អានតួអត្ថបទ
ថៃ

ក្រុមប្រឹក្សា​​កំណែ​​ទម្រង់​​ដែល​​រៀបចំ​​ឡើង​​ដោយ​​របប​​សឹក​​ថៃ​ចាប់​ផ្តើម​​ធ្វើការ​​

នៅ​​​ប្រទេស​​ថៃ​​ ក្រុមប្រឹក្សា​​ជាតិ​​ដែល​​ត្រូវ​​បាន​​តែងតាំង​​ដោយ​​របប​​សឹក​បាន​​ធ្វើការ​រួម​ប្រជុំគ្នា​​ជា​លើក​​ទីមួយ​​នៅ​​ថ្ងៃ​​អង្គារ៍​​ទី​​២១​​តុលា​​នេះ​​ក្នុង​​គោលដៅ​​ដើម្បី​​រៀបចំ​​តាក់តែង​​រដ្ឋធម្មនុញ្ញ​ថ្មី​។​ចំពោះ​​​អ្នក​រិះគន់​វិញ​​ ការងារ​​របស់​​ក្រុម​ប្រឹក្សា​​ជាតិ​​​នេះ​​គឺ​​គ្មាន​​អ្វី​​​ក្រៅពី​ការ​​រិះរក​​មធ្យោបាយ​​ដើម្បី​​កាត់​​បន្ថយ​​ឥទ្ធិពល​​របស់​​ក្រុម​​គ្រួសារ​​ស៊ីណាវ៉ាត្រា​​ក្នុង​​ឆាក​​នយោបាយ​​ថៃ​​នោះ​ទេ។​គ្រួសារ​​ស៊ីណាវ៉ាត្រា​​ដែល​​តែងតែ​​បាន​​ទទួល​​ជោគជ័័យ​​ជា​​រហូត​​នៅ​​រាល់​​តែ​លើក​​នៃ​​ការ​​បោះ​ឆ្នោត។​​

នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា
នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា © Reuters
ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​ជាតិ​ដែល​មាន​សមាជិក​ចំនួន​២៥០​នាក់​នឹង​ត្រូវ​ធ្វើការ​តាក់តែង​​រដ្ឋធម្មនុញ្ញា​ថ្មី​មួយ​។ រដ្ឋធម្មនុញ្ញ​ថ្មី​នេះ មាន​គោលដៅ​យ៉ាង​ជាក់លាក់​មួយ​ គឺ​ការ​កាត់បន្ថយ​អំណាច​របស់​គណបក្ស​នយោបាយ​នា​នា​នៅ​ក្នុង​ប្រទេស​ថៃ។


លោកPaiboon Nititawan អតីត​សមាជិក​ព្រឹទ្ធសភា​ថៃ​មួយ​រូបបាន​អះអាង​ប្រាប់​ដល់​ទីភា្នក់ងា​រ​​​សារព័ត៌មាន​បារាំង AFP ថា « យើង​ត្រូវតែ​កាត់​បន្ថយ​ឥទ្ធិពល​អំណាច​របស់​គណបក្ស​នយោបាយ​ទូទៅ​ តែ​យើង​ត្រូវ​តែ​បង្កើន​​អំណាច​របស់​ពលរដ្ឋ​វិញ »។

គួរ​រំលឹកថា អតីត​សមាជិក​ព្រឹទ្ធសភា​ថៃ​រូប​នេះ ធ្លាប់​បាន​ចេញ​មុខ​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​ស៊ីណាវ៉ាត្រា​យ៉ាង​ពេញ​ទំហឹង ​តាម​រយៈ​ការ​ចូល​រួម​ធ្វើ​បាតុកម្ម​ យ៉ាង​គគ្រឹកគគ្រេង​នៅ​អំឡុង​ចុង​ឆ្នាំ​២០១៣​និង​ដើម​ឆ្នាំ​២០១៤ ​រហូត​ដល់​មាន​រដ្ឋប្រហារ​យោធា​នៅ​ខែ​ឧសភា ប្រឆាំង​រដ្ឋាភិបាល​លោក​ស្រី​យីងឡាក់។​ លោកស្រី​យីងឡាក់​ដែល​ជា​ប្អូន​ស្រី​បង្កើត​របស់​អតីត​នាយក​​រដ្ឋមន្ត្រីលោក​​ថាក់ស៊ីន​ បាន​ឡើង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ ដោយសារ​គណបក្ស​ភឿថៃ​ដ៏​មាន​ឥទ្ធិពល​របស់​លោកស្រី បាន​ទទួល​ជោគជ័យ​ដ៏​ធំ​ធេង​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ឆ្នាំ​​២០១១។

នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ក៏​មាន​ដាក់​បញ្ចូល​ដែរ នូវ មាត្រា​មួយ​ដែល​ធ្វើការ​ហាមឃាត់​រាល់​អ្នក​ជាប់ទោស​ក្នុង​បទ​ពុករលួយ មិន​ឲ្យ​ចូល​ធ្វើ​នយោបាយ​ទៀតឡើយ​។ ចំពោះ​មតិ​អ្នក​រិះគន់ មាត្រា​មួយ​នេះ  ​សំដៅ​ប្រឆាំង​ជាពិសេស​ទៅ​លើ​រូប​លោក​ថាក់ស៊ីន​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​​ប្រទេស​ដើម្បី​រួចផុត​​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​តុលាការ​ពី​បទ​ពុករលួយ។ ទន្ទឹមគ្នា​នេះ​ដែរ អតីត​រដ្ឋាភិបាល​លោ​ក​ស្រី​យីងឡាក់​វិញ​ ក៏​​​កំពុងតែនៅជាប់​រឿង​ក្តីក្តាំ​តុលាការ​នៅ​ឡើយ​ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ដែរ។

យោងតាម​ការ​អះ​អាង​របស់ អ្នក​វិភាគ​មួយ​រូប​នៃ​សកល​វិទ្យាល័យ​Chulalongkorn នៅ​ក្រុង​បាងកក “សមាជិក​ភាគ​ច្រើន​នៃ​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​ជាតិ​ថៃ សុទ្ធ​ស៊ឹងតែ​​ជា​អ្នក​ប្រឆាំង​នឹង​លោក​ថាក់ស៊ីន​និង​ជា​អ្នក​ការរិយាធិបេតយ្យ”។  អ្នក​វិភាគ​ថៃ​រូប​នេះ បាន​បន្ថែម​ទៀត​ថា” “រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​នឹង​ក្លាយ​ជា​ស្នាដៃ​ដ៏​ចម្បង​មួយ​របស់​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់ជាតិ ក៏ប៉ុន្តែ​ចំពោះ​រូប​លោក លោក​មិន​ជឿ​ជាក់​ថា “រដ្ឋធម្មនុញ្ញ​ថ្មី​នេះ នឹង​អាច​ជួយ​ធ្វើ​កំណែ​ទម្រង់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ថៃ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ