អានតួអត្ថបទ
កម្ពុជា

អង្គ​ការ​​ត​ម្លា​ភា​ព​​ក​ម្ពុ​ជា​​ពិ​ភា​ក្សា​​ជា​មួ​យ​​​សហគ្រិន​​​​និ​យា​យ​​ពី​​អំ​ពើ​​ពុ​ក​រ​លួ​យ​​

អង្គ​ការ​ត​ម្លា​ភាព​កម្ពុ​ជា​នៅ​ថ្ងៃ​ទី​២៦​ ខែ​សីហា​​នេះ​បាន​ជួប​ជា​មួយ​ស​ហ​គ្រិន​ដែល​មក​ពី​សហគ្រាស​​ធុន​តូច​និង​មធ្យម​(SME)​ដើ​ម្បី​ពិ​ភា​ក្សា​អំ​ពី​ការ​​ប្រយុទ្ធ​​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​។ ​អង្គការ​នេះ​ចង់​ឲ្យ​ស​ហ​គ្រិន​ទាំង​នោះ​​ចូល​រួម​បង្កើត​យុទ្ធ​សាស្ត្រ​ប្រ​ឆាំង​អំ​ពើ​ពុក​រ​លួយ​នៅ​ក្នុង​អា​ជីវ​កម្ម​របស់​ពួក​គេ​។ ​កាលពី​​​ពេល​​ថ្មី​ៗ​​នេះ​ ​អង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ក៏​បាន​ជួប​ជាមួយ​​អ្នក​ជំនួញ​ក្នុង​វិស័យ​ឯក​ជន​ ដើ​ម្បី​រិះ​រក​វិ​ធី​ទប់​ស្កាត់​អំ​ពើ​ពុក​រលួយ​ក្នុង​មុខ​ជំនួញ​នេះ​ផង​ដែរ។

អង្គការតម្លាភាព ដែលតែងតែបរិហារអំពើពុករលួយ។
អង្គការតម្លាភាព ដែលតែងតែបរិហារអំពើពុករលួយ។
ផ្សាយពាណិជ្ជកម្ម

ស​ហ​គ្រិន​មក​ពី​ស​ហ​គ្រាស​ធុន​តូច​និង​មធ្យម​ប្រ​មាណ ​៥០​ នាក់​បាន​មក​ជួប​ជុំ​គ្នា​ក្នុង​សិ​ក្ខា​សា​មួ​យ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៦​ សី​ហា​នេះ​នៅ​ឯ​ស​ណ្ឋាគារ ​Green ​Palace ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ដើ​ម្បី​រិះ​រក​វិធី​ទប់​ស្កាត់​អំ​ពើ​ពុក​រលួយ​ក្នុង​មុខ​ជំនួញ។​ ពួក​គេ​បាន​ជ​ជែក​ពិ​ភា​ក្សា​អំ​ពី​ការ​បង្កើត​ប្រព័ន្ធ​សុចរិតភាព​ធុរ​កិច្ច​មួយ​សំ​ដៅ​លុប​បំបាត់​ហា​និ​ភ័យ​នៃ​អំ​ពើ​ពុក​រលួយ​នៅ​ក្នុង​អា​ជីវ​កម្ម​។

សិក្ខា​សា​លា​នេះ​ស​ហ​ការ​រៀប​ចំ​ដោយ​អង្គ​ការ​តម្លា​ភាព​កម្ពុជា​ ស​មា​គម​ស​ហ​គ្រិន​វ័យ​ក្មេង សមាគម​ភ្នាក់​ងារ​បញ្ជូន​ទំ​និញ​កម្ពុជា​ និង​ស​មា​គម​អ្នក​វាយ​ត​ម្លៃ ​និង​ភ្នាក់​ងារ​អ​ចល​នទ្រ​ព្យ​កម្ពុជា​ជា​ដើម។ ​លោក​ ព្រាប​ កុល​ នា​យក​ប្រ​តិ​បត្តិ​អង្គ​ការ​ត​ម្លា​ភាព​កម្ពុ​ជា ​បាន​ពន្យល់​ថា​ ប្រទេសមួយ​ដែល​មាន​អំ​ពើ​ពុក​រលួយ​ និង​ការ​ស៊ី​សំ​ណូ​ក​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ប​រិយា​កាស​អា​ជីវ​កម្ម ​ហើយ​នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ច្រើន​លើស​លុប​ ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​ទើប​អាច​ប្រយុទ្ធ​ប្រឆាំង​អំ​ពើ​ពុក​រលួយ​បាន។

ក្នុង​បរិ​បទ​នេះ​ហើយ​ដែល​អង្គ​ការ​ត​ម្លា​ភាព​ក​ម្ពុ​ជា​អ​ញ្ជើញ​អ្នក​ជំនួញ​ទាំង​នោះ​ឲ្យ​មក​ជួប​ជុំ​ពិភាក្សា​គ្នា​ដើ​ម្បី​ប្រ​យុទ្ធ​ប្រ​ឆាំង​ជា​មួយ​ផ្នត់​គំ​និត​ពុក​រលួយ​ និង​ស៊ី​សំ​ណូក​។ ​បើ​តាម​លោក​ ព្រាប កុល​ ស​ហ​គ្រាស​ធុន​តូច​និង​មធ្យម​មាន​ធន​ធាន​មនុស្ស​និង​ហិរ​ញ្ញវត្ថុ​តិច​តួច​ជាង​សាជីវកម្ម​ខ្នាត​ធំ​។ ​ដូច្នេះ​ហើយ​ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ក្នុង​នោះ​អំ​ពើ​ពុក​រលួយ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​មួយ​ដែល​ត្រូវ​លុប​បំ​បាត់។

កាល​ពី​ថ្ងៃ​ទី​១៥​សីហា ​អង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ក៏​បាន​ជួប​ពិ​គ្រោះ​យោ​បល់​ជា​មួយ​អ្នកជំនួញ​ក្នុង​វិ​ស័យ​ឯក​ជន​ជា​ច្រើន​ដែរ​ដើ​ម្បី​រិះ​រក​វិ​ធី​បំ​បាត់​អំ​ពើ​ពុក​រលួយ​ក្នុង​មុខ​ជំនួញ​។ ​លោក ឱម​ យ៉ិន​ទៀង​ ប្រធាន​អង្គ​ភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​បាន​ជំ​រុញ​ឲ្យ​អ្នក​ជំនួញ​ក្នុង​វិ​ស័យ​ឯក​ជន​សហ​ការ​ជា​មួយ​អង្គ​ភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​ដើ​ម្បី​លុប​បំ​បាត់​វប្ប​ធម៌​ផ្តល់​លុយ​ក្រោម​តុ​ដល់​អា​ជ្ញា​ធរ​មាន​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​។ ​យ៉ាង​ណា​ក៏​ដោយ​ គេ​នៅ​រង់​ចាំ​មើល​ថា ​តើ​អំ​ពើ​ពុករ​លួយ​ដុះ​ស្លែ​នៅ​ក្នុង​ពិ​ភព​អ្នក​ជំ​នួញ​អាច​លុប​បំ​បាត់​បាន​ដែរ​ឬ​ទេ​?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ