ថៃស្ថិតក្នុងភាពតានតឹង មុនតុលាការធម្មនុញ្ញប្រកាសថាតើគួររំលាយបក្សកាន់អំណាចចោលរឺយ៉ាងណា
នៅថ្ងៃអង្គារម្សិលមិញនេះ នាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា បានអំពាវនាវអោយមានការស្ងប់ស្ងាត់ក្នុងប្រទេស មុននឹងតុលាការធម្មនុញ្ញថៃចេញសេចក្តីសំរេចនៅថ្ងៃពុធនេះ ថាតើគួររំលាយចោលគណបក្ស ភឿថៃ ដែលកំពុងកាន់អំណាចបច្ចុប្បន្ននេះដែរ រឺក៏យ៉ាងណា។ ថៃបានធ្លាក់ក្នុងស្ថានភាពតានតឹងជិត៣សប្តាហ៍មកហើយ ដោយសារតែសកម្មជនក្រុមប្រឆាំង បាននាំគ្នាធ្វើបាតុកម្មឥតឈប់ឈរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:២៤
នៅថ្ងៃពុធនេះ តុលាការធម្មនុញ្ញថៃនឹងប្រកាសថា តើថៃត្រូវរំលាយគណបក្សភឿថៃ ដែលជាបក្សកាន់អំណាចចោល រឺក៏យ៉ាងណា។ តុលាការធម្មនុញ្ញនឹងពិនិត្យថា តើការប៉ុនប៉ងរបស់បក្សកាន់អំណាច អោយមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបានអនុម័តក្រោយរដ្ឋប្រហារទំលាក់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ក្នុងឆ្នាំ២០០៦ មានលក្ខណៈស្របច្បាប់ដែររឺទេ។ ប្រសិនបើមិនស្របច្បាប់ទេ នោះបក្សកាន់អំណាចនឹងត្រូវរំលាយចេញពីនយោបាយ។
នាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា បារម្ភថា ការប្រកាសនេះអាចបង្កជាភាពច្របូកច្របល់ក្នុងស្រុកបាន។ នៅថ្ងៃអង្គារម្សិលមិញ លោកស្រីយីងឡាក់ បានអំពាវនាវអោយប្រជាជនថៃរក្សាភាពស្ងប់ស្ងាត់ក្នុងប្រទេស មុនការប្រកាសរបស់តុលាការធម្មនុញ្ញ ពីអនាគតរបស់បក្សកាន់អំណាច។
ស្ថានភាពតានតឹងក្នុងប្រទេសបានកើនឡើងមួយកម្រិតទៀត ការពីល្ងាចថ្ងៃអង្គារម្សិលមិញ។ សកម្មជនក្រុមប្រឆាំងរដ្ឋាភិបាលប្រមាណ២៥០០នាក់ និងសកម្មជនគាំទ្ររដ្ឋាភិបាល១១ម៉ឺននាក់ បានជួបជុំគ្នាធ្វើបាតុកម្ម នៅក្រុងបាងកក។
ស្ថានភាពតានតឹងបែបនេះមានជិត៣សប្តាហ៍មកហើយ ដោយសារតែបាតុកម្មរបស់ក្រុមប្រឆាំង។ កន្លងមក សកម្មជនក្រុមប្រឆាំងបានបរិហារគំរោងច្បាប់លើកលែងទោសថៃ។ ពួកគេយល់ថា ច្បាប់លើកលែងទោសនេះ អាចអោយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសនោះ អាចត្រលប់ចូលប្រទេសថៃវិញបាន។ ថ្វីបើព្រឹទ្ធសភាបានទាត់ចោលគំរោងច្បាប់នេះ កាលពីសប្តាហ៍មុនក្តី សកម្មជនប្រឆាំងមួយចំនួននៅតែផ្តុំគ្នា ទាមទារអោយរដ្ឋាភិបាលចុះពីអំណាច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ