អានតួអត្ថបទ
កម្ពុជា

អង្គភាព​​ប្រឆាំង​​អំពើ​​ពុក​រលួយ​​ព្រមាន​​តំណាងរាស្ត្រ​​បក្ស​​ប្រឆាំង​​

លោកឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ព្រមាន​លោក ជា ប៉ូច តំណាង​រាស្ត្រ​​គណបក្ស​ប្រឆាំង​សមរង្ស៊ី​ប្រចាំ​មណ្ឌល​ខេត្ត​ព្រៃវែង​ពី​រឿង​ចោទ​ថា មាន​ការ​យក​ប្រាក់​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។​ លោក ជា ប៉ូច ដែល​​ទទួល​រង​នូវ​ការ​ព្រមាន​សូម​មិន​ធ្វើ​អត្ថាធិប្បាយ​តប​ត​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វិញ​ទេ​នៅ​ថ្ងៃ​សៅរ៍​នេះ​ ដោយ​លោក​ពន្យល់​ថាជា​ពេល​វេលា​ដែល​​​លោក​កំពុង​កាន់​ទុក្ខ​ព្រះបរមសព​សម្តេចឪ។

លោក ឱម​យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
លោក ឱម​យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​សារលិខិត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​សារព័ត៌មាន​ទទួល​បាន​នៅ​ថ្ងៃ​សៅ​រ៍​នេះ លោក ឱម យ៉ិនទៀង ប្រធាន​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ ​បាន​ព្រមាន​ជា​សាធារណៈ​​ចំពោះ​លោក ជា ប៉ូច តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​សមរង្ស៊ី ប្រចាំ​មណ្ឌល​ព្រៃវែង ជុំវិញ​ការ​អន្តរាគមន៍​របស់​លោក​ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​ទារ​ប្រាក់​ដើម្បី​ទទួល​បាន​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិនិង​បំណុល។

បើយោងតាម​ដំណើរ​រឿង​ក្នុង​លិខិត​ព្រមាន​ដែល​ចុះផ្សាយ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ការ​ចោទ​ប្រកាន់​ដាក់គ្នា​បាន​កើត​ឡើង​នៅ​ពេល​ដែល​លេច​លឺ​ដំណឹង​ថា មាន​សមាជិក​ក្រុមប្រឹក្សា ស្រុក​ឈូក ចំនួន​ពីរ​នាក់ គឺ​លោក នុត ពេជ លោក ប៉ែន ស៊ុយរីតា សមាជិក​ក្រុម​ប្រឹក្សា​​ស្រុកជុំគីរី លោក ស៊ីន ទន់ និង​លោក ហ៊ុយ ខេង ជំទប់ទី១ ​ឃុំត្រពាំងរាំង​ ស្រុក ​ជុំគីរី ខេត្ត​កំពតត្រូវ​បាន​គេតម្រូវ​អោយ​បង់​ប្រាក់១​ម៉ឺនរៀល​ជាថ្នូរ​នឹង​ការ​ទទួល​បាន​​ឯកសារ​ប្រកាស​​​ទ្រព្យសម្បត្តិ​ និង​បំណុល​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។​

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ពី​ភាព​មិន​ប្រក្រតី​ខាងលើ​នេះ​ភ្លាម មន្ត្រី​នគរបាល​យុត្តិធម៌​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​បាន​អញ្ជើញ​មនុស្ស​ទាំង​៤​នាក់​អោយ​មក​ធ្វើ​បែប​បទ​បំភ្លឺ​បញ្ជាក់​ដើម្បី​អនុញ្ញាត​អោយ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​អាច​​ពិនិត្យ និង​ប្រមូល​ភស្តុតាង​កសាង​បែបបទ​និតិ​វិធី​ច្បាប់។ សូម​បញ្ជាក់​ថា ដំបូង​ឡើយ ពួកគេ​ទាំង​៤​នាក់​យល់ព្រម​មក​បំភ្លឺ​នៅថ្ងៃទី​២១​ខែ​មករា​ឆ្នាំ​២០១៣​​នៅ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ។ ប៉ុន្តែ​ស្រាប់តែ​នៅថ្ងៃទី​១៩​ និង​ទី​២០​ ខែ​មករា​ មន្ត្រី​យុត្តិធម៌​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ទទួល​ដំណឹង​ថា ពួកគេ​មិន​មក​វិញ​ទេ​ ពីព្រោះ​ លោក ជា ប៉ូច ជាមេរបស់​ពួកគេ​ហាម​មិន​អោយ​ពួកគេ​ចូល​មក​បំភ្លឺ​នៅ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

ត្រង់​ចំណុច​នេះ​ហើយ​ដែល​នាំ​អោយ​មាន​ការ​សរសេរ​លិខិត​ព្រមាន​ចំពោះ​លោក ជា ប៉ូច។ លោក ឱម យ៉ិនទៀង ប្រធាន​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​បាន​ព្រមាន លោក ជា ប៉ូច ជា​សាធារណៈថាទង្វើ​របស់​លោក ជា ប៉ូច ​គឺ​ជា​ឧបសគ្គ​រារាំង​ដល់​ការ​ងារ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ដែល​អាច​ល្មើស​នឹង​មាត្រាទី​៤០​នៃ​ច្បាប់​ស្តី​ពីការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។

លិខិត​ព្រមាន​ដដែល​បាន​បន្ត​ទៀត​ថា លោក ជា ប៉ូច ត្រូវ​បញ្ឈប់​ទង្វើ​រារាំង​បែប​នេះ ហើយ​ប្រសិនបើ​ថ្ងៃ​ក្រោយ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ពើប​ប្រទះ​ទង្វើ​ដដែល​បែបនេះ​របស់​លោក​ទៀត អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​នឹង​ចាត់​វិធានការ​តាម​ច្បាប់។

ទាក់ទង់ទៅ​នឹង​លិខិត​ព្រមាន​​ខាង​លើ​នេះ លោក ជា ប៉ូច​ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​សមរង្ស៊ី​មណ្ឌល​ព្រៃវែង បាន​ថ្លែង​ប្រាប់​យ៉ាងខ្លី​នៅថ្ងៃ​សៅរ៍​នេះ​ថា លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បកស្រាយ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​វិញ​ទេ ពីព្រោះ​ពេលនេះ​ជា​ពេល​វេលា​កាត់ទុក្ខ​ព្រះ​បរមសព​សម្តេច​ព្រះបាទ​ នរោត្តម​ សីហនុ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ