អានតួអត្ថបទ
អាស៊ាន-អាមេរិក

អាមេរិក​ប្រកាស​ជួយ​អាស៊ាន​ប្រឈម​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ

ជា​លើក​ទី​មួយ ដែល​កោះ​ហាវៃ​អាមេរិក បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀប​ចំ​ជំនួប​ប្រជុំ​អាស៊ាន ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ៣ មេសា។ នា​ឱកាស​នោះ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក ឆាក់ ហាហ្គែល បាន​ប្រកាស​ផ្តល់​ជំនួយ​សហការ​ជាមួយ​នឹង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់ ក្នុង​ត្រៀម​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ បង្ក​ឡើង​ដោយ​ការ​ឡើង​កម្តៅ នៃ​ភព​ផែនដី ដោយ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​យោធា​និង​អង្គការ​សង្គ្រោះ។

ឧទ្ធម្ភាគចក្រ​យោធា​អាមេរិក​ដឹកជំនួយ​ទៅ​ឲ្យ​ជនរងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ប៉ាគីស្ថាន
ឧទ្ធម្ភាគចក្រ​យោធា​អាមេរិក​ដឹកជំនួយ​ទៅ​ឲ្យ​ជនរងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ប៉ាគីស្ថាន ©Reuters
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​ដឹកនាំ​មន្ទីរ​បញ្ចកោណ និង​អ្នក​ទទួល​ខុស​ត្រូវជាន់​ខ្ពស់​ជា​ច្រើន​រូប​ផ្សេង​ទៀត កំពុង​ពិភាក្សា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ទាំង​១០ នៃ​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន នៅ​ទី Honolulu ក្រុងដែល​មាន​មជ្ឈមណ្ឌលស្រាវជ្រាវ​​ឧតុនិយម តាមដាន​​រលកស៊ូណាមី និង​ការ​ឡើង​កម្ពស់​ទឹកមហសមុទ្ទ​ប៉ាស៊ីហ្វិក។

 
វិទ្យាសាស្ត្រ​យល់​កាន់​តែ​ច្បាស់​អំពី​គ្រោះ​ធម្មជាតិ និង​ព្យាករណ៍​ថា មហន្តរាយ​ធម្មជាតិ នឹង​មាន​កាន់​តែ​ញឹកញយ ដូច្នេះ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង ក្នុង​ការជួយ​គ្នា​ក៏​កាន់​តែ​ត្រូវ​ពង្រឹង។ បើ​តាម​លោករដ្ឋមន្ត្រី​ការពារ​ជាតិ​ កិច្ច​សហប្រតិបត្តិការ​យោធា​អាស៊ាន​ក្នុង​ជំនួយ​សង្រ្គោះ​មនុស្ស​ធម៌​ កើន​ឡើង​ជា​លំដាប់ ប៉ុន្តែ​ត្រូវ​តែ​បន្ត​បង្កើន​​បន្ថែម​​ទៀត។

របាយការណ៍​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ រៀប​រៀង​ឡើង​ដោយ​ក្រុម​អ្នក​ឯកទេស​អង្គការ​សហប្រជាជាតិ ចេញ​ផ្សាយ​នៅ​សប្តាហ៍​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ លក្ខខណ្ឌ​អាកាសធាតុ​ នឹង​ប្រែប្រួល​ កាច​សាហាវ​ខ្លាំង​​បំផ្លាញ​ ពិភពលោក​ទាំង​មូល ៖ ព្យុះ​កំបុត​ត្បូង មាន​កាន់​តែញយ ទឹកជំនន់ ភាព​រាំង​ស្ងួត​ ... កាន់​តែ​ញាប់។ ហើយ​ ៧០%​នៃ​គ្រោះ​មហន្តរាយធម្មជាតិ​នេះ នឹង​បោក​បក់​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ជាក់ស្តែង​ គ្រោះ​មហន្តរាយ​រលក​យក្ស​ស៊ូណាមី នៅ​ឆ្នាំ​២០០៤ ព្យុះ​កំណាច​ហៃយាន នៅ​ហ្វីលីពីន ឆ្នាំ​២០១៣។

ដូច្នេះ​ ការ​រៀប​ចំ​ភាព​ជា​ដៃគូ​រឹង​មាំ រវាង​ក្រុម​យោធា​និង​ភ្នាក់ងា​រមនុស្សធម៌​ ស៊ីវិល ដើម្បី​សម្រួល​ការ​សង្គ្រោះ​និង​ការ​ផ្តល់​ជំនួយ​បន្ទាន់​ ត្រូវ​តែ​ពង្រឹង​ឱ្យ​បាន។ ដោយ​ឈរ​លើ​ហេតុ​ផល​នេះ​ហើយ បាន​ជា​ អាមេរិក​សន្យា​ធ្វើ​ការ​ជា​មួយ​អាស៊ាន​ និង​គាំទ្រ​អ្នក​ក្នុង​កិច្ច​ខិត​ខំប្រែងនេះ។

អាមេរិក​បាន​ខិត​មក​ស្និទ្ធ​នឹង​​​អាស៊ាន​ច្រើន តាំង​ពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដើម្បី​ឱ្យសមាគម​នេះ​ជួយ​ស្វែង​រក​ដំណោះស្រាយ​ពហុភាគី​ ក្នុង​ជម្លោះ​បូរណភាព​ដែន​ដី​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង។ ប្រទេស​ជា​សមាជិកអាស៊ាន​មួយ​ចំនួន​ ក៏​ត្រូវ​ការ​រិត​ចំណង​ទំនាក់ទំនង​ជាមួយ​វ៉ាស៊ីនតោន​ដែរ ដើម្បី​ប្រឈម​​នឹង​ចិន ដែល​ស្ទុះ​ឡើង​ខ្លាំង​ផ្នែក​អំណាច​យោធា និង​ដែល​បង្ហាញ​មហិច្ឆតា​ចង់គ្រប់គ្រង​សមុទ្ទ​ម្នាក់​ឯង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ