អានតួអត្ថបទ
កម្ពុជា

​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​ គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ជាង​៦០ ភាគ​រយ

រយៈ​ពេល​៥ថ្ងៃ ចាប់ពី​​ថ្ងៃទី២០​ ដល់​ ២៤​ ខែកញ្ញា​នៃ​​ពិធី​បុណ្យ​​ភ្ជុំ​បិណ្ឌ​​ឆ្នាំ​នេះ​ គ្រោះ​ថ្នាក់​​ចរាចរណ៍​​បាន​​កើន​ឡើង​ ៥៣លើក​ ស្មើ​នឹង​ ៦៣​ ភាគរយ​ បើ​​ប្រៀប​ធៀប​​ទៅ​នឹង​​ឆ្នាំ២០១៣​ កន្លង​មក​។ នេះ​​បើ​តាម​​ទិន្នន័យ​​របស់​​អគ្គ​ស្នង​កា​រ​​នគរបាល​ជាតិ​​ដែល​​បាន​ចេញ​​ផ្សាយ​​នៅ​លើ​​គេហ​ទំព័រ​​របស់​ខ្លួន​។ សង្គម​​ស៊ីវិល​​ដែល​​ធ្វើ​ការ​​ពាក់​ព័ន្ធ​​នឹង​​សុវត្ថិភាព​​ចរាចរណ៍​​ទាមទារ​​ឲ្យ​​រដ្ឋា​ភិបាល​​រឹត​បន្តឹង​​ច្បាប់​​ចរាចរណ៍​​បន្ថែម​ទៀត ​ដើម្បី​​កាត់​បន្ថយ​​ចំនួន​​គ្រោះ​ថ្នាក់​។​

ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់ និង​ដោយ​មិនចេះ​អធ្យាស្រ័យគ្នា បង្ក​ឲ្យ​​មាន​គ្រោះថ្នាក់ និង​​ការស្ទះចរាចរណ៍
ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់ និង​ដោយ​មិនចេះ​អធ្យាស្រ័យគ្នា បង្ក​ឲ្យ​​មាន​គ្រោះថ្នាក់ និង​​ការស្ទះចរាចរណ៍ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

គិត​ជា​តូរ​លេខ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ មាន​ចំនួន១៣៧ លើក គឺ​បាន​កើនឡើង ៥៣ លើក។ គ្រោះថ្នាក់​ទាំងនេះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤៩ នាក់ គឺ​កើន២១ នាក់ ស្មើ ៧៥ ភាគរយ។ ចំណែក​អ្នក​រងរ​បូស​មាន​ចំនួន​សរុប ៣០៥ នាក់ គឺ​កើនឡើង ៧៨ នាក់ ឫ​ស្មើ៣៥ ភាគរយ ក្នុងនោះ​អ្នករងរបួស​ធ្ងន់​មាន​ចំនួន ១៨៩នាក់ ។
បើតាម​អគ្គស្នងការ​នគរបាល​ជាតិ មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន មិន​គោរព​សិទ្ធ​អាទិភាព មិន​ប្រកាន់​ស្ដាំ បើកបរ​ប្រជែង​និង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ។

ដោយឡែក​ខេត្ត​ដែលមាន​គ្រោះថ្នាក់​ច្រើនជាងគេ គឺ ខេត្តពោធិសាត់ ស្លាប់ ០៨នាក់ ខេត្តកណ្ដាល ស្លាប់ ០៧នាក់ ខេត្តព្រៃវែង ស្លាប់ ០៥នាក់ និង​ខេត្តកំពង់ធំ ស្លាប់ ០៥នាក់ ។ គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះ កើតឡើង​លើផ្លូវ​ជាតិ​មាន​ចំនួន ៦៣ភាគរយ  លើ​ផ្លូវលំ​ចំនួន ២២ភាគរយ និង​លើផ្លូវ​រាជធានី-ខេត្ត ចំនួន០៧ភាគរយ។

បើតាម​ទិន្នន័យ​ដដែល គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល ៥ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​បាន​បណ្ដាល​ឲ្យ​ខូចខាត ម៉ូតូ​ចំនួន ១៧១គ្រឿង រថយន្ត​ធុន​ស្រាល ៤១គ្រឿង រថយន្ត​ធុន​ធ្ងន់ ០៧គ្រឿង និង​យានផ្សេងៗ ចំនួន១៤គ្រឿង ។ ចំណែក​អ្នកបង្ក​គ្រោះថ្នាក់​រួមមាន​អ្នកបើកបរ​ម៉ូតូ មាន​ចំនួន៦៤ភាគរយ  អ្នកបើកបរ​រថយន្ត​តូច​មាន ២៧ភាគរយ  អ្នកបើកបរ​រថយន្ត​ធំ ០៣ភាគរយ និង អ្នកបើកបរ​គោយន្ត​មាន​ចំនួន ០២ភាគរយ។

លោក គង់ សុវណ្ណ ប្រធាន​អង្គការ​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​សាកល បាន​វាយតម្លៃថា ទិដ្ឋភាព​គ្រោះថ្នាក់​ចរាច​រណ៍​ក្នុងអំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ គឺជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ចំពោះ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ។ ប្រឈម​នឹង​បញ្ហា​នេះ លោក​ទាមទារ​ឲ្យ​មាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ហើយ​រដ្ឋាភិបាល​ត្រូវ​បង្កើន​ការអប់រំ ផ្សព្វផ្សាយ និង​រឹតបន្តឹង​ការគោរព​ច្បាប់​បន្ថែមទៀត។ ជាមួយគ្នានេះ ប្រធាន​អង្គការ​ធ្វើការ​ខាង​សុវត្ថិភាព​ចរាចរណ៍​រូបនេះ ក៏បាន​ជំរុញ​ឲ្យ​រដ្ឋសភាជាតិ អនុម័ត​ច្បាប់​ចរាចរណ៍​ថ្មី​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​រួមចំណែក​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ