អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅ​រុស្ស៊ី​ទឹកចិត្ត​ប្រឆាំង​បស្ចិមលោក​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ចេញផ្សាយ ដើម​សប្តាហ៏​នេះ ដោយ​អង្គការ​សង្គមសាស្ត្រ មួយ នៅ​រុស្ស៊ី​បង្ហាញ​ថា អ្នកស្រុក​រុស្ស៊ី​ដល់​ទៅ​ជាង​៨០% សំដែង​នូវ​ទឹកចិត្ត​ខ្លួន​ប្រឆាំង​នឹង បស្ចិមលោក។ តួលេខ​នេះ គឺ​ខ្ពស់​មិន​ធ្លាប់​មាន​ដូច​ទេ​បើ​គិត​ក្នុង​២៥​ឆ្នាំ​ចុង​ក្រោយ។

ប្រជាជនដើរកាត់ពីមុខនៃអគារសំខាន់នសាកលវិទ្យាល័យនៅម៉ូស្គូ
ប្រជាជនដើរកាត់ពីមុខនៃអគារសំខាន់នសាកលវិទ្យាល័យនៅម៉ូស្គូ REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

ក្នុង​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ស្ទង់មតិ​លើក​នេះ ធ្វើ​ដោយ​អង្គការ​សង្គមសាស្ត្រ​រុស្ស៊ី ឈ្មោះ Levada-Center មាន​ប្រជាពលរដ្ឋ​រុស្ស៊ី ដល់​ទៅ​៨១% ដែល​បាន​ថ្លែង​អំពី​ឥរយាបថ អវិជ្ជមាន​របស់​ខ្លួន ចំពោះ​ស.រ.អា.។ ជាការ​ប្រៀបធៀប តួលេខ​បែប​នេះ មួយ​ឆ្នាំ​មុន គឺ​បាន​មាន កម្រិត​តែ ៤៤%។ ចំណែក​អ្នកស្រុក ដែល​យល់​ឃើញ​ថា ទំនាក់ទំនង​បច្ចុប្បន្ន រវាង​រុស្ស៊ី​និង​ស.រ.អា ជា ទំនាក់ទំនង​សត្រូវ​នឹង​គ្នា គ្រាន់តែ​ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅ គឺ​បានកើន​ឡើង ១០​ដង ពី ៤% ដល់ ៤២%។

 
 ជាការ​កត់សម្គាល់ ទឹកចិត្ត​បែប​នេះ កើត​ឡើង មិនមែន​ចៃដន្យ​ទេ។ ប្រធានាធិបតី​អាមេរិកាំង លោក​បារ៉ាក់ អូបាម៉ា ថ្លែង​ហើយ​ថ្លែង​ទៀត​ថា គឺ​ពិត​ជា ស.រ.អា. ដែល​នាំ​មុខ​ចលនា​ពិភព​លោក ​បង្ខាំង​រុស្ស៊ី​ឲ្យ​នៅ​ឯកោ​លើ​ឆាក​អន្តរជាតិ ដើម្បី​ផ្តន្ទាទោស​ប្រទេស​នេះ ចំពោះ​ទង្វើ​ឈ្លានពាន ទៅ​លើ​អ៊ុយក្រែន​ដោយ​រំលោភ​លើ​ច្បាប់​អន្តរជាតិនិង​ថាគឺដោយសារ​នយោបាយ​ដាក់​ទណ្ឌកម្ម ទល់​នឹង​រុស្ស៊ី​ដែល​នាំ​មុខ​ដោយ​អាមេរិក បាន​ជា​តាម​សម្តី​លោក​អូបាម៉ា សេដ្ឋកិច្ច​​​រុស្ស៊ី ឥឡូវ​ធ្លាក់ ក្នុង​ភាព​ដាច់​ដោច​ទ្រុឌទ្រោម ទៅ​ហើយ។

មិនតែប៉ុណ្ណោះ លោក​អូបាម៉ា ដោយ​បបូរមាត់​គាត់​ផ្ទាល់​រាប់បញ្ចូល​ប្រទេស​រុស្ស៊ី ទៅ​ក្នុង​ចង្កោម​​គ្រោះថ្នាក់​បី​ដ៏​ធំ​ជាង​គេ​ក្នុង​លោក គឺ​ថា ទី​១-ជម្ងឺ​អេបូឡា, ទី​២ គឺ រុស្ស៊ី ហើយ​ ទី​៣​ គឺ អង្គការ”រដ្ឋអ៊ីស្លាម”។

ស្របនឹង​ការ​ស្ទង់​មតិ​នោះ ចំពោះ​សហភាព​អឺរ៉ុប​វិញ គឺ​មាន​អ្នកស្រុក​រុស្ស៊ី​ចំនួន​៧១% ដែល សំដែង​ឥរិយាបថ​អវិជ្ជមាន។ ពីក្នុង​នោះ ២៤% ចាត់ទុក​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​សហភាព​អឺរ៉ុប​ជាទំនាក់ទំនង​សត្រូវ​នឹង​គ្នា​ឬ ២៤​ដង​ច្រើន​ជាង​កាលពី​មួយ​ឆ្នាំ​មុន ដែល​តួលេខ​បែប​នេះ​បាន​មាន​កម្រិត​តែ ១%​ប៉ុណ្ណោះ។

ទាក់ទង​នឹង​នយោបាយ​សហភាព​អឺរ៉ុប​បច្ចុប្បន្ន​នេះ ចំពោះ​រុស្ស៊ី មជ្ឈដ្ឋាន​នៅ​ម៉ូស្គូ​រមែង សំដែង​នូវ​ការ​សោកស្តាយ​ដោយ​ឃើញ​ថាសហភាព​នេះ​ស្រាប់តែ​បាត់បង់​ភាព​ម្ចាស់ការណ៍​បណ្តោយ​​​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ដឹក​ច្រមុះ​ស្រេចតែចិត្ត។

ព្រមជាមួយ​នេះ ក្នុង​ដំណើរ​ស្ទង់​មតិ​ពួក​អ្នក​ស្រាវជ្រាវ​នៃ​អង្គការ​សង្គមសាស្ត្រ ក៏កត់ត្រា​ឃើញ​ដែរ​ថា​មាន​អ្នកស្រុក​ដល់​៤០% បាន​បញ្ចេញ​យោបល់​ថា ប្រទេស​រុស្ស៊ី​គួរតែ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បស្ចិមលោក។

លទ្ធផល​នៃ​ការ​ស្ទង់មតិ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ថា ពិត​ជាសកម្មភាព​របស់ ស.រ.អា. និង​សហភាព​អឺរ៉ុប​ក្នុង​ស្ថានការណ៍​នៅ​អ៊ុយក្រែន ដែល​បាន​ជះ​ឥទ្ធិពល​មក​លើ​ផ្នត់​គំនិត​គេ ឲ្យ​ប្រឆាំង​នឹង​បស្ចិមលោក​ពីព្រោះ​តាម​យោបល់​គេ​គឺ​បស្ចិមលោក​ទេ​តើ​ដែល​ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន។

ក្នុង​ខែ​កុម្ភៈ​នេះ​ដែរ អង្គការ​សង្គមសាស្ត្រ​រុស្ស៊ី​មួយ​ទៀត ឈ្មោះ VSIOM បាន​ចេញ​ផ្សាយ លទ្ធផល​នៃ​ការ​ស្ទង់មតិ​ដែល​ថា ៖ មាន​អ្នកស្រុក​រុស្ស៊ី ចំនួន​៥០%​ដែល​ចាត់​ទុក​សង្គ្រាម នៅ អ៊ុយក្រែន ជា​សង្គ្រាម​ស៊ីវិល។ ក្នុង​សង្គ្រាម​នេះ ស្របនឹង​មតិ​សំដែង​ដោយ​ពលរដ្ឋ រុស្ស៊ី​១៧% ប្រតិបត្តិការ​របស់​អាជ្ញាធរ​ក្រុងគៀវ បង្ក្រាប​ការ​បះបោរ​នៃ​តំបន់​ខាង​កើត មាន​លក្ខណៈ​សាហាវ​ជា​ទង្វើ​ប្រល័យពូជសាសន៍​តែ​ម្តង។ បើកាលពី​៣​ខែ​មុន មាន​អ្នកស្រុក​រុស្ស៊ី​តែ​១៦% យល់​ថា អាច​មាន​ផ្ទុះឡើង​មែន សង្គ្រាម​ត្រង់ៗ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន នោះ​ឥឡូវ​មតិ​យល់ឃើញ​បែប​នេះ គឺ​ស្ទុះ​ដល់​ជិត​៣០% ឫ​ កើន​ឡើង​សឹង ២​ដង។ ចំណែក​១០% យល់​ថា សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​កំពុង​ប្រព្រឹត្ត​ទៅ​ហើយ។

តប​នឹង​សំនួរ​“តើ ៥​ប្រទេស​ណា ដែល​សត្រូវ​នឹង​រុស្ស៊ី​ជាង​គេ?” ចម្លើយ​ដែល​មាន​គឺ ថា ៖
មតិ​៦៩% នៅ​រុស្ស៊ី​យល់​ថា​គឺ ស.រ.អា. , ៣០% យល់​ថា គឺ អ៊ុយក្រែន, ២៤% យល់​ថា គឺ លីទុយអានី , ២៣% យល់​ថា គឺ ឡេតូនីនិង ២១% គឺ អេស្តូនី។

តបនឹងសំនួរ“ តើ​៥​ប្រទេស​ណា​ដែល​ជា​មិត្ត​ជំនិត​បំផុត​របស់​រុស្ស៊ី ?” ចម្លើយ​ដែល​មាន គឺ​ដូចតទៅ ៖ មតិ​នៅ​រុស្ស៊ី ក្នុង​ចំនួន​ដល់ ៥១% យល់ថា គឺ​បេឡារុស ៤០% យល់​ថា គឺ មហា​ប្រទេសចិន , ៣៧% យល់​ថា​គឺ ប្រទេស កាហ្សាក់ស្ថាន, ១៥% យល់​ថា គឺ​ប្រទេស​អារមេនី , មតិ ១៣% យល់​ថា​គឺ ប្រទេស​ឥណ្ឌា។

នៅទីបំផុត នៅ​រុស្ស៊ី បច្ចុប្បន្ន គឺ​មាន​មតិ តែ ១% ដែល​យល់​ថា អ៊ុយក្រែន ជា​មិត្ត​របស់​រុស្ស៊ី ដោយ ជាប់​លេខ​ចុង​ប៉ូច​គេ។ ពិតជា រដ្ឋសភា​អ៊ុយក្រែន ដែល​បាន​ចេញ​ច្បាប់ ប្រកាស​រុស្ស៊ី ជា”ប្រទេស​ឈ្លានពាន”។ ប៉ុន្តែ ក្រសួង​ការបរទេស​រុស្ស៊ី ប្រតិកម្មថា​ មានតែ​ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប. ប៉ុណ្ណោះ ដែល​បំពាក់​ដោយ​សិទ្ធិ​ចាត់ទុក រដ្ឋ​នេះ​ឫ​នោះ ជា ប្រទេស​ឈ្លានពាន

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ