អានតួអត្ថបទ
ថៃ

ក្រុមមេធាវី​ថៃ​បរិហារ​ការ​អនុវត្តច្បាប់​អាជ្ញា​សឹកលើស​១០០​ថ្ងៃ

ក្រុម​មេធាវី​ថៃ បាន​នាំ​គ្នា​បរិហារ​នៅ​ថ្ងៃចន្ទ​ទី ៨ កញ្ញា​នេះ ការ​បន្ត​អនុវត្ត​​ច្បាប់​អាជ្ញាសឹក​ ក្នុង​ប្រទេស​ បើ​ទោះ​បី​ជា​ហេតុការណ៍​​រដ្ឋ​ប្រហារ​បាន​កន្លង​ទៅ​ហួស​១០០​ថ្ងៃ​ទៅ​ក៏​ដោយ។ សម្រាប់​ក្រុម​អ្នក​ច្បាប់ ​រដ្ឋាភិបាល​យោធា​ថៃ បន្ត​រក្សា​ច្បាប់​អាជ្ញាសឹក គឺ​ដើម្បី​ទុក​ធ្វើ​ជា​រនាំង​បាំង​បិទ​​មិន​ឱ្យ​ក្រុម​អ្នក​ប្រឆាំង​អាច​ប្រើ​ប្រាស់​ផ្លូវ​តុលាការ​បាន។

នាយក​រដ្ឋមន្ត្រី​ថៃ​ អតីត​ឧត្តមសេនីយ៍​ប្រាយុទ្ធ​ ចាន់អូចា
នាយក​រដ្ឋមន្ត្រី​ថៃ​ អតីត​ឧត្តមសេនីយ៍​ប្រាយុទ្ធ​ ចាន់អូចា REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

ច្បាប់​អាជ្ញា​សឹក​ ដែល​របប​យោធា​ថៃ​បាន​ដាក់​បង្ខំ​ មុន​ពេល​ធ្វើ​រដ្ឋ​ប្រហារ​បន្តិច គឺ​ជា​គ្រាន់​តែ​ជា​​លេស​សម្រាប់​បិទ​បាំង​ដំណើរ​ការ​តុលាការ​ និង​ផ្តល់​អំណាច​ទូលំទូលាយ​ឱ្យ​ដល់​អាជ្ញាធរ​កាន់​អំណាច​ ដោយ​គ្មាន​អ្នក​រារាំង​បាន​តែ​ប៉ុណ្ណោះ។ នេះ​ជា​ខ្លឹម​សារ​ដែល​ក្រុម​សមាគម​មេធាវី​ថៃ​បាន​សរសរ​​ក្នុង​របាយ​ការណ៍​សិទ្ធិមនុស្ស​ជូន​ទៅ​ក្រសួង​មហាផ្ទៃ​ថៃ​នៅ​ថ្ងៃ​ចន្ទ​នេះ។

ការ​បញ្ចូល​ច្បាប់​អាជ្ញាសឹក​ដើម្បី​អាច​ចាប់​ឃុំ​ឃាំង​មនុស្ស​​ម្នាក់​បាន​លើស​ពី​៧​ថ្ងៃ​ គឺ​ជា​ការ​ល្មើស​អំណាច។ ​ នេះ​ជា​ការ​រិះគន់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​បាន​​ប្រមូល​បណ្តឹង​​ជាង​៨០​ករណី​​ពី​បុគ្គលជាប់​ទោស​ផ្ទាល់ ឬ​ពីក្រុម​សាច់​ញាតិ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ជាង​មួយ​រយ​នាក់ ​ក្នុង​ជំរំ​យោធា​សម្ងាត់​ គ្មាន​ទំនាក់ទំនង​មក​ពិភព​ខាង​ក្រៅ​ តាំង​ពី​ថ្ងៃ​ទី ២២​ឧសភា​មក។ ការ​កោះ​ហៅ​ តាមកញ្ចក់​ទូរទស្សន៍ រួច​ចាប់​ផ្ទាល់​ដល់​កន្លែង ដែល​ដំបូង​ឡើយ​ មាន​ជាប់​ទាំង​រូប​លោកស្រី​អតីត​នាយក​រដ្ឋមន្ត្រី យីងឡាក់​ផង។

ជាង​បី​ខែ​ក្រោយ​​រដ្ឋប្រហារ ​​​កាត់​ទោស​ដោយ​ប្រើ​តុលាការ​យោធា មាន​កាន់​តែ​ច្រើនករណី។ ​មនុស្ស​៥៧១​នាក់ ភាគ​ច្រើន​ជា​អ្នក​គាំទ្រ​អាវ​ក្រហម​ ត្រូវ​បាន​កោះហៅ​យក​ទៅ​ឃុំឃាំង​ និង​មាន​យ៉ាង​ហោច​៨៧​នាក់​ នឹង​អាច​រងការ​កាត់​ទោស​ពី​តុលាការ ៦៧​នាក់​ដោយ​តុលាការ​យោធា។ អតីត​រដ្ឋមន្ត្រីក្រសួង​អប់រំ​ដែល​មិន​ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​ អាច​នឹង​ត្រូវ​ជាប់​ទោស​ជា​ច្រើន​ឆ្នាំ​ ពីបទ​អវត្តមាន​ផង។

ដោយ​គ្មាន​បញ្ជាក់​ថ្ងៃ​ខែ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​យោធា បាន​លើក​ឡើង​អំពី​លទ្ធភាព​នៃ​ការ​ដកច្បាប់​អាជ្ញាសឹក​ចេញ ព្រោះ​ក្រុម​ភ្នាក់​ងារ​សន្តិសុខ​កំពុង​សិក្សា​ហើយ ប៉ុន្តែ​បដិសេធ​ការ​ចោទ​ប្រកាន់​ ជុំ​វិញការ​ធ្វើ​ទារុណកម្ម​អ្នកទោស។ សមាគម​មេធាវី​ ដោយ​រង​សម្ពាធ​ពី​រដ្ឋាភិបាល ​លុប​ចោល​របាយការណ៍​របស់​ខ្លួន កាលពី​សប្តាហ៍​មុន​ ជា​ហេតុ​ធ្វើ​ឱ្យ​អង្គការ​សហប្រជាជាតិ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំងចំពោះ​ស្ថានភាព​នៅ​ប្រទេស​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ