ​ឆ្លង​សេចក្តី​ព្រាង​យុទ្ធ​សាស្ត្រ​កៀរគរ​ចំណូល​រយៈ​ពេល​មធ្យម​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ ក្រោម​អធិបតី​ភាព​របស់​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​បង្ហាញ​អំពី​គោល​បំណង គោល​ដៅ និង​អភិក្រម​នៃ​សេចក្តី​ព្រាង​យុទ្ធ​សាស្ត្រ​កៀរ​គរ ចំណូល​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ។ យុទ្ធ​សាស្ត្រ​នេះ​នឹង​ងាក​ទៅ​រក​ចំណូល​ពី​ប្រជា​ពលរដ្ឋ ដែល​ជា​អ្នក​បង់​ពន្ធ​វិញ ជា​ជាង​ពឹង​ផ្អែក​លើ​ហិរញ្ញប្ប​ទាន​ពី​ក្រៅ​ប្រទេស​។

ប្រជាជនលក់បន្លែនៅក្នុងផ្សារដើមគរ ក្នុងរាជធានីភ្នំពេញ។
ប្រជាជនលក់បន្លែនៅក្នុងផ្សារដើមគរ ក្នុងរាជធានីភ្នំពេញ។ © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

រដ្ឋា​ភិបាល​កម្ពុជា​មាន​គោល​ដៅ​បង្កើន​ចំណូល​ចរន្ត​សរុប​ពី​១៥,២០% នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក​នៅ​ឆ្នាំ​២០១៤ ដល់​១៧,៣៦%​នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក​នៅ​ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​ការឱ្យ​ដឹង​រប​ស់​លោក ផៃ ស៊ី​ផាន នៅ​ព្រឹក​ថ្ងៃ​សុក្រ។

អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បន្ត​ថា សេចក្តី​ព្រាង​យុទ្ធ​សាស្ត្រ​កៀរ​គរ​ចំណូល​រយៈ​ពេល​មធ្យម ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨ ដែល​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​អនុម័ត​នៅ​ពេល​នោះ គឺ​ផ្តោត​ជា​ចម្បង​លើ​ការ​ពង្រឹង​រដ្ឋ​បាល​សារ​ពើ​ពន្ធ និង​មិន​មែន​សារ​ពើ​ពន្ធ ​ក៏​ដូច​ជា​លើ​ការ​លើក​កម្ពស់​វប្បធម៌​បង់​ពន្ធ​ដែរ។

តាម​លោក ផៃ ស៊ី​ផាន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​សេដ្ឋ​កិច្ច​ទីផ្សារ​ដែល​កំពុង​លូត​លាស់ កំណើន​នៃ​ចំនួន​អ្នក​បង់​ពន្ធ ក៏​ដូច​ជា​ភាព​ស្មុគ​ស្មាញ​នៃ​សកម្មភាព​ធុរកិច្ច​សម័យ​ទំនើប រដ្ឋា​ភិបាល​នឹង​ខំ​ប្រមូល​ចំណូល​ពន្ធ​គយ ចំណូល​ពន្ធដារ ព្រម​ទាំង​ចំណូល​មិន​មែន​សារ​ពើ​ពន្ធ ឱ្យ​មាន​ប្រសិទ្ធ​ភាព និង​ឱ្យអស់​សក្តា​នុពល តាម​រយៈ​ការ​កែ​លម្អ​រដ្ឋ​បាល​សារ​ពើ​ពន្ធ និង​ការ​លើក​កម្ពស់​អភិបាល​កិច្ច។ ជារួម សេចក្តី​ព្រាង​យុទ្ធ​សាស្ត្រ​កៀរគរ​ចំណូល​រយៈ​ពេល​មធ្យម​នេះ ផ្អែក​លើ​សសរស្តម្ភ​បី ក្នុង​នោះ​មាន​ការ​ពង្រឹង​រដ្ឋបាល​ចំណូល ការ​កែ​លម្អ​គោល​នយោបាយ​ចំណូល និង​ការពង្រឹង​ការត្រួតពិនិត្យ និង​វាយតម្លៃ។

ក្នុងចំណោម​គោលបំណង​ជាច្រើន​ទៀត ក្រៅពី​ដើម្បី​ពង្រីក​លំហ​ថវិកា​ដើម្បី​ពង្រឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ យុទ្ធសាស្ត្រ​ថ្មី​នេះ​នឹង​ជួយ​គ្រប់គ្រង​បំណុល​ប្រកបដោយ​ចីរភាព និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ហិរញ្ញប្បទាន​ពី​ក្រៅប្រទេស។ លោក ផៃ ស៊ី​ផាន អះអាង​ដូច្នេះ ដោយ​បន្ថែមថា យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម២០១៤-២០១៨ ក៏​នឹង​បង្កើន​ធនធាន​ថវិកា​សម្រាប់​តម្រូវការ​បន្ទាន់​របស់​រដ្ឋាភិបាល នាពេល​អនាគត​ផង​ដែរ​។
បច្ចុប្បន្ន ក្រសួង​សេដ្ឋកិច្ច ដែល​ជា​អ្នក​តាក់​តែង​សេច​ក្តី​ព្រាង​យុទ្ធ​សាស្ត្រ​នោះ​តាំង​ពី​ឆ្នាំ​២០១៣​មក បាន​និង​កំពុង​សាង​សង់ អាគារ​ធំ​ៗ​ច្រើន​ជាន់ សម្រាប់​មន្ត្រី​ពន្ធដា​នៅ​ទូទាំង​ប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ