អានតួអត្ថបទ
ថៃ

ប្រជាជន​ថៃ​កាន់​ទុក្ខ​ទូទាំង​ប្រទេស ចំណែក​រាជ​ទាយាទ​សុំ​ពន្យារ​ពេល​ឡើង​គ្រង​រាជ្យ

​នៅ​ថ្ងៃ​សុក្រ​នេះ ប្រជាជន​ថៃ​ស្ទើរ​ទូទាំង​ប្រទេស កំពុង​តែ​កាន់​ទុក្ខ​ចំពោះ​ការ​ចូល​ទិវង្គត របស់​ព្រះ​មហាក្សត្រ​ថៃ ព្រះ​ចៅ ភូមិ​បុល អាឌុល​យ៉ា​ដេត ក្នុង​ព្រះជន្ម ៨៨ ព្រះ​វស្សា ក្រោយពី​បាន​គ្រងរាជ​សម្បត្តិ អស់​រយៈ​ពេល ៧០​ឆ្នាំ។ ព្រះ​បរម​សព​ព្រះ​ចៅ ភូមិបុល នឹង​ត្រូវ​តម្កល់​នៅ​វត្ត​ប្រាកែវ ខណៈ រាជ​ទាយាទ ម៉ាហាវិជ្ជរ៉ាឡុង​កន ដែល​នឹង​ត្រូវ​ឡើង​សោយ​រាជ្យ​ជា​មហាក្សត្រ​ថ្មី សុំ​ពន្យារ​ពេល​ឡើង​គ្រងរាជ្យ។ប៉ុន សោភ័ណ ជូនព័ត៌មាន៖

ប្រជាជនថៃកាន់ទុក្ខទូទាំងប្រទេស ចំណែករាជទាយាទសុំពន្យារពេលឡើងគ្រងរាជ្យ
ប្រជាជនថៃកាន់ទុក្ខទូទាំងប្រទេស ចំណែករាជទាយាទសុំពន្យារពេលឡើងគ្រងរាជ្យ REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​ថៃ​រាប់​លាន​នាក់ ក្រោម​ទឹក​មុខ​ស្រងូត​ស្រងាត់ ស្ថិត​នៅ​ក្នុង​សំលៀក​បំពាក់​ពណ៌​ខ្មៅ កំពុង​ចូល​រួម​កាន់​ទុក្ខ​ចំពោះ​ការ​ចូល​ទិវង្គត​របស់​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត។ ការ​ចូល​ទិវង្គត​របស់​ព្រះ​អង្គ​ត្រូវ​បាន​ប្រជារាស្រ្ត​ថៃ​ចាត់​ទុក​ថា ជា​ការ​ចាកចេញ​ទៅ​តែ​អង្គ​ឯង ហើយ​បណ្តោយ​ឱ្យ​ប្រជាជាតិ​ទាំង​មូល​ប្រឈម​មុខ​នឹង​សករាជ​ថ្មី​ ដែល​មិន​ប្រាកដ​ប្រជា។​

សាកសព​របស់​ព្រះ​ចៅ ភូមិ​បុល នឹង​ត្រូវ​យក​ទៅ​តម្កល់​នៅ​ឯ​វត្ត​ប្រាកែវ ស្ថិត​ក្នុង​រាជវំាង នាទី​ក្រុង​បាងកក ខណៈ​ការ​កាន់​ទុក្ខ​មាន​រយៈ​ពេល​រហូត​ដល់​ទៅ​ពេញ​ ១​ឆ្នាំ។ រដ្ឋាភិបាល​បាន​ស្នើ​ឱ្យ​ពលរដ្ឋ​ថៃ​ ស្លៀក​បំពាក់​ខ្មៅ និង​ជៀស​វាង​រាល់​ព្រឹត្តិការណ៍​កំសាន្ត​នានា នៅ​ក្នុង​អំឡុង​ពេល​នេះ។

ព្រះ​បុត្រា​ស្តេច​ថៃ​ព្រះ​នាម ម៉ាហាវិជ្ជរ៉ាឡុងក​ន ព្រះ​ជន្ម​៦៤ ព្រះ​វស្សា ដែល​ត្រូវ​គ្រង​រាជ្យ​បន្ត បាន​ស្នើ​សុំ​ពន្យារ​ពេល​ឡើង​គ្រង​រាជ្យ ដើម្បី​បាន​កាន់​ទុក្ខ​ព្រះបិតា​របស់​ខ្លួន និង​រងចាំ​ពេល​វេលា​សមរម្យ​ណា​មួយ។  

សូម​ជម្រាប​ជូន​ថា មាន​ព្រះជន្ម ៨៨​ព្រះ​វស្សា ព្រះចៅ​ភូមិ​បុល​ត្រូវ​បាន​ប្រជា​រាស្រ្ត​ថៃ​ទូទៅ​គោរព​ដូចជា​ព្រះ​អាទិទេព។ ព្រះអង្គ​បាន​ឡើង​សោយ​រាជ្យ​ក្នុង​ឆ្នាំ ១៩៤៦ បន្ទាប់​ពី​ការ​សោយ​ទិវង្គត​យ៉ាង​អាថ៌​កំបាំង​របស់​បង​ប្រុស​ព្រះ​អង្គ ហើយ​តាំង​ពី​ពេល​នោះ​មក ប្រជារាស្រ្ត​ថៃ​មិន​ដែល​ធ្លាប់​ស្គាល់​មហាក្សត្រ​អង្គ​ណា​ផ្សេង​ទេ។ តាំង​ពី​២​ឆ្នាំ​កន្លង​ទៅ​នេះ ព្រះ​ចៅ​ភូមិ​បុល​ ដែល​មាន​ជម្ងឺ​រលាក​សួត និង​ទឹក​ក្នុង​ខួរ​ក្បាល​បាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ជា​ប្រចាំ និង​ដែល​ជិត ១​ឆ្នាំ​កន្លង​ទៅ ព្រះអង្គ​មិន​ដែល​បាន​បង្ហាញ​ព្រះភក្រ្ត​ជា​សាធារណៈ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ