អានតួអត្ថបទ
ហ្វីលីពីន

ជំនួយ​សម្រាប់​ជន​រងគ្រោះ​ហ្វីលីពីន​ទៅ​ដល់​យ៉ាង​ត្រដាប​ត្រដួស

៥​ថ្ងៃ​ក្រោយ​គ្រោះ​មហន្តរាយ​ខ្យល់​ព្យុះ​កំណាច​ហៃយ៉ាន ស្ថានភាព​ផ្នែក​ជំនួយ​មនុស្សធម៌ មាន​លក្ខណៈរអាក់រអួល​បំផុត​ ! ហើយគ្រោះជាន់​លើ​គ្រោះ បន្ទាប់​ពី​ស្លាប់​ព្រោះ​ព្យុះ​និង​ទឹក​ជំនន់ ថ្ងៃនេះ​​​បណ្តា​ជន​ហ្វីលីពីន​៨​នាក់​ផ្សេង​ទៀត​ត្រូវ​ស្លាប់​ព្រោះ​ដណ្តើម​​អង្ករ​ហូប។ នេះ​ជាអ្វី​ដែលក្រុម​អ្នក​យក​ការណ៍​ពិសេស​របស់​វិទ្យុ​យើង​បាន​សង្កេត​ឃើញ។ ថ្វី​បើ​លោក​ប្រធានាធិបតី​ហ្វីលីពីន បេនីញ៉ូ អាគីណូ បង្ហាញ​តុល្យការ​ជន​រងគ្រោះ​ ថា​មាន​ស្លាប់​តែ​ប្រមាណ​ ១៧៧៤​នាក់ អង្គការ​សហ​ប្រជាជាតិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ​ជា​ច្រើន​វិញ នៅ​តែ​អះអាង​ជា​និច្ច​ពី​ចំនួន​មនុស្ស​ស្លាប់​ដ៏​សន្ធឹក​សន្ធាប់​ ច្រើន​ជាង​តួលេខ​របស់​រដ្ឋាភិបាល​ឆ្ងាយ​ណាស់ ពោល​គឺ​យ៉ាង​ហោច មួយ​ម៉ឺននាក់។

ទិដ្ឋភាព​ក្រុង​Tacloban ប្រទេស​ហ្វីលីពីន​ថ្ងៃទី ១៣ វិច្ឆិកា ២០១៣
ទិដ្ឋភាព​ក្រុង​Tacloban ប្រទេស​ហ្វីលីពីន​ថ្ងៃទី ១៣ វិច្ឆិកា ២០១៣ REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

សហគមន៍​អន្តរជាតិ​បានរួសរាន់​​ចុះ​ជួយ​ជន​ហ្វីលីពីនរួច​ពី​ស្លាប់ ! ប្រទេស​ជា​ច្រើន​បាន​ទម្លាយ​​កញ្ចប់​ជំនួយ​បន្ទាន់ ៖​ សហរដ្ឋ​អាមេរិក បាន​បញ្ជូន​ភ្លាម​នាវា​ផ្ទុក​យន្តហោះ​ព្រមទាំង​ទាហាន​៥ពាន់​នាក់ និង​ទឹក​ប្រាក់​២០​លាន​ដុល្លារ។ សហភាព​អឺរ៉ុប​​លើក​ឡើង​អំពី​ជំនួយ​១៣លាន​អឺរ៉ូ ចំណែក​បណ្តា​ប្រទេស​ផ្សេង​ទៀត មាន​អាទិ៍​អារ៉ាប៊ីសាអ៊ូឌីត ជប៉ុន កាណាដា អាល្លឺម៉ង់ នូវែលហ្សេឡង់ អូស្រ្តាលី កូរ៉េខាង​ត្បូង ឥណ្ឌូនេស៊ី និង​ម៉ិចស៊ិក បញ្ជូន​ជំនួយ​បន្ទាប់​បន្សំ។ ប៉ុន្តែ​ជំនួយ បាន​ទៅ​ដល់​ទិសដៅ​យ៉ាង​លំបាក និង​យ៉ាង​យឺត​យ៉ាវ​បំផុត។ នៅ​ភាគ​ខាង​ជើង​កោះ​សេប៊ុយ ដែលតំបន់​រងគ្រោះ​ខ្លាំង​ជាង​គេ​បំផុត​មួយ អ្នកស្រី Mabel Mayor អ្នកចាត់​ទទួល​ជន​រងគ្រោះ​​បាន​រៀប​រាប់​ដូច្នេះ​ថា ៖

“នៅ​ពេល​នេះ កន្លែង​យើង​មាន​​៤៦​គ្រួសារ យើង​មិនអាច​ទទួល​មនុស្ស​បាន​បន្ថែម​ទៀត​ទេ ... ពី​មុន​សាល​កីឡា​នេះ​អាច​ផ្ទុក​មនុស្ស​បាន​១ពាន់​នាក់ ប៉ុន្តែ​ដោយ​មូលហេតុ​សន្តិសុខ​ យើង​ក៏​​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​ស្នាក់​នៅ​តាម​វិហារ​ និង​សាលា​រៀន... មនុស្ស​ភាគ​ច្រើន​នៅ​ទីនេះ អស់​ជម្រក​រលីង និង​គ្មាន​សល់​អ្វី​សោះ សូម្បី​តែការងារ ... ក្នុង​ពេល​បន្ទាន់​ដូច្នេះ យើង​បាន​ផ្គត់​ផ្គង់​តែ​អាហារ​និង​ទឹក ដែល​ជាជំនួយ​របស់​ប្រជាជន​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​បាន​មក​ដល់​ដែរ​... យើង​ធ្វើ​​ទៅ​តាម​លទ្ធភាព​ យើង​ត្រូវ​ការ​ចំណី​អាហារ ទឹក​ស្អាត និង​ក្រណាត់​តង់ ព្រោះ​ជា​រដូវ​ភ្លៀង... ថ្ងៃ​នេះ​មាន​ព្យុះ​ថ្មី​មួយ​ទៀត តែ​វា​បាន​បាន​ចុះ​ខ្សោយ​ទៅ​សម្ពាធ​ទាប​ អរគុណ​ព្រះ​ជា​ម្ចាស់ ប៉ុន្តែ​អាច​នឹង​មាន​ព្យុះទៅ​នៅ​ចុង​ខែ​ ហេតុដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ការ​តង់​ យើង​មិន​អាច​ផ្តល់​ជម្រក​ដល់​ជន​រងគ្រោះ​គ្រប់គ្នា​ទេ ពួក​គាត់​ត្រូវ​ស្នាក់​នៅ​ទីនេះ ត្រូវ​ជួយ​រក​ដំបូល​ឱ្យ​ជ្រក ដើម្បី​អាច​ត្រដរ​រស់​ទៅ​មុខ​បាន​ទៀត ...”។

ជំនួយ​មិន​បានទៅ​ដល់​កន្លែង​រងគ្រោះ​ នេះ​ហើយ​ជា​អ្វី​ដែល​អាជ្ញាធរ​និង​សហគមន៍​ព្រួយ​បារម្ភ។ ហើយ​អ្វី​ដែល​បន្ទាន់​បំផុត​គឺ​ស្បៀង​អាហារ ! ក្រពះ​ស្រេក​ឃ្លាន ជា​សំណាង​អាក្រក់​បាន​រាលដាល​កា្លយ​ជា​ការលួច​ប្លន់។ យប់​មិញ នៅ​កោះ​LEYTE កោះ​ដែល​រងគ្រោះ​ខ្លាំង​ជាងគេ​មួយ​ មាន​មនុស្ស​៨​នាក់​បាន​ស្លាប់​ ដោយ​​អាគារ​ជា​ឃ្លាំង​​ស្តុក​អង្ករ​បាក់​ស្រុត​រលំ​សង្កត់​លើ ក្នុង​ពេល​មាន​ការគាស់​ទម្លាយ​លួច​យក​អង្ករ​អស់​១០​ម៉ឺន​ស្បោង។ ក្នុង​មួយ​ស្បោង​ទម្ងន់​៥០​គីឡូក្រាម ទោះ​បី​ជាមាន​ការ​ឃ្លាំ​យាម​​របស់​ទាហាន និង​ប៉ូលិស​ក៏​ដោយ។ ដូច្នេះ​ ភាព​បន្ទាន់​ខ្លាំង​នៅ​ពេល​នេះ​ គឺ​ត្រូវ​បញ្ជូន​ជំនួយ​ស្បៀង​អាហារ​ និង​បរិក្ខា​ពេទ្យ​ ឱ្យ​បាន​ដល់​កន្លែង​រងគ្រោះ​ កាន់​តែ​លឿន​កាន់​តែ​​ប្រសើរ។ បើ​តាម​ការ​ប៉ាន់​ប្រមាណ​បឋម​ មហន្តរាយ​នេះ​ បាន​ធ្វើ​ឱ្យ​ខាត​បង់​ជា​ទឹក​ប្រាក់​ពី ៨ ទៅ​១៩​ពាន់​លាន​ដុល្លារ។ ជា​តម្លៃ​ដ៏​​សម្បើម​ក្រៃ​សម្រាប់​ប្រទេស​ដែល​មាន​ផលិតសរុប​ក្នុង​ស្រុក ​ក្នុង​លំដាប់​លេខ​១៦៥​ លើ​ពិភពលោក​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ