អានតួអត្ថបទ
កម្ពុជា

តំណាង​សហជីព​រាប់សិប​នាក់​នឹង​រង់ចាំ​ស្តាប់​លទ្ធផល​កិច្ចប្រជុំ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​រសៀល​នេះ

នៅ​រសៀល​ថ្ងៃទី ២៦ កញ្ញា​នេះ គឺជា​ពេល​កំណ​ត់នៃ​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​ការងារ (LAC) ត្រី​ភាគី រវាង​តំណាង​សហជីព​កម្មករ​កាត់​ដេ​រ និយោជក និង​រដ្ឋាភិបាល ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករបម្រើ​ការងារ​ក្នុង​វិស័យ​វាយ​នភ័ណ្ឌ​នៅ​កម្ពុជា។ តំណាង​សហជីព​ពី ៥០ នាក់​ទៅ ១០០ នាក់​នឹង​ឈរ​រង់​ចាំ​ស្តាប់​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​នេះ នៅ​ខាង​ក្រៅ​ក្រសួង​ការងារ​នឹង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។

មេដឹកនាំសហជីពកម្មករកម្ពុជា នៅតែធ្វើការទាមទារអោយមានការដំឡើងប្រាក់ខែ១៧៧ដុល្លារដល់កម្មករ។
មេដឹកនាំសហជីពកម្មករកម្ពុជា នៅតែធ្វើការទាមទារអោយមានការដំឡើងប្រាក់ខែ១៧៧ដុល្លារដល់កម្មករ។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

តំណាង​សហជីព និយោជក និង​រដ្ឋា​ភិបាល នឹង​ជួប​ប្រជុំ​ពិភាក្សា​ត្រីភាគី​ជា​ថ្មី​ម្តង​ទៀត នៅ​ម៉ោង៣ រសៀល​នេះ ដើម្បី​សម្រេច​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​ដល់​កម្មករ​កាត់ដេរ​កម្ពុជា។ កិច្ច​ប្រជុំ​នេះ នឹង​ធ្វើ​ឡើង​នៅ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​រដ្ឋ​មន្ត្រី​អ៊ិត សំហេង។ តំណាង​សហជីព​ពី ៥០ នាក់​ទៅ ១០០ នាក់​នឹង​ទៅ​ប្រមូល​ផ្តុំគ្នា​នៅ​ខាង​ក្រៅ​ក្រសួង​ការងារ​ដើម្បី​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ។ នេះ​បើ​យោងតាមលោក​អាត់ ធន់ ប្រធាន​សហជីព​ប្រជា​ធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ ។

 

លោក​បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ព្រឹក​នេះ​ថា តំណាង​ខាង​សហជីព​ដែល​ចូលរួម​ប្រជុំ​នៅ​រសៀល​នេះ​គឺមាន​ចំនួន ៧ នាក់ ដែល​សុទ្ធ​តែ​ជា​សមាជិក​គណៈ​កម្មការ​ប្រឹក្សា​ការងារ ហើយ​ក្នុង​នោះ​រួម​មាន​លោក អាត់ ធន់ លោក​ជួន មុំ​ថុល និង​លោក​សោម​អូន​ជាដើម។ លោក​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​នេះ មាន​តំណាង​សហជីព​ចូលរួម​ចំនួន ៧នាក់ និយោជក​ចំនួន ៧នាក់ និង​តំណាង​ខាង​រដ្ឋាភិបាល ចំនួន ១៤ នាក់។

លោក​អាត់ ធន់ រំពឹងថា កិច្ចប្រជុំ​នៅ​សៀល​នេះ អាច​នឹង​ឲ្យ​និយោជក​ជួយ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ដល់ក​ម្មករ ហើយ​ខាង​សហជីព​វិញ​ក៏​អាច​នឹង​ចុះ​បន្ថិច ដែល​ក្រោម​ការ​ទាមទារ ១៧៧ដុល្លា​ផងដែរ។ លោក​យល់​ឃើញ​បែប​នេះ បន្ទាប់​ពី​លោក​បាន​មើល​ឃើញ​ពី​លទ្ធ​ផល​នៃ​ការ​ធ្វើ​យុទ្ធនា​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ជា​ច្រើន នា​ពេល​កន្លង​មក បាន​ធ្វើ​ឲ្យ​អ្នក​បញ្ជា​ទិញ ជួយ​អន្ត​រាគមន៍​នៅក្នុង​យុទ្ធនាការ​នេះដែរ។

ក្រុមហ៊ុន​បញ្ជា​ទិញ​ធំ​ៗ នៅ​ក្នុង​តំបន់​អឺរ៉ុប​អស់​ទាំង​នោះ មាន​ដូច​ជា H&M, C&A និង​Newlook ជាដើម ដែល​បាន​ផ្ញើរ​លិខិត​ជូន​ដល់​រដ្ឋា​ភិបាល​កម្ពុជា​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ​កម្ពុជា ឲ្យ​បាន​សម​រម ដើម្បី​អាច​ឲ្យ​ពួកគេ​ផ្តត់​ផ្គត់​ជីវភាព​បាន។
 

សូម​បញ្ជាក់​ថា កន្លង​មក​ក្រុម​សហជីព​បាន​ធ្វើ​យុទ្ធ​នាការ​ជា​ច្រើន​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១៧៧ដុល្លា ក្នុង​មួយ​ខែ ប៉ុន្តែ​ការ​ទាមទារ​ត្រូវ​បាន​ខាង​តំណាង​ចៅ​កែ​រោងចក្រ​កាត់ដេរ សម្រេច​ផ្តល់​ឲ្យ​ត្រឹម​តែ ១១០​ដុល្លា​ប៉ុណ្ណោះ។ កត្តា​នេះ ហើយ​ដែល​ធ្វើ​ឲ្យ​សហជីព​នៅ​តែ​បន្ត​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ជា​បន្ត​ទៀត មុន​នឹង​មាន​ការ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ជូន​ដល់​កម្មករ​កម្ពុជា ជា​ផ្លូវ​ការ​នៅ​ដើម​ខែ​តុលា​ក្រោយ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ