សហភាពអឺរ៉ុបបើកជំនួបកំពូលក្នុងពេលកំពុងមានបញ្ហាចម្រូងចម្រាសរឿងចារកិច្ចអាមេរិក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០៦
ជំនួបកំពូល រវាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប បានចាប់ផ្តើមបើកធ្វើ នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងទីក្រុងព្រុចស៊ែល។ គេរំពឹងថា បញ្ហាធំៗចំនួនពីរនឹងគ្របដណ្តប់កិច្ចពិភាក្សា រវាងប្រមុខដឹកនាំប្រទេសទាំង ២៨ នៅក្នុងរយៈពេលពីរថ្ងៃនេះ។
តាមរបៀបវារៈដែលបានគ្រោងទុកពីដំបូង នៅក្នុងជំនួបកំពូល២ថ្ងៃនេះ ត្រូវផ្តោតជាសំខាន់ទៅលើបញ្ហាអ្នកអត់ការងារធ្វើ និងកំណើនសេដ្ឋកិច្ច ជាពិសេស ទាក់ទងនឹងឧស្សាហកម្មផ្នែកឌីជីថល។
ក៏ប៉ុន្តែ ក្រោយពីមានហេតុការណ៍ដែលកើតឡើងផ្ទួនៗ ក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ បញ្ហាពីរទៀត ដែលនឹងត្រូវគ្រប់ដណ្តប់លើជំនួបកំពូលនេះ។
ទីមួយ បញ្ហាអន្តោប្រវេសន៍។ ក្រោយពីមានគ្រោះថ្នាក់ក្រឡាប់ទូកដឹកជនភៀសខ្លួនពីអាហ្វ្រិក នៅក្បែរកោះរបស់អ៊ីតាលី កាលពីថ្ងៃទី៣ តុលា ប្រទេសខ្លះ ជាពិសេស នៅអឺរ៉ុបខាងត្បូង ជាប់នឹងសមុទ្រមេឌីទែរ៉ាណេ រួមមាន អ៊ីតាលី បារាំង និងក្រិក ជាដើម កំពុងតែនាំគ្នាទាមទារឲ្យសហភាពអឺរ៉ុបបង្កើនកញ្ចប់ថវិកា សម្រាប់ទីភ្នាក់ងារទទួលបន្ទុកផ្នែកព្រំដែនរួមរបស់អឺរ៉ុប ហៅកាត់ថា Frontex និងម្យ៉ាងទៀត ទាមទារឲ្យអឺរ៉ុបដាក់ចេញនូវនយោបាយរួមមួយ ទាក់ទងនឹងបញ្ហាជនភៀសខ្លួន ក៏ដូចជា ជនអន្តោប្រវេសន៍ ដើម្បីឲ្យប្រទេសជាសមាជិកទាំងអស់ជួយជែករំលែកបន្ទុកគ្នា ហើយបិទបញ្ចប់នយោបាយបែបអាត្មានិយមដូចជាពេលបច្ចុប្បន្ន ដែលប្រទេសនៅជាយៗតំបន់អឺរ៉ុប ត្រូវទទួលបន្ទុកតែម្នាក់ឯង។
ទីពីរ ទាក់ទងនឹងសកម្មភាពចារកិច្ចរបស់អាមេរិក ដែលជាបញ្ហាកំពុងតែក្តៅគគុក ក្រោយពីមានលេចឮព័ត៌មានជាបន្តបន្ទាប់ ពីរឿងទីភ្នាក់ងារចារកិច្ចអាមេរិកលួបស្តាប់ការសន្ទនាតាមទូរស័ព្ទ នៅអឺរ៉ុប។
ក្រោយពីមានលេចធ្លាយព័ត៌មានស្តីពីការលួចស្តាប់ការសន្ទនាតាមទូរស័ព្ទ នៅក្នុងប្រទេសបារាំង អាមេរិកកំពុងតែប្រឈមមុខនឹងបញ្ហាចម្រូងចម្រាសជាមួយនឹងប្រទេសជាសម្ព័ន្ធមិត្តដ៏សំខាន់មួយទៀត នៅអឺរ៉ុប គឺអាល្លឺម៉ង់។ យោងតាមតាមព័ត៌មានចុះផ្សាយដោយទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel ទូរស័ព្ទដៃរបស់លោកស្រីអង់ហ្គេឡា មែរកិល ត្រូវបានទីភ្នាក់ងារចារកិច្ចអាមេរិក (NSA) លួចស្តាប់។
កាលពីល្ងាចថ្ងៃពុធម្សិលមិញ គ្រាន់តែលេចធ្លាយព័ត៌មាននេះភ្លាម លោកស្រីមែរកិលក៏បានទូរស័ព្ទភ្លាមៗ ដើម្បីទៅដេញដោលសួរនាំលោកអូបាម៉ាជុំវិញរឿងនេះ។
បើតាមសេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលទាំងសងខាង នៅក្នុងការសន្ទនាតាមទូរស័ព្ទនេះ លោកស្រីមែរកិលបានប្រាប់លោកអូបាម៉ាថា អាមេរិក និងអាល្លឺម៉ង់ ជាសម្ព័ន្ធមិត្តរាប់ទសវត្សរ៍មកហើយ បើសិនជាទូរស័ព្ទប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ត្រូវអាមេរិកលួចស្តាប់មែន វា គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសេចក្តីទុកចិត្ត រវាងសម្ព័ន្ធមិត្ត។ លោកអូបាម៉ាវិញបានប្រាប់ទៅលោកស្រីមែរកិល អាមេរិកមិនលួចស្តាប់ ហើយនឹងមិនលួចស្តាប់ទូរស័ព្ទដៃរបស់លោកស្រីនោះទេ (is not monitoring and will not monitor)។ ការថ្លែងបែបនេះមានន័យថា កាលពីពេលកន្លងមក អាមេរិកប្រហែលជាបានលួចស្តាប់ទូរស័ព្ទដៃរបស់លោកស្រីមែរកិលពិតមែន។
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងប៊ែរឡាំងឲ្យមកជួប ដើម្បីទាមទារឲ្យមានការបកស្រាយឲ្យបានច្បាស់លាស់ជុំវិញរឿងនេះ។ រដ្ឋមន្រ្តីក្រសួងការពារជាតិអាល្លឺម៉ង់វិញក៏បានប្រកាសដែរថា ក្រោយពីលេចធ្លាយរឿងលួចស្តាប់ទូរស័ព្ទលោកស្រីមែរកិលនេះ អាល្លឺម៉ង់នឹងមិនអាចបន្តទំនាក់ទំនងធម្មតាដូចពីមុន ជាមួយអាមេរិក ធ្វើដូចជាគ្មានអ្វីកើតឡើងបាននោះទេ។ នេះមានន័យថា តិច ឬច្រើន រឿងអាស្រូវចារកិច្ចនេះ ប្រាកដជានឹងធ្វើឲ្យខូចដល់ទំនាក់ទំនង រវាងអាមេរិក និងអាល្លឺម៉ង់ ក៏ដូចជា ទំនាក់ទំនងផ្ទាល់ខ្លួន រវាងលោកអូបាម៉ា និងលោកស្រីមែរកិល។
នៅក្នុងអំឡុងជំនួបកំពូលអឺរ៉ុប នៅព្រុចស៊ែល នៅថ្ងៃនេះ លោកស្រីមែរកិល និងលោកហូឡង់ មេដឹកនាំប្រទេសពីរ ដែលជាក្បាលម៉ាស៊ីនធំរបស់អឺរ៉ុប ហើយដែលកំពុងជាប់រឿងអាស្រូវចារកិច្ចជាមួយអាមេរិក គ្រោងនឹងជួបគ្នាទ្វេភាគី ដើម្បីជជែកពីរឿងចារកិច្ចនេះ។ បើតាមមន្រ្តីទូតបារាំង លោកស្រីមែរកិល និងលោកហូឡង់ ចង់ជជែកគ្នា រកជំហររួមមួយ ដើម្បីឆ្លើយតបនឹងអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ