អានតួអត្ថបទ
កម្ពុជា

ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​និង​កើន​ឡើង​ដល់៧,៥លាន​នាក់​នៅ​ឆ្នាំ​២០២០

នៅក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​៣​នៃ​ទិវា​ជាតិ​ទី​ក្រុង​ស្អាត និង​ជោគជ័យ​លើ​វិស័យ​ទេសចរណ៍ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​នូវ​មោទនភាព​ពី​កំណើន​ទេសចរណ៍​ជា​រៀង​រាល់ឆ្នាំ និង​ជួយ​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ បន្ទាប់​ពី​មាន​ការ​ប្រលង​ប្រណាំង​ទីក្រុង​ស្អាត​រមនីយដ្ឋាន​ស្អាត សេវា​ល្អ។ ដោយ​ឡែក​ទីក្រុង​ចំនួន​៤​និង​ខណ្ឌ​ចំនួន​មួយ​ទទួល​បាន​ការ​វាយ​តម្លៃ​ថា បាន​ទទួល​ជ័យ​លាភី​ផ្កា​រំដួល​៣​ទង ដែល​ជា​ជ័យលាភី​ខ្ពស់​ជាងគេ ក្នុង​ចំណោម​ទីក្រុងនិង​ខណ្ឌ​ប្រកួត​ប្រជែង​ចំនួន​៣​។

ពលរដ្ឋខ្មែរ​​​បាន​ចូលរួម​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅ​ថ្ងៃអាទិត្យ​១៧​មិថុនា​ដើម្បី​ទេសចរណ៍​និង​បរិស្ថាន​
ពលរដ្ឋខ្មែរ​​​បាន​ចូលរួម​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅ​ថ្ងៃអាទិត្យ​១៧​មិថុនា​ដើម្បី​ទេសចរណ៍​និង​បរិស្ថាន​ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

លោក នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី២៤​កុម្ភៈ​ឆ្នាំ​២០១៥​នេះ បាន​វាយ​តម្លៃ​ថា តាម​រយៈ​វិស័យ​ទេសចរណ៍​ដែល​ជា​មាស​បៃតង​នោះ ប្រទេស​កម្ពុជា​នឹង​មាន​អត្រា​កំណើន​ភ្ញៀវ​ទេសចរណ៍​ជា​បន្ត​បន្ទាប់ និង​កើន​ដល់​៧,៥​លាន​នាក់​នៅ​ឆ្នាំ​២០២០​ខាង​មុខ។ ជា​មួយ​នេះ​វិស័យ​ទេសចរណ៍​ក៏បាន​រក​ចំណូល​ចូល​រដ្ឋ​ជា​ច្រើន​ប្រចាំ​ឆ្នាំ និង​ផ្តល់​ការងារ​ដល់​ប្រជាពល​រដ្ឋ​កម្ពុជា​ជា​ច្រើន​នាក់​ផងដែរ។

 
« សម្លេង ហ៊ុន សែន»

ការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន បែប​នេះ បាន​ធ្វើ​ឡើង​ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ចូលរួម​ជា​អធិបតី​នៅក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត «ជោគជ័យ​ទេសចរណ៍​»​និង​ពិធី​ប្រកាស​ជ័យលាភី​ទី​ក្រុង​ស្អាត​សម្រាប់​ឆ្នាំ ២០១៥-២០១៨ នៅឯ​សាល​ប្រជុំ​កោះ​ពេជ្រ។

ជា​ការពិត​ការបង្កើត​ឲ្យ​មានការ​ប្រលង​ប្រណាំង​ទីក្រុង​ស្អាត​របស់​កម្ពុជា មិន​ត្រឹម​តែ​ជា​កត្តា​ធានាបាន​នូវ​ចីរភាព​នៃ​កំណើន​ទេសចរណ៍​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជាការ​ត្រៀម​លក្ខណៈ​ប្រលង​ប្រណាំង​ទី​ក្រុង​ស្អាត​លំដាប់​ប្រទេស​អាស៊ាន​ផងដែរ ដែល​នឹង​រៀប​ចំ​នៅ​ឆ្នាំ​២០១៦​ ខាង​មុខ​។

ទាក់​ទង​ទៅ​នឹង​ការប្រលង​ប្រណាំង​ទី​ក្រុង​ស្អាត​នេះដែរ លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ បាន​លើក​ឡើង​ពី​ការ​វាយ​តម្លៃ លក្ខខណ្ឌ​នានា និង​ការ​ផ្តល់​ពិន្ទុ​ទៅ​លើ​ទីក្រុង​និង​ខណ្ឌ​មួយ​ចំនួន​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​កន្លងមក ដោយ​ទីក្រុង​ជ័យលាភី​មាន​បី​កម្រិត​គឺផ្ការំដួល​១​ទង ពិន្ទុ​ចន្លោះ​ពី​៣១​ដល់​៤៥ រួម​មាន​១១​ក្រុង​និង​៦​ខណ្ឌ។ ផ្ការំ​ដួល​២​ទង ពិន្ទុ​ចន្លោះ​ពី៤៦ដល់៥៧ មាន​១០​ក្រុង​និង​២​ខណ្ឌ និង​ផ្កា​រំដួល​៣​ទង ពិន្ទុ​ចន្លោះ​ពី​៥៨​ដល់​៧៧​ពិន្ទុ ​រួមមាន ក្រុង​បាត់​ដំបង ក្រុង​សៀមរាប ក្រុង​កែប ក្រុង​កំពត និង​ខណ្ឌ​ដូនពេញ។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ប្រទេស​កម្ពុជា​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត​និង​មានការ​ប្រលង​ប្រជែង​ទី​ក្រុង​ស្អាត រមនីយ​ដ្ឋាន​ស្អាត សេវា​ល្អ ក្នុង​គោល​បំណង​ដើម្បី​ទាក់​ទាញ​ទេសចរ។ តាម​រយៈ​នេះ រដ្ឋា​ភិបាល​កម្ពុជា​តែង​លើក​ឡើង​ពី​ជោគ​ជ័យ​នៃ​ទីក្រុង​ស្អាត និង​ជោគជ័យ​ទេសចរណ៍ ខណៈ​ដែល​កម្ពុជា​នៅ​តែ​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ក្រៅ​រដ្ឋា​ភិបាល​ពី​ផល​អវិជ្ជមាន​នៃ​ការ​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ដីធ្លី​មួយ​ចំនួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ