អាមេរិកបានបញ្ចេញប្រតិកម្មព្រមានរវ៉ាន់ដាចំពោះទង្វើចាប់ឃុំមនុស្សដោយគ្មានភស្តុតាង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០០
ជាថ្មីម្តងទៀត សហរដ្ឋអាមេរិកបានដំឡើងសម្លេងប្រឆំាងនឹងប្រទេសរវ៉ាន់ដា។ នៅក្នុងសេចក្តីជូនដំណឹងមួយចេញផ្សាយក្នុងថ្ងៃទី៤ មិថុនា ក្រសួងការបរទេសអាមេរិកសម្តែងក្តីបារម្ភរបស់ខ្លួនចំពោះព្រឹត្តិការណ៍ចាប់ខ្លួន និងឃុំខ្លួនមនុស្សជាច្រើននាក់ពីសំណាក់រដ្ឋអំណាចរវ៉ាន់ដានារយៈពេល ២ខែចុងក្រោយនេះ។ យោងតាមក្រសួងការបរទេសអាមេរិក មនុស្សចាប់ខ្លួនទំាងនោះត្រូវបានរដ្ឋអំណាចយកទៅឃុំអស់ជាច្រើនថ្ងៃ មុននឹងបញ្ជូនទៅកាន់តុលាការ។ សូមរម្លឹកជូនថា នារយៈពេលចុងក្រោយនេះ រដ្ឋអំណាចទីក្រុងគីហ្គាលីបានធ្វើការចាប់ខ្លួនមនុស្សជាច្រើននាក់ ពិសេសក្រុមប្រឆំាង ដោយចោទពួកគេពីបទរៀបចំរដ្ឋប្រហាររំលំរដ្ឋាភិបាល។ តើរដ្ឋាភិបាលរបស់លោកប្រធានាធិបតីរវ៉ាន់ដាប៉ូល កាហ្គាម៉េពិតជាបានទទួលការគំរាមកំហែងមែន ឬយ៉ាងណា?
នេះមិនមែនជាលើកទី១ ហើយក៏ប្រហែលជាមិនមែនជាលើកចុងក្រោយទេដែលអាមេរិកហ៊ានដំឡើងសម្លេងខ្លំាងៗដាក់ប្រទេសរវ៉ាន់ដា។ ក្នុងរយៈពេល ២ខែកន្លងទៅនេះ មានមនុស្សប្រមាណជា ១០នាក់ត្រូវបានរដ្ឋអំណាចទីក្រុងគីហ្គាលីចាប់ខ្លួនដោយលើកយកហេតុផលថា ពួកគេបានរៀបចំជើងព្រួលវាយប្រហារនៅក្នុងប្រទេសរវ៉ាន់ដាក្នុងគោលដៅផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតីប៉ូល កាហ្គាម៉េ។ សហគមន៍អន្តរជាតិ ពិសេសសហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភជាពន់ពេកចំពោះទង្វើរបស់រដ្ឋាភិបាលរវ៉ាន់ដា។ រហូតមកដល់ពេលនេះ ទីក្រុងវ៉ាស៊ីតោនមិនសូវជាខ្វាយខ្វល់ប៉ុន្មានទេ ប្រសិនបើហេតុផលដែលបានលើកឡើងដោយទីក្រុងគីហ្គាលីពិតជាត្រឹមត្រូវនោះ។
ផ្ទុយទៅវិញ និងអ្វីដែលអាមេរិកហាក់ដូចជាកំពុងកត់សម្គាល់ឃើញនោះនៅត្រង់ថា មនុស្សចាប់ខ្លួនទំាងនោះត្រូវបានរដ្ឋអំណាចយកទៅឃុំខ្លួនអស់ជាច្រើនថ្ងៃ មុននឹងសម្រេចបញ្ជូនពួកគេទៅកាន់តុលាការ។ ធ្ងន់ធ្ងរជាងនេះ ក៏មានមនុស្សចាប់ខ្លួនខ្លះក៏ស្រាប់តែបានបាត់ស្រមោលសូន្យឈឹងគ្មានដំណឹងអ្វីសោះតែម្តង។ មួយវិញទៀត មនុស្សដែលរដ្ឋអំណាចរវ៉ាន់ដាបានចាប់ខ្លួនបញ្ជូនទៅតុលាការក៏មិនមែនជាក្រុមភេរវជនប្រកបដោយគ្រោះថ្នាក់សម្រាប់ប្រទេសជាតិដូចដែលទីក្រុងគីហ្គាលីបានអះអាងនោះឡើយ។ តែសុទ្ធសឹងជាសកម្មជនប្រជាធិបតេយ្យដែលរដ្ឋអំណាចមិនញញើតនឹងភ្ជាប់ទៅនឹងក្រុមគណបក្សប្រឆំាងទេ។ គណបក្សប្រឆំាងដែលកំពុងស្ថិតក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលទីក្រុងគីហ្គាលីសព្វថ្ងៃមានពីរ គឺគណបក្សសមាជជាតិរវ៉ាន់ដានៅក្រៅប្រទេសរបស់លោកប៉ាទ្រិក ការ៉េហ្គេយ៉ាដែលទើបត្រូវបានគេរកឃើញស្លាប់កាលពីខែមករាដើមឆ្នំា ២០១៤ និងគណបក្សប្រជាធិបតេយ្យរំដោះរវ៉ាន់ដារបស់ចលនាឧទ្ទាមហ៊ូទូ។ តែគណបក្សទំាងពីរនេះបានបញ្ជាក់ថា មនុស្សចាប់ខ្លួនទំាងនោះមិនមែនជាសមាជិករបស់គេទេ។
ក្រៅពីនោះ រដ្ឋអំណាចក៏បានចាប់ខ្លួនអ្នកកាសែតម្នាក់ និងអ្នកចម្រៀងល្បីម្នាក់ដែលមានឈ្មោះថា គីហ្ស៊ីតូ មីហីហ្គូ។ គឺការចាប់ខ្លួន និងការកាត់ទោសអ្នកចម្រៀងគីហ្ស៊ីតូ មីហីហ្គូរូបនេះឯងដែលបាន និងកំពុងបង្កឲ្យមានរឿងរ៉ាវយ៉ាងផុសផុល។ មិនខុសពីប្រជាជនរវ៉ាន់ដាភាគច្រើនទេ លោកគីហ្ស៊ីតូ មីហីហ្គូ ក៏ជាជនរងគ្រោះម្នាក់ដែលរួចជីវិតពីទង្វើប្រល័យពូជសាសន៍នៅរវ៉ាន់ដាក្នុងទសវត្សរ៍ឆ្នំា ៩០ តែអ្វីដែលខុសគ្នារវាងលោកមីហីហ្គូ និងប្រជាជនរវ៉ាន់ដាទូទៅនោះគឺថា លោកជាអ្នកចម្រៀងម្នាក់ដែលកំពុងមានប្រជាប្រិយភាពខ្លំាងណាស់នៅក្នុងចំណោមប្រជាជនរវ៉ាន់ដានាពេលបច្ចុប្បន្ន។ ជាការពិត តារាចម្រៀងម្នាក់ដែលល្បីឈ្មោះ មកពីតារាចម្រៀងរូបនោះច្រៀងពិរោះ តែអ្វីដែលលោកមីហីហ្គូមានលើសពីតារាចម្រៀងធម្មតានោះ គឺមកពីលោកជាអ្នកដែលបានរៀបចំតាក់តែងបទចម្រៀងដោយខ្លួនឯង។
អ៊ីចឹងសួរថា សូម្បីតែអ្នកចម្រៀងក៏ត្រូវបានគេតាមបិទមាត់ដែរ ឬយ៉ាងណា?
តាមពិតទៅ លោកមីហីហ្គូមិនត្រូវបានទីក្រុងគីហ្គាលីចោទពីបទរួមគំនិតក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដោយផ្ទាល់ទេ តែពីខ្លឹមសារនៃបទចម្រៀងរបស់គាត់។ ក្នុងនាមជាកូនកំព្រាម្នាក់នៅក្រោយអំពើប្រល័យពូជសាសន៍ លោកបានតែងចម្រៀងមួយបទក្នុងន័យបរិហារទង្វើប្រល័យពូជសាសន៍ដោយមិនញញើតនឹងទម្លាក់កំហុសដាក់គណបក្សរណសិរ្យស្នេហាមាតុភូមិរវ៉ាន់ដាដែលបានកាន់អំណាចតំាងពីឆ្នំា ១៩៩៤ នោះទេ។ សម្រាប់លោកមីហីហ្គូ ពិតមែនតែអំពើប្រល័យពូជសាសន៍បានធ្វើឲ្យខ្លួនរូបផ្ទាល់ក្លាយជាកូនកព្រាតែម្នាក់ឯងក៏ដោយ ក៏គ្មានអ្វីអាចមករារំាងលោកមិនឲ្យគិតគូរដល់ប្រជាជនរវ៉ាន់ដាផ្សេងទៀតដែរ ពិសេសគ្មាននរណាម្នាក់អាចមកបិទមាត់លោកមិនឲ្យស្វែងរកការពិតជាក់ស្តែងនោះទេ។
សូមជម្រាបជូនថា នេះមិនមែនជាលើកទី១ ទេដែលគណបក្សកាន់អំណាចរបស់លោកប្រធានាធិបតីប៉ូ កាហ្គាម៉េបានចោទគណបក្សសមាជជាតិរវ៉ាន់ដានៅក្រៅប្រទេស និងគណបក្សប្រជាធិបតេយ្យរំដោះរវ៉ាន់ដាពីបទជាអ្នកនៅពីក្រុមដែលរៀបចំគម្រោងវាយប្រហារប្រទេសរវ៉ាន់ដាក្នុងគោលដៅផ្តួលរំលំរដ្ឋាភិបាល។ កាលពីដំណាច់ខែមករាកន្លងទៅ គណបក្សដដែលទំាងពីរនេះក៏ធ្លាប់បានជាប់ក្នុងសំណាញ់តុលាការយោធាពីបទភេរវនិយម។ តែនៅទីបំផុតកាលណោះ តុលាការបានសម្រេចលើកពេលសវនាការវិញ។ តំាងពីពេលនោះមក សង្រ្គាមប៉ាកកាបាន និងកំពុងបន្តកើតមានជាហូរហែមកដល់សព្វថ្ងៃ។
បើគេមើលមួយភ្លែតទៅ ប្រតិកម្មរបស់រដ្ឋាភិបាលក្នុងការបង្រ្កាបក្រុមដែលមានបំណងរំលំរដ្ឋាភិបាលពេលនេះ គឺជាវិធានការមួយធម្មតាទេ។ តែបើគេពិនិត្យឲ្យបានស៊ីជម្រៅបន្តិចទៅឃើញថា នេះគ្រាន់តែជាលេសមួយដែលរដ្ឋាភិបាលយកមកធ្វើជាមុខដើម្បីបំបិទមាត់ក្រុមដែលប្រឆំាងខ្លួនទៅវិញទេ។ ការចាប់ខ្លួនអ្នកកាសែត ឬមួយក៏ការចាប់ខ្លួនអ្នកចម្រៀង គឺជាភស្តុតាងមួយបន្ថែមទៀតដើម្បីបញ្ជាក់ពីការកាន់អំណាចផ្តាច់ការរបស់រដ្ឋាភិបាលរវ៉ាន់ដាសព្វថ្ងៃប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ទីក្រុងគីហ្គាលីបានលើកយកបញ្ហាសន្តិសុខមកធ្វើជាភស្តុតាង។ តែការលើកឡើងនេះមិនបានញំាងឲ្យអាមេរិកញញើតនឹងទាញសញ្ញាអាសន្នព្រមានទីក្រុងគីហ្គាលីឲ្យគោរពច្បាប់រវ៉ាន់ដា និងច្បាប់អន្តរជាតិឡើយ។ ទីក្រុងវ៉ាស៊ីតោនបានបញ្ជាក់ច្បាស់ៗថា អាមេរិកនឹងបន្តលើកបញ្ហានេះទៅនិយាយជាមួយរដ្ឋាភិបាលរវ៉ាន់ដា និងរម្លឹកជាថ្មីម្តងទៀតថា នៅក្នុងប្រទេសប្រជាធិបតេយ្យ គេមិនអាចចាប់មនុស្សឃុំឃំាងស្រេចតែនឹងចិត្តដោយគ្មានភស្តុតាងបានឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ