អានតួអត្ថបទ
រុស្ស៊ី

តុលាការ​ម៉ូស្គូ​វិនិច្ឆ័យ​លើ​បណ្តឹង​ឧទ្ធរណ៍​នារី៣នាក់​នៃ​ក្រុមចម្រៀង Pussy Riot

សំណុំរឿង​នារី​៣នាក់​នេះ ដែល​កាល​ពី​២ខែ​មុន ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ក្នុង​ជំរំពលកម្ម ម្នាក់ៗ​រយៈពេល​២ឆ្នាំ​ បាន​ញ៉ាំង​ឲ្យ​មាន​ប្រតិកម្ម​ជួយ​ឈឺឆ្អាល​ពី​ខាង​ឥស្សរជន​សិល្បៈជាតិ និង​អន្តរជាតិ​ដ៏​ល្បីៗ​នៅ​ក្នុង​លោក។ ទោស​របស់​គេ គឺ​គ្រាន់​តែ​គេ​បាន​ប្រព្រឹត្ត “អំពើ​យូកូម” ដែល​ថា ប្រមាថ​លើ​មនោសញ្ចេតនា​អ្នកកាន់សាសនា​នៅ​រុស្ស៊ី ដោយ​កាល​ពី​ខែ​កុម្ភៈ គេ​បាន​ចូល​ទៅ​ឡក និង​ច្រៀង​ក្នុង​វិហារ​គ្រិស្តសាសនា​អ័រថូដុក្ស​ដ៏​ធំ​បំផុត។

តុលាការ​ម៉ូស្គូ​វិនិច្ឆ័យ​លើ​បណ្តឹង​ឧទ្ធរណ៍​នារី៣នាក់​នៃ​ក្រុមចម្រៀង Pussy Riot
តុលាការ​ម៉ូស្គូ​វិនិច្ឆ័យ​លើ​បណ្តឹង​ឧទ្ធរណ៍​នារី៣នាក់​នៃ​ក្រុមចម្រៀង Pussy Riot REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

តាម​ពិត អង្គសវនាការ​ពិនិត្យមើល​បណ្តឹងឧទ្ធរណ៍​នេះ បាន​បើក​ធ្វើ​ម្តង​ទៅ​ហើយ កាល​ពី​ថ្ងៃទី១ តុលា។ ប៉ុន្តែ​កាលណោះ ពី​ក្នុង​ចំណោម​នារី៣នាក់​នោះ មាន​ម្នាក់​ស្រាប់​តែ​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​នាំ​ឲ្យ​គេ​ភ្ញាក់ផ្អើល គឺ​ថា​សុំ​ឲ្យ​ផ្លាស់ប្តូរ​មេធាវី​របស់​ខ្លួន ហេតុ​ដែល​ជំរុញ​ចៅក្រម​ប្រធាន​តុលាការ​ឲ្យ​លើក​អង្គជំនុំជម្រះ មក​ធ្វើ​ថ្ងៃទី១០ តុលា​នេះ​វិញ ទម្រាំ​រក​បាន​មេធាវី​ថ្មី​មក​ជំនួស​ឲ្យ​បាន​ត្រូវ​នឹង​បំណង​របស់​សាមីជន។ អ្វី​ដែល​ក្រុម​មេធាវី​ការពារ​នារី​ទាំង៣នាក់​នោះ​ចង់​បាន គឺ​ឲ្យ​តុលាការ​ពិនិត្យ​សើរើ​ឡើង​វិញ ទោស​២ឆ្នាំ​នោះ ពីព្រោះ​តាម​យោបល់​គេ ការ​កាត់ទោស​នោះ​មិន​ឈរ​លើ​សត្យានុម័ត​ទេ ហើយ​មាន​លក្ខណៈ​នយោបាយ​ទេ​តើ។ ម៉្លោះ​ហើយ​បាន​ជា​គេ​ទាមទារ ៖ ឬមួយ ឲ្យ​បន្ទាបទោស​នោះ​មក​នៅ​ត្រឹម​រយៈពេល ៧ខែ ដែល​នារី​ទាំង​នោះ​ជាប់​នៅ​ក្នុង​ការ​ឃុំឃាំង​ទៅ​ហើយ រួច​ទូរទាត់​ទៅ គឺ​ត្រូវ​ដោះលែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​វិញ​ទៅ។ ឬ​មួយ ទុក​ឲ្យ​នៅ​ដដែល ទោស២ឆ្នាំ​នោះ ប៉ុន្តែ ជា​ការ​ព្យួរទោស​ទៅ​វិញ ដែល​ហុច​លទ្ធភាព​ដល់​សាមីខ្លួន​ទាំង​៣នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ​ទៅ។

ពាក្យ​ថា “លក្ខណៈនយោបាយ” ដែល​ពួក​មេធាវី​បាន​ប្រើ​នោះ មិនមែន​ចៃដន្យ​ទេ ដ្បិត​នារី​ទាំង ៣នាក់​នៃ​ក្រុមចម្រៀង Pussy Riot ពេល​សំដែង​ក្នុង​វិហារ​នោះ បាន​បន្លឺ​ឡើង​នូវ​ឃ្លា​ទាមទារ​ពី “ ប្រមុខ​គ្រិស្តសាសនា​អ័រថូដុក្សរុស្ស៊ី សម្តេចសង្ឃ Kirill ឲ្យ​ជួយ​បណ្តេញ​រូប​លោកពូទីន​ចេញ​ពី​រដ្ឋអំណាច​ទៅ ”។

គួរ​និយាយ​ថា លោក​ប្រធានាធិបតី​ពូទីន​ផ្ទាល់ ក្នុង​បទអន្តរាគមន៍​តាម​ទូរទស្សន៍​កាល​ពី​៣ថ្ងៃ​មុន គឺ​ថ្ងៃទី៧ តុលា ដែល​ជា​ទិវាខួបកំណើត៦០ឆ្នាំ​របស់​គាត់ តប​នឹង​សំណូមពរ​អ្នកកាសែត សុំ​ឲ្យ​គាត់​បញ្ចេញ​យោបល់​ជុំវិញ​សំណុំរឿង Pussy Riot បាន​ថ្លែង​ថា “ ការ​កាត់ទោស​ចំពោះ​នារី​ទាំង​នោះ​ក្នុង​កម្រិត​ដែល​សម្រេច​ដោយ​តុលាការ គឺ​ស័ក្តិសម​នឹង​ទង្វើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត”។

ជា​ការ​កត់សម្គាល់ លោក​នាយក​រដ្ឋមន្ត្រី​មេដវេដេវ ពី​ចំណែក​ខ្លួន ពេល​ថ្មីៗ បាន​ថ្លែង​ថា “ សមជាង បើ​កាត់​ទោសនារី​ទាំង​នោះ ឲ្យ​នៅ​ក្រៅ​ឃុំ​បាន​ហើយ ”។ ឧទ្ទិស​ដល់​អង្គសវនាការ​ថ្ងៃ​នេះ ក្នុង​ក្រុង Varsovie យុវជន​ប៉ូឡូញ​ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​ស្ថានទូត​រុស្ស៊ី ដោយ​ដោត​ផ្កា​លើ​សួន​នៅ​ទីនោះ ជា​តួអក្សរធំៗ​ថា “ សេរីភាព​សម្រាប់ Pussy Riot ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ