អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅ​វេទិកា​វិនិយោគ​អន្តរជាតិ លោក​ពូទីន​ផ្តោត​លើ​ពាណិជ្ជកម្ម​ជាមួយ​អាស៊ី ជាពិសេស​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

វេទិកា​វិនិយោគ​លើក​នេះ ដែល​ជា​លើក​ទី ៦ បាន​ធ្វើ​ការងារ​ខ្លួន នៅម៉ូស្គូ អស់​ពីរ​ថ្ងៃ​ជាប់ គឺ​ថ្ងៃ​ទី១ និង​ទី២ តុលា​កន្លង​ទៅ។ នេះ​ជា​លើក​ទី​១ ដែល​វា​ប្រព្រឹត្ត​ទៅ ក្នុង​ស្ថានភាព ដែល​ប្រទេស​រុស្ស៊ី រង​ទណ្ឌកម្ម​គ្មានឈប់ ពី​ខាង​បស្ចិមលោក ក្រោយ​ពី​រុស្ស៊ី កាលពី​កន្លះ​ឆ្នាំមុន បាន​ភ្ជាប់​យក​ទឹកដី​គ្រីមេ ដោយ​ផ្តាច់​វា​ចេញ​ពី​រដ្ឋអ៊ុយក្រែន។ រសៀល​ថ្ងៃ​ទី ២ ដែល​ជា​ថ្ងៃ​បិទ បញ្ចប់​វេទិកា​នេះ លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន​បាន​ឡើង​ថ្លែង​សុន្ទរកថា ប៉ះ​លើ​ទណ្ឌកម្ម​នេះ ប៉ះ​លើ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង​ប្រាកដ​ណាស់​ទាំង​ស្ថានការណ៍ នៅ​អ៊ុយក្រែន។ 

លោក​ពូទីន​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ក្នុងទីក្រុង​ម៉ូស្គូ ថ្ងៃ​ទី ២ តុលា
លោក​ពូទីន​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ក្នុងទីក្រុង​ម៉ូស្គូ ថ្ងៃ​ទី ២ តុលា ©REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

ទោះបី​រុស្ស៊ី ជាប់​ក្នុង​ទណ្ឌកម្មនោះ​ក្តី ក៏​ប្រតិភូ​ដែល​មក​ចូលរួម មាន​មិនតិច ជាង​លើក មុនៗ​ឡើយ ដ្បិត​មជ្ឈដ្ឋាន​ធុរកិច្ច ខុស​ពី​ពួក​អ្នកនយោបាយ គេ​នៅតែ​ចង់រកស៊ី ក្នុង​ប្រទេស​រុស្ស៊ី ដដែល។ គេ​ទាំង​នោះ ជា​វិនិយោគិន និង​ធុរជន មាន​គ្នា​ដល់​ទៅ១.៥០០នាក់ មកពី​ជាង ៥០ ប្រទេស ដែល​ភាគច្រើន មក​ពី​ទ្វីបអាស៊ី បែប​យ៉ាង ពួកមហាសេដ្ឋី​ឥណ្ឌា ពួក​ថៅកែ​ក្រុមហ៊ុន ខាង​បច្ចេកវិជ្ជា​ព័ត៌មាន មក​ពី​ប្រទេស​ចិន​ដីគោក ព្រម​ទាំង​ពួក​វិនិយោគិន មក​ពី​បណ្តាប្រទេស អារ៉ាប់ តំបន់​ដើមបូព៌ា។

 
មិន​តែ​ប៉ុណ្ណោះ ក៏​មាន​មិនស្ទើរ​ឡើយ ពួក​សហគ្រិន និង ពួក​តំណាង​នៃ​មូលនិធិ​វិនិយោគ មក​ពី​បណ្តា​ប្រទេសអឺរ៉ុប និង ស.រ.អា.ផង​ដែរ។

វិនិយោគិន​ជាច្រើន​ដែល​មក​កាន់​ក្រុងម៉ូស្គូ គេ​ចង់យល់​ដឹង តើ​ការបោះទុន​មក​ក្នុង​ប្រទេស​រុស្ស៊ី អាច​ហុច​ជា​គុណ​ប្រយោជន៍ យ៉ាងណា​ដែរ សម្រាប់គេ និង​តើ​សេដ្ឋកិច្ច​រុស្ស៊ី ក្នុង​ថ្ងៃមុខ​នឹង​វិវឌ្ឍ តាម​ផ្លូវណា។ អ្នកខ្លះ​បាន​ស្ទាបស្ទង់​ត្រួសៗ​ជាមុន ទៅហើយ អំពី​ផែនការ​ធ្វើ​ឯកជន​ឧបនីយកម្ម វិស័យ​ប្លែកៗ នៃ​សេដ្ឋកិច្ច​រុស្ស៊ី ជា​អាទិ៍ វិស័យ​ថាមពល។

អំពី​ទណ្ឌកម្ម​ដាក់​ដោយ​បស្ចិម​លោក​ទល់​នឹង​រុស្ស៊ី លោក​ពូទីន ចាត់ទុក​សកម្មភាព​រដ្ឋាភិបាល ប្រទេស​ខាងលិច​ទាំង​នោះ ដែល​រឹតត្បិត មជ្ឈដ្ឋាន​ធុរកិច្ចខ្លួន មិន​ឲ្យ​រកស៊ី ក្នុង​ប្រទេស​ដែល​មាន​ទស្សនវិស័យ​ដ៏ល្អ បែបយ៉ាង​ប្រទេស​រុស្ស៊ី​ថា ជា ”រឿងភ្លើ​សុទ្ធ”។ តាម​លោក​ពូទីន ម៉ូស្គូ​មិនសូវ​ខ្វល់ទេ នឹង​ទណ្ឌកម្ម​នេះ។ មិន​តែ​ប៉ុណ្ណោះ គាត់​យល់​ថា ទណ្ឌកម្ម​នោះឯង គឺវា​“បំពាន​លើ​គោលការណ៍​ជា​គ្រឹះ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក OMC, វា​នាំ​ឲ្យ​រង្គោះរង្គើ​ដល់​ទំនុកចិត្ត លើ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ទំនុកចិត្ត​លើ​រូបិយវត្ថុ​ផ្ទាល់។ លោក​ពូទីន ក៏​ថ្លែង​ថា សម្ពាធ ពី​ក្រៅ គឺ​បង្កើត​ជា​សន្ទុះចិត្ត សម្រាប់​រុស្ស៊ី សម្រេច​ឲ្យ​បាន​នូវ លទ្ធផល​តាម​មុខ​ព្រួញ​ណា ជា​អាទិភាព​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ខ្លួន។

អំពី​សហប្រតិបត្តិការ ក្នុង​ក្របខ័ណ្ឌ OMC លោក​ពូទីន លើក​ឡើង​ថា រុស្ស៊ី​ខុស​ពី​ពួកប្រទេស ដែល​ថា ជា”ស្ថាបនិក”​របស់វា គឺ​គាំទ្រដល់ គោលការណ៍​របស់​អង្គការនេះ ហើយ​កំពុង​ប្រែ សេដ្ឋកិច្ច​ខ្លួន ជា​សេដ្ឋកិច្ច​ទីផ្សារ បើកចំហ។ នេះ​ជា​បន្ទាត់​យុទ្ធសាស្ត្រ​ឥត​ប្រែប្រួល​ឡើយ។

អំពី​សេដ្ឋកិច្ច​រុស្ស៊ី លោក​ពូទីន បង្ហើប​ឲ្យ​ដឹង​ថា ក្នុង ៨​ខែ​ឆ្នាំនេះ​ពី ខែមករា ដល់​សីហា ខ្ទង់​ចំណូល នៃ​ថវិកា​សហព័ន្ធ គឺ​លើស​ពី​ខ្ទង់​ចំណាយ ដល់​ទៅ ៩០០.០០០​លានរូប្ល គិត​តាម​អត្រា​បច្ចុប្បន្ន គឺ​ប្រមាណ២៣.០០០លានដុល្លារ។ ហើយ​ក្នុង​គម្រោង​ថវិកា សម្រាប់​ឆ្នាំ ២០១៥ គឺ​មាន​ប្រមើល នូវ​ឧនភាព​ថវិកា ដ៏​ស្រគត់ស្រគំ​ទេតើ ត្រឹម ០,៣% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ឬ PIB។ ប៉ុន្តែ អតិផរណា ទៅ​ទល់​ដំណាច់ឆ្នាំ​នេះ អាច​ស្ទុះ ដល់ ៨%។ ទោះបី​អត្រា​ប្រាក់រូប្ល នា​ពេលចុង ក្រោយ ចុះខ្សោយ​ក្តី ក៏​លោក​ពូទីន​អះអាង​ថា រុស្ស៊ី​មាន​កត្តាធំៗ ជា​គ្រឹះ បែបយ៉ាង ស្តុក​រូបិយវត្ថុ​ក្រាស់ក្រែល , ថវិកា​សឹង​គ្មាន​ឧនភាព ,សមត្ថភាព​បង់ប្រាក់​យ៉ាងមាំ ដែល​ធានា​ឲ្យ​សេដ្ឋកិច្ច​ខ្លួន​មាន​ស្ថិរភាព​ដដែល។

អំពី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរជាតិ លោក​ពូទីន បាន​ឲ្យ​ដឹង​ថា រុស្ស៊ី​គ្មាន​ចេតនា​មូរ ចំណង​សេដ្ឋកិច្ច ជាមួយ​អឺរ៉ុបឡើយ ប៉ុន្តែ យល់ថា មាន​ទស្សនវិស័យ​ល្អ​ជាង គឺ​ពង្រីក សហប្រតិបត្តិការ ជាមួយ​ទ្វីបអាស៊ី រួច​ជា​បឋម គឺ​ជាមួយ​មហា​ប្រទេសចិន។ មិនតែ​ប៉ុណ្ណោះ ក្នុង​ការទូទាត់​ពាណិជ្ជកម្ម រវាងរុស្ស៊ី និង ចិន គឺ​មាន​ចាប់​ប្រើ​រូបិយវត្ថុ​ជាតិ​រៀងៗ ខ្លួន​ទៅ​ហើយ។ រុស្ស៊ី​ក៏​បង្កើន​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច ទាំង​ជាមួយ​ប្រទេស​ឯទៀត​នៃ ក្រុម​ BRICS គឺ ឥណ្ឌា ប្រេស៊ីល អាហ្វ្រិកខាងត្បូង។

អំពី​ស្ថានការណ៍ នៅអ៊ុយក្រែន លោក​ប្រធានាធិបតីរុស្ស៊ី សង្ឃឹមថា លទ្ធផល​នៃ​ការបោះឆ្នោត សភា​ថ្ងៃមុខ នឹង​នាំ​ស្ថិរភាព​ដែល​គេរ​ង់ចាំ​យូរ​មកហើយ។ ម៉ូស្គូ​ពី​ចំណែកខ្លួន នឹង​ធ្វើ​សព្វ​បែបយ៉ាង ដើម្បី​រកច្រកចេញ​ពី​វិបត្តិ​នៅទីនោះ តាមផ្លូវ​នយោបាយ។ តាម​លោក​ពូទីន ផល​ប្រយោជន៍​ជាតិ​របស់​រុស្ស៊ី តម្រូវ​ឲ្យ ប្រទេស​អ៊ុយក្រែន​ជិតខាង ចេះ​ដកខ្លួន​ចេញផុត ពី វិបត្តិ​នយោបាយ និង វិបត្តិ​សេដ្ឋកិច្ច៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ