អានតួអត្ថបទ
កម្ពុជា

ស្ថានការណ៍​នៅ​ព្រះវិហារ​បន្ត​តានតឹង​នៅ​ថ្ងៃនេះ

រថក្រោះ​និង​គ្រឿង​សព្វាវុធ ​ដែល​កម្ពុជា​បញ្ជូន​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​ម្សិលមិញ​ បាន​ទៅ​ដល់​គោលដៅ​ហើយ​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ ដើម្បី​ត្រៀម​ទប់ទល់​ជាមួយ​ថៃ​ក្នុង​ករណី​ដែល​មាន​ផ្ទុះ​សង្គ្រាមជា​យថាហេតុ។ ចំណែកឯ​ទាហាន​ថៃ​វិញ បាន​បង្កើន​ចំនួន​កាន់​តែច្រើន​ និង​បាន​ជីក​លេណដ្ឋាន ​ដើម្បី​ត្រៀម​ប្រយុទ្ធ។ ​យ៉ាងណា​ក៏ដោយ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ លោក​ទៀ បាញ់​អះអាង​ថា ស្ថានការណ៍​នៅ​មិនទាន់​មាន​អ្វី​ប្រែប្រួល​នៅ​ឡើយ​ទេ ​តែភាគី​ទាំងពីរ​នៅ​តែ​ស្ថិត​ក្នុង​លក្ខណៈ​ប្រុង​ជើងការ។ ​

កងរថក្រោះ​ខ្មែរ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​តំបន់​ព្រំដែន​ព្រះវិហារ
កងរថក្រោះ​ខ្មែរ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​តំបន់​ព្រំដែន​ព្រះវិហារ ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

02:30

សេចក្តីរាយការណ៍​របស់ ប៉ែន បូណាពីទីក្រុងភ្នំពេញ

​គ្រឿង​សព្វាវុធ​យោធា​ធុន​ធ្ងន់​ដូចជា​រថក្រោះ រថពាសដែក ​និង​កាំជ្រួច​ប្រតិកម្ម​ ដែល​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​ជាយដែន​ បាន​ទៅ​ដល់​ខេត្ត​ព្រះវិហារ​ហើយ​ នៅ​ថ្ងៃ​សៅរ៍​នេះ​ ដើម្បី​ត្រៀម​លក្ខណៈ​ទប់ទល់​ជាមួយ​នឹង​ការ​ឈ្លានពាន​របស់​ថៃ​។​

គ្រឿង​សព្វាវុធ​ធុនធ្ងន់​ទាំង​នោះ​ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​បញ្ជា​ឱ្យ​យក​ទៅ​តំបន់​ព្រំដែន​កាលពី​ថ្ងៃ​ម្សិលមិញ ​ខណៈ​ដែល​ស្ថានការណ៍​កាន់តែ​តានតឹង​ឡើង។ ភាពតាន​តឹង​​នេះ​បាន​កើតឡើង បណ្តាល​មកពី​នាយក​រដ្ឋមន្ត្រី​ថៃ​ទាមទារ​ឱ្យ​កម្ពុជា​ដក​ទង់ជាតិ​ចេញ​ពី​វត្ត​កែវសិក្ខាគីរីស្វារៈ​ តែ​កម្ពុជា​មិនព្រម​ធ្វើ​តាម។

ខណៈ​ដែល​កម្ពុជា​បញ្ជូន​សព្វាវុធ​ទៅ​ដល់​ព្រះវិហារ​ ថៃ​ចាប់ផ្តើម​បង្កើន​ទ័ព ​និង​ជីក​លេណដ្ឋាន​ ដើម្បី​ត្រៀម​ប្រយុទ្ធ​ដែរ។ ប៉ុន្តែ ​លោក​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា ​បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា ​ស្ថានការណ៍​នៅ​ចំណុច​ព្រំដែន​មានសភាពស្ងប់ស្ងាត់ មិន​ទាន់​មាន​អ្វី​ប្រែប្រួល​ទេ​នៅ​ថ្ងៃ​សៅរ៍​នេះ។​ កងទ័ព​ទាំង​សងខាង​ស្ថិត​ក្នុង​សភាព​ប្រុង​ជើង​ការ​​រៀងៗ​ខ្លួន ​តែ​មិន​បាន​ប៉ះ​ទង្គិច​គ្នា​ទេ។​

សេចក្តី​រាយការណ៍​ពី​តំបន់​ព្រំដែន​ឲ្យ​ដឹង​ថា ស្ថានភាព​យោធា​ចាប់​តាំងពី​ចំណុច​ប្រាសាទ​តាមាន់ តា​ក្របី ក្នុង​ខេត្ត​ឧត្តរមានជ័យ​ រហូត​មក​ដល់​ប្រាសាទ​ព្រះវិហារ កំពុង​​ស្ថិត​នៅ​ក្នុង​សភាព​ស្ងៀម​ស្ថាត់ ​តែតានតឹង។​

ដោយ​ឡែក​ ប្រភព​យោធា​ពី​ជាយដែន​ឱ្យ​ដឹង​ថា ​មេបញ្ជាការ​ការពារ​ព្រំដែន​ខ្មែរ​និង​ថៃ ​រវាង​ខេត្ត​បន្ទាយមានជ័យ ​និង​ខេត្ត​បូរ៉រ៉ាំ និង​ខេត្ត​សុរិន្ទ​របស់​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ព្រឹក​ថ្ងៃទី​២៩​មករា​នេះ ​នៅ​ឯ​ប្រាសាទ​តាមាន់ធំ​ ដើម្បី​ធ្វើ​យ៉ាង​ណា​បន្ធូរបន្ថយ​ស្ថានការណ៍​នៅ​តាម​ជាយដែន ​ដែល​កំពុង​តែ​តានតឹង ​និង​ឈាន​ទៅ​រក​ការ​ផ្ទុះ​អាវុធ។

សូម​បញ្ជាក់​ថា​ ការ​ប្រឈមមុខ​ដាក់​គ្នា​ជាថ្មី​រវា​ងទាហាន​ខ្មែរ​និង​ថៃ​បាន​ចាប់ផ្តើម​ឡើង​វិញ ​កាល​ពីថ្ងៃទី​២៦​មករា ​នៅ​ពេល​ដែល​ទាហាន​ថៃ​បាន​ទាមទារ​ឱ្យ​កម្ពុជា​រុះរើ​អក្សរ​ចារឹក​ជា​ភាសា​ខ្មែរ​ ដែល​បញ្ជាក់​ពី​ការ​ឈ្លានពាន​របស់​ថៃ​ ចេញ​ពី​មុខ​វត្ត​កែវសិក្ខាគីរីស្វារៈ។ ​បន្ទាប់​មក​ទៀត​ ថៃ​បាន​ទាមទារ​ឱ្យ​កម្ពុជា​ដក​ទង់ជាតិ​ចេញ​ពី​វត្តទៀត។ ​ភាព​តានតឹង​នេះ​ហើយ​ដែល​ជំរុញ​ឱ្យ​កម្ពុជា​បញ្ជូន​សព្វាវុធ​ធុនធ្ងន់​ទៅ​កាន់​ព្រះវិហារ​ជា​ថ្មី។

យ៉ាងណា​ក៏ដោយ​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក​ហោ ណាំហុង​ និង​សមភាគី​ថៃ ​គ្រោង​នឹង​ជួបគ្នា​នៅ​ដើម​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ ក្នុង​ខេត្ត​សៀមរាប​ ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន។ លោក​កុយ គួង ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​កាលពី​ថ្ងៃ​ម្សិលមិញ ​ក្រសួង​ការបរទេស​កម្ពុជា​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​មិន​ព្រម​ដកទង់ជាតិ​ចេញ​ពី​វត្ត​កែវ​សិក្ខាគីរីស្វារៈ​ឡើយ ​ពី​ព្រោះ​វត្ត​នោះ​ស្ថិត​នៅលើ​ទឹកដី​ខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ