អានតួអត្ថបទ
ថៃ

រដ្ឋធម្មនុញ្ញ​​ថៃ​ថ្មី​នឹងរក្សាទុក​ក្រុម​យោធា​ឱ្យ​​​ដឹកនាំ​ប្រទេស​​ដដែល

បន្ទាប់​ពីមន្ត្រី​យោធា​ជាន់​ខ្ពស់ ថ្ងៃ​នេះ​ដល់​វេន​លោក​ ប្រាយុទ្ធ​ចាន់-អូចា​ម្តង​ដែល​ចេញ​មុខ​ការពារ​ខ្លួន ប្រកាស​បដិសេធ​ថា​មិន​​បាន​រៀប​ចំ​ផែនការ​អ្វី​ទុក​ជាមុន ដែល​នាំ​ឱ្យសម្រេច​​បាន​នូវ​​រដ្ឋប្រហារ​ថ្ងៃ​ទី២២​ឧសភា​ទេ។ ប្រតិកម្ម​តាម​កញ្ចក់​ទូរទស្សន៍​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​ក្នុង​ស្រុក​ បាន​ចុះ​ផ្សាយ​ថា​មេ​​ដឹកនាំ​បាតុកម្ម​និង​មេទ័ព​ថៃ​ បាន​រៀប​គម្រោង​ទម្លាក់​រដ្ឋាភិបាល​តាំង​ពី​ឆ្នាំ២០១០​មក។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ បើ​តាម​​សារព័ត៌មាន​ក្នុង​ស្រុក​ របប​ដឹក​នាំ​សឹក​នេះ​ នឹង​មិន​ត្រូវរំលាយ​ចោល​ឡើយ ក្រោយ​ការ​​កែ​ប្រែរដ្ឋធម្មនុញ្ញរួច។

លោក ប្រាយុទ្ធ​ ចាន់​អូចា (រូប​កណ្តាល)
លោក ប្រាយុទ្ធ​ ចាន់​អូចា (រូប​កណ្តាល) © Reuters
ផ្សាយពាណិជ្ជកម្ម

“មិនពិត​ទេ” ! ខ្ញុំ​មិន​បាន​កាន់​បក្ស​​កាន់​ពួក​ឡើយ ខាង​ណា​ឡើយ ! នេះ​ប្រសាសន៍​បដិសេធ ​របស់ លោក ប្រាយុទ្ធ ចាន់អូចា ដោយ​ផ្ទាល់​នៅ​ក្នុង​បទ​សម្ភាសន៍​ប្រចាំ​សប្តាហ៍យប់​មិញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ចចាម​អារាម​ដែល​ថា​ លោក​មេទ័ព​បាន​ពិភាក្សា​ជាមួយ​ប្រមុខ​បក្ស​ប្រឆាំង​រៀប​ចំ​ធ្វើ​រដ្ឋ​ប្រហារ​តាំង​ពី​ឆ្នាំ​២០១០​មក។ ឆ្លៀតឱកាស​នោះ​ លោក​ប្រាយុទ្ធ​ចាន់​អូចា បាន​​​​រំលឹក​ព្រមាន​​ហាម​ឃាត់​​មិនឱ្យ​មាន​សុន្ទរកថា​នយោបាយ ឬ​ការ​ប្រមូល​មូលនិធិ​ដើម្បី​ប្រយោជន៍​នយោបាយទេ ដរាប​ណា​ថៃ​ស្ថិត​ក្រោម​ច្បាប់អាជ្ញា​​សឹក​ និង​បាន​បង្ហាញ​អំពី​កាល​បរិច្ឆេទ​សំខាន់​នៃ​ការ​ស្ថាបនា​ជាតិ។

 
បើ​តាម​លោក​ប្រាយុទ្ធ​ចាន់​អូចា រដ្ឋធម្មនុញ្ញ​ថ្មី​បណ្តោះ​អាសន្ន​នឹង​ត្រូវ​បញ្ចប់​នៅ​ខែ​ក្រោយ សភាជាតិ​នឹង​ត្រូវ​តែង​តាំង​នៅ​ខែ​កញ្ញា សម្រាប់​បង្កើត​រដ្ឋាភិបាល​អន្តរកាល បន្ទាប់​មក​ទើប​មាន​បង្កើត​ក្រុម​ប្រឹក្សា​កំណែទម្រង់ ដើម្បី​​តាក់តែង​រដ្ឋធម្មនុញ្ញ​សម្រេច​ មុន​នឹង​ឈាន​ដល់​ការ​បោះឆ្នោត បី​ខែ​ក្រោយ​រដ្ឋធម្មនុញ្ញ​ចូល​ជា​ធរមាន។

របប​សឹក​​ដែល​ទំនង​ជា​​ត្រូវ​បន្ត​គ្រប់គ្រង​ប្រទេស​រយៈ​ពេល​យូរ​ទៅ​មុខ​ទៀត ព្រោះ​បើ​តាម​ ​ខ្លឹម​សារ​លម្អិត​នៃ​រដ្ឋធម្មនុញ្ញ​បណ្តោះអាសន្ន​ ដែល​ធ្លាយ​ចេញ​​លើ​​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​​ របប​ដឹកនាំ​ដោយ​យោធា នឹង​នៅ​រក្សា​ទុក​ដដែល ហើយ​មាន​លទ្ធភាព​ចេញ​ក្រិត្យ​ផ្សេងៗ​ ដែល​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ។ រដ្ឋាភិបាល​បណ្តោះ​អាសន្ន​នឹង​ស្ថិត​ក្រោយ​អំណាច​របស់​យោធា។
ទន្ទឹម​គ្នា​នោះដែរ ក្រុមប្រឹក្សា​សភានឹង​ត្រូវ​បង្កើត​ឡើង​ ដែល​មាន​​សមាជិក​២០០​នាក់​តែង​តាំង​ដោយ​យោធា​។ សមាជិក​ពាក់កណ្តាល​គឺ​ជា​មន្ត្រី​កងទ័ព​សកម្ម​​​មាន​ឋាន្តរសិក្ត​តែ​ម្តង។ បន្ទាប់​មក​ ទើប​មាន​ក្រុមប្រឹក្សា​កំណែ​ទម្រង់​នយោបាយ។

ប្រសិន​បើ​​ព័ត៌មាន​ធ្លាយ​ចេញ​នេះ​ជា​ការ​ពិត នោះ​ប្រទេស​ថៃ​កំពុង​បោះ​ជំហាន​ដើរ​ថយ​ក្រោយ​ គួរ​ឱ្យ​កត់​សម្គាល់​វិល​ទៅ​រក​របប​ផ្តាច់​ការ​ដូចទសវត្ស​​ឆ្នាំ​​១៩៥០-៦០។ កាលពី​រដ្ឋ​ប្រហារ​ឆ្នាំ​២០០៦ ក្រុមយោធា​បាន​ផ្ទេរ​អំណាច​យ៉ាង​ឆាប់​រហ័ស​ទៅ​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​ ដែល​ឈរ​ដឹក​នាំ​ប្រទេស​យ៉ាង​ឯករាជ្យ។ ឥលូវ​ក្រុមយោធា​ទំនង​ជា​មាន​បទ​ពិសោធន៍​ ហាក់​ចង់​កាន់​កាប់​តំណែង​ដឹកនាំ​ប្រទេស​រហូត​រៀង​ទៅ ៖ គ្មាន​ឡើយ​ផែនការ​រៀប​ចំ​ក្នុងរយៈ​ពេល​មួយ​ឆ្នាំ​ខាង​មុខ​។ សេរីភាព​របស់​ប្រជាពលរដ្ឋ​​ត្រូវ​បាន​រិត​បណ្តឹង​ ក្រោម​ហេតុ​ផល​តែ​មួយ​គឺ​ស្តារ​សណ្តាប់​ធ្នាប់​សង្គម និង​សេចក្តី​សុខ​ប្រជាជន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ