អានតួអត្ថបទ
អាមេរិក-អឺរ៉ុប

មេចារកិច្ច​អាមេរិក​ថា​ការ​លួចស្តាប់​មេដឹកនាំ​បរទេស​ជារឿង​ធម្មតាដែល​គេធ្លាប់ធ្វើ​តាំងពី​យូរមកហើយ

កាលពីថ្ងៃ​អង្គារ​ម្សិលមិញ នាយកផ្នែក​ចារកិច្ច​អាមេរិក​បានថ្លែង​​ថា ការ​លួចស្តាប់​ការសន្ទនា​របស់​មេដឹកនាំ​បរទេស គឺ​ជា​សកម្មភាព​ធម្មតា ដែល​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​តែងតែ​ធ្វើ​តាំងពី​យូរណាស់មកហើយ ហើយ​ថា ប្រទេស​ជា​សម្ព័ន្ធមិត្ត​អាមេរិក​ក៏​លួច​យក​ការណ៍​សម្ងាត់​ពី​អាមេរិក​ដូចគ្នា​ដែរ។ នាយកទីភ្នាក់ងារ​ចារកិច្ច NSA វិញ បាន​អះអាង​ថា ព័ត៌មាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អឺរ៉ុប ពី​ការលួចស្តាប់​ទូរស័ព្ទ​ពលរដ្ឋ​អឺរ៉ុប ដោយ​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​ គឺ​ជា​រឿង​មិនពិត។

លោក Keith Alexander (ឆ្វេង) នាយក​ទីភ្នាក់ងារ NSA និង​លោក James Clapper នាយក​ទូទៅ​ផ្នែក​ចារកិច្ច ឆ្លើយ​នឹង​សំណួរ​របស់​គណៈកម្មការ​ចារកិច្ច​នៃ​សភា​អាមេរិក ថ្ងៃអង្គារ ២៩តុលា ២០១៣
លោក Keith Alexander (ឆ្វេង) នាយក​ទីភ្នាក់ងារ NSA និង​លោក James Clapper នាយក​ទូទៅ​ផ្នែក​ចារកិច្ច ឆ្លើយ​នឹង​សំណួរ​របស់​គណៈកម្មការ​ចារកិច្ច​នៃ​សភា​អាមេរិក ថ្ងៃអង្គារ ២៩តុលា ២០១៣ REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុងការ​ចោទសួរ​​ដេញដោល ពី​សំណាក់​គណៈកម្មការ​ទទួលបន្ទុក​ផ្នែកចារកិច្ច​នៃ​រដ្ឋសភា​អាមេរិក កាល​ពី​ម្សិលមិញ លោក James Clapper នាយក​ផ្នែក​ចារកិច្ច​ (Director of National Intelligence) ដែល​គ្រប់គ្រង​ទីភ្នាក់ងារ​ចារកិច្ច​ទាំង១៦​របស់​អាមេរិក ក្នុងនោះ​រួមមាន​ទាំង CIA និង NSA ផង បាន​ថ្លែងថា ការ​ព្យាយាម​ស្វែងយល់​អំពី​ចេតនា និង​នយោបាយ​របស់​មេដឹកនាំ​បរទេស គឺ​ជា​សកម្មភាពធម្មតា ដែល​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក តែងតែ​ធ្វើ​តាំងពី​យូរណាស់មកហើយ ហើយ​ថា ការលួចស្តាប់​ការសន្ទនា គឺ​ជា​មធ្យោបាយ​ល្អបំផុត ដើម្បី​ស្វែងយល់​ពី​រឿងនេះ។

លោក James Clapper ក៏​បាន​ប្រាប់​គណៈកម្មការ​សភា​ផងដែរ​ថា ប្រទេស​ដែល​ជា​សម្ព័ន្ធមិត្ត​​អាមេរិក​ក៏​តែងតែ​លួច​យកការណ៍​សម្ងាត់​ពី​អាមេរិក​ដូចគ្នា​ដែរ។

គួរបញ្ជាក់ថា ការណ៍ដែល​គណៈកម្មការ​សភា​អាមេរិក​ហៅ​មេចារកិច្ច​អាមេរិក​មកសួរ​ដេញដោល នៅពេលនេះ គឺ​ដោយសារ​តែ​មាន​សេចក្តីរាយការណ៍​ជា​បន្ត​បន្ទាប់​នៅ​អឺរុប​ថា អាមេរិក​លួច​ស្តាប់​ទូរស័ព្ទ​របស់​លោកស្រី​អង់ហ្គេឡា មែរកិល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ព្រមទាំង​មេដឹកនាំ​បរទេស​ជាង ៣០​រូបផ្សេងទៀត។ តាមការចុះផ្សាយ​របស់​សារព័ត៌មាន​អឺរ៉ុប ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​ក៏​បាន​លួច​ស្តាប់​សំឡេង ឬ​លួច​អានសារ​ឯកជន​របស់​ពលរដ្ឋ​អឺរ៉ុប​ផងដែរ។ ព័ត៌មាន​ស្តីពី​សកម្មភាព​ចារកិច្ច​នេះ​បាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ជាពិសេស បារាំង អាល្លឺម៉ង់ និង​អេស្ប៉ាញ បញ្ចេញ​ប្រតិកម្ម​ដោយ​កំហឹង ហើយ​ព្រមទាំង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​មក​សួរ​នាំ​ទៀតផង។

ក៏ប៉ុន្តែ នៅ​ចំពោះ​មុខ​គណៈកម្មការ​សភា លោក Keith Alexander នាយក​ទីភ្នាក់ងារ NSA បាន​អះអាង​ថា អ្វី​ដែល​បាន​ចុះផ្សាយ ដោយ​សារព័ត៌មាន​អឺរ៉ុប គឺ​ជា​ព័ត៌មាន​មិនពិត។ លោក​បាន​លើកឡើង​ថា ទាំងអ្នក​កាសែត និង​ទាំង​ Edward Snowden ​ដែល​​ជា​អ្នក​លួច​យក​ឯកសារ​សម្ងាត់​ពី NSA មិន​បាន​យល់​ស៊ីជម្រៅ​ពី​ឯកសារ​ដែល​ពួកគេ​មាន​ក្នុង​ដៃ​នោះទេ។ តាមពិត អ្វី​ដែល​គេ​បាន​ឃើញ និង​យក​មកចុះផ្សាយ មិនមែន​ជា​ទិន្នន័យ​ដែល​ NSA ជា​អ្នក​ប្រមូល​មកនោះទេ គឺ​ទីភ្នាក់ងារ​ចារកិច្ច​នៃ​បណ្តា​ប្រទេស​អឺរ៉ុប​ខ្លួនឯង ដែល​ជា​អ្នក​ប្រមែរប្រមូល​បាន រួចហើយ​ចែកចាយ​ព័ត៌មាន​នេះ​មក​ឲ្យ​ NSA។

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ដែរ កាសែត The Wall Street Journal បាន​ចុះផ្សាយ​ថា ទីភ្នាក់ងារ​ចារកិច្ច​បារាំង និង​អេស្ប៉ាញ បាន​ធ្វើ​សកម្មភាព​ចារកិច្ច​អេឡិចត្រូនិក (មានន័យថា ការ​​លួច​ស្តាប់​ទូរស័ព្ទ ឬ​លួច​អានសារ​) រួចហើយ​ យក​ព័ត៌មាន​ដែល​ពួកគេ​ប្រមូលបាន​ ចែកចាយ​បន្ត​ទៅ​ឲ្យ​ទីភ្នាក់ងារ NSA។

ប្រសិន​បើ​នេះ​គឺ​ជា​រឿងពិត វា​គឺ​ជា​ក្តីអាម៉ាស់​មួយ​ សម្រាប់​រដ្ឋាភិបាល​​នៃ​ប្រទេស​មួយចំនួន នៅ​អឺរ៉ុប ដែល​​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​កំហឹង​ទៅលើ​អាមេរិក ដោយចាត់ទុក​ការ​លួចស្តាប់​ទូរស័ព្ទ​របស់​ពលរដ្ឋ​អឺរ៉ុប​ថា​ជា​ការ​រំលោភ​លើ​សិទ្ធិ និង​ជីវិត​ឯកជន​របស់​បុគ្គល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ