អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កិច្ចព្រមព្រៀង​យោធា​អាមេរិក-ឥណ្ឌា​ក្នុង​បរិបទ​នៃ​ភាពតានតឹង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​ចន្ទ​កន្លងទៅនេះ នៅ​ក្នុងពេល​ដែល​លោក​ចន ឃែរី ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​​​ប្រទេស​ឥណ្ឌា នៅ​ឯ​ទីក្រុង​វ៉ាស៊ីងតោន រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ អាមេរិក និង​ឥណ្ឌា បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា​ទ្វេភាគី។ ជា​កិច្ចព្រមព្រៀង​ដែល​ផ្តោត​តែ​ទៅលើ​ផ្នែក​ភស្តុភា ក៏ប៉ុន្តែ វា​ជា​ជំហាន​ដ៏សំខាន់​មួយ ឆ្ពោះទៅ​ការ​បង្កើត​សម្ព័ន្ធភាព​យោធា និង​ជាពិសេស វា​ជា​កិច្ចព្រមព្រៀង​ដែល​ត្រូវ​បាន​ចុះ នៅ​ក្នុង​បរិបទ​តានតឹង​​ជាមួយចិន នៅ​ក្នុង​ជម្លោះ​ដែនសមុទ្រ​ក្នុង​តំបន់។

US Secretary of Defense Ashton Carter (L) and India's Minister of Defence Manohar Parrikar attend a press conference at the Pentagon on August 29, 2016 in Washington, DC.
US Secretary of Defense Ashton Carter (L) and India's Minister of Defence Manohar Parrikar attend a press conference at the Pentagon on August 29, 2016 in Washington, DC. AFP
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង ដែល​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក និង​ឥណ្ឌា បាន​ចុះ នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីងតោន កាល​ពីថ្ងៃ​ចន្ទ នឹង​បើក​ផ្លូវ​ឲ្យ​ភាគី​ទាំង​ពីរ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​គ្នា​ទៅវិញ​ទៅមក ទាំង​មូលដ្ឋាន​ទ័ព​ជើងទឹក ជើង​អាកាស និង​ជើងគោក ដើម្បី​ធ្វើការ​ជួសជុល​បរិក្ខា​យោធា និង​ការ​ផ្គត់ផ្គង់​ផ្នែក​ភស្តុភា។

បើ​និយាយ​ជា​លក្ខណៈ​ទូទៅ កិច្ចព្រមព្រៀង​បែបនេះ គឺ​ជា​កិច្ចព្រមព្រៀង​ដ៏សាមញ្ញ​មួយ ដែល​អាមេរិក​តែងតែ​ចុះជាមួយ​បណ្តា​ប្រទេស​ជាច្រើន នៅ​ទូទាំង​ពិភពលោក។ ក៏ប៉ុន្តែ សម្រាប់​ករណី​ឥណ្ឌា វា​គឺ​ជា​កិច្ចព្រមព្រៀង​ដែល​មាន​លក្ខណៈពិសេស​​គួរ​ឲ្យ​គេ​ធ្វើការ​កត់សម្គាល់។

គេ​មិនត្រូវ​ភ្លេចទេ​ថា រវាង អាមេរិក និង​ឥណ្ឌា ទំនាក់ទំនង​តែងតែ​មាន​ភាព​ស្មុគស្មាញ តាំង​ពី​ក្នុង​សម័យ​សង្រ្គាម​ត្រជាក់ ដោយ​នៅពេលនោះ ឥណ្ឌា ថ្វីដ្បិត​តែ​មាន​ឈ្មោះ​ជា​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ ក៏ប៉ុន្តែ មាន​ទំនោរ​ទៅ​រក​សហភាព​សូវៀត ចំណែក​ឯ​សហរដ្ឋ​អាមេរិក​វិញ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ប៉ាគីស្ថាន ដែល​ជា​​គូសត្រូវ​ដ៏ធំ​បំផុត​របស់​ឥណ្ឌា។ នៅ​ឆ្នាំ​១៩៩៨ នៅ​ពេល​ដែល​ឥណ្ឌា​ផលិត និង​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ គឺ​សហរដ្ឋ​អាមេរិក ដែល​បាន​ចេញមុខ​ចេញមាត់ នៅ​ក្នុង​ការដាក់​ទណ្ឌកម្ម​អន្តរជាតិ​លើ​ឥណ្ឌា។

ចាប់តាំង​ពី​ឆ្នាំ​២០០០ នៅ​ក្រោយ​ពេល​ដែល​សង្រ្គាម​ត្រជាក់​បាន​បញ្ចប់ អាមេរិក​​និង​ឥណ្ឌា​បាន​ចាប់ផ្តើម​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​គ្នា​ ក៏ប៉ុន្តែ កិច្ចខិតខំ​ព្យាយាម​នេះ​នៅតែ​​ត្រូវ​ជួប​នឹង​ភាព​ស្មុគស្មាញ​ដោយសារតែ​ទំនាក់ទំនង​ត្រីកោណ​ជាមួយ​ប៉ាគីស្ថាន ជាពិសេស នៅ​ក្រោយ​ភេរវកម្ម ១១កញ្ញា​២០០១ ដែល​ជំរុញ​ឲ្យ​អាមេរិក​ត្រូវ​រឹតបន្តឹង​សម្ព័ន្ធភាព​ជាមួយ​ប៉ាគីស្ថាន ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរវជន​អាល់កៃដា និង​ក្រុម​ឧទ្ទាម​តាលីបង់។ ​ក្នុង​មួយ​ឆ្នាំៗ ជំនួយ​រាប់ពាន់លាន​ដុល្លារ ដែល​ភាគច្រើន​ជា​ជំនួយ​ខាង​ផ្នែក​យោធា ត្រូវ​បាន​អាមេរិក​ផ្តល់​ទៅ​ឲ្យ​ប៉ាគីស្ថាន។

សម្ព័ន្ធភាព​ដ៏ជិតស្និទ្ធ រវាង​អាមេរិក និង​ប៉ាគីស្ថាន​នេះ​ហើយ ដែលធ្វើ​ឲ្យ​ឥណ្ឌា​នៅតែ​​​​​មិនទុកចិត្ត​​លើ​អាមេរិក ហើយ​​​អល់អែក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ខាងផ្នែក​យោធា​ជាមួយគ្នា។ បន្ថែម​ពីលើ​នេះ​ទៅទៀត អ្នក​នយោបាយ ក៏ដូចជា​សាធារណមតិ​ឥណ្ឌា តែងតែ​ប្រកាន់​យក​នូវ​ទំនៀមទម្លាប់​មួយ គឺ​មិន​ចង់​ភ្ជាប់​ខ្លួន​ទៅនឹង​សម្ព័ន្ធភាព​យោធា​ស៊ីជម្រៅ​ជាមួយ​នឹងសហរដ្ឋ​អាមេរិក ក៏ដូចជា ប្រទេស​មហាអំណាច​ណាមួយផ្សេងទៀត ដើម្បី​ចៀសវាង​កុំ​ឲ្យ​ត្រូវ​ផុងខ្លួន​ទៅ​ក្នុង​ជម្លោះ​ប្រដាប់អាវុធ​ដែល​មិន​ជាប់ទាក់ទង​​នឹង​ផលប្រយោជន៍​ជាតិ​របស់​ឥណ្ឌា។

ដូច្នេះ គេ​អាច​រាប់​ថា កិច្ចព្រមព្រៀង​យោធា​កាល​ពីថ្ងៃ​ចន្ទ គឺ​ជា​ការ​ផ្លាស់ប្តូរ​ដ៏សំខាន់​មួយ នៅ​ក្នុង​ទំនាក់ទំនង ទ្វេភាគី រវាង​អាមេរិក និង​ឥណ្ឌា ហើយ​​គេ​អាច​មើល​ឃើញ​នូវ​កត្តា​ដ៏សំខាន់​មួយ​ដែល​ជំរុញ​ឲ្យ​មាន​ការ​វិវឌ្ឍ​នៅ​ក្នុ​ងទំនាក់ទំនង​​នេះ គឺ​ចិន។

សម្រាប់​សហរដ្ឋ​អាមេរិក ទំនាក់ទំនង​យោធា​ជាមួយ​ឥណ្ឌា គឺ​ជា​គន្លឹះ​ដ៏សំខាន់​មួយ នៅ​ក្នុង​នយោបាយ​ការបរទេស​ដែល​ផ្តោត​អាទិភាព​លើ​តំបន់​អាស៊ី (ដែល​គេ​តែងតែ​ហៅ​តាម​ភាសា​អង់គ្លេស « Asia Pivot »)។ នយោបាយ​ដែល​​ដាក់ចេញ​ដោយ​លោក​អូបាម៉ា ត្រូវ​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​ តាមរយៈ​ការ​ប្រជែង​ឥទ្ធិពល​ជាមួយ​នឹង​ចិន។

ចិន និង​ឥណ្ឌា ក៏​ជា​គូប្រជែង​នឹងគ្នា​ដ៏ធំមួយ​ដែរ នៅ​ក្នុង​តំបន់​អាស៊ី។ គេ​មិន​ត្រូវ​ភ្លេចទេ​ថា ប្រទេស​ជិតខាង​ទាំងពីរ​នេះ​ធ្លាប់​ធ្វើ​សង្រ្គាម​នឹងគ្នា កាល​ពីឆ្នាំ​១៩៦២ ដោយសារ​តែ​ជម្លោះ​ព្រំដែន ហើយ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ បញ្ហា​ព្រំដែន​នេះ​នៅតែ​ជា​ចំណុច​ដ៏​ក្តៅមួយ នៅ​ក្នុង​ទំនាក់ទំនង រវាង​ចិន និង​ឥណ្ឌា។ បន្ថែម​ពីលើ​នេះ​ទៅទៀត ចិន និង​ឥណ្ឌា បាន​ប្រជែងគ្នា​ជាច្រើន​ឆ្នាំមកហើយ នៅ​ក្នុង​ការ​គ្រប់គ្រង​មហាសមុទ្រ​ឥណ្ឌា ហើយ​ការ​ពង្រឹង​កម្លាំង​ទ័ពជើងទឹក ព្រមទាំង​ជំហរ​តឹងរ៉ឹង​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កំពុងតែ​ធ្វើ​ឲ្យ​ឥណ្ឌា​មាន​ការ​បារម្ភ​កាន់តែ​ខ្លាំង​ថា ចិន​អាច​នឹង​ពង្រីក​សកម្មភាព​ទ័ព​ជើងទឹក​របស់​ខ្លួន​​ពី​សមុទ្រ​ចិន​ខាង​ត្បូង ចូល​ទៅដល់​មហាសមុទ្រ​ឥណ្ឌា។

ការ​ចុះ​កិច្ចព្រមព្រៀង​យោធា​ជាមួយ​អាមេរិក​បង្ហាញ​ឲ្យឃើញ​ថា រដ្ឋាភិបាល​របស់​លោក​ណារិនដ្រា ម៉ូឌី សុខចិត្ត​ប្រឈមមុខ​នឹង​​ការ​រិះគន់ និង​ភាព​ចម្រូងចម្រាស​នយោបាយ​ក្នុងស្រុក​​នៅ​​ក្នុង​រយៈពេល​ខ្លី តែ​ដើម្បី​ផលប្រយោជន៍​នៅ​ក្នុង​រយៈពេល​វែង ដែល​ឥណ្ឌា​អាច​ទាញ​យក​ពី​ទំនាក់ទំនង​យោធា​ជាមួយ​អាមេរិក នៅ​ក្នុង​ការ​ទប់ទល់​ជាមួយ​នឹង​អំណាច​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ