អានតួអត្ថបទ
ថៃ

ថៃ​តែងតាំង​លោក​ព្រេម​ទីនស៊ូឡាណុន​ជា​ប្រមុខរដ្ឋស្តីទី​ក្នុងពេល​រង់ចាំ​មាន​ស្តេចថ្មី

ក្រោយ​ពី​ព្រះមហាក្សត្រ​ថៃ​ទ្រង់សោយព្រះទិវង្គត កាលពីថ្ងៃ​ព្រហស្បតិ៍ ព្រះអង្គម្ចាស់ មហាវជ្ជរាឡុងកន ដែល​ជា​រាជទាយាទ​បាន​ស្នើ​សុំ​ពន្យារពេល​ មិន​ឡើង​មក​ស្នងរាជ​ភ្លាមៗ​នោះទេ។ នៅ​ក្នុង​ពេល​ដែល​រាជបល្ល័ង្ក​នៅទំនេរ​បែបនេះ របបសឹកថៃ​បាន​ប្រកាស​ឲ្យដឹង​ថា លោក​ព្រេម​ទីនស៊ូឡាណុន ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​នឹង​ត្រូវ​កាន់តំណែង​ជា​ប្រមុខរដ្ឋ​ស្តីទី។

លោក​ ព្រេម ទីនស៊ូឡាណុន និង​លោកស្រី​យីងឡាក់ កាល​ពី​ថ្ងៃ​ទី១៩ ខែមករា ឆ្នាំ២០១២ (រូបថតឯកសារ)
លោក​ ព្រេម ទីនស៊ូឡាណុន និង​លោកស្រី​យីងឡាក់ កាល​ពី​ថ្ងៃ​ទី១៩ ខែមករា ឆ្នាំ២០១២ (រូបថតឯកសារ) AFP PHOTO/HO/Government House
ផ្សាយពាណិជ្ជកម្ម

យើង​តាម​ការ​ប្រកាស​របស់​ឧបនាយករដ្ឋមន្រ្តី​ថៃ តំណែង​ជា​ប្រមុខរដ្ឋ​ស្តីទី​នឹង​ត្រូវ​កាន់កាប់​ជា​លក្ខណៈ​បណ្តោះអាសន្ន ដោយសារ​តែ​រាជបល្ល័ង្ក​នៅ​ទំនេរ ហើយ​​​យោងតាម​រដ្ឋធម្មនុញ្ញ អ្នក​ដែល​ត្រូវ​កាន់​តំណែង​ជា​ប្រមុខរដ្ឋ​ស្តីទីនេះ គឺ​លោក​ព្រេម​ទីនស៊ូឡាណុន ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ។

លោក​ព្រេម​ទីនស៊ូឡាណុន ដែល​បច្ចុប្បន្ន​មាន​វ័យ ៩៦ឆ្នាំ តែ​ហាក់​មាន​សុខភាព​មាំទាំ​នៅឡើយ ធ្លាប់កាន់តំណែង​ជា​អគ្គបញ្ជាការកងទ័ព និង​ជាអតីត​នាយករដ្ឋមន្រ្តី មុននឹង​ត្រូវ​ព្រះមហាក្សត្រ ភូមិផុន អាឌុនយ៉ាដេត តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ នៅ​ឆ្នាំ​១៩៩៨។

 

លោក​ព្រេម​ទីនស៊ូឡាណុន ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជាមនុស្ស​ដ៏​​ជំនិតបំផុត​របស់​ព្រះមហាក្សត្រ ហើយ​​ក៏​ជា​អ្នក​ដែល​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ដែរ ​នៅ​ក្នុង​ជួរ​កងទ័ព ក៏ដូចជា នៅ​ក្នុង​ឆាក​នយោបាយ​ថៃ​ជាទូទៅ។ គឺ​លោក​ព្រេម ដែល​ត្រូវ​គេសង្ស័យ​ថា​ជា​អ្នក​ញាក់ខ្សែ​ពីក្រោយ​ឆាក នៅ​ក្នុង​វិបត្តិ​នយោបាយ​ថៃ​នាពេល​បច្ចុប្បន្ន ជាពិសេស គឺ​រងការ​ចោទប្រកាន់​ថា​ជា​អ្នក​រៀបចំ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ កាលពីឆ្នាំ២០០៦។

 

គួរបញ្ជាក់ថា យោងតាម​ច្បាប់ថៃ គឺ​ព្រះមហាក្សត្រ​មុន​ដែល​ជា​អ្នក​មាន​សិទ្ធិជ្រើសរើស​អ្នក​ស្នងរាជ្យ ហើយ​ព្រះបាទ​ ភូមិផុន អាឌុនយ៉ាដេត បានតែងតាំង​​ព្រះអង្គម្ចាស់ មហា វជិរ៉ាឡុងកន ជា​រាជទាយាទ តាំង​ពី​ឆ្នាំ​១៩៧២។

 

ដូច្នេះ តាម​ច្បាប់ រាជបល្លង្ក​ត្រូវតែ​បាន​ទៅ​ព្រះអង្គម្ចាស់ មហា វជិរ៉ាឡុងកន ដោយ​គ្មាន​អ្វី​ត្រូវ​មន្ទិល​សង្ស័យ​នោះទេ។ ក៏ប៉ុន្តែ ការ​ពន្យារពេល​ក្នុងការ​ឡើង​មក​គ្រងរាជ្យ​នេះ កំពុងតែ​បង្កើត​ឲ្យ​មាន​​ភាព​មិនច្បាស់លាស់ និង​បរិយាកាសថប់បារម្ភ ដែលជា​បច្ច័យ​មិន​ល្អ​មួយ សម្រាប់​ទីផ្សារ​មូលបត្រ​ថៃ ហើយ​ក៏​អាច​បង្ក​នូវ​ផលប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​ថៃ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ